អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នកជំនាញ៖សង្រ្គាមអ៊ុយក្រែនកំពុងរុញពិភពលោកឲ្យធ្លាក់ក្នុងវិបត្តិខ្វះស្បៀង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង ៣សប្តាហ៍​ដែល​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន។ ខណៈ​ដែល​ទីក្រុង​ធំៗ​មួយ​ចំនួន​កំពុង​បន្ត​រង​គ្រាប់មីស៊ីល ការ​ទម្លាក់​គ្រាប់បែក និង​ការ​ឡោមព័ទ្ធ​ពី​ទ័ពរុស្ស៊ី សង្រ្គាម​មួយ​នេះ​ក៏​បាន និង​កំពុង​បន្ត​បង្ខំ​ឲ្យ​ប្រជាជន​អ៊ុយក្រែន​ភាគ​ច្រើន​ភៀស​ខ្លួន​ចេញ​ដែរ។ គិត​ត្រឹម​ថ្ងៃ​ពុធ ទី១៦ មីនា មាន​ជនភៀសខ្លួន​អ៊ុយក្រែន​ជាង ៣លាននាក់​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​តាម​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដូច​យ៉ាង​ប៉ូឡូញ ឬ​រូម៉ានី។ ក្តីបារម្ភ​មួយ​ទៀត​សម្រាប់​ពិភពលោក​ពី​សង្រ្គាម​អ៊ុយក្រែន​ពេល​នេះ គឺ​វិបត្តិ​ខ្វះ​ស្បៀង។ អ្នកជំនាញ​បារាំង​លោក​សេបាស៊្យៀង អាបីស​ហ៊ាន​ទាំង​លើក​ឡើង​ថា សង្រ្គាម​អ៊ុយក្រែន​កំពុង​គូសវៀស​ឡើង​វិញ​នូវ​ផែនទី​ស្រូវសាលី និង​ភាព​អត់ឃ្លាន​សម្រាប់​ទាំង​អស់​គ្នា។

អ្នកជំនាញថា សង្រ្គាមអ៊ុយក្រែនកំពុងរុញពិភពលោកឲ្យធ្លាក់ក្នុងវិបត្តិខ្វះស្បៀង
អ្នកជំនាញថា សង្រ្គាមអ៊ុយក្រែនកំពុងរុញពិភពលោកឲ្យធ្លាក់ក្នុងវិបត្តិខ្វះស្បៀង © Pixabay / Andrey Braynsk
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​អ៊ុយក្រែន​ពេល​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​រុស្ស៊ី។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អ៊ុយក្រែន និង​រុស្ស៊ី​ជា​ប្រទេស​កសិកម្ម​ដំណាំ​ស្រូវសាលី និង​ដំណាំ​ពោត។ រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ស្រូវសាលី​ទី១ ក្នុង​លោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អ៊ុយក្រែន ហើយ​អ៊ុយក្រែន​ក៏​ជា​ប្រទេស​នាំ​ចេញ​ពោត​លំដាប់ទី៣ ក្នុង​លោក​ដែរ។ ក្រៅ​ពី​ស្រូវសាលី និង​ពោត អ៊ុយក្រែន​ក៏​ជា​ប្រទេស​កសិកម្ម​ដំណាំ​ផ្កា​ឈូករ័ត្ន​សម្រាប់​ធ្វើ​ប្រេងឆា។ ចំណោទ​នៅ​ត្រង់​ថា សង្រ្គាម​ពេល​នេះ​មិន​អាច​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​បន្ត​ដំា​ស្រូវសាលី ពោត ឬ​ផ្កាឈូករ័ត្ន​ដូច​ទម្លាប់​សព្វ​មួយ​ដង​បាន​ទៀត​ឡើយ។

ដល់​អ៊ីចឹង​ទៅ តម្លៃ​ស្រូវសាលី ពោត​រួម​ទាំង​ផ្កាឈូករ័ត្ន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​ឡើង​ថ្លែ​ខ្ពស់ ព្រោះ​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ថា តើ​គេ​ត្រូវ​រក​ស្រូវសាលី ពោត ឬ​ប្រេងឆា​ពី​ណា​ដើម្បី​បំពេញ​កន្លែង​ផ្គត់ផ្គង់​របស់​អ៊ុយក្រែន។ ពិត​ណាស់ រុស្ស៊ី​ដែល​ជា​ប្រទេស​នាំ​ចេញ​ស្រូវសាលី ឬ​ពោត​លំដាប់ទី១ ក្នុង​លោក​អាច​បន្ត និង​អាច​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន។ មួយ​វិញ​ទៀត អ៊ុយក្រែន​ក៏​នៅ​មាន​សល់​បរិមាណ​ស្តុក​ស្រូវសាលី ឬ​ពោត​ច្រើន​គួរ​សម​ដែរ។ តែ​ត្រង់​ចំណុច​នេះ​ត្រូវ​បាន​អ្នកជំនាញ​បារាំង​លោក​សេបាស៊្យៀង អាបីស​ចោទ​ជា​សំណួរ​មួយ​ចំនួន តើ​វា​នឹង​មាន​រឿង​អ្វី​កើត​ឡើង បើ​បរិមាណ​ស្តុក​ស្រូវសាលី ឬ​ពោត​របស់​អ៊ុយក្រែន​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី?។

តើ​គេ​អាច ឬ​គេ​ហ៊ាន​ទិញ​ស្រូវសាលី ឬ​ពោត​របស់​អ៊ុយក្រែន​ក្រោម​យីហោ​រុស្ស៊ី​បាន​ដែរ ឬ​ទេ​ក្នុង​ពេល​ដែល​រុស្ស៊ី​កំពុង​ជាប់ទណ្ឌកម្ម​បស្ចិមប្រទេស?។ ចុះ​តើ​រុស្ស៊ី​ខ្លួន​ឯង​អាច​បន្ត​លក់​ស្រូវសាលី ឬ​ពោត​របស់​ខ្លួន​បាន​ដែរ ឬ​អត់?។ ទាំង​នេះ​សុទ្ធសឹង​ជា​សំណួរ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

សង្រ្គាម​អ៊ុយក្រែន​រុញ​ក្រុម​ប្រទេស​អាហ្រ្វិក​ឲ្យ​ធ្លាក់​ក្នុង​ភាព​អត់ឃ្លាន?

អ្វី​ដែល​កំពុង​លេច​ច្បាស់​ពេល​នេះ គឺ​តម្លៃ​ស្រូវសាលី និង​ពោត ពិសេស​ស្រូវ​សាលី​កំពុង​ឡើង​ថ្លៃ​ខ្លាំង។ នៅ​ចំពោះ​មុខ​ពេល​នេះ ប្រហែល​អាច​មាន​ក្រុម​ប្រទេស​ដែល​ពឹង​ខ្លាំង ឬ​នាំ​ចូល​លើ​ស្រូវសាលី ឬ​ពោត​ច្រើន​ពី​ប្រទេស​អ៊ុយក្រែន ឬ​រុស្ស៊ី។ តែ​អ្នកជំនាញ​បារាំង​លោក​សេបាស៊្យៀង អាបីស​បាន​ព្រមាន​ទុក​ជា​មុន​ថា នៅ​ពេល​ខាង​មុខ និង​ក្នុង​ករណី​ដែល​សង្រ្គាម​អ៊ុយក្រែន​អូសបន្លាយ កង្វះ​ស្រូវសាលី ពោត រួម​ទាំង​ប្រេងឆា​ធ្វើ​ពី​ផ្កាឈូករ័ត្ន​នឹង​មាន​កាន់​តែ​ខ្លាំង ហើយ​តម្លៃ​របស់​វា​ក៏​នឹង​ហក់​ឡើង​កាន់​តែ​ខ្ពស់។ ក្រៅ​ពី​ផលវិបាក​កើត​ចេញ​ពី​សង្រ្គាម អ្នកជំនាញ​បារាំង​រូប​នេះ​ដដែល​ក៏​បាន​លើក​ឡើង​ពី​ភាព​រាំងស្ងួត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​យ៉ាង​ចិន​ដែល​ត្រូវ​បង្កើន​ការ​នាំ​ចូល​ស្រូវសាលី​ដើម្បី​បំពេញ​តម្រូវការ​របស់​ខ្លួន។

តែ​គឺ​ក្រុម​ប្រទេស​ដែល​ពឹង​ច្រើន ឬ​ពឹង​សឹង​ទាំង​ស្រុង​លើ​ស្រូវ​សាលី​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​កំពុង​ប្រឈម​ខ្លាំង​ជាង​គេ ពិសេស​ក្រុម​ប្រទេស​អាហ្វ្រិក។ បច្ចុប្បន្ន មានប្រទេស​អាហ្រ្វិក​ចំនួន ៤៥ប្រទេស​បាន​ទិញ​ស្រូវ​សាលី​ពី​អ៊ុយក្រែន ឬ​ពី​រុស្ស៊ី​ក្នុង​ចំនួន​យ៉ាង​តិច ១ភាគ៣។ អ៊ីចឹង​ហើយ​បាន​ជា​អគ្គនាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា​បាន​សង្ខេប​ខ្លី​ថា សង្រ្គាម​អ៊ុយក្រែន​មាន​ន័យ​ស្មើ​នឹង​ភាព​អត់ឃ្លាន​នៅ​អាហ្រ្វិក។ ក្រុម​ប្រទេស​ដែល​ផុយស្រួយ និង​រងគ្រោះ​ខ្លាំង​បន្ទាប់ គឺ​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សង្រ្គាម ដូច​យ៉ាង​យេម៉ែន ឬ​ស៊ូដង់ខាងត្បូង​ដែល​មាន​មនុស្ស​រាប់លាននាក់​នឹង​គ្មាន​អ្វី​ច្រក​ក្រពះ​នា​ពេល​ខាង​មុខ។

សព្វថ្ងៃ​នេះ ស្រូវសាលី​ក្នុង​មួយ​តោន​មាន​តម្លៃ​ចន្លោះ​ពី ៣៨០ដុល្លារ​ទៅ ៤៤០ដុល្លារ។ នេះ​ជា​តម្លៃ​មួយ​ខ្ពស់​ដែល​មាន​ប្រទេស​ខ្លះ​គ្មាន​លទ្ធភាព​អាច​បន្ត​ទិញ​បាន​ទេ។ ពិត​ណាស់ គេ​អាច​ទិញ​ស្រូវសាលី ពោត ប្រេងឆា រួម​ទាំង​ស្បៀង​ខ្លះ​ពី​ប្រទេស​ផ្សេង។ តែ​បញ្ហា​នៅ​ត្រង់​ថា ប្រទេស​ផ្សេង​ខ្លះ​ទាំង​នោះ​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ ឬ​បិទ​ការ​នាំ​ចេញ​ស្រូវសាលី ពោត ប្រេងឆា ឬ​ស្បៀង​ទាំង​ស្រុង​តែ​ម្តង​ដើម្បី​ទុក​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ខ្លួន​ឯង។ ជាក់ស្តែង ប្រទេស​អាល់ហ្សេរី​ប្រកាស​ហាម​ការ​នាំ​ចេញ​ស្បៀង។ អាហ្សង់ទីន​ប្រកាស​ព្យួរ​ការ​នាំ​ចេញ​ប្រេងឆា ឬ​ម្សៅសណ្តែកសៀង។ ឥណ្ឌូណេស៊ី​រឹតបន្តឹង​ការ​នាំ​ចេញ​ប្រេងដូង ហើយ​សូម្បី​តែ​រុស្ស៊ី​ខ្លួន​ឯង​ក៏​អាច​ប្រកាស​ព្យួរ​ការ​នាំ​ចេញ​ស្រូវសាលី​រហូត​ដល់​ដំណាច់​ខែ​មិថុនា​ដោយសារ​តែ​ខ្លួន​បាន​ជួប​គ្រោះ​រាំងស្ងួត។

មាន​មនុស្ស​ពី ៨លាន​ទៅ ១៣លាននាក់​បន្ថែម​អាច​ខ្វះ​ស្បៀងអាហារ

តម្លៃ​ស្បៀង​ឡើង​ថ្លៃ​ពេល​នេះ​ហាក់​មាន​កម្រិត​ខ្ពស់​ជាង​កាល​ពី​ឆ្នាំ ២០០៨។ អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញា​អាសន្ន​ពី​វិបត្តិ​ខ្វះ​ស្បៀង​ដែល​កំពុង​កើត​ចេញ​ពី​សង្រ្គាម​អ៊ុយក្រែន​ពេល​នេះ។ អង្គការ​ស្បៀង និង​កសិកម្ម​ពិភពលោក​ហៅ​កាត់ FAO បាន​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស​ពី ៨លាន​ទៅ ១៣លាននាក់​បន្ថែម​ទៀត​ក្នុង​លោក​អាច​នឹង​ខ្វះ​អាហារ​បរិភោគ ប្រសិន​បើ​ការ​នាំ​ស្បៀង​ពី​អ៊ុយក្រែន និង​ពី​រុស្ស៊ី​ត្រូវ​ជាប់​គាំង និង​អូសបន្លាយ​យូរ។ តាម​អង្គការ FAO មាន​ផ្ទៃដីកសិកម្ម​ដំណាំ​ស្រូវសាលី និង​ផ្កាឈូករ័ត្ន​នៅ​អ៊ុយក្រែន​ចំនួន ៣០% ត្រូវ​បាន​បំផ្លាញ​ដោយ​សង្រ្គាម។

« យើង​កំពុង​ស្ថិត​ក្នុង​វិបត្តិ​សកល » នេះ​ជា​ការ​ថ្លែង​របស់​អ្នកជំនាញ​បារាំង​លោក​សេបាស៊្យៀង អាបីស។ លោក​អាប៊ីស​បាន​បន្ថែម​ថា ទោះ​បី​ជា​សង្រ្គាម​ត្រូវ​ចប់​នៅ​ថ្ងៃ​ស្អែក​ក៏​ដោយ​ក៏​ផលវិបាក​នឹង​បន្ត​មាន​យូរ​ពេល ព្រោះ​ការ​ស្រោចស្រង់​ដីកសិកម្ម​អ៊ុយក្រែន​ដែល​រងគ្រោះ​ដោយ​សង្រ្គាម​ត្រូវ​ការ​ពេល​យូរ។ តែ​អ្វី​ដែល​អ្នកជំនាញ​បារាំង​ចង់​ព្រមាន គឺ​ការ​ផ្ទុះ​កំហឹង​របស់​ពលរដ្ឋ​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន​ដូច​ដែល​ធ្លាប់​កើត​មាន​កាល​ពី​ឆ្នាំ ២០០៨។ ជាក់ស្តែង​នៅ​អ៊ីរ៉ាក់ គេ​បាន​ឃើញ​មាន​បាតុកម្ម​នៅ​រៀងរាល់​ចុង​សប្តាហ៍​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ។ តាម​លោក​សេបាស៊្យៀង អាបីស បាតុកម្ម​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ជា​រឿង​ធម្មតា តែ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ផ្តាច់ការ​អាច​រង​ការ​បង្រ្កាប​ចាស់ដៃ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​សេបាស៊្យៀង អាបីស​បាន​មើល​ឃើញ​ថា នៅ​ពេល​ដែល​ក្រពះ​ឃ្លាន​ហើយ គេ​លែង​ខ្លាច​អ្វី​ទាំង​អស់ ព្រោះ​បើ​មិន​ចុះ​ផ្លូវ​តវ៉ា​ក៏​គង់​តែ​ស្លាប់​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ