អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាកូនប្រុសសពអតីតមេដឹកនាំផ្តាច់ការលីប៊ីកាដាហ៊្វីចូលប្រឡូកក្នុងឆាកនយោបាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​លីប៊ី លោក​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២៤ ធ្នូ​ខាង​មុខ។ សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ជា​កូនប្រុស​របស់​សព​អតីត​មេដឹកនាំ​ផ្តាច់ការ​កាដាហ៊្វី។ អ្វី​ជា​ការ​កត់សម្គាល់ រូប​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​កំពុង​ជាប់​ជំពាក់​វាក់វិន​នឹង​រឿង​អាស្រូវ​តុលាការ ពិសេស​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ដែល​កំពុង​តាម​ចាប់​ខ្លួន។ តើ​វត្តមាន​របស់​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​នៅ​ក្នុង​ឆាកនយោបាយ​នឹង​ជួយ​ស្រោចស្រង់​ប្រទេស​ឲ្យ​ងើប​ផុត​ពី​ការ​ហែកហួរ​ផ្ទៃក្នុង ឬ​មួយ​ក៏​រុញ​ទម្លាក់​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ជ្រោះ​កាន់​តែ​ជ្រៅ​ថែម​ទៀត?។

សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ជា​កូនប្រុស​របស់​សព​អតីត​មេដឹកនាំ​ផ្តាច់ការ​លីប៊ីកាដាហ៊្ (រូបឆ្វេង)។
សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ជា​កូនប្រុស​របស់​សព​អតីត​មេដឹកនាំ​ផ្តាច់ការ​លីប៊ីកាដាហ៊្ (រូបឆ្វេង)។ AFP - STRINGER
ផ្សាយពាណិជ្ជកម្ម

ពិត​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​គ្មាន​នរណា​នឹក​ស្មាន​ដល់​សោះ​ឡើយ​ថា បន្ទាប់​ពី​បាន​បាត់​មុខ​អស់​មួយ​រយៈពេល​យូរ​មក ស្រាប់​តែ​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​បាន​លេច​មុខ​គ្រលើម និង​ថែម​ទាំង​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​ត្រៀម​បោះឆ្នោត​នៅ​ចុង​ឆ្នាំ ២០២១ នេះ​ទៀត​ផង។ មាន​អាយុ ៤៩ឆ្នាំ មាន​ពុកចង្ការ​ស ខ្មៅ ជូត​កន្សែង​ក្បាល និង​ស្លៀកពាក់​ដូច​ឱពុក សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ជា​កូនប្រុស​ទី២ របស់​សព​អតីត​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​កាដាហ៊្វី។ គួរ​រម្លឹក​ថា មេដឹកនាំ​ផ្តាច់ការ​លីប៊ី​កាដាហ៊្វី​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​មហា​បដិវត្ត​ប្រជាជន​ក្នុង​ឆ្នាំ ២០១១ មាន​ប្រពន្ធ ២នាក់ និង​មាន​កូន​​សរុប​ចំនួន ៧នាក់។

តែ​រូប​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ដែល​ជា​កូនប្រុសទី២ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ដែល​ត្រូវ​ស្នង​តំណែង​ពី​ឱពុក។ មែនទែន​ទៅ ការ​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​ជា​រឿង​ដែល​គេ​បាន​ទន្ទឹង​រង់ចាំ។ ទន្ទឹង​រង់ចាំ​ព្រោះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាមេរិក New York Times នា​រដូវ​ក្តៅ​កន្លង​ទៅ​ថ្មីៗ​នេះ សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ធ្លាប់​បាន​បង្ហាញ​ចេញ​នូវ​មហិច្ឆតា​នយោបាយ និង​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ស្តារ​ឯកភាព​ប្រទេស​ដែល​បាត់បង់។ តាម​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី លីប៊ី​សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង​ដោយ​គ្មាន​លុយកាក់ និង​គ្មាន​សន្តិសុខ។

បន្ទាប់​មក កូនប្រុស​របស់​សព​អតីត​មេដឹកនាំ​ផ្តាច់ការ​កាដាហ៊្វី​រូប​នេះ​ដដែល​មិន​ភ្លេច​រម្លឹក​នូវ​ព្រឹត្តិការណ៍​នៃ​ការ​ទម្លាក់ និង​ការ​សម្លាប់​ឱពុក​ខ្លួន​កាល​ពី ១០ឆ្នាំ​មុន​ទេ។ តាម​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី ព្រឹត្តិការណ៍​ឆ្នាំ ២០១១ មិនមែន​ជា​បដិវត្ត​ដែល​ចម្លង​ចេញ​ពី​បដិវត្ត​អារ៉ាប់​ទេ តែ​ជា​សង្រ្គាមស៊ីវិល និង​ជា​ថ្ងៃ​ខ្មៅ​ងងឹត​របស់​លីប៊ី។ គួរ​រម្លឹក​ថា នៅ​ក្រោយ​ការ​ដួល​រលំ​របប​ដឹកនាំ​របស់​ឱពុក​ក្នុង​ឆ្នាំ ២០១១ សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ដែល​បាន​សន្យា​ធ្វើ​ការ​សងសឹក​ជំនួស​ឱពុក​បាន​ព្យាយាម​រត់​ចេញ​ពី​ប្រទេស។ តែ​ត្រូវ​បាន​ក្រុម​អ្នក​បដិវត្ត​ចាប់​ខ្លួន​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១១ និង​តាំង​ពី​ឆ្នាំ ២០១១ ដដែល តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ក៏​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ក្នុង​បទឧក្រិដ្ឋកម្ម​សង្រ្គាម និង​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ក្រោយ​មក​ក្នុង​ឆ្នាំ ២០១៥ សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ​ក្នុង​របប​ចាស់ ៨នាក់​ទៀត​ត្រូវ​បាន​តុលាការពិសេស​ក្រុង​ទ្រីប៉ូលី​កាត់ទោស​ប្រហារ​ជីវិត។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុម​អ្នក​បដិវត្ត​បាន​បដិសេធ​មិន​ប្រគល់​រូប​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ទៅ​ឲ្យ​តុលាការពិសេស​លីប៊ី​ក៏​ដូច​ជា​ទៅ​ឲ្យ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ និង​សុខចិត្ត​បន្ត​ឃុំ​រូប​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ដោយ​ខ្លួន​ឯង​រហូត​ដល់​ឆ្នាំ ២០១៧​ទើប​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រូប​គេ​បន្ត​ស្ថិត​ក្នុង​ការ​ស្វែង​ចាប់​ខ្លួន​ពី​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ដដែល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​មួយ​នេះ​មិន​បាន​ធ្វើ​ឲ្យ​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ព្រឺ​ឆ្អឹងខ្នង និង​មិន​បាន​រារាំង​រូប​គេ​មិន​ឲ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នា​ពេល​នេះ​ទេ។

តើ​វត្តមាន​របស់​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​នៅ​ក្នុង​ឆាក​នយោបាយ​លីប៊ី​ពេល​នេះ​ជា​ដំណឹង​ល្អ ឬ​ជា​ដំណឹង​អាក្រក់​សម្រាប់​ប្រទេស និង​ប្រជាជន​លីប៊ី?។ ចម្លើយ ជា​ដំណឹង​ល្អ​ផង និង​ជា​ដំណឹង​អាក្រក់​ផង។ ជា​ដំណឹង​ល្អ ព្រោះ​វា​បាន​ធ្លាក់​មក​ចំ​ពេល​ដែល​ប្រទេស​កំពុង​បន្ត​ហែកហួរ​គ្នា​ដោយ​នៅ​ម្ខាង តំបន់​ប៉ែក​ខាង​កើត​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សេនាប្រមុខ​ខាលីហ្វា ហាវតារ។ ចំណែក​នៅ​ម្ខាង​ទៀត តំបន់​ប៉ែក​ខាង​លិច​កំពុង​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​លោក​អាប់ឌែល ហាមីត ដេបា។ កំណត់​សម្គាល់​មួយ​ទៀត សេនាប្រមុខ​ហាវតារ និង​នាយករដ្ឋមន្រ្តី​ហាមីត ដេបា​ទទួល​បាន​ការ​គាំទ្រ​ពី​បរទេស​រៀងៗ​ខ្លួន។ នាយករដ្ឋមន្រ្តី​លោក​ហាមីត ដេបា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​តួកគី។

សេនាប្រមុខ​ហាវតារ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​រុស្ស៊ី អេហ្ស៊ីប និង​អេមីរ៉ាតអារ៉ាប់រួម ហើយ​រូប​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​រុស្ស៊ី​ដូច​សេនាប្រមុខ​ហាវតារ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​ចោទ​ឡើង​ថា តើ​រុស្ស៊ី​កំពុង​លេង​ល្បែង​អ្វី​ជាមួយ​សេនា​ប្រមុខ​ហាវតារ និង​រូប​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី។ យ៉ាង​ណា​ក៏​ដោយ វត្តមាន​របស់​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​នៅ​ក្នុង​ឆាក​នយោបាយ​លីប៊ី​ពេល​នេះ​អាច​ជះ​ផលវិបាក​ដល់​គំនិត​ផ្តួចផ្តើម​អន្តរជាតិ​ក្នុង​ការ​ផ្សះផ្សារជាតិ​រវាង​សេនាប្រមុខ​ហាវតារ និង​នាយករដ្ឋមន្រ្តី​ហាមីត ដេបា។

ចូរ​កុំ​ភ្លេច​ថា គំនិត​ផ្តួចផ្តើម​អន្តរជាតិ​សម្រាប់​លីប៊ី​មិន​បាន​គិត​ដល់​តួអង្គ​នយោបាយ​ថ្មី​ក្រៅ​ពី​គូប្រជែង​ដែល​កំពុង​បន្ត​ដណ្តើម​អំណាច​គ្នា​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ។ មែនទែន​ទៅ ប្រជាជន​លីប៊ី​មិន​ជំទាស់​នឹង​វត្តមាន​របស់​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​នៅ​ក្នុង​ឆាក​នយោបាយ​លីប៊ី​ពេល​នេះ​ទេ។ តែ​អ្វី​ដែល​ពួក​គេ​បារម្ភ និង​កំពុង​ចោទ​សួរ​នោះ​គឺ​ថា តើ​ការ​ចូល​ក្នុង​ឆាក​នយោបាយ​របស់​រូប​សាយីហ្វ អាល់ អ៊ីស្លាម កាដាហ៊្វី​ពេល​នេះ​មិនមែន​ជា​សញ្ញា​នៃ​ការ​វិល​ត្រឡប់​ជា​ថ្មី​នូវ​របប​ផ្តាច់​កាដាហ៊្វី​ទេ ឬ​យ៉ាង​ណា?។ គេ​ត្រូវ​រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​នេះ​នា​ពេល​ខាង​មុខ។ អ្វី​ដែល​គេ​អាច​និយាយ​បាន វត្តមាន​របស់​កូនប្រុស​សព​អតីត​មេដឹកនាំ​ផ្តាច់ការ​កាដាហ៊្វី​នៅ​ក្នុង​ឆាក​នយោបាយ​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានការ​នយោបាយ​លីប៊ី​ដែល​កំពុង​ស្រពិចស្រពិល​ស្រាប់​នឹង​ធ្លាក់​ក្នុង​ភាព​មិន​ច្បាស់លាស់​កាន់​តែ​ខ្លាំង​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ