អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាម​រ៉ាំរ៉ៃ​នៅ​យេ​ម៉ែន​បង្ក​ជា​មហន្តរាយ​មនុស្ស​ធម៌​ធ្ងន់​ធ្ងរ​បំផុត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមនៅ​យេម៉ែន​ដែល​មាន​រយៈពេល​ ៧ឆ្នាំ​ទៅហើយនោះ​ នៅមិន​ទាន់​មាន​សញ្ញា​ថា​អាច​បិទ​បញ្ចប់​បាន​នៅឡើយ​នោះទេ​។ ខណៈ​ការ​វាយប្រយុទ្ធគ្នា​នៅបន្ត​មាន​ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​ជម្លោះ​រ៉ាំរ៉ៃ​របស់​យេម៉ែននឹងអាច​ឆក់​យក​ជីវិត​មនុស្ស​កើនដល់​ទៅ​ ៣៧៧​ ០០០ នាក់​នៅ​ចុងឆ្នាំនេះ​។ តើ​សង្គ្រាម​នៅយេម៉ែន​បង្ក​ជា​ផលវិបាក​អ្វីខ្លះ​? ហើយបើ​សង្គ្រាម​នៅតែ​បន្តមាន​ តើ​អនាគត​របស់ប្រជាជន​យេម៉ែន​នឹង​ទៅ​ជា​យ៉ាងណា​?

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជម្លោះរ៉ាំរ៉ៃរបស់យេម៉ែន នឹងអាចឆក់យកជីវិតមនុស្សដល់ទៅ ៣៧៧ ០០០ នាក់នៅចុងឆ្នាំ ២០២១នេះ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជម្លោះរ៉ាំរ៉ៃរបស់យេម៉ែន នឹងអាចឆក់យកជីវិតមនុស្សដល់ទៅ ៣៧៧ ០០០ នាក់នៅចុងឆ្នាំ ២០២១នេះ។ © AP Photo/Hani Mohammed
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​យេម៉ែន​គឺជា​អ្នក​រង​ទុក្ខ​ខ្លាំងបំផុត​ពី​សង្គ្រាម​ក្នុង​រយៈពេល​៧ ឆ្នាំ​មក​នេះ​។ នៅ​ក្នុង​របាយ​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី២៣ វិច្ឆិកា​ កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​ឬ​ហៅកាត់​ថា UNDP​ បាន​ប៉ាន់ស្មានថា​សង្រ្គាម​៧ឆ្នាំ​នៅ​យេម៉ែន​នឹង​អាច​ផ្តាច់​ជីវិត​មនុស្សកើនដល់ ៣៧៧​ ០០០នាក់នៅចុងឆ្នាំនេះ​ តាមរយៈ​ផលប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល​។

ជនរងគ្រោះស្លាប់​ពី​ផល​ប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល

អង្គការ​សហប្រជាជាតិ​លើកឡើងថា​មាន​រហូត​ទៅជិត​ ៦០%​ នៃការ​ស្លាប់​នឹង​អាច​បណ្តាល​មកពី​ផល​ប៉ះពាល់​ដោយ​ប្រយោល​ដូចជា​កង្វះ​ទឹក​ស្អាត ភាព​អត់ឃ្លាន​ និងជំងឺ​។ ចំណែក​ឯ​ការ​វាយ​ប្រយុទ្ធគ្នា​នឹង​អាច​សម្លាប់មនុស្ស​ដោយ​ផ្ទាល់​កើន​ដល់​ចំនួន​ជាង​ ១៥០ ០០០នាក់​។

ភាគច្រើននៃ​អ្នក​ដែល​ត្រូវបានសម្លាប់​ដោយ​ផលប៉ះពាល់​ដោយប្រយោល​នៃ​សង្រ្គាម​គឺ​ជា​កុមារតូចៗ​។ កុមារតូចៗទាំងនោះ​ងាយរងគ្រោះ​ជាពិសេស​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ នៅ​ក្នុង​របាយការណ៍​ អង្គការ UNDP ប៉ាន់​ប្រមាណ​ថា​ ៧០%​ នៃអ្នក​ស្លាប់​គឺជា​កុមារ​ដែល​មាន​អាយុក្រោម ៥ ឆ្នាំ​។ នៅឆ្នាំ ២០២១​ កុមារ​យេម៉ែន​ដែលមាន​អាយុ​ក្រោម៥ឆ្នាំ​ចំនួន​ម្នាក់ស្លាប់រៀងរាល់ ៩ នាទីម្តង​ដោយសារតែសង្គ្រាម​។ នេះបើតាម UNDP ដដែល។

គួររំឭកថា​ ជម្លោះ​នៅយេម៉ែន​បាន​ចាប់​ផ្ទុះ​ឡើងនៅខែមីនា​ ឆ្នាំ ២០១៥​ នៅពេល​ដែល​សម្ព័ន្ធ​អន្តរ​ជាតិ​ដឹកមុខ​ដោយ​អារ៉ាប៊ីសាអូឌីត​ចូលធ្វើ​អន្តរាគមន៍​ជួយ​រដ្ឋាភិបាល​យេម៉ែន​ ក្រោយ​ក្រុម​ឧទ្ទាម​ហ៊ូទី​គាំទ្រ​ដោយអ៊ីរ៉ង់​វាយ​ដណ្តើមយក​បាន​ក្រុង​សាណា​ដែល​ជា​រដ្ឋធានី​របស់​យេម៉ែន​។

ការ​ប្រយុទ្ធ​គ្នា​តាំង​ពី​ពេល​នោះ​ បាន​ជះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់​ការ​អភិវឌ្ឍន៍​របស់​យេម៉ែន​។ UNDP​ ធ្លាប់បាន​ទាញសញ្ញាអាសន្ន​ថា​សង្រ្គាមនៅ​យេម៉ែន​ដែល​ជា​ប្រទេស​ក្រីក្រ​បំផុតមួយ​​នៅក្នុងតំបន់​បាន​រុញ​ច្រានឲ្យ​ការអភិវឌ្ឍន៍​របស់​ប្រទេសនេះ​ដើរថយក្រោយ​អស់​ជាង​២​ទសវត្សរ៍​។

ជម្លោះរ៉ាំរៃនៅ​យេម៉ែននេះ​តែង​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​​មហន្តរាយ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក​។ ដោយ​ព្យាករណ៍​ពី​ផល​ប៉ះពាល់​នៃ​ការ​បន្ត​ប្រយុទ្ធ​គ្នា​ទៅ​ថ្ងៃ​អនាគត​ អង្គការ UNDP បាន​ព្រមាន​ថាមនុស្ស​សរុប​រហូត​ដល់ ១,៣ លាន​នាក់នឹង​ត្រូវ​ស្លាប់​នៅ​ឆ្នាំ ២០៣០​ខាងមុខ​។

ចុះបើ​សង្គ្រាម​នៅយេម៉ែន​អាចបិទបញ្ចប់​ តើនឹង​មានអ្វីកើតឡើង​?

ប្រសិន​បើ​ជម្លោះរ៉ាំរ៉ៃ​អាច​បិទ​បញ្ចប់នៅពេលនេះ​ នោះ​ពន្លក​នៃ​ក្តី​សង្ឃឹម​ចំពោះ​អនាគត​របស់​ប្រទេស​យេម៉ែន​នឹង​ចាប់​រះ​មាន​ពន្លឺមកវិញ​ ដោយ​យេម៉ែន​អាច​នឹង​ក្លាយ​ជា​ប្រទេស​មានប្រាក់​ចំណូលមធ្យម​នៅឆ្នាំ ២០៥០​។

ក៏ប៉ុន្តែ​ UNDP វាយតម្លៃថា​ស្ថានការណ៍​នៅក្នុង​ប្រទេស​យេម៉ែន​សព្វថ្ងៃនេះ​មិនបាន​បង្ហាញ​សញ្ញាធូរស្រាល​ឡើយ​។ នៅក្នុង​តំបន់មួយចំនួន​ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែបន្ត​កើន​ឡើង​ មានតាំងពី​ការប្រយុទ្ធ​ដោយរថក្រោះ​ ការទម្លាក់​គ្រាប់​បែក​ជា​ប្រចាំ​ដោយ​យន្តហោះ​ចម្បាំង​ និង​យន្តហោះគ្មាន​មនុស្សបើក​។ ហើយហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​នៅតែ​រងការ​បំផ្លិច​បំផ្លាញ​។

ក្នុង​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ ការ​ប្រយុទ្ធគ្នា​បានកើនឡើង​នៅក្បែរ​ទីក្រុង​យុទ្ធសាស្ត្រ​ម៉ារីប (Marib) ដែលសម្បូរប្រេង​និងជា​បន្ទាយដ៏សំខាន់​ចុងក្រោយ​របស់រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ដោយ​​អន្តរជាតិ​។ ពួកឧទ្ទាមនិង​យុទ្ធជនគាំទ្រ​រដ្ឋាភិបាល​រាប់ពាន់​នាក់​ត្រូវបានសម្លាប់​នៅ​ក្នុងការប្រយុទ្ធគ្នា​ដើម្បី​ដណ្តើមយកទីក្រុងដ៏​សំខាន់មួយនេះ​។

នៅក្នុងបទអត្ថាធិប្បាយដាច់ដោយឡែកមួយកាលពីថ្ងៃអង្គារ​​ ទីភ្នាក់ងារ​​អង្គការ​សហ​ប្រជាជាតិ​​ទទួលបន្ទុកជនភៀសខ្លួន​បាន​បង្ហាញពី​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់ខ្លួន​អំពី​សុវត្ថិភាព​ និង​សន្តិសុខ​របស់​ជន​ស៊ីវិលនៅម៉ារីប​។

អ្នកនាំពាក្យរបស់​ឧត្តមស្នង​ការទទួល​បន្ទុក​ជន​ភៀស​ខ្លួននៃ​អង្គការ​សហប្រជាជាតិ​​នៅ​ទីក្រុង​​ហ្សឺណែវ​អ្នកស្រី Shabia Mantoo បាន​មានប្រសាសន៍ថា​ នៅម៉ារីប​ចាប់តាំងពី​ខែកញ្ញាមក​ដល់​ពេលនេះ​ សង្គ្រាម​បាន​បង្ខំឲ្យមនុស្សប្រមាណ​ ៤០ ០០០នាក់​រត់​ភៀស​ខ្លួន​។

គេប៉ាន់ស្មានថា​ចំនួន​អ្នក​រត់ភៀស​ខ្លួន​នឹង​កើន​ឡើងដល់ជាង១លាននាក់​ក្នុងពេល​ខាងមុខ​ ហើយ​ពួកគេ​ទាំងនោះ​នឹង​ប្រឈម​ស្ថានភាព​សុខភាព​ដូច​ជាជំងឺ​រាគរូស ជំងឺ​គ្រុនចាញ់ និង​ការ​ឆ្លង​ជំងឺរលាក​ផ្លូវ​ដង្ហើម​ជាដើម។ល។

សរុបមក​ ជនស៊ីវិល​យេម៉ែន​គឺជា​អ្នក​រងគ្រោះខ្លាំង​បំផុត​ពី​សង្គ្រាមរយៈពេល ៧ឆ្នាំ​ ដែល​នៅតែ​គ្មាន​សញ្ញានៃ​ការបិទបញ្ចប់​។ បើ​ការ​វាយប្រយុទ្ធគ្នានៅបន្តមាន​ នោះ​ប្រជាជន​យេម៉ែនរាប់​លាននាក់​ក៏នៅតែបន្ត​ទទួល​រងគ្រោះ​ពី​ជម្លោះ​ ដោយត្រូ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ រស់​ជាប់​ក្នុង​ភាព​ក្រីក្រ ពិបាក​ប្រកបការងារដើម្បី​ទ្រទ្រង់​ជីវភាពរស់នៅប្រចាំថ្ងៃ​។

បច្ចុប្បន្ននេះ​ ជាង​ ៨០%​នៃ​ប្រជាជន​យេម៉ែន​សរុប​ប្រមាណ​ ៣០ លាន​នាក់​ កំពុងត្រូវ​ការ​ជំនួយ​មនុស្សធម៌​ ខណៈ​សេដ្ឋកិច្ច​របស់ប្រទេសមួយនេះ​ជិតដួលរលំទៅហើយ​ ដោយសារ​តែ​សង្គ្រាម​រ៉ាំរ៉ៃដែល​មាន​ការលូកដៃ​ចូល​កកូរកកាយផង​ពី​សំណាក់​បរទេស​ខាងក្រៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ