ក្រោយបានឃើញរូបភាពសាកសពជនស៊ីវីលអ៊ុយក្រែននៅប៊ូតឆា អាមេរិកនិងអឺរ៉ុប បន្ថែមទណ្ឌកម្មដ៏ធ្ងន់លើរុស្ស៊ី
សាកសពប្រជាជនស៊ីវីលអ៊ុយក្រែនជាង៤០០នាក់ ដែលគេបានប្រទះឃើញនៅក្រុងប៊ូតឆា បានបង្កឲ្យមានការតក់ស្លុតជាខ្លាំង។ឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋ ធ្វើឡើងដោយកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ដែលគេឃើញកាន់តែច្រើនឡើងៗបែបនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសថា គេនឹងរួមគ្នាដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរុស្ស៊ី។ ទណ្ឌកម្មដែលអាចវាយបំបាក់ប្រភពចំណូលរបស់រដ្ឋរុស្ស៊ី ព្រមទាំងអាចធ្វើឲ្យរុស្ស៊ី គ្មានលទ្ធភាពសងបំណុលគេថែមទៀតផង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤២
កាលពីថ្ងៃអង្គារ លោកវ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសារជាលើកទីមួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដោយលោកបានទទូចអំពាវនាវ ឲ្យអង្គការសហប្រជាជាតិ ត្រូវតែចាត់វិធានការ ដាក់ទោសរុស្ស៊ី ចំពោះអំពើ “ឧក្រិដ្ឋកម្មសង្គ្រាម” ដែលកងទ័ពរុស្ស៊ីបានធ្វើនៅអ៊ុយក្រែន។ លោកហ្សេឡេនស្គី បានអំពាវនាវឲ្យបណ្តេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ ដើម្បីកុំឲ្យរុស្ស៊ីអាចប្រើសិទ្ធិបោះឆ្នោតវ៉េតូ បានតទៅទៀត។ លោកប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ត្រូវតែរកមធ្យោបាយ "ដើម្បីកុំឲ្យសិទ្ធិវ៉េតូរបស់រុស្ស៊ី ក្លាយជាសិទ្ធិក្នុងការសម្លាប់ជីវិតមនុស្ស"។
អឺរ៉ុបឈប់ទិញធ្យូងថ្មរបស់រុស្ស៊ី ហើយចាប់ផ្តើមពិចារណា ចង់ឈប់ទិញប្រេងនិងហ្កាសទៀត
ភាពតក់ស្លុតបានអន្រួនសតិអារម្មណ៍ ថ្នាក់ដឹកនាំអឺរ៉ុប បន្ទាប់ពីបានឃើញនូវរូបភាពសាកសពមនុស្សរាប់សិបនាក់ ដេកស្លាប់រណេតរណូត រាយប៉ាយតាមផ្លូវ កៀនរបងផ្ទះ នៅក្រុងប៊ូតឆា ភាគពាយ័ព្យរដ្ឋធានីកៀវ។ ព្រឹកថ្ងៃពុធនេះ សហភាពអឺរ៉ុប បានចាប់ផ្តើមប្រជុំ ដើម្បីរិះរកវិធី ដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី។
នៅចំពោះមុខអង្គសភាអឺរ៉ុប នៅព្រឹកមិញនេះ លោក ហ្សាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានថ្លែងថា រុស្ស៊ីត្រូវតែរងពិន័យ ចំពោះអំពើឧក្រិដ្ឋកម្មសង្គ្រាម ដែលកងទ័ពខ្លួនបានធ្វើនៅប៊ូតឆា។ លោកបានបន្ថែមថា ភស្តុតាងកាន់តែច្រើន បានមកបញ្ជាក់អំពីភាពសាហាវយង់ឃ្នង គ្មានព្រំដែន របស់កងទ័ពរុស្ស៊ី ធ្វើទៅលើប្រជាជនស្លូតត្រង់អ៊ុយក្រែន។ វាមិនមែនជាប្រតិបត្តិការយោធាពិសេសស្អីនោះទេ តែវាជា “ឧក្រិដ្ឋកម្មសង្គ្រាម”។
ទាក់ទិនវិធានការទណ្ឌកម្មបន្ថែម ពីសំណាក់សហភាពអឺរ៉ុបនេះ គឺក្រុមប្រទេសអឺរ៉ុបពិភាក្សាគ្នា រឿងឈប់នាំចូលទំនិញថាមពលរុស្ស៊ី មានដូចជាប្រេង ហ្កាស និងធ្យូងថ្ម។ ដូចយើងបានដឹងកន្លងមកហើយថា ប្រទេសអឺរ៉ុបខ្លះ ដូចជាអាល្លឺម៉ង់ជាដើមពឹងផ្អែកខ្លាំងណាស់ លើទំនិញថាមពលរុស្ស៊ី ជាក់ស្តែងហ្កាស និងប្រេងនេះតែម្តង។ ប្រទេសខ្លះចង់ឈប់នាំទិញពីរុស្ស៊ី តែប្រទេសខ្លះមិនអាចធ្វើបានទេ ព្រោះមិនអាចទៅទិញពីណាមកជំនួស។ តែយ៉ាងណា បើតាមប្រភពស្និទ្ធ គឺអឺរ៉ុបអាចនឹងត្រូវរ៉ូវគ្នា ឈប់ទិញធ្យូងថ្មីពីរុស្ស៊ី។ ធ្យូងថ្មរុស្ស៊ីដែលមានទំហំប្រមាណ ៤៥% នៃការនាំចូលរួម របស់ក្រុមប្រទេសអឺរ៉ុប។ បន្ថែមពីនេះ អឺរ៉ុបក៏កំពុងពិចារណា ហាមឃាត់ការចូលចត របស់នាវា កប៉ាល់រុស្ស៊ីទាំងអស់ មិនថាធំមិនថាតូច នៅតាមកំពង់ផែតាមបណ្តាប្រទេសអឺរ៉ុប។
ដោយឡែក លោកស្រីអៀរស៊ូឡា វុន ឌឺឡៃយិន ប្រធានគណកម្មការអឺរ៉ុប បានថ្លែងនៅមុខអង្គសភាអឺរ៉ុបព្រឹកមិញនេះដែរ ថាទណ្ឌកម្មដែលអឺរ៉ុបដាក់លើរុស្ស៊ីកន្លងមកនេះ មានប្រសិទ្ធិភាពល្អ ហើយអឺរ៉ុបនឹងបន្ថែមមួយទៀត ដោយការឈប់ទិញធ្យូងថ្មរុស្ស៊ី។ ក៏ប៉ុន្តែអំណេះតទៅអឺរ៉ុបក៏ត្រូវតែចាប់ផ្តើមពិចារណាដែរ ទាក់ទិននឹងការទិញប្រេង និងហ្កាសរុស្ស៊ី ព្រោះថាទំនិញថាមពល២មុខនេះ ជាប្រភពចំណូលធំណាស់ របស់រដ្ឋាភិបាលលោកពូទីន។ លោក ហ្សាល មីឈែល ក៏បានលើកឡើងដែរថា មិនយូរមិនឆាប់ទេ អឺរ៉ុបត្រូវតែសម្រេចទណ្ឌកម្ម ទាក់ទិននឹងការនាំចូលប្រេង និងហ្កាសរបស់រុស្ស៊ី។
អាមេរិកហាមធនាគារខ្លួន មិនឲ្យបញ្ចេញប្រាក់ដុល្លាររបស់រុស្ស៊ី យកទៅសងបំណុល
យោងតាមការបញ្ជាក់ របស់លោកស្រី ជែន សាគី អ្នកនាំពាក្យសេតវិមាន កាលពីម្សិលមិញនេះ គឺអាមេរិក នឹងបន្ថែមទណ្ឌកម្ម ទៅលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី ព្រមទាំងក្រុមហ៊ុនរដ្ឋរុស្ស៊ីមួយចំនួនទៀត។ សេតវិមានអាមេរិក ក៏នឹងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលរុស្ស៊ី ព្រមទាំងក្រុមគ្រួសារផងដែរ។ តែយ៉ាងណា អ្នកនាំពាក្យសេតវិមាន មិនបានបញ្ជាក់ទេ ថាកូនស្រី២នាក់របស់លោកពូទីន នឹងរងទណ្ឌកម្មនេះដែរ ឬអត់ទេ។
បន្ថែមពីនេះ អាមេរិកគ្រោងដាក់ទណ្ឌកម្ម ហាមឃាត់រាល់ការវនិយោគថ្មីទាំងអស់នៅរុស្ស៊ី។ លោកស្រី ជែន សាគី អះអាងថាទណ្ឌកម្មរបស់អាមេរិកទាំងនេះ គឺសេតវិមាននឹងជូនដំណឹង ពិគ្រោះយោបល់ឲ្យស្របគ្នា ជាមួយដៃគូរខាងអឺរ៉ុប និងក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 ផងដែរ។ លោកស្រី ជែន សាគីអះអាងថា កម្មវត្ថុ គឺធ្វើយ៉ាងណា ដាក់ពិន័យឲ្យរុស្ស៊ីដឹងខ្លួន ថាឧក្រិដ្ឋកម្មសង្គ្រាមដែលរុស្ស៊ីបានធ្វើនៅអ៊ុយក្រែន គឺជាអំពើខុសឆ្គងខ្លាំង ហើយរុស្ស៊ីត្រូវតែរងទទួលទោសកំហុស នៅឯកោ មិនថាក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។
ដោយឡែក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាមេរិក បានសម្រេចវិធានការថ្មីមួយ ដោយបានហាមឃាត់ មិនឲ្យរុស្ស៊ីប្រើប្រាស់ប្រាក់ដុល្លារ ដែលរុស្ស៊ីមានទុកនៅតាមធនាគារអាមេរិក យកទៅសងបំណុលគេឡើយ។ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា អំណេះតទៅ បើរុស្ស៊ី មិនចង់ឲ្យខកខានក្នុងការសងការប្រាក់ សងបំណុលគេនោះទេ គឺរុស្ស៊ីត្រូវតែជ្រើសរើស ថាតើត្រូវប្រើប្រាក់ដុល្លារដែលខ្លួន មាននៅក្នុងធនាគារកណ្តាលរបស់ខ្លួន ដើម្បីយកមកសងបំណុលគេ ឬមួយក៏យកប្រាក់ដុល្លារ ដែលជាប្រាក់ចំណូលបានមកពីការលក់ប្រេង លក់ហ្កាសជាដើម។ យ៉ាងណាមិញ កាសែត Financial Times បានចុះផ្សាយថា ធនាគារអាមេរិក JPMorgan បានបដិសេធកាលពីថ្ងៃចន្ទ មិនព្រមផ្ទេរប្រាក់ដែលរុស្ស៊ីចង់ផ្ញើទៅឲ្យធនាគារ Citigroup ដើម្បីយកទៅចែកចាយសងបំណុលគេទេ។
រុស្ស៊ីអាចប្រឈមនឹងវិបត្តិ គ្មានប្រាក់សងបំណុលគេ ?
កម្មវត្ថុនៃវិធានការទណ្ឌកម្មរបស់អាមេរិក គឺដាក់សំពាធលើវិស័យហិរញ្ញវត្ថុ និងធនាគារកណ្តាលរុស្ស៊ី ធ្វើយ៉ាងណាឲ្យរុស្ស៊ី កាន់តែខែខើចប្រាក់កាន់តែខ្លាំងឡើង។ ជាមួយនឹងទណ្ឌកម្មជាបន្តបន្ទាប់ ទ្រព្យសម្បតិ្ត មាស និងប្រាក់របស់រុស្ស៊ី ដែលមានទុកនៅតាមស្ថាប័នហិរញ្ញវត្ថុប្រទេស គឺត្រូវគេបង្កកច្រើនណាស់ សរុបប្រមាណ៣០០ពាន់លានដុល្លារទៅហើយ។ ដូច្នេះ រុស្ស៊ីត្រូវតែរកប្រាក់មកពីកន្លែងផ្សេងទៀត ដើម្បីសងការប្រាក់ សងបំណុលនៅបរទេស។
យោងតាម លោកស្រី Anne-Laure Kiechel ស្ថាបនិក Global Sovereign Advisory បានឲ្យដឹងថា បច្ចុប្បន្ននេះរុស្ស៊ីមានបំណុលខាងក្រៅ សរុបប្រមាណ ៤០ពាន់លានដុល្លារ។ ក្នុងចំណោមនេះ មានបំណុលប្រមាណ ជាង៤៧០០ពាន់លានដុល្លារ ដែលរុស្ស៊ី ត្រូវដល់កាលបរិចេ្ឆទសងគេ។ សម្រាប់ពេលនេះ គឺប្រហែលជា ធនាគារកណ្តាលរុស្ស៊ី អាចទប់ទល់រួច។ ជាងនេះទៀត រុស្ស៊ីនៅតែមានចំណូលចូលជាហូរហែរ ដូចជាបានមកពីការលក់ប្រេង និងហ្កាស ក្នុងឆ្នាំនេះ តាមការគុណគូរ គឺរុស្ស៊ីអាចមានចំណូលប្រមាណ ៣២០ពាន់លានដុល្លារ។ ដូច្នេះ គិតត្រឹមពេលនេះ គឺរុស្ស៊ីអាចនៅមានលទ្ធភាពសងបំណុល សងការប្រាក់គេ។
ក៏ប៉ុន្តែបញ្ហាចោទទៅមុខ គឺវារំពឹងលើកណ្តាប់ដៃរបស់អាមេរិកទាំងស្រុង។ នេះបើផ្អែកតាមការវិភាគរបស់លោកស្រី Anne-Laure Kiechel។ អ្នកជំនាញរូបនេះពន្យល់ថា ពីពេលនេះ រហូតដល់ដើមខែឧសភា អាមេរិកបានផ្តល់អាជ្ញាបណ្ណពិសេស អនុញ្ញាតឲ្យរុស្ស៊ីយកប្រាក់ដុល្លារ ដែលគេបង្កកតាមស្ថាបន័ហិរញ្ញវត្ថនានាមកសងបំណុលបានមែន។ តែអាមេរិកអាចនឹងមិនបន្តអាជ្ញាបណ្ណនេះទៅ នៅពេលផុតសុពលភាព។ មានន័យថា ដល់ពេលនេះ រុស្ស៊ីអាចនឹងគ្មានប្រាក់សងការប្រាក់ សងបំណុលគេទេ។
វិបត្តិបែបនេះ គឺនឹងវាយបំបាក់សេដ្ឋកិច្ចរុស្ស៊ីយូរឆ្នាំទៅមុខ ព្រោះធានាគារកណ្តាលរុស្ស៊ីនឹងខូចឈ្មោះ គ្មាននរណាឲ្យប្រាក់ខ្ចីយកទៅវិនិយោគ ឬចំណាយលើគម្រោងសាធារណៈបានឡើយ។ យ៉ាងណាមិញ យោងតាមប្រភពអ្នកជំនាញអាមេរិក ក្នុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចរុស្ស៊ីនឹងដើរថយក្រោយចំនួន យ៉ាងអន់ណាស់ ក៏១៥% ដែរ។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រមាណ១៥ឆ្នាំចុងក្រោយនេះ អាចនឹងត្រូវរលាយសាបសូន្យ ដោយសារតែសង្រ្គាមដែលលោកពូទីនបានធ្វើនៅអ៊ុយក្រែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ