អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កីឡាអូឡាំពិក​រដូវ​រងារ​ប៉េកាំង ចាប់​បើក ក្នុង​បរិយាកាស​នយោបាយតាន​តឹង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​នឹង​បង្អួត​ពិភពលោក ជាមួយ​នឹង​​កម្មវិធី​បើកកីឡាអូឡាំពិក​​រដូវ​រងារ​២០២២ វេលា​ម៉ោង​៨​យប់​ម៉ោង​នៅទីក្រុង​ប៉េកាំង ត្រូវ​ជា​ម៉ោង​១២ថ្ងៃ​ត្រង់​ម៉ោង​សកល ​ដ៏ធំ​​ ប្រណិត​ អស្ចារ្យ។ ប៉ុន្តែ កម្មវិធី​កីឡា​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​ព្រួយ​បារម្ភ​ខ្លាំង​បង្ក​ឡើង​ដោយ​​វិបត្តិ​​កូវីដ និង​នយោបាយដ៏​​តានតឹង។ ​បណ្តា​ប្រទេស​ធំៗ​ជា​ច្រើន​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ពហិការ​ការទូត​មិន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​។ តែ​ចិន​បាន​ទទួល​ភ្ញៀវ​ពិសេសម្នាក់​គឺ ​លោកប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន។

កីឡាអូឡាំពិក​ប៉េកាំង ចាប់​បើក​ជា​ផ្លូវការ​ នៅ​ថ្ងៃសុក្រ​ទី ៤ កុម្ភៈ ២០២២
កីឡាអូឡាំពិក​ប៉េកាំង ចាប់​បើក​ជា​ផ្លូវការ​ នៅ​ថ្ងៃសុក្រ​ទី ៤ កុម្ភៈ ២០២២ © Getty Images
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​កម្មវិធី​ប្រកួត​កីឡាអូឡាំពិករដូវ​រងារ​​លើក​ទី​២៤។ ចាប់​ពី​ថ្ងៃ​​សុក្រ​ទី ៤ កុម្ភៈ​នេះ​ទៅ ប៉េកាំង​បាន​ក្លាយ​ជា​ក្រុង​ដំបូង​គេ​បង្អស់​នៅលើ​លោក ដែលបាន​​ទទួល​រៀប​ចំ​កីឡាអូឡាំពិក​រដូវ​ក្តៅផង​ (២០០៨) និង​អូឡាំពិក​រដូវ​រងារ​(២០២២) ផង។ កម្មវិធី​នឹង​ចាប់​បើក​ជា​ផ្លូវការ​នៅ​ពេល​​​ប្រធានាធិបតីចិន លោក ​ស៊ីជីនពីង ថ្លែង​សុន្ទរកថា​ប្រកាស​បើក​កម្មវិធី។

​​ស្តាត​ជាតិ ​ដ៏​ល្បីល្បាញ មាន​ទម្រង់​ជា​សម្បុក​សត្វបក្សី នឹង​រះ​ត្រចះ​ត្រចង់​បង្អួត​រាង​ជា​លើក​ទី​ពីរ បន្ទាប់​ពី​កម្មវិធី​អូឡាំពិក​រដូវ​ក្តៅ​កាលពី​ឆ្នាំ​២០០៨។ ដូច​កាលពី​១៤​ឆ្នាំមុន ចិន​នឹង​ប្រារព្វ​ពិធីឱ្យ​​អស្ចារ្យ​ តែ​ដោយ​ហេតុ​វិបត្តិ​សុខភាព​កូវីដ សិល្បករ​ អ្នក​សម្តែង ត្រឹម​តែ​ ៣០០០នាក់​ប៉ុណ្ណោះ ភាគ​ច្រើន​ជា​ក្មេង​ជំទង់ មិន​មែន​​ដល់​ទៅ ១៤០០០នាក់ ដូច​កាល​ឆ្នាំ ២០០៨​ទេ មក​​សម្តែង​ផ្ទាំង​ទស្សនីយភាព​ដ៏​រស់​រវើក​ អម​ដោយ​ការ​បាញ់​កាំជ្រួច​​លម្អ​យ៉ាង​ប្រណិត។

បើ​និយាយ​អំពី​អត្ថន័យ​វិញ ជាមួយ​នឹង​ពាក្យ​ស្លោក “រួមគ្នា​ដើម្បីចែក​រំលែក​អនាគត” ប៉េកាំង ចង់​ផ្ញើ​​សារ​ប្រាប់ពលរដ្ឋ​ចិន​ថា ពួក​គេអាច​មាន​មោទនភាព​នឹង​ប្រទេស​របស់​ពួកគេ នឹង​បក្ស​កុម្មុយនិស្ត​ដែល​ដឹកនាំ​ប្រទេស​។ ប្រធានាធិបតី​ចិន ស៊ីជិនពីង ក៏​ចង់​ប្រើ​ឱកាស​នេះ សម្រាប់​ប្រាប់​​​អត្តពលិក​បរទេស​ទាំង​អស់​ អំពី​មហិទ្ធិរិទ្ធ​របស់​ចិន​លើ​ឆាក​អន្តរជាតិ។

វិធានការ​ទប់ទល់​កូវីដ សម្រួល​ការ​គ្រប់គ្រង

ដោយហេតុ​កូវីដ​និង​នយោបាយ​សូន្យ​កូវីដរបស់​ប៉េកាំង កីឡាករ​ទាំង​អស់​ មិនអាច​មាន​ទំនាក់ទំនង​​ជា​មួយ​ពិភព​ខាង​ក្រៅ​ និង​ជាមួយ​ទស្សនិកជនទេ។ ពួក​គេ​ត្រូវ​នៅ​តែ​ក្នុង​រង្វង់​អូឡាំពិក​ដែល​រដ្ឋាភិបាល​គូស​និង​កំណត់​ឱ្យ និង​ដោយ​ត្រូវ​ឆ្លង​កាត់​ការធ្វើ​តេស្ត​ជា​រៀង​រាល់​ថ្ងៃ។ នេះ​ជា​លក្ខខណ្ឌ​សុខាភិបាល​សម្រាប់​ទប់​ទល់​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ ដែល​​ត្រូវចំ​​ចិត្ត​អាជ្ញាធរ​ចិន​តែម្តង។ ​វិធានការ​នេះបាន​សម្រួល​ឱ្យ​​ចិនកាន់​តែ​ងាយ​ និង​អាច​គ្រប់​គ្រ​ង អ្វី​ដែល​នៅក្នុង​រង្វង់​អូឡាំពិក​បាន​ទាំង​ស្រុង​តែម្តង។ សូម្បី​តែ​កូន​បាតុកម្ម​តូច​មួយ​ក៏​អាច​កើត​ឡើង​បាន​ដែរ ហើយ​សកម្មជន​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ទាំង​ឡាយ​ត្រូវ​បិទ​ទ្ទប់​បង្ឃាំង​អស់​ហើយ។

នៅលើ​វេទិកា​កត្តិយស​វិញ ក៏​មិន​ដូច​ឆ្នាំ​២០០៨ ដែល​មាន​ប្រមុខ​រដ្ឋ​ រដ្ឋាភិបាល​ជា​ច្រើន​បង្ហាញ​វត្តមាន​ អបអរ​ការ​បើក​កម្មវិធី​ឡើយ។ ឆ្នាំ​នេះ វេទិកា​ទូលាយ​ និង​ស្រលះ​ល្អ​ណាស់ ព្រោះ​ក្រុម​ប្រទេស​លោក​ខាង​លិច នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក ព្រម​ទាំង​សម្ព័ន្ធ​មិត្ត​ កាណាដា អូស្ត្រាលី អង់គ្លេស ជប៉ុន បាន​នាំគ្នា​ធ្វើ​ពហិការ​ការទូត​មិន​បញ្ជូន​តំណាង​ប្រទេស​ឱ្យ​មក​ចូល​រួម​ក្នុងពិធី​​បើក​កម្មវិធី​ថ្ងៃ​នេះ​ ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​លើ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ ទីបេ ហុងកុង ...។ អង្គការ​ក្រៅ​រដ្ឋាភិបាល ចំនួន​​ ២៤៣​ ក៏​បាន​បរិហារ​ដូច​គ្នា និ​ងបាន​ចាត់​ទុក​ កីឡាអូឡាំពិក​ប៉េកាំង​នេះ​ជា​ល្បែង​គួរ​ឱ្យ​ខ្មាសអៀន។

​ចិន​និង​រុស្ស៊ី បង្ហាញ​ទស្សនវិស័យ​រួម ​

ប៉ុន្តែចិន​មិន​ខ្វល់​ទេ ចិន​រំពឹង​ថា នៅ​ពេល​ការ​ប្រកួត​កីឡា​ចាប់​ផ្តើម នោះ​កីឡា​នឹង​ធ្វើ​ឱ្យ​ភ្លេច​​ភាព​តាន​តឹង​នយោបាយ​ហើយ។ ​សម្រាប់​ពេល​នេះ មុន​នឹង​ឈាន​ដល់​ការ​បើក​កម្មវិធី​កីឡាអូឡាំពិក ប្រធានាធិបតី​ចិន​ កំពុង​ប្រញឹក​ស្វាគមន៍​ភ្ញៀវ​ដ៏​សំខាន់ៗ ជា​​​ប្រមុខ​ដឹកនាំ​​ប្រទេស​នៅឈូង​សមុទ្ទ​ពែក្ស​ ដូច​យ៉ាង​រាជបុត្រ​ស្នង​រាជ​អារ៉ាប៊ី បេនសាល់ម៉ាន នាយករដ្ឋមន្ត្រី​ អ៊ីមរ៉ាន ខាន់ ​មិត្ត​ជំនិតជាប់​របង​ប៉ាគីស្ថាន ​ប្រធានាធិបតី កាហ្សាក់ស្ថាន និង​ពិសេស​គឺ​រូប​លោក​ប្រធានាធិបតី​រុស្ស៊ី ​វ្លាដេមៀ ពូទីន តែម្តង។ លោក​ពូទីន​ដែល​កំពុង​ប្រឈម​ជាមួយ​បស្ចិម​លោក ក្នុង​​វិបត្តិ​អ៊ុយក្រែន ធ្វើ​ដំណើរ​មក​ប៉េកាំង​ដើម្បី​គាំទ្រ​ចិន​ក្នុង​ពេល​មាន​កីឡាអូឡាំពិក តែ​ក៏​ចង់​ឱ្យ​ចិនបង្ហាញ​សាមគ្គីភាព​​រុស្ស៊ី​ក្នុង​វិបត្តិ​ជាមួយ​អូតង់​ដែរ។

នៅ​ទី​បំផុត ប្រទេស​ទាំងពីរ​បាន​សម្តែង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ប្រាថ្នា​មែន​។ ​ចិន-រុស្ស៊ី បាន​ឈាន​ចូល​ក្នុង​​សករាជនៃទំនាក់ទំនង​អន្តរជាតិ​ថ្មី។ ក្រោយ​ជំនួ​ប​​ពិភាក្សា​​ទល់​មុខ​គ្នា​ មួយ​ទល់​នឹង​មួយ​ មេដឹកនាំ​ទាំងពីរ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម បរិហារ​ឥទ្ធិពល​អាមេរិក និង​តួនាទី​របស់​សម្ព័ន្ធយោធា អូតង់/ណាតូ និង​សម្ព័ន្ធ AUKUS មក​លើ​អឺរ៉ុប​និង​មក​លើ​អាស៊ី។ លោក​ពូទីន និង​លោក​ស៊ីជីនពីង បាន​បង្ហាញ​ទស្សនៈ​វិស័យ​រួម ប្រកាស​ប្រឆាំង​នឹង​ការ​ពង្រីក​សមាជិកភាព​អង្គការ​អូតង់ ហើយ​ចាត់​ទុក​ការ​ពង្រីក​ឥទ្ធិពល​របស់​អាមេរិក​ នៅ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក ជា​សញ្ញា​អវិជ្ជមាន​សម្រាប់សន្តិភាព​និង​ស្ថិរភាព​តំបន់។ ​សម្រាប់​រុស្ស៊ី​និ​ងចិន ការ​បង្កើតសម្ព័ន្ធ​ត្រីភាគី​អាមេរិកអង់គ្លេស​និង​អូស្ត្រាលី ​នៅ​​ឆ្នាំ២០២១ ប៉ះពាល់​ដល់​ចំណោទ​ស្ថិរភាព​យុទ្ធ​សាស្ត្រ។

ប្រទេស​ទាំងពីរ រុស្ស៊ី-ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​យុទ្ធ​សាស្ត្រ​ តែ​មិន​បាន​ទម្លាយ​ឱ្យ​ដឹង​អំពី​ទំហំ​នៃ​កិច្ចព្រមព្រៀង​នោះ​ទេ។

ជា​ចុងក្រោយដោយ​​មិន​បាន​រង់​ចាំ​ ចិន​បាន​ទទួល​ការ​អបអរ​លើក​សរសើរ​ពី​កូរ៉េខាង​ជើង។ កូរ៉េខាង​ជើងមិន​អាច​​ចូល​រួម​ក្នុង​កីឡាអូឡាំពិក​ប៉េកាំង​នេះ​បាន​ទេ ព្រោះព្យុងយ៉ាង​បដិសេធ​មិន​បញ្ជូន​ប្រតិភូ​ កាលពីកីឡាអូឡាំពិក​តូក្យូ២០២១។ ប៉ុន្តែថ្ងៃ​នេះ លោក​គីម​ជុងអ៊ុន បាន​សរសេរ​សារ​យ៉ាង​វែង​​ ​សរសើរ​ការ​រៀប​ចំ​កីឡាអូឡាំពិក។ សារ​​បែប​នេះ បើ​តាម​អ្នក​វិភាគ គឺ​កូរ៉េខាង​ជើង​ចង់​ព្រលយ​ប្រាប់​ថា​មិន​បាញ់​សាកល្បង​មីស៊ីល​ក្នុង​អំឡុង​ពេល​ប្រកួត​កីឡាអូឡាំពិក​ទេ។ បើ​ដូច្នេះមែន វា​ពិត​ជា​ការ​សម្រាល​សម្ពាធ​មួយ​សម្រាប់​ប៉េកាំង ដែលទើស​ទាល់​មែន​ទែន​ពេល​ព្យុង​យ៉ាង​សាកល្បង​មីស៊ីលម្តងៗ។ ចិន​​មិន​ចង់​ឃើញ​មាន​ភាព​តាន​តឹង​យោធា​ក្នុង​ពេល​មាន​ព្រឹត្តិការណ៍​កីឡា​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ