អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអាមេរិកអាច​បិទភ្នែក បណ្តោយទុកឲ្យរុស្ស៊ីធ្វើសង្រ្គាមបំផ្លាញ​អ៊ុយក្រែន​ដល់ពេលណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

៤៨ថ្ងៃមកហើយ ដែល​រុស្ស៊ី​ចូលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ សហគមន៍​អន្តរជាតិ​នៅតែបន្តខ្វែងគំនិតគ្នា គ្មានសំឡេងរួម​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រុស្ស៊ី​ដកទ័ព ឈប់​ធ្វើ​សង្រ្គាម នៅអ៊ុយក្រែន នោះបើទោះ​បី​ជា​កងទ័ពរុស្ស៊ី​រងការចោទប្រកាន់ ក្នុងរឿង​សម្លាប់រង្គាល ប្រជាជន​ស៊ីវិល​អ៊ុយក្រែន នៅតាម​ទីកន្លែង​ដែលខ្លួនវាយដណ្តើមមក​កាន់កាប់។ នៅ​អាមេរិក រដ្ឋបាល​លោក​ចូ បៃដិន​ក៏កំពុង​រងការរិះគន់​ខ្លាំងណាស់ដែរ ពីសំណាក់​អ្នកនយោបាយ​ទាំងពីរបក្ស ដែលបានស្តីបន្ទោស រដ្ឋបាល​លោក​ចូ បៃដិន​ថា អាមេរិក​ជួយអ៊ុយក្រែន​មិនគ្រប់គ្រាន់ ដោយ​បណ្តោយ​ទុក​ឲ្យ​អ៊ុយក្រែន​រងការវាយបំផ្លាញ ឈ្លានពានពីសំណាក់កងទ័ព​រុស្ស៊ី។ អាមេរិក​ជា​ប្រទេស ​ដែល​ផ្តល់គ្រឿងសព្វាវុធ​ច្រើនជាងគេ​ទៅ​ឲ្យអ៊ុយក្រែន ដើម្បី​ទប់ទល់​នឹង​កងទ័ពរុស្ស៊ី។ ដូច្នេះ តើអាមេរិកត្រូវ​ធ្វើ​អ្វីបន្ថែមទៀត ដើម្បី​ជួយ​អ៊ុយក្រែន ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់​នោះ?

កងទ័ពអ៊ុយក្រែន​ដើរក្បែរ​សាកសពរថក្រោះរបស់រុស្ស៊ី​នៅក្រោយ​កងទ័ពរុស្ស៊ី​ដកចេញពីទីក្រុង​ប៊ូឆា ក្បែររដ្ឋធានីកៀវ នៅថ្ងៃទី​៦មេសា ២០២២
កងទ័ពអ៊ុយក្រែន​ដើរក្បែរ​សាកសពរថក្រោះរបស់រុស្ស៊ី​នៅក្រោយ​កងទ័ពរុស្ស៊ី​ដកចេញពីទីក្រុង​ប៊ូឆា ក្បែររដ្ឋធានីកៀវ នៅថ្ងៃទី​៦មេសា ២០២២ REUTERS - ALKIS KONSTANTINIDIS
ផ្សាយពាណិជ្ជកម្ម

តាំងពី​រុស្ស៊ីចូលធ្វើ​សង្រ្គាមអ៊ុយក្រែន មហាអំណាច​ពិភពលោក​អាមេរិក​ពិចារណា ថ្លឹងថ្លែង​ដើម្បីកុំ​ឲ្យបាត់ភាពលំនឹង​របស់ខ្លួន នោះ គឺ​អាមេរិក​អាច​ផ្តល់​អាវុធ​ទៅជួយ​អ៊ុយក្រែន ដោយ​មិនធ្វើ​ឲ្យ​រុស្ស៊ី​អាច​ផ្ទុះកំហឹង ទៅពង្រីក​សង្រ្គាម​ឈ្លានពាន​ក្នុង​ប្រទេស​ផ្សេងទៀត។

ជាក់ស្តែង ចាប់តាំងពី​អ៊ុយក្រែន​ធ្លាក់ក្រោមការវាយប្រហារ​ពីគ្រប់ទិស​របស់​កងទ័ព​រុស្ស៊ី អាមេរិក​បាន​បញ្ជូនអាវុធ ដូច​ទឹកបាក់ទំនប់ ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន។ ប៉ុន្តែ ជា​ការកត់សំគាល់ សព្វាវុធ ដែល​អាមេរិក​បញ្ជូន​ទៅ​អ៊ុយក្រែន ភាគច្រើន​ជា​អាវុធ​ធុនស្រាល ដូចជា មីស៊ីល​ប្រឆាំង​រថក្រោះ ដែល​គេ​អាច​បាញ់​ពីលើ​ស្មា។

ត្រូវដឹងថា រហូតមកដល់ពេលនេះ អាមេរិក​នៅតែ​បដិសេធ​មិនព្រម​បញ្ជូន​អាវុធធុនធ្ងន់ ទៅតាម​ការទាមទារ ស្នើសុំ​របស់​អ៊ុយក្រែន ក្នុង​មូលហេតុថា អ៊ុយក្រែន​មិនទាន់​ចេះប្រើ​សព្វាវុធធុនធ្ងន់​របស់​អាមេរិក ឬ​ថា ការបញ្ជូន​សព្វាវុធ​ធុនធ្ងន់​របស់អាមេរិក ដូចជា យន្តហោះចម្បាំង ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន នឹង​អាចត្រូវ​រុស្ស៊ី មើលឃើញ​និង​ចាត់ទុកថា ​ជា​ចេតនា​ចង់​បង្កហេតុជាមួយ រុស្ស៊ី ដែលនឹង​អាច​ទៅ​បង្កើន​គ្រោះថ្នាក់​ផ្ទុះសង្រ្គាម​នុយក្លេអ៊ែរ ដែលនេះជាដំណឹងល្អទេ​សម្រាប់មនុស្សជាតិ​លើ​ផែនដី។

ដោយ​លើកឡើង​ជាញយដង​ពី​បច្ចេកវិទ្យា សព្វាវុធ​ទំនើប របស់អាមេរិក ដែល​កងទ័ព​អ៊ុយក្រែនគ្មានទម្លាប់ប្រើពីមុនមក រដ្ឋបាលលោក ចូ បៃដិន បាន​បដិសេធ មិន​ផ្តល់​យន្តហោះចម្បាំង​ទៅ​ឲ្យអ៊ុយក្រែន។ ផ្ទុយទៅវិញ អាមេរិក​បាន​អំពាវនាវ​ប្រទេស​អតីតសហភាពសូវៀត ដូចជា​ប៉ូឡូញជាដើម ឲ្យ​ផ្តល់​សព្វាវុធ​រុស្ស៊ី ដែលពួកគេមាន ទៅ​ឲ្យអ៊ុយក្រែន។ ប៉ុន្តែ ដូចជា​អាមេរិកប៉ូឡូញ ​ដែលខា្លច មិន​ចង់​ប្រឈមមុខ​ផ្ទុះ​ជាមួយ ​រុស្ស៊ី បាន​បដិសេធ​មិន​បញ្ជូន​យន្តហោះចម្បាំង​ផលិត​នៅ​រុស្ស៊ី ទៅ​ឲ្យ​កងទ័ពអ៊ុយក្រែន។

នៅអាមេរិក ជំហរលឹបល របស់រដ្ឋបាលលោកចូបៃដិន នៅ​ក្នុងរឿងផ្តល់សព្វាវុធទៅ​ជួយ​អ៊ុយក្រែន បាន​បង្ក​ឲ្យ​មាន​ការរិះគន់​ពីអ្នកនយោបាយ​ទាំងពីរ​គណបក្ស។ នៅក្រោយ​ឃើញ​រូបភាពដែល បង្ហាញ​កងទ័ព​រុស្ស៊ី ថមថយកម្លាំង និងដកថយ លែង​ឡោមព័ទ្ធ​ទីក្រុង​កៀវ ហើយ​រុស្ស៊ី កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទឧក្រិដ្ឋកម្ម សង្រ្គាម មន្ទីរបញ្ចកោន​អាមេរិក​បាន​រងការដាក់សំពាធ​កាន់តែ​ខ្លាំង​ពី​សមាជិកព្រឹទ្ធសភា។ នៅក្នុង​សវនាការ​ដេញដោល​មេដឹកនាំយោធាជាន់ខ្ពស់ កាលពី​សប្តាហ៍មុន សមាជិកព្រឹទ្ធសភាអាមេរិក​លោក​Richard Blumenthal បាននិយាយ​ខ្លាំងៗថា យុទ្ធសាស្រ្ត​របស់អាមេរិកសព្វថ្ងៃ ដូចជា​រោគសរសៃប្រសាទ គិតផ្សេង ធ្វើផ្សេង។ “យើងចង់​ឲ្យ​អ៊ុយក្រែន​ឈ្នះសង្រ្គាម លើ​រុស្ស៊ី។ ប៉ុន្តែ ជាមួយគ្នានោះ យើង​ខ្លាច​ថា បើ​រុស្ស៊ី​ចាញ់ វា​នឹង​ធ្វើ​កើតផ្ទុះ​សង្រ្គាមកាន់តែ​ធំ”។

សមាជិកសភាមកពីគណបក្ស​សាធារណរដ្ឋ លោក​Kevin Cramer បានសួរបន្ថែមថា “តើ​យើង​មានដែល​សួរខ្លួនឯងទេ ថា លោក​ពូទីន​មិនដែល​ខ្លាចទេឬ ដែល​ការសម្លាប់រង្គាល​ទៅលើ​ស្រ្តី​និង​កុមារ​នឹង​អាច​ធ្វើ​ឲ្យ​ផ្ទុះកើតមាន​សង្រ្គាមកាន់តែ​ធំនោះ”។ សមាជិកព្រឹទ្ធសភារូបនេះ​សោកស្តាយ​ដែល​មន្ទីរបញ្ចកោនបដិសេធ​មិន​ផ្តល់​យន្តហោះចម្បាំង​ទៅ​ឲ្យ​អ៊ុយក្រែន។

ឆ្លើយតប​នឹង​ការរិះគន់​របស់​សមាជិកព្រឹទ្ធសភា សេតវិមាន​បាន​បញ្ចេញ​បញ្ជីរាយឈ្មោះ​សព្វាវុធ​ដែលអាមេរិក​បានផ្តល់ទៅ​ឲ្យអ៊ុយក្រែន រហូតមកដល់​ពេលនេះ។ នៅក្នុងនោះមាន​ប្រព័ន្ធប្រឆាំងមីស៊ីល​១៤០០ដើម មីស៊ីលប្រឆាំង​រថក្រោះ ៥ពាន់ដើម យន្តហោះដ្រូន​អត្តឃាត ដែលមាន​ប្រសិទ្ធិភាពខ្ពស់​ក្នុងការវាយប្រហារ​លើ​រថពាសដែក កាំភ្លើងស្វ័យប្រវត្តិ​៧០០០ដើម គ្រាប់កាំភ្លើង ៥០លានគ្រាប់ អាវការពារគ្រាប់ រ៉ាដាប្រឆាំង​គ្រាប់ផ្លោង និង​ដ្រូន រថពាសដែកធុនតូច ប្រព័ន្ធ​ ទូរគមនាគមន៍​ដ៏មានសុវត្ថិភាព និង​ឧបករណ៍​ការពារមីនជាដើម។

វាយបក​នឹង​ការរិះគន់​ដែលថា អាមេរិក​ធ្វើ​មិនគ្រប់គ្រាន់​ដើម្បីជួយអ៊ុយក្រែន អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាមេរិក លោក​John Kirby បាននិយាយថា គិត​រហូតមកដល់​ពេលនេះ នៅមិនទាន់​មាន​ប្រទេស​ណា​ដែលបាន​ធ្វើច្រើន ដូចជា​អាមេរិកនោះទេ។

តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​បាន​ផ្តល់ជំនួយយោធា​ដល់​អ៊ុយក្រែន ប្រមាណ ២,៤ពាន់លានដុល្លារ។ ជាជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ ដែល​ជិត​ស្មើនឹង​ថវិកា​យោធា​របស់​អ៊ុយក្រែន។ បន្ថែមពីជំនួយយោធា​សម្រាប់អ៊ុយក្រែន អាមេរិក​បាន​ពង្រាយទ័ព​របស់ខ្លួននៅទឹកដីអឺរ៉ុប ពី ៨ម៉ឺនទៅ ១០ម៉ឺននាក់ និង​បាន​បញ្ជូនប្រព័ន្ធខែលមីស៊ីល​ទៅ​ស្លូវ៉ាគី នៅក្រោយ រុស្ស៊ី​ចូលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

អាមេរិកនាំមុខគេ​ខាងផ្តល់ជំនួយយោធា​ដ៏ច្រើនសន្ធឹកសន្ធាប់​សម្រាប់​ជួយ​កងទ័ព​អ៊ុយក្រែន។ គ្មានប្រទេស​ណាមួយ​ដែលមាន​ធនធាន សមត្ថភាព​ធ្វើបាន​ដូចអាមេរិក​នោះទេ។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាមេរិក​បាន​សន្និដ្ឋានចុងក្រោយថា ទោះយ៉ាងណា​អាមេរិក​នៅតែ​ចងចាំ​ក្នុង​ខួរក្បាលថា រុស្ស៊ី​ជាមហាអំណាច​នុយក្លេអ៊ែរមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ