អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បន្ទាប់ពីកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារ សុបិន្តចុងក្រោយរបស់ចិនគឺរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​យប់​ថ្ងៃ​អាទិត្យ ទី២០ កុម្ភៈ ចិន​បាន​ទាញ​វាំងនន​បិទបញ្ចប់​កម្មវិធី​ប្រកួត​កីឡាអូឡាំពិក​រដូវរងារ​រយៈពេល ២សប្តាហ៍​ក្នុង​ក្រុង​ប៉េកាំង។ ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ ចិន​ស្ថិត​នៅ​ចំណាត់ទី៣ នៃ​ចំនួន​មេដាយ​ដែល​កីឡាករ កីឡាការី​ចិន​ទទួល​បាន។ គួរ​រម្លឹក​ថា ក្រុង​ប៉េកាំង​ធ្លាប់​បាន​រៀបចំ​កីឡាអូឡាំពិក​រដូវក្តៅ​កាល​ពី ២០០៨។ តែ​បរិបទ និង​លក្ខខណ្ឌ​នៃ​ការ​រៀបចំ​កីឡា​អូឡាំពិក​រដូវ​រងារ​ឆ្នាំ ២០២២ នេះ​មិន​ដូច​គ្នា​នឹង​ឆ្នាំ ២០០៨ ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី  សុបិន្ត​ចុង​ក្រោយ​របស់​ចិន​នា​ពេល​អនាគត​ដ៏​ខ្លី គឺ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ពិភពលោក។

បន្ទាប់ពីកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារ សុបិន្តចុងក្រោយរបស់ចិនគឺរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក។
បន្ទាប់ពីកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារ សុបិន្តចុងក្រោយរបស់ចិនគឺរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក។ AP - Bernat Armangue
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ២០ឆ្នាំ ចិន​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ និង​កីឡាអូឡាំពិក​រដូវ​រងារ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ប៉េកាំង​បាន​ក្លាយ​ជា​ទីក្រុង​ទី១ ជា​ប្រវត្តិសាស្រ្ត​ក្នុង​លោក​ដែល​បាន​រៀបចំ​ការ​ប្រកួត​កីឡាអូឡាំពិក​ទាំង​ពីរ​រដូវ។ តើ​នេះ​មិនមែន​ជា​ជោគជ័យ និង​ជា​មោទនភាព​របស់​ប្រទេស និង​ប្រជាជន​ចិន​ទេ ឬ​យ៉ាង​ណា។ ជោគជ័យ និង​មោទនភាព​លើស​ពី​នេះ គឺ​ការ​ដែល​ចិន​បាន​រៀបចំ​កីឡាអូឡាំពិក​រដូវ​រងារ​រយៈពេល ២សប្តាហ៍​ដែល​ទើប​បិទ​បញ្ចប់​ថ្មីៗ​នេះ។ ហេតុ​អ្វី?។ មាន​ហេតុផល​ចំនួន ២ ដែល​គេ​អាច​ពន្យល់​បាន ទី១ ទោះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​លំបាក​ប្រឈម​នឹង​កូវីដ១៩ ក៏​ចិន​ជំនះ​នៅ​តែ​រៀបចំ និង​ទី២ ទោះ​មាន​ការ​ធ្វើ​ពហិការ​ផ្លូវទូត​របស់​បស្ចិមលោក​ក្រោម​ហេតុផល​ការពារ​សិទ្ធិមនុស្ស​ក៏​ចិន​មិន​ឈឺ​ក្បាល។

អ្វី​ដែល​ចិន​បាន​ខ្វល់ខ្វាយ យក​ចិត្ត​ទុកដាក់ និង​ចង់​បាន​ខ្លាំង គឺ​ភាព​រលូន​នៅ​ក្នុង​កម្មវិធី​រយៈពេល ២សប្តាហ៍។ នៅ​ទីបំផុត គ្មាន​ឧបសគ្គ និង​គ្មាន​បញ្ហា​ធំដុំ​អ្វី​បាន​ចូល​ទៅ​រំខាន​នៅ​ក្នុង​ការ​រៀបចំ​នោះ​ទេ ទោះ​បី​ជា​កីឡាករ កីឡាការនី អ្នក​រៀបចំ និង​អ្នក​កាសែត​គ្រប់​រូប​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​ពលរដ្ឋ​ចិន និង​តម្រូវ​ឲ្យ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ ជា​រៀងរាល់​ថ្ងៃ​ក៏​ដោយ។ គឺ​ផ្តើម​ចេញ​ពី​ជោគជ័យ​នៃ​ការ​រៀបចំ​កីឡាអូឡាំពិក​ទាំង​ពីរ​រដូវ​ដែល​ឥឡូវ​នេះ ចិន​កំពុង​មាន​សុបិន្ត​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ពិភពលោក​មួយ​ទៀត។ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ដែល​ជា​អ្នក​ស្នេហា​កីឡាបាល់ទាត់​មាន​ក្តីសង្ឃឹម និង​បាន​ត្រៀមខ្លួន​រួច​រាល់​សម្រាប់​បេក្ខភាព​របស់​ចិន​នា​ពេល​ខាង​មុខ។

តែ​ដើម្បី​អាច​ឈាន​ទៅ​រៀបចំ​កីឡា​ដ៏​មាន​ប្រជាប្រិយ​ក្នុង​លោក​មួយ​នេះ​បាន ចិន​ត្រូវ​រង់ចាំ ព្រោះ​អ្វីៗ​វា​អាស្រ័យ​លើ​ចិន​ខ្លួន​ឯង និង​អាស្រ័យ​លើ​លក្ខន្តិកៈ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហ៊្វីហ្វា។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​ម្តងៗ ហ៊្វីហ្វា​អាច​ជ្រើស​យក​បេក្ខភាព​តែ​ចំនួន​ពីរ​គត់​នៃ​សមាជិក​របស់​ខ្លួន​សម្រាប់​ការ​រៀបចំ​កីឡាបាល់ទាត់​ពិភពលោក​ចំនួន ២ដង​ជាប់​គ្នា។ បន្ទាប់​មក នៅ​មាន​ច្បាប់​ស្តីពី​ការ​ប្តូរ​ទ្វីប​ដើម្បី​រៀប​ចំ​ម្តង​ម្នាក់។ ដោយ​ឆ្នាំ ២០២២ នេះ​ជា​វេន​របស់​ប្រទេស​កាតា និង​ឆ្នាំ ២០២៦ ជា​វេន​របស់​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិចស៊ិក​ដែល​ត្រូវ​រៀបចំ​រួម​គ្នា ចិន​អាច​ដាក់​បេក្ខភាព​របស់​ខ្លួន​សម្រាប់​ការ​រៀបចំ​ចាប់​ពី​ឆ្នាំ ២០៣០ ទៅ។

ជាមួយ​នឹង​បទពិសោធន៍​ពេញ​ខ្លួន​ដែល​ចិន​មាន​ពី​ការ​រៀបចំ​កីឡាអូឡាំពិក​ទាំង​ពីរ​រដូវ ការ​រៀបចំ​កីឡាបាល់ទាត់ពិភពលោក​មួយ​ទៀត​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ។ តែ​មាន​កិច្ចការ​មួយ​ចំនួន​ដែល​ចិន​ត្រូវ​ធ្វើ ទី១ បន្ថែម​លទ្ធភាព និង​ពង្រឹង​សមត្ថភាព​លើ​ក្រុម​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ដែល​នៅ​ទាប​ខ្លាំង។ នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់​របស់​ហ៊្វីហ្វា ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ចិន​ស្ថិត​នៅ​លំដាប់​ទី៧៥។ ជានិច្ចកាល ក្រុម​កីឡាករបាល់ទាត់​ចិន​តែង​ជា​ផ្ទាំងស៊ីប​នៃ​ការ​សើចចំអក​ពី​ពលរដ្ឋ​ចិន​ខ្លួន​ឯង។ ជាក់ស្តែង​នា​ដើម​ខែ​កុម្ភៈ​នេះ ក្រុម​កីឡាករបាល់ទាត់ចិន​បាន​ទាត់​ចាញ់​ក្រុម​កីឡាករបាល់ទាត់​វៀតណាម ៣គ្រាប់​ទល់​នឹង​១គ្រាប់។

ហេតុអ្វី​បាន​ជា​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ និង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​លោក ចិន​បែរ​ជា​មាន​កម្រិត​សមត្ថភាព​កីឡាបាល់ទាត់​ទាប​ដល់​ម្លឹង?។ « គឺ​មក​ពី​កង្វះ​ការ​វិនិយោគ​រយៈពេល​វែង និង​ចង់​ទទួល​បាន​លទ្ធផល​ទាន់ហន់​ក្នុង​រយៈពេល​ខ្លី​ដោយ​បាន​ផ្លាស់ប្តូរ​គ្រូបង្វឹក​ញឹកញាប់ » នេះ​ជា​ការ​យល់​ឃើញ​របស់​លោក Mads Davidsen អតីត​នាយក​បច្ចេកទេស​នៃ​ក្លឹប​បាល់ទាត់​សៀងហៃ។ តាម​លោក Mads ចិន​ត្រូវ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ពី​៨ ទៅ ១០ឆ្នាំ ត្រូវ​គោរព​តាម​កាលវិភាគ​ដែល​បាន​កំណត់​រួច និង​ត្រូវ​រង់ចាំ​លទ្ធផល។

បើ​ចិន​អាច​ធ្វើ​យ៉ាង​នេះ​បាន ចិន​នឹង​មាន​សមត្ថភាព​អាច​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ពិភពលោក​នៅ​ឆ្នាំ ២០៣៤ ឬ ២០៣៨។ ក៏​ប៉ុន្តែ ទន្ទឹម​នឹង​មាន​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ពូកែ ប្រទេស​ដែល​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួតកីឡាបាល់ទាត់​ពិភពលោក​ក៏​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​សមាជិក​ភាគ​ច្រើន​របស់​ហ៊្វីហ្វា​ដែរ នេះ​ជា​ការ​កត់សម្គាល់​របស់​លោក​បូ លី សាស្រ្តាចារ្យ​ផ្នែក​គ្រប់គ្រង​កីឡា​នៅ​សកលវិទ្យាល័យ​មីអាមី សហរដ្ឋអាមេរិក។ តាម​លោក​បូ លី បើ​ចិន​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាបាល់ទាត់ពិភពលោក ចិន​ត្រូវ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​ប្រទេស​អាស៊ី អឺរ៉ុប និង​អាហ្រ្វិក ហើយ​ដើម្បី​អាច​ធ្វើ​ដូច​នេះ​បាន អ្នក​ទទួល​ខុស​ត្រូវ​បាល់ទាត់​ចិន​ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​សកម្ម​ជាង​នេះ​នៅ​ក្នុង​ហ៊្វីហ្វា។

វិស័យ​កីឡាបាល់ទាត់​របស់​ប្រទេស​កាតា​នៅ​មាន​កម្រិត​ទាប​ខ្លាំង​ក្នុង​ឆ្នាំ ២០១០ ខណៈ​ដែល​កាតា​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​ឆ្នាំ ២០២២។ តែ​កាតា​បាន​ប្រឹងប្រែង​រហូត​រុញ​ចំណាត់ថ្នាក់​ក្នុង​តារាង​ហ៊្វីហ្វា​ពី​ទី ១១៣ ទៅ​ទី ៥២នា​ពេល​សព្វថ្ងៃ។ តើ​វា​អាច​ជា​គំរូ​មួយ​សម្រាប់​ចិន​ដែរ​ឬ​ទេ?។ ពិត​ជា​គំរូ តែ​ចិន​ត្រូវ​ធ្វើ​កំណែទម្រង់​ទ្រង់ទ្រាយ​ធំ និង​ស៊ីជម្រៅ នេះ​ជា​ការ​យល់​ឃើញ​របស់​លោក Cameron Wilson ស្ថាបនិក​គេហទំព័រ Wild East Football។ នៅ​ក្នុង​ន័យ​នេះ លោក Cameron Wilson បាន​លើក​ទឹកចិត្ត​ឲ្យ​មាតាបិតា​ចិន​ចំណាយ​ពេល​សម្រាប់​កូនៗ​របស់​ពួក​គេ​ដើម្បី​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​តែ​កិច្ចការ​សាលា​មួយ​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ