អានតួអត្ថបទ

NGO៖ចំនួនជនរងគ្រោះស៊ីវិលយេម៉ែនបានកើនទ្វេដង ក្រោយពីការបណ្តេញក្រុមអ្នកជំនាញអន្តរជាតិ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ កុម្ភៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​ប្រទេស​ន័រវែស​ឈ្មោះ « ក្រុមប្រឹក្សា​ន័រវែស​ទទួល​បន្ទុក​ជនភៀសខ្លួន » បាន​ប្រកាស​ថា តាំង​ពី​ការ​បណ្តេញ​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស៊ើបអង្កេត​រឿង​រំលោភសិទ្ធិមនុស្ស​នៅ​យេម៉ែន​កាល​ពី​ខែ​តុលា ឆ្នាំ ២០២១ មក ចំនួន​ជនស៊ីវិល​ស្លាប់ ឬ​របួស​នៅ​យេម៉ែន​បាន​កើន​ទ្វេដង។ តាម​ក្រុមប្រឹក្សា​ន័រវែស​ទទួល​បន្ទុក​ជនភៀសខ្លួន អំពើហិង្សា​បាន​កើន​ឡើង​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ប្រទេស​យេម៉ែន។

តាម NGO ចំនួនជនរងគ្រោះស៊ីវិលយេម៉ែនបានកើនទ្វេដង ក្រោយពីការបណ្តេញក្រុមអ្នកជំនាញអន្តរជាតិក្នុង​ខែ​តុលា ឆ្នាំ ២០២១។
តាម NGO ចំនួនជនរងគ្រោះស៊ីវិលយេម៉ែនបានកើនទ្វេដង ក្រោយពីការបណ្តេញក្រុមអ្នកជំនាញអន្តរជាតិក្នុង​ខែ​តុលា ឆ្នាំ ២០២១។ REUTERS - KHALED ABDULLAH
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​រយៈពេល ៤ខែ​នៃ​បេសកកម្ម​របស់​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ទទួល​បន្ទុក​ស៊ើបអង្កេត​រឿង​រំលោភសិទ្ធិមនុស្ស​នៅ​យេម៉ែន​មាន​ស្លាប់ ឬ​របួស​ជនស៊ីវិល​ចំនួន ៨២៣នាក់។ តែ​នៅ​ក្នុង​រយៈពេល ៤ខែ​ដែល​លែង​មាន​វត្តមាន​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ទទួល​បន្ទុក​ស៊ើបអង្កេត​រឿង​រំលោភសិទ្ធិមនុស្ស​នៅ​យេម៉ែន ចំនួន​ជនស៊ីវិល​ស្លាប់ ឬ​របួស​មាន​ដល់​ទៅ ១ ៥៣៥នាក់ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមប្រឹក្សា​ន័រវែស​ទទួល​បន្ទុក​ជនភៀសខ្លួន​ហៅ​កាត់ NRC នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។

កំណើន​អំពើហិង្សា​នៅ​យេម៉ែន​ដែល NRC ចង់​និយាយ​នេះ គឺ​កំណើន​នៃ​ការ​វាយប្រហារ​របស់​កម្លាំងសម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បី​ជួយ​រដ្ឋាភិបាល​យេម៉ែន​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុមឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។ បន្ទាប់​មក នៅ​មាន​អំពើ​ហិង្សា​របស់​ពួក​ឧទ្ទាម​ហ៊ូទី និង​ការ​វាយប្រហារ​របស់​ពួក​នេះ​ទៅ​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ គួរ​បញ្ជាក់​ថា​ក្នុង​ថ្ងៃទី៧ តុលា ឆ្នាំ ២០២១ ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​សហប្រជាជាតិ​បាន​បដិសេធ​មិន​បន្ត​បេសកកម្ម​របស់​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ទទួល​បន្ទុក​ស៊ើបអង្កេត​រឿង​រំលោភសិទ្ធិមនុស្ស​នៅ​យេម៉ែន។

លោកស្រី​អេរីន ហាត់ស្ហ៊ីនស៊ុន នាយិកា​អង្គការ NRC បាន​យល់​ឃើញ​ថា អវត្តមាន​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​បាន​នាំ​ឲ្យ​មាន​អំពើហិង្សា​យ៉ាងរន្ធត់ និង​មិន​អាច​គ្រប់គ្រង​បាន។ « តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​កូន​ក្មេង និង​ក្រុម​គ្រួសារ?។ ប្រហែល​ជា​យើង​មិន​អាច​ដឹង​បាន​ទេ ព្រោះ​គ្មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ អន្តរជាតិ និង​មិន​លំអៀង » នេះ​ជា​ការ​សោកស្តាយ​របស់​លោកស្រី​អេរីន ហាត់ស្ហ៊ីនស៊ុន។ នៅ​ក្នុង​ន័យ​នេះ លោកស្រី​អេរីន ហាត់ស្ហ៊ីនស៊ុន​បាន​អំពាវនាវ​ឲ្យ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ទទួល​បន្ទុក​ស៊ើបអង្កេត​រឿង​រំលោភសិទ្ធិមនុស្ស​ទៅ​យេម៉ែន​ជា​ថ្មី។

តាម​អង្គការសហប្រជាជាតិ សង្រ្គាម​ក្នុង​រយៈពេល ៧ឆ្នាំ​នៅ​យេម៉ែន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៧៧ ០០០នាក់ ក្នុង​នោះ មាន​ភាគ​ច្រើន​បាន​ស្លាប់​ដោយ​អត់បាយ និង​ជំងឺ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ