អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-អឺរ៉ុប

លោក​ហ្សេឡេនស្គី ដង្ហើយ​អង្វរ​អូតង់​ជួយ​ការពារ​​​ដែន​អាកាស​អ៊ុយក្រែន ក្រោយ​​ព្រលាន​យន្តហោះក្រុង​វីនីតស្យ៉ា ត្រូវ​មីស៊ីល​រុស្ស៊ី​កម្ទេច

កាលពីថ្ងៃអាទិត្យ​ទី​៦មីនា កងទ័ពរុស្ស៊ីបានបាញ់​មីស៊ីល យ៉ាងហោចចំនួន៨គ្រាប់ ទៅលើទីក្រុង វីនីតស្យ៉ា (Vinnytsia) ដែលស្ថិតនៅចំងាយ​ប្រមាណ​២០០គីឡូម៉ែត្រ ភាគនិរតី​ទីក្រុងកៀវ។ ក្រៅពីបាន​កម្ទេចផ្ទះសម្បែង មីស៊ីលទាំងនោះ​បានកម្ទេច​ព្រលានយន្តហោះទីក្រុង ​​វីនីតស្យ៉ា​​ទាំងស្រុង។ នេះបើផ្អែកតាមការប្រកាស របស់​លោក​ប្រធានាធិបតី អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី។

ក្រុមពន្លត់អគ្គីភ័យអ៊ុយក្រែន កំពុងព្យាយាមពន្លត់នៅប្រលានយន្តហោះ Havryshivka Vinnytsia International Airport ដែលត្រូវបាន​កម្ទេច​ដោយ​គ្រាប់មីស៊ីលរបស់រុស្ស៊ី។ ថ្ងៃទី ៦ មីនា ២០២២
ក្រុមពន្លត់អគ្គីភ័យអ៊ុយក្រែន កំពុងព្យាយាមពន្លត់នៅប្រលានយន្តហោះ Havryshivka Vinnytsia International Airport ដែលត្រូវបាន​កម្ទេច​ដោយ​គ្រាប់មីស៊ីលរបស់រុស្ស៊ី។ ថ្ងៃទី ៦ មីនា ២០២២ via REUTERS - STATE EMERGENCY SERVICE OF UKRAI
ផ្សាយពាណិជ្ជកម្ម

គួររំលឹកថា តាំងតែពីថ្ងៃសុក្រ លោក​ប្រធានាធិបតី​អ៊ុយក្រែន បានអំពាវនាវសូមអង្វរ ឲ្យអូតង់ សម្រេច​កំណត់​ដែន​អាកាសអាកាសអ៊ុយក្រែន ថាជាតំបន់ហាមឃាត់ការហោះហើរ ឬហៅថា No-Fly Zone។ ធ្វើ​បែបនេះ គឺដើម្បី​ឲ្យ​អូតង់ អាចធ្វើអន្តរាគមន៍ រារាំងយន្តហោះចម្បាំងរុស្ស៊ី និង​អាចកម្ទេចមីស៊ីលរបស់​រុស្ស៊ី ដែលហោះលើ​ដែនអាកាសអ៊ុយក្រែន​។ តែយ៉ាងណា អង្គការអូតង់ បានបដិសេធ ថាមិនអាចជួយបែបនេះបានទេ ព្រោះវាមានន័យថាអូតង់ ចូលធ្វើសង្គ្រាម​ទល់នឹងរុស្ស៊ី។

នៅល្ងាចថ្ងៃអាទិត្យ​ បន្ទាប់ពីបានដំណឹង​ថា​ទីក្រុង​វីនីតស្យ៉ា បានរងមីស៊ីល​៨គ្រាប់​របស់រុស្ស៊ី លោកវ្លូឌីមៀរ ហ្សេឡេនស្គី បាន​ផ្ញើសារវីដេអូ ដង្ហើយសូម​អង្វរជាថ្មីម្តងទៀត ដោយ​សូម​ឲ្យ​អូតង់ ត្រូវ​តែយល់ព្រមជួយការពារ​ដែនអាកាសអ៊ុយក្រែន។ ក្នុងសម្តី​ទទូចសូម​ដោយ​ក្តុកក្តួល លោក​ហ្សេឡេនស្គី​បានលើកឡើងថា បើមិនជួយ​អ៊ុយក្រែនពេលនេះ​ទេ គឺមានន័យថាប្រទេសលោកខាងលិច កំពុងតែ​ទុកឲ្យរុស្ស៊ី សំលាប់​ប្រជាជនអ៊ុយក្រែនហើយ​។

01:39

សារដង្ហើយហៅជាថ្មីរបស់ លោក​ប្រធានាធិបតីហ្សេឡេនស្គី សូមឲ្យ​អូតង់ជួយ​ការពារ​ដែន​អាកាសអ៊ុយក្រែន

"ខ្ញុំទើបតែទទួលបានដំណឹងថា ពួករុស្ស៊ីបានបាញ់មីស៊ីលកម្ទេច កំទេចទីក្រុង Vinnytsia។ មីស៊ីល៨គ្រាប់ បានធ្លាក់លើទីក្រុងរបស់យើង ទីក្រុងដែល​មនុស្សធ្លាប់រស់ដោយសុខសន្តិភាព ដោយ​ចិត្តជ្រះថ្លា នឹងមិនដែល​ទៅមានគំនិត គំរាមសំឡុតរុស្ស៊ី ដោយ​ប្រការណាមួយឡើយ។ ការវាយ​ប្រហារដ៏ឃោរឃៅគ្មានធម៌មេត្តានេះ បានកំទេចព្រលាន​យន្តហោះនៅទីក្រុងនេះទាំងស្រុង។

យើងខ្ញុំសូម​ទទូច អង្វរហើយអង្វរទៀត សូមមេត្តាជួយសម្រេច បិទលំហរអាកាស​របស់​អ៊ុយក្រែនផង ដើម្បីរារាំងមីស៊ីលរបស់រុស្ស៊ី រារាំងយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលជា​ពួកភេរវកម្ម​។ ត្រូវតែបង្កើត​ លំហរដែនអាកាស ដោយ​យោងលើ​មនុស្សធម៌ កុំឲ្យ​មាន​មីស៊ីល និង​គ្រាប់បែករបស់រុស្ស៊ីហោះរំលងបាន។ ពួកយើងគឺជាមនុស្សដូចគ្នា ហើយ​វាគឺជា​កាតព្វកិច្ច​មនុស្សធម៌ របស់យើងដែលត្រូវតែជួយ​ការពារជីវិតមនុស្ស​ដូចគ្នា។ ខ្ញុំជឿថាអ្នកពិតជាអាចធ្វើបាន​!

ប្រសិនបើអ្នកនៅតែមិន​បិទដែនអាកាសអ៊ុយក្រែន ពីការហោះហើរទេនោះ ហើយ​បើសូម្បី​តែយន្ត​ហោះ ក៏អ្នកមិនជួយ​ផ្តល់មកឲ្យយើង​​ ដើម្បី​ប្រយុទ្ធការពារខ្លួនទៀតនោះ ដូច្នេះគឺវាមានន័យ ពួកអ្នកទាំងអស់គ្នា ចង់ឲ្យពួក​យើង ត្រូវគេសម្លាប់ដោយសន្សឹមៗ។ វាគឺជាការទទួលខុសត្រូវ​ របស់ថ្នាក់​ដឹក​នាំនយោបាយ​ទាំងអស់ មិនថានៅអឺរ៉ុប ឬទូទាំងពិភពលោក ហើយ​មិន​​មែនសម្រាប់តែថ្ងៃនេះទេ គឺជារៀងរហូតតែម្តង៕"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ