អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​បៃដិន​ថា​លោក​ពូទីន​ ​ជា​ឧក្រិដ្ឋជន​សង្គ្រាម និងបង្កើនជំនួយយោធា​ទៅអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី១៧មីនា ២០២២ ជា​ថ្ងៃ​ទី ២២​ នៃ​សង្គ្រាម​អ៊ុយក្រែន​។ ទោះ​បី​​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បញ្ជា​ឱ្យ​រុស្ស៊ី​បញ្ឈប់​សកម្មភាព​យោធា នៅ​អ៊ុយក្រែនក្តី ក៏​ការវាយប្រហារ​​នៅ​តែ​បន្ត។ ​បើ​តាម​ប្រភព​អ៊ុយក្រែន រុស្ស៊ី​បាន​វាយប្រហារ​តាម​ផ្លូវអាកាស​​ត្រូវ​ចំ​រោង​ល្ខោន​មួយ​ក្នុង​ក្រុង ម៉ារីយូប៉ូល ដែល​មាន​ជន​ស៊ីវិល​រាប់​ពាន់​នាក់​កំពុង​ជ្រក​ការពារខ្លួន​។ ប្រឈម​នឹង​ស្ថានភាព​នេះ ប្រទេស​លោក​ខា​ង​លិច​ចំនួន​៧ មាន​ជាអាទិ៍ បារាំង សហរដ្ឋ​អាមេរិក និង​អង់គ្លេស បាន​ស្នើ​សុំ​បើ​កជំនួប​ប្រជុំ​បន្ទាន់​​នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ  ដោយ​ចោទ​រុស្ស៊ី ពី​បទ “ឧក្រិដ្ឋកម្ម​សង្គ្រាម”។ ចំណែកលោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ហៅ​ប្រធានាធិបតី​រុស្ស៊ី លោកពូទីន ថា ឧក្រិដ្ឋជន​សង្គ្រាម និង​បាន​ប្រកាស​បន្ថែម​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ចំនួន​៨០០​លាន​ដុល្លារ។

លោក​បៃដិន​ថា​លោក​ពូទីន​ ​ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​​ប្រកាស​បង្កើនជំនួយយោធា​ទៅអ៊ុយក្រែន
លោក​បៃដិន​ថា​លោក​ពូទីន​ ​ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​​ប្រកាស​បង្កើនជំនួយយោធា​ទៅអ៊ុយក្រែន REUTERS - TOM BRENNER
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​​សេចក្តី​ថ្លែងការណ៍ ​នៅ​ចំពោះ​មុខ​សភា​អាមេរិក​ ដ៏​គួរ​ឱ្យ​រំជើបរំជួល ​​លោក​ប្រធានាធិបតី​អ៊ុយក្រែន ​បាន​​ទទូច​សុំ​ឱ្យ​អាមេរិក​ក្នុង​នាម​មេដឹកនាំ​ពិភពលោក ត្រូវ​ធ្វើ​ជាមេដឹកនាំ​សន្តិភាព​ ​ និងសុំជា​ថ្មី​​ឱ្យ​អាមេរិកជួយ​ធ្វើ​អន្តរាគមន៍​​ការពារ​តំបន់​ដែន​អាកាសអ៊ុយក្រែន។ តែ​លោក​ប្រធានាធិបតី​អាមេរិក នៅ​រឹង​​ជំហរចែស​ មិន​ទន់​ទោរ​តាម​សំណើរបស់​អ៊ុយក្រែន​ទេ។ សម្រាប់​លោក​បៃដិន ការ​បង្កើន​​តំបន់ការពារ​​ដែន​អាកាស​អ៊ុយក្រែន ជា​សេចក្តី​សម្រេច​ជ្រុល​ហួស​ហេតុ នាំ​ឱ្យ​មាន​សង្គ្រាម​លោក​លើក​ទីបី។

ប៉ុន្តែនៅ​ចំពោះ​មុខ​ការរៀប​រាប់ និង​​ចោទ​ប្រកាន់​របស់​លោក​ហ្សេឡេនស្គី ​ថា​រុស្ស៊ី​ជា​ប្រទេស​ភេរវនិយម ​បាន​វាយប្រហារតាម​ផ្លូវ​​​អាកាស​ប៉ះលើ​រោង​ល្ខោន​មួយ​នៅទីក្រុង​ម៉ារីយូប៉ូល ដែល​មាន​ប្រជាជនជាង​មួយ​​ពាន់​នាក់កំពុងសំងំ​​ពួន​ជ្រក​ ​រហូត​បណ្តាល​ឱ្យ​ស្លាប់​ជា​ច្រើន​នាក់ តែគ្មាន​តួលេខ​ពិត​ប្រាកដ​មក ​លោក​បៃដិន ធ្លោយ​មាត់ ជា​លើក​ទីមួយហៅ​លោក​ពូទីន ថា​ជា​ “ឧក្រិដ្ឋជន​សង្គ្រាម”។

ដោយ​គ្មាន​ចម្លែក ខាង​រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​​ត​ប​វិញ​ភ្លាម ថា ​សំដី​របស់​ប្រមុខ​រដ្ឋ​ដែល​ធ្លាប់​ប្រើ​គ្រាប់​បែក​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ នៅលើ​ពិភពលោក ជា​ពាក្យ​ដែល​មិន​អាច​អត់ទោសឱ្យ​បាន និង​មិន​អាច​ទទួល​យក​បានទេ​។ ដូច​ទម្លាប់ រុស្ស៊ី​ក៏​បាន​បដិសេធ ថា​មិន​បាន​វាយប្រហារ​លើ​រោងល្ខោន​នៅ​ម៉ារីយូប៉ូលនោះ​​ដែរ​។ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន ថា​ជា​ឃោសនា​ព័ត៌មាន​ក្លែងក្លាយ។

លោក​បៃដិន បន្ថែម​ជំនួយ​យោធា​ ​​៨០០លាន​ដុល្លារ

លោកប្រធានាធិបតី​អាមេរិក បាន​ចុះ​ហត្ថលេខា នៅ​ចំពោះ​មុខ​អ្នក​កាសែត​ លើ​សេចក្តី​ប្រកាស​ផ្តល់​ជំនួយ​យោធា​ ៨០០​លាន​ដុល្លារ​បន្ថែម​ទៀតដល់​អ៊ុយក្រែន ដែល​បើ​គិត​ជា​សរុប​ទៅ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​អាមេរិក​បាន​ផ្តល់​ជំនួយ​យោធា​​ដល់​១ពាន់​លាន​ដុល្លារ ពោល​ជា​ជំនួយ​ដ៏​ធំ​ដែល​ពុំ​ធ្លាប់​មាន​​ពី​មុន​មក​ទេ។

​អាមេរិកមិន​បង្កើត​តំបន់​ការពារ​ដែនអាកាស​អ៊ុយក្រែន​មែន ប៉ុន្តែអាមេរិក​នឹង​ជួយ​អ៊ុយក្រែន​ឱ្យ​ការពារ​ដែន​អាកាស​ ​ឱ្យ​បាន​ប្រសើរ​បំផុត ដោយ​នឹង​ផ្តល់មធ្យោបាយ​ការពារ​​ដល់​យោធាអ៊ុយក្រែនយ៉ាង​សន្ធឹកសន្ធាប់។ ដោយ​លម្អិត​ ក្នុង​កញ្ចប់​៨០០លាន​ដុល្លារ យោធា​អ៊ុយក្រែន​នឹង​ទទួល​បាន​ នូវ ប្រព័ន្ធ​ការពារអាកាស​ចល័ត ​​Stingers ​​បាញ់​ពី​ដី​ការពារ​អាកាស ៨០០គ្រឿង ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​រថពាសដែក​៩០០០គ្រឿង អាវុធ​ធុន​ស្រាល​ប្រមាណ​ ៧០០០ដើម (ប្រដាប់​គប់​គ្រាប់​បែក ១០០ កាំភ្លើង​វែង​៥០០០ដើម កាំភ្លើង​ខ្លី​១០០០ដើម កាំភ្លើង​ស្វ័យប្រវត្តិ​៤០០ដើម)​ និង​២០លាន​គ្រាប់។

លោក​ចូបៃដិន​ ក៏​បាន​សន្យា​ជួយ​ក្រុង​កៀវ ឱ្យ​មាន​បំពាក់​ប្រព័ន្ធ​ការពារ​អាកាសរយៈ​ឆ្ងាយ ប្រភេទ​បាញ់​ពី​ដី​ទៅអាកាស S-៣០០ ដែល​ទាហាន​អ៊ុយក្រែន​ចេះ​ប្រើ​ច្បាស់។ អាមេរិកមិនមែន​អ្នក​ផលិត​​មីស៊ីលប្រភេទ​នេះ​ទេ ប៉ុន្តែ​អាមេរិក​និង​សមាជិក​អូតង់​ផ្សេង​ទៀត ដូច​ជា​ស្លូវ៉ាគី ប៊ុលហ្ការី ដែល​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អាមេរិក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ មាន​ និង​បញ្ជូនទៅ​ដល់​អ៊ុយក្រែននៅពីរ​បី​ខាង​មុខ។ នេះបើ​តាម​ប្រភព​យោធា​អាមេរិក។

អ៊ុយក្រែន​ ​នឹង​បាន ដ្រូន​ចំនួន​១០០គ្រឿង​ សម្រាប់​យក​ការ​ពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កង​រថក្រោះ​ដែលកំពុង​ភ្ជង់​​​លើ​ក្រុង​អ៊ុយក្រែន។ ជា​ប្រភេទ​ដ្រូន​អត្តឃាត Swichblade ដែល​នឹង​ផ្ទុះ​នៅ​ពេល​ប៉ះផ្ទាំង​ស៊ីប។ តូច​មែន​តែ​អាច​បំផ្ទុះ​រថពាសដែក​ធុនស្រាល​បាន។

បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ

តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​មាន​បន្ទុក​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋនិង​រដ្ឋ។ ឆ្លើយ​តប​នឹង​បន្តឹង​របស់​អ៊ុយក្រែន​ ដែល​បាន​ប្តឹង​ទៅ​តុលាការ​ភ្លាម​នៅពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ចូល​ឈ្លាន​ពាន​បាន​ពីរ​បី​ថ្ងៃ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ចេញ​វិធានការ​បន្ទាន់​​​បី​ចំណុច​ ៖

  • តុលាការ​បញ្ជា​ឱ្យ​​​រុស្ស៊ី ផ្អាក​ជា​បន្ទាន់​ប្រតិបត្តិការ​យោធា​លើ​ដែនដី​អ៊ុយក្រែន​ទាំងមូល។
  • តុលាការបង្គាប់​​ឱ្យ​មូស្គូ តាមដាន​មើល​ថា​គ្មាន​កង​ពល​យោធា​ កង​កម្លាំង​ប្រដាប់​អាវុធ​ក្រោម​ការ​ឃុំ​គ្រង​របស់​ខ្លួន ឬ​បុគ្គលណា​ម្នាក់​ បញ្ចេញ​សកម្មភាព​ក្នុង​ន័យ​បន្ត​ប្រតិបត្តិការ​យោធា

វិធានការ​ពីរ​នេះ ជា​សេចក្តីសម្រេចស្ទើរ ​ជា​ឯកច្ឆន្ទ ដោយ​ក្នុង​ចំណោម​ចៅក្រម​ទាំង​១៥​រូប មាន​ពីរ​រូប (ចិន​និ​ងរុស្ស៊ី) បោះឆ្នោត​ប្រឆាំង។

វិធានការ​ទីបី ជា​សេចក្តី​បង្គាប់សម្រាប់​ភាគី​ទាំងពីរ ឱ្យ​​រុស្ស៊ីនិង​អ៊ុយក្រែន​ កុំ​ធ្វើ​អ្វី​​ដែលនាំ​​ឱ្យជម្លោះ​​កាន់​តែ​រីក​ធំ។

ភាគី​ដើមបណ្តឹង ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ប៉ុន្តែ​ ទោះ​បី​សេចក្តី​បង្គាប់​នេះ មាន​តម្លៃ​ជា​កាតព្វកិច្ច​​មែន ប៉ុន្តែ​តុលាការ​គ្មាន​មធ្យោបាយ​បង្ខំ​ភាគីណា​ឱ្យ​អនុវត្ត​ទេ។

នរណាក៏​ដឹង​ថា​សេចក្តី​របស់​តុលាការ​មិន​អាច​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ទេ ប៉ុន្តែដីកាបង្គាប់​អាច​ជា​ប្រយោជន៍អនាគត នៅ​ពេល​មាន​ការ​ចរចា​តាម​ផ្លូវ​ទូត និង​នៅ​លើ​វេទិកា​អន្តរជាតិ​ផ្សេងៗ​។ នេះ​បើ​តាម​តំណាង​ភាគី​អ៊ុយក្រែន។

ចំណែក រុស្ស៊ី​បានច្រាន​ចោលនៅ​ព្រហស្បតិ៍​នេះ ​​សេចក្តី​សម្រេចរបស់​តុលាការ​ ថា​មិន​អាច​​​យក​ជាការណ៍​បាន​ទេ ព្រោះ​​ទាល់​តែ​ភាគី​រុស្ស៊ី​អ៊ុយក្រែន​​ព្រមព្រៀង​គ្នា​សិន តែ​គ្មាន​កិច្ច​ព្រមព្រៀង​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ