អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-យេម៉ែន

អារ៉ាប៊ីសាអូឌីត​បាញ់​ស្ទាក់បាន​​មីស៊ីល​របស់​ពួក​ហ៊ូទី​បាញ់​ចេញ​ពីយេម៉ែន

អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ទី ៥​កញ្ញា​២០២១​នេះ​ថា បាន​បាញ់​ស្ទាក់​មីស៊ីល​ចំនួន​បី​​ និង​ដ្រូន​ បង្ហោះ​ចេញ​ពី​ប្រទេស​យេម៉ែន ពី​សំណាក់​ពួក​ឧទ្ទាម​ហ៊ូទី បាន​ទាន់​ពេល​វេលា។ ប៉ុន្តែ​បំណែក​គ្រាប់ បាន​បែក​ខ្ទាត​ ​ទៅ​ប៉ះ​ក្មេង​ពីរ​នាក់​បណ្តាល​ឱ្យរង​របួស និង​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​រង​ការ​ខូច​ខាត។

ពួក​ឧទ្ទាម​យេម៉ែន​ហ៊ូទី គ្រប់គ្រង​តំបន់​ភាគ​ខាង​ជើង​និង​ក្រុង​សាណា​របស់​យេម៉ែន
ពួក​ឧទ្ទាម​យេម៉ែន​ហ៊ូទី គ្រប់គ្រង​តំបន់​ភាគ​ខាង​ជើង​និង​ក្រុង​សាណា​របស់​យេម៉ែន AP - Hani Mohammed
ផ្សាយពាណិជ្ជកម្ម

មីស៊ីលបាលីស្ទិកចំនួន​បី​ និង​ដ្រូនបី​​គ្រឿង​មាន​ផ្ទុក​បាញ់​គ្រាប់​បែក​ផង បាន​បាញ់​ចេញ​ពី​ប្រទេស​យេម៉ែន សំដៅ​​​ខេត្ត​ភាគ​ខាង​កើត​និង​ក្រុង​ភាគ​ខាង​ត្បូង​របស់​អារ៉ាប៊ីសាអូឌីត តែ​អាជ្ញាធរ​​អារ៉ាប៊ីសាអូឌីត បាន​បាញ់​ស្ទាក់​កម្ទេច​បាន​មុន​ មិន​ឱ្យ​ធ្លាក់​ផ្ទុះ​ទាន់។ ប៉ុន្តែ បំណែក​គ្រាប់​បាន​ធ្លាក់​ត្រូវ​ចំ​លើ​ក្មេង​ពីរ​នាក់ និង​ធ្វើ​ឱ្យ​ផ្ទះ​ចំនួន​១៤​ខ្នង​រង​ការ​ខូច​ខាត។ នេះ​បើ​តាម​​អ្នក​នាំពាក្យ​ក្រសួ​ង​ការពារ​ជាតិ​អារ៉ាប៊ីសាអូឌីត​ ដែល​ពុំ​បាន​​​លម្អិតអំពី​ស្ថានភាព​របួស​របស់​ក្មេង​ទាំង​ពីរ​នោះ​ទេ។​

ជាមួយ​នឹង​ពាក្យ​សន្យា ចាត់​វិធានការ​តឹងរឹង​ដើម្បីការពារ​ជីវិត​ពលរដ្ឋ​ស៊ីវិល​ អ្នក​ទទួល​ខុស​ត្រូវ​​អារ៉ាប៊ីសាអូឌីត បាន​ច្រានចោលទាំងស្រុង​​សេចក្តីប្រកាស​របស់​ពួកឧទ្ទាម​យេម៉ែន​ហ៊ូទី។ ​អ្នក​នាំពាក្យ​​ហ៊ូទី ​បាន​អះអាង​នៅ​ថ្ងៃអាទិត្យ​នេះ​ដែរ​ថា ការ​វាយប្រហារ​​សំដៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន ដូច​ជា​មណ្ឌល​ស្តុក​ប្រេង​ និង​មូលដ្ឋាន​យោធា​​របស់​អារ៉ាប៊ីសាអូឌីត បាន​សម្រេច​ទិសដៅ​ដូច​ការ​គ្រោង​ទុក តែហ៊ូទី​​​មិន​បាន​បញ្ជាក់​អំពី​ប្រភេទ​នៃ​ការ​វាយប្រហារ​ទេ​។

ជា​មេដឹកនាំ​សម្ព័ន្ធ​​អន្តរជាតិ អារ៉ាប៊ីសាអូឌីត​ ​បាន​ចូល​ធ្វើ​អន្តរាគមន៍​យោធា​ជួយ​រដ្ឋាភិបាល​យេម៉ែន​ ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី តាំង​ពី​ឆ្នាំ​២០១៥​មក។ ហើយ​​ពួក​ហ៊ូទី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ជា​គូស​ត្រូវ​នឹង​អារ៉ាប៊ីសាអូឌីត តែងតែ​ដៅ​​ការ​វាយប្រហារ​មីស៊ីស​ឬ​ដ្រូន​ មកលើ​អារ៉ាប៊ីសាអូឌីត ​ជា​ញឹកញយ ជា​ពិសេសតំបន់​ប៉ែក​ខាង​កើត​ប្រទេស​ ដែល​ជា​បណ្តុំ​រចនា​សម្ព័ន្ធ​ប្រេង​ដ៏​សំខាន់​របស់អារ៉ាប៊ីសាអូឌីតតែ​ម្តង។ ការវាយប្រហារ​​កាលពី​ខែ​កញ្ញា​២០១៩ ពីរ​ឆ្នាំ​មុន បានកាត់​បន្ថយ​សកម្មភាព​ផលិតកម្មប្រេង​ពាក់​កណ្តាល​និង​អស់​មួយ​រយៈ។

ការ​វាយប្រហារ​លើក​នេះ​ កើត​ឡើង​តែ​បួន​ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​ ​ លើ​អាកាសយានដ្ឋាន​អន្តរជាតិ​Abha​ ដោយ​ប្រើ​ដ្រូន និង​តែ​ប៉ុន្មាន​ម៉ោង​មុន​ការ​ចូល​កាន់​តួនាទី​របស់​អន្តរការី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​នៅយេម៉ែន លោក Hans Grundberg។

បើ​តាម​អង្គការ​សហប្រជាជាតិ​ សង្គ្រាម​នៅ​យេម៉ែន​ បាន​បង្ក​ឱ្យ​មាន​មនុស្ស​ជា​សិប​ពាន់​នាក់​ស្លាប់ និង​ភៀស​ខ្លួន ព្រមទាំង​បង្ក​ឱ្យ​មាន​​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​នៅ​លើ​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ