អានតួអត្ថបទ

ហេតុអ្វី​ប្រជាជន​លីបង់ធ្វើបាតុកម្ម ទាមទារ​ឲ្យ​ដកចៅក្រម​ដែលស៊ើបអង្កេត​លើ​ករណីផ្ទុះនៅកំពង់ផែបេរូត?

កំពុង​ផុងខ្លួនក្នុង​វិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច​ គ្មានប្រេង លីបង់​កំពុងជួបហេតុការណ៍​ចលាចល​មួយទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤​តុលា បន្ទាប់​ពី ជនប្រដាប់អាវុធ​បាញ់សម្លាប់​បាតុករ ដែលទាមទារ​តវ៉ា​ឲ្យ​គេដក​តំណែង​ចៅក្រម​ម្នាក់ ដែល​ស៊ើបអង្កេត​លើ​ករណី​ផ្ទុះ​នៅកំពង់ផែបេរូត។ ករណីផ្ទុះ​នៅ​កំពង់ផែ​បេរូត​កាលពីខែ​សីហា ឆ្នាំ ២០២០ បាន​សម្លាប់​មនុស្ស​២១៤​នាក់ និង​របួស ជាង ៦៥០០នាក់។

អ្នកគាំទ្រ​ក្រុមហេស្បូឡា និកាយឈីអ៊ីត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​គេ​ដកចៅក្រមស៊ើបអង្កេត ដែល​ចោទប្រកាន់​ថ្នាក់ដឹកនាំ​ហេស្បូឡា កាលពីថ្ងៃទី ១៤​តុលា ២០២១
អ្នកគាំទ្រ​ក្រុមហេស្បូឡា និកាយឈីអ៊ីត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​គេ​ដកចៅក្រមស៊ើបអង្កេត ដែល​ចោទប្រកាន់​ថ្នាក់ដឹកនាំ​ហេស្បូឡា កាលពីថ្ងៃទី ១៤​តុលា ២០២១ REUTERS - MOHAMED AZAKIR
ផ្សាយពាណិជ្ជកម្ម

នៅលីបង់ បាតុកម្ម​នៅក្បែរ​តុលាការ​កំពូល ដើម្បី​ទាមទារ​ឲ្យគេ​ដកតំណែង​ចៅក្រម​ស៊ើបអង្កេត លើសំណុំរឿង​ផ្ទុះនៅកំពង់ផែបេរូត​កាលពី ឆ្នាំ ២០២០ បាន​រាលដាល​ទៅជាការប្រឈមមុខ​ដាក់ដ៏ហិង្សា និង​ការបាញ់សម្លាប់មនុស្ស ពីសំណាក់​ក្រុមប្រដាប់​អាវុធ​បិទមុខ។ តាមក្រសួង​មហាផ្ទៃ​លីបង់ មនុស្ស​៦នាក់​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង។ កាកបាទក្រហម​លីបង់​រាប់ឃើញ​មាន​អ្នករបួស ៣០នាក់ ដោយសារ​គ្រាប់កាំភ្លើង ដែល​បាញ់​រះ​ទៅលើ​បាតុករ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

រថក្រោះ និង​ទាហាន​លីបង់​ត្រូវ​បាន​ដាក់​ពង្រាយ​បិទជុំជិត​សង្កាត់ ដែលកើតមាន​ចលាចល។ កងទ័ព​បាន​ព្រមាន​ចាត់ការ​ជនណា​ដែល​ហ៊ាន​បាញ់​កាំភ្លើង​មកលើ​សមត្ថកិច្ច​ជាមុន។

នៅក្នុង​សេចក្តីថ្លែងការណ៍រួម ចលនា​ហេស្បូឡា និង​អាម៉ាល់ ដែលជា​អ្នកប្រកូកប្រកាស​ឲ្យ​គេ​ធ្វើ​បាតុកម្ម កាលពីថ្ងៃ​ម្សិលមិញ បាន​ចោទប្រកាន់ ក្រុមខ្មាន់កាំភ្លើង ថា ជាអ្នកបាញ់រះ​ទៅលើ​បាតុករ។ រដ្ឋមន្រ្តី​មហាផ្ទៃ​លីបង់​ក៏បញ្ជាក់ដែរថា ជនប្រដាប់អាវុធ​បិទមុខ ជាអ្នកបាញ់សម្លាប់​បាតុករ។ នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​លីបង់ លោក Nagib Mikati បានអំពាវនាវ​ឲ្យ​មានភាពស្ងប់ស្ងាត់ និង​ព្រមាន​រាល់​ការប៉ុនប៉ង​ដែល​ចង់​ឲ្យ​លីបង់​ធ្លាក់ក្នុង​អំពើហិង្សា មិនចេះចប់។

ទៅតាម​ការអំពាវនាវ​របស់​ក្រុមហេស្បូឡា និង​សម្ព័ន្ធមិត្ត ឈ្មោះ Amal អ្នកគាំទ្រ​ចលនា​ទាំងពីរ មកពីនិកាយ​ឈីអ៊ីត​បាន​ធ្វើ​បាតុកម្ម នៅប៉ុន្មាន​ម៉ោង​ក្រោយ តុលាការ​កំពូល​ទាត់ចោល ពាក្យបណ្តឹង​របស់​មន្រ្តី​ហេស្បូឡា ដែល​សុំ​ឲ្យ​តុលាការ​ដកចៅក្រមស៊ើបអង្កេត លើ​សំណុំរឿង​ផ្ទុះនៅកំពង់ផែ ដែលបាន​សម្លាប់មនុស្ស​២១៤នាក់ និង​បង្ក​ឲ្យមានការខូចខាត សេដ្ឋកិច្ច រាប់ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំមុន។

នៅថ្ងៃ​អង្គារ ចៅក្រមស៊ើបអង្កេត លោក​ តារេក ប៊ីតា Tarek Bitar បានចេញដីការ​ចាប់ខ្លួន សមាជិកសភា និង​អតីត​មន្រ្តីហិរញ្ញវត្ថុ ដែលជា​សមាជិក​របស់​ចលនា​Amal សម្ព័ន្ធមិត្ត​របស់​ក្រុមហេស្បូឡាលីបង់។ រង​ការចោទប្រកាន់​ថា ខ្ជីខ្ជារ ធ្វេសប្រហែស រហូត​ធ្វើ​ឲ្យ​មាន​ការផ្ទុះ ឆេះកំពង់ផែ ដែលស្តុកទុក​ខុសច្បាប់ សារធាតុនីត្រាត​ចំនួន ២៧៥០​តោន អតីត​មន្រ្តីរដ្ឋាភិបាល​លីបង់ ជាច្រើននាក់​បាន​បដិសេធ​ការចោទប្រកាន់ មិន​បង្ហាញខ្លួនតាមការកោះហៅ​របស់​ចៅក្រមស៊ើបអង្កេត និង​បាន​ទាមទារ​ឲ្យ​តុលាការ ដក​ចៅក្រមស៊ើបអង្កេត មួយលើក ជាពីរលើក។ ចៅក្រមស៊ើបអង្កេត​រឿងផ្ទុះនៅកំពង់ផែ បេរូត​ជាច្រើន​នាក់​ត្រូវ​បាន​ដក​ចេញពីតំណែង ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍ តុលាការ​កំពូល​លីបង់​សម្រេច រក្សា​ទុក​ឲ្យ​​ចៅក្រម​ស៊ើបអង្កេត​លោក​ ​ តារេក ប៊ីតា បន្តការងារ ក្នុងហេតុផល​ថា ពាក្យបណ្តឹង​របស់​មន្រ្តី​រដ្ឋាភិបាល គ្មាន​អំណះអំណាង​តាម​ផ្លូវច្បាប់។

ភាគីបារាំង តាមរយៈ អ្នកនាំពាក្យ​ក្រសួងការបរទេស ដែល​បាន​ផ្តល់ជំនួយ ក្នុង​ការស៊ើបអង្កេត​រកអ្នកទទួលខុសត្រូវ​ធ្វើ​ឲ្យ​មានការផ្ទុះឆេះនៅ​កំពង់ផែបេរូត​បាន​សំដែង​ក្តីកង្វល់ និង​អំពាវនាវ​ឲ្យ​គ្រប់ភាគី រក្សា​ភាពស្ងប់ស្ងាត់ និង​អនុញ្ញាត​ឲ្យ​តុលាការ​ធ្វើការ​របស់ខ្លួន ដោយ​គ្មានការលូកដៃ​ពីអ្នកនយោបាយ។

 

 

 

ទី ៤ សីហា ២០២០ ក្នុង​ពេល​ដែល​ពិភពលោក​ហាក់​ទើប​ត្រដរ​ខ្យល់​បាន​បន្តិច​ពី​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ ​លីបង់​ត្រូវ​ផុង​លង់​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​មួយ។ ​កំពង់​ផែ​ បេរូតបាន​ផ្ទុះ​ឆេះ​ រាលដាល​បំផ្លាញ​សង្កាត់​ជា​ច្រើន​ក្នុង​​រដ្ឋធានី​ បង្ក​ឱ្យ​​ពលរដ្ឋ​ ​ ២១៤​នាក់​​ស្លាប់បាត់បង់​ជីវិត និង​ជាង​៦៥០០​នាក់​រង​របួស។ នៅ​យប់​នោះ​ភ្លាម អាជ្ញាធរ​លីបង់ បាន​អះអាង​ថា​សារធាតុនីត្រាត​ចំនួន ២៧៥០​តោន​ ស្តុកទុកចោល​​នៅ​កំពង់ផែ​តាំង​ពី​៦ឆ្នាំ ដោយ​គ្មានវិធានការ​ការពារ ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​សោកនាដកម្ម​យ៉ាង​ដូច្នេះ។

ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក ពុំ​មាន​ទេ​លទ្ធផល​ឬ​សេចក្តី​សន្និដ្ឋាននៃ​ការអង្កេត។​ សម្រាប់​​មតិ​សាធារណៈ​លីបង់ នេះ​គឺ​ដោយ​ហេតុ​តែមាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ។

តើ​នរណា​ជា​អ្នក​បង្ក​ឱ្យ​មាន​អគ្គីភ័យ​ផ្ទុះ​ឆេះ​ឡើង ? ហេតុ​អ្វី​បាន​សារធាតុ​ដ៏​គ្រោះ​ថ្នាក់​ដូច​យ៉ាង​នីត្រាត​នេះ ត្រូវ​បាន​គេ​បំភ្លេច ចោល​នៅកំពង់ផែ​បេរូត ? អ្នក​ដឹកនាំនយោបាយ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ប្រទេស ដឹង​អ្វីខ្លះ ? មាន​តែ​សំណួរ​និង​ចម្ងល់​ តែ​​គ្មាន​ចម្លើយ។ បណ្តាជន​លីបង់​ភាគ​ច្រើនសង្ស័យ​ថា គ្មាន​ថ្ងៃ​ដែល​គេ​ដឹង​ចម្លើយ​ទេ ហើយ​ក៏​គ្មាន​ថ្ងៃ​ដែលរកយុត្តិធម៌​ឃើញ​ដែរ។

​ចៅក្រម​អង្កេត​ តារេក ប៊ីតា Tarek Bitar ចង់ធ្វើ​ការ​ចោទ​ប្រកាន់​អតីត​រដ្ឋមន្ត្រី និងមន្ត្រី​​ជាន់​ខ្ពស់​មួយ​ចំនួន​ តែតុលាការ​មិន​អាច​ធ្វើ​កើត​ដោយ​ពួកគេ​មាន​​អភ័យឯកសិទ្ធិនយោបាយ​ និង​តួនាទី​ជា​អ្នក​ដឹកនាំ​ប្រទេស​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ