អានតួអត្ថបទ
កូវ៉ែត-អារ៉ាប៊ីសាអូឌីត-លីបង់-សង្គ្រាមនៅយេម៉ែន

កូវ៉ែត​បណ្តេញ​ឯក​អគ្គរដ្ឋទូត​លីបង់​ ក្រោយ​រដ្ឋមន្ត្រី​លីបង់​ម្នាក់​រិះគន់​សង្គ្រាម​នៅ​យេម៉ែន

ដូចគ្នា​ទៅ​នឹង​អារ៉ាប៊ីសាអូឌីត​ និង​បារ៉ែន​ ប្រទេស​កូវ៉ែត​នៅថ្ងៃ​សៅរ៍​ ទី៣០ តុលា​ បាន​សម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​លីបង់​ចេញ​ពី​ប្រទេស​ ដោយ​ទុកពេល​ឲ្យ ៤៨ម៉ោង​ ព្រោះ​តែ​ខឹងសម្បា​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រីលីបង់ម្នាក់​ទាក់ទង​នឹង​សង្រ្គាម​នៅ​យេម៉ែន​។ ទន្ទឹមគ្នានេះ​ កូវ៉ែត​ក៏​បាន​កោះហៅ​ឯក​អគ្គរដ្ឋទូត​របស់ខ្លួន​ពី​ទី​ក្រុង​បេរូត​ឲ្យវិលចូលស្រុក​វិញផងដែរ​។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក George Kordahi។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក George Kordahi។ REUTERS - MOHAMED AZAKIR
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ការ​ទូត​រវាង​រដ្ឋឈូងសមុទ្រ​អារ៉ាប់​និង​លីបង់​ បាន​កើនឡើងខ្លាំង​បន្ទាប់​ពី​​បទ​សម្ភាសន៍​មួយ​ជាមួយ​រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់​លោក​ George Kordahi ត្រូវបាន​ចាក់ផ្សាយ​។ នៅក្នុង​បទ​សម្ភាសន៍​ដែល​ចាក់​ផ្សាយ​កាលពីថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ លោក Kordahi ដែល​ជា​អ្នក​រិះគន់​សង្គ្រាម​នៅយេម៉ែន​បាន​ពណ៌នា​សង្រ្គាម​នៅទីនោះ​ថា​ជា​ការ​ឈ្លាន​ពាន​របស់​អារ៉ាប៊ីសាអូឌីត​ និង​អារ៉ាប់រួម​។

សង្រ្គាម​រយៈពេល​ ៧ឆ្នាំនៅ​យេម៉ែន ​គឺ​ជា​រឿង​មិន​សមហេតុផល​ឡើយ ហើយ​វាដល់វេលាដែល​ត្រូវ​បញ្ចប់សង្គ្រាម​ឥតប្រយោជន៍នេះ​ហើយ។ នេះគឺជាការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លីបង់​ ដោយបន្ថែមថា​ក្រុម​ឧទ្ទាមហ៊ូទីយេម៉ែន​កំពុង​ការពារខ្លួន​... ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពីខាងក្រៅ​ ហើយនៅ​យេម៉ែនមានផ្ទះសម្បែង​ ភូមិឋាន​ ពិធីបុណ្យសព​ និង​ពិធីមង្គលការ​ជាច្រើនរងការ​ទម្លាក់​គ្រាប់​បែក​ពីក្រុម​ចម្រុះដឹកមុខ​ដោយអារ៉ាប៊ីសាអូឌីត​។

ក្រសួងការបរទេស​កូវ៉ែតបាននិយាយថាការបណ្តេញឯកអគ្គរដ្ឋទូតលីបង់​និង​ការ​កោះ​ហៅមន្ត្រី​ទូតខ្លួនមកវិញ​គឺ​ដោយ​ផ្អែក​លើការ​លើកឡើង​ដែលមិន​អាច​ទទួល​យក​របស់​មន្ត្រី​លីបង់ដែលប្រឆាំងនឹង​រ៉ាប៊ីសាអូឌីត និងប្រទេសដទៃទៀត​នៃ​បណ្តា​រដ្ឋ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រពែក្ស​។

អារ៉ាប៊ីសាអូឌីតវិញ​ ក្រៅ​ពី​បណ្តេញ​ឯកអគ្គរដ្ឋទូត​លីបង់ និង​កោះហៅឯក​អគ្គរដ្ឋទូត​ខ្លួន​ឲ្យវិលចូលស្រុកវិញ ​រដ្ឋអារ៉ាប់មួយនេះក៏​បាន​ហាម​ឃាត់​រាល់​ការ​នាំ​ចូល​ពី​លីបង់ដែរ​។ ដើម្បីដោះស្រាយវិបត្តិ​ជាមួយ​ក្រុម​ប្រទេស​អ្នក​មាន​អារ៉ាប់​ រដ្ឋមន្ត្រីការ​បរទេសលីបង់​ Abdallah Bouhabib បាន​សម្រេច​លុបចោល​ដំណើររបស់លោក​ទៅកាន់ទីក្រុង​ Glasgow ដែលជា​កន្លែងលោក​ត្រូវ​ទៅចូលរួម​ជំនួបកំពូលអាកាសធាតុ COP26 របស់​អង្គការ​សហប្រជាជាតិ។

ដោយឡែក​ កាលពីយប់ថ្ងៃសុក្រ​ ទី២៨ តុលា​ នាយករដ្ឋមន្ត្រី​ និង​ប្រធានាធិបតី​លីបង់​បាន​ជួបពិភាក្សាគ្នា​អំពីការសម្រេចចិត្ត​របស់​អារ៉ាប៊ីសាអូឌីត​ ហើយបាន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​លោក Kordahi លាលែងពីតំណែងដើម្បីបន្ធូរបន្ថយ​ភាពតានតឹង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ