អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

UN ថា​គេ​មិន​គួរ​មើល​រំលង​វិបត្តិ​យេម៉ែន ទោះមាន​សង្គ្រាម​អ៊ុយក្រែន​ក៏​ដោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​រយៈពេល​ ៧ឆ្នាំ​បាននិង​កំពុង​បង្ក​ជា​មហន្តរាយ​មនុស្ស​ធម៌ធ្ងន់ធ្ងរ​នៅ​យេម៉ែន​។ ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​និយាយ​ថា​វិបត្តិ​​យេម៉ែន​ប្រឈម​នឹង​ត្រូវ​គេ​បំភ្លេច​ចោល ដោយ​ហេតុថា​ពិភពលោក​បាន​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​។ នៅ​ថ្ងៃ​ពុធ​ ទី១៦ មីនា ឆ្នាំ២០២២​ អង្គការ​សហប្រជាជាតិ​បាន​ទទូច​សុំ​​ប្រទេស​ម្ចាស់​ជំនួយឲ្យ​បែរ​មក​មើល​និង​ជួយ​ប្រទេស​យេម៉ែន​ផង​។ តើ​អង្គការ​សហ​ប្រជាជាតិនិយាយ​អ្វីខ្លះ​ពី​វិបត្តិ​នៅ​យេម៉ែន​? តើ​សង្គ្រាម​អ៊ុយក្រែនជះ​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​យេម៉ែន?

ក្មេងប្រុសជនជាតិយេម៉ែនម្នាក់ទទួលបានជំនួយដែលផ្តល់ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅទីក្រុង Taez ក្នុងខែតុលា ឆ្នាំ២០២០។
ក្មេងប្រុសជនជាតិយេម៉ែនម្នាក់ទទួលបានជំនួយដែលផ្តល់ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅទីក្រុង Taez ក្នុងខែតុលា ឆ្នាំ២០២០។ AFP/File
ផ្សាយពាណិជ្ជកម្ម

យេម៉ែន​រងគ្រោះខ្លាំង​ពី​វិបត្តិ​មនុស្ស​ធម៌

ប្រទេស​យេម៉ែន​ត្រូវ​បាន​ហែកហួរ​ដោយ​សង្គ្រាម​ចាប់​តាំងពីឆ្នាំ​ ២០១៤ នៅ​ក្រោយ​ពេល​ដែល​ក្រុម​ឧទ្ទាមហ៊ូទី​គាំទ្រដោយអ៊ីរ៉ង់វាយដណ្តើមយកបាន​រដ្ឋធានី​សាណា និង​តំបន់​ជាច្រើន​ផ្សេងទៀត​នៅប៉ែកខាងជើងនៃ​ប្រទេស​។ សង្គ្រាម​នៅ​យេម៉ែន​កាន់​តែ​ធ្លាក់​ដុន​ដាប​ខ្លាំងក្នុងខែមីនា​ ឆ្នាំ២០១៥​ នៅពេល​ដែល​សម្ព័ន្ធ​អន្តរ​ជាតិ​ដឹកមុខ​ដោយ​អារ៉ាប៊ីសាអូឌីត​ចូលធ្វើ​អន្តរាគមន៍​ជួយ​រដ្ឋាភិបាល​យេម៉ែន​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​។

សង្គ្រាមនៅយេម៉ែនបាន​ឆក់យក​ជីវិត​មនុស្សជាង ១៥ម៉ឺននាក់ ក្នុងនោះ​មាន​ជន​ស៊ីវិលជាង​ ១៤ ៥០០នាក់ និងបណ្តាលឲ្យ​មនុស្ស​ជាច្រើន​លាន​នាក់​ផ្សេងទៀត​បាត់​បង់​ទីជម្រក​។ បច្ចុប្បន្ន​ ប្រជាជនយេម៉ែន​ជាច្រើន​លាន​នាក់​កំពុង​រស់​ខ្វះខាតស្បៀង​និងការ​ថែ​ទាំ​ផ្នែក​សុខភាព​។ យោង​តាម​អង្គការសហប្រជាជាតិ​ ក្នុង​ចំណោម​ប្រជាជន​យេម៉ែន​សរុប​ទាំងអស់​ប្រមាណ​ ៣១លាន ៩សែននាក់ មានជាង ២៣​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្ស​ធម៌​ ហើយក្នុង​ចំណោ​មនោះមានប្រជាជនយេម៉ែនជិត​ ១៣លាន​នាក់​កំពុង​ត្រូវ​ការ​ជំនួយ​ជាបន្ទាន់​។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិបានទាញសញ្ញា​អាសន្ន​ពីភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ​ ប្រសិនបើគ្មានជំនួយថវិកា​ថ្មី​សម្រាប់​យេម៉ែន​ទេនោះ។ WFP បានប៉ាន់​ស្មានថាមានមនុស្សរហូតដល់ទៅ ១៩លាននាក់អាចនឹងប្រឈម​​បញ្ហា​អសន្តិសុខស្បៀង​ធ្ងន់ធ្ងរនៅឆមាសទី២ នៃឆ្នាំ២០២២នេះ។​

ជារួម​ អស់​រយៈពេលប្រាំពីរឆ្នាំហើយ​ដែលប្រជាជនយេម៉ែនរស់នៅដោយ​ត្រូវ​ប្រឈម​មុខ​នឹង​សេចក្តីស្លាប់​ ការបំផ្លិចបំផ្លាញ ការចាកចោលផ្ទះសម្បែង ភាពអត់ឃ្លាន ការភ័យខ្លាច និង​ការបែកបាក់ខ្ចាត់ព្រាត់គ្នា​។

អង្គការ​សហប្រជាជាតិដង្ហើយរកជំនួយ​សម្រាប់​យេម៉ែន

អង្គការសហប្រជាជាតិ​បានចាត់ទុកសង្គ្រាម​ហែកហួរ​ជាច្រើនឆ្នាំនៅយេម៉ែន​ថា​ជា​មហន្តរាយ​មនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក​។ ប៉ុន្តែនៅពេលនេះ ថវិកា​ដែល​គេប្រើ​ដើម្បី​រារាំង​​ស្ថានការណ៍ក្នុងប្រទេសយេម៉ែន​កុំ​ឲ្យ​ធ្លាក់ដុន​ដាប​ខ្លាំង​ជិតអស់ហើយ​។

សង្គ្រាមនៅអ៊ុយក្រែន ក៏កំពុងធ្វើឲ្យគេកាន់តែមើលរំលងពី​វិបត្តិ​មនុស្ស​ធម៌​នៅ​យេម៉ែន​ទៅ​ទៀត​ ដូច្នោះហើយទើបអង្គការសហប្រជជាតិបានទទូចសុំយប្រទេសម្ចាស់​ជំនួយឲ្យបែរងាក​មក​មើល​និង​ជួយ​ប្រទេសយេម៉ែន​ផង​។

នៅក្នុងសន្និសីទ​វីដេអូស្តីអំពីបញ្ហាយេម៉ែន​កាលពីថ្ងៃពុធម្សិលមិញ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរស៍ និយាយថាបញ្ហាទាក់ទិនយេម៉ែនទំនងជា​បាត់​លែង​សូវឃើញ​នៅលើ​បណ្តាញសារព័ត៌មាននានា​ ដោយហេតុថា​ពិភពលោក​ងាកទៅចាប់​អារម្មណ៍​ខ្លាំង​ពី​សង្គ្រាម​អ៊ុយក្រែន​។ ក៏ប៉ុន្តែ លោកហ្គូទែរស៍បានលើកឡើង​ថា​ការ​ឈឺ​ចាប់និង​ទុក្ខវេទនា​របស់​ប្រជាជន​យេម៉ែននៅមិនទាន់ធូរស្រាល​នៅ​ឡើយទេ​។

តើ​សង្គ្រាម​អ៊ុយក្រែន​ជះ​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​ប្រទេស​យេម៉ែន​?

ក្រៅ​តែពីបាន​ទាញ​ការ​ចាប់​អារម្មណ៍ងាកចេញ​ពី​​យេម៉ែន ជម្លោះ​នៅ​អ៊ុយក្រែនក៏​កំពុង​គំរាម​កំហែង​ផងដែរដល់​ស្ថានភាព​មនុស្សធម៌​ក្នុង​ប្រទេស​យេម៉ែន​ ដោយសារ​តែ​ស្រូវ​សាលីចំនួន ២២% របស់​ប្រទេស​នេះនាំចូល​មក​ពី​អ៊ុយក្រែននិង​រុស្ស៊ី​។

កម្មវិធីស្បៀងអាហារពិភពលោក​បាននិយាយថា​កម្រិត​នៃ​ភាពអត់ឃ្លាន​នៅយេម៉ែន​កាន់​ធ្លាក់អាក្រក់ខ្លាំង ប្រសិនបើ​វិបត្តិ​អ៊ុយក្រែន​ជំរុញ​ឲ្យ​តម្លៃស្បៀង​អាហារកើនឡើង​។ ដើម្បីកាត់​បន្ថយ​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​នៅយេម៉ែននេះ អង្គការសហប្រជាជាតិសង្ឃឹមថានឹង​រៃ​អង្គាស​រក​បាន​ថវិកាចំនួន ៤,២៧ពាន់​លាន​ដុល្លារ​ដើម្បយកទៅជួយ​ប្រជាជន​រង​គ្រោះ​យេម៉ែន​។ ភ្លាមៗ​នោះ ​អាមេរិកប្រកាសថា​នឹងបរិច្ចាគថវិកាជិត ៥៨៥លាន​ដុល្លារ​បន្ថែមទៀត​ដល់​យេម៉ែន​។ ចំណែកឯ​ប្រទេស​ផ្សេងទៀតវិញ គេនៅមិនទាន់ទទួលបានព័ត៌មាន​នៅឡើយ​នោះទេ​។

គួររំឭកជូនថានៅក្នុងសន្និសីទកាលពីឆ្នាំទៅមិញ អង្គការសហប្រជាជាតិបានអំពាវនាវ​កៀរគរ​ថវិកា ៣,៨៥ពាន់លានដុល្លារដើម្បីយកទៅជួយយេម៉ែន ក៏ប៉ុន្តែ​អង្គការ​បានទទួល​ជំនួយ​ថវិកា​ត្រឹមតែ ១,៧ពាន់លានដុល្លារប៉ុណ្ណោះ​ ពីព្រោះថាសេដ្ឋកិច្ចពិភពលោកកាលណោះ​រង​ផល​ប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ