អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ថៃ៖តើត្រកូលស៊ីណាវ៉ាត់អាចត្រឡប់ទៅកាន់អំណាចជាថ្មីដែរ ឬទេ ក្រោយពីត្រូវបានក្រុមយោធាទម្លាក់ ២ដងមក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ ក្រុម​គ្រួសារ​លោក​ថាក់ស៊ីន​ដែល​មាន​ត្រកូល​ស៊ីណាវ៉ាត់​ធ្លាប់​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជិត ១០ឆ្នាំ មុន​នឹង​ត្រូវ​ក្រុម​យោធា​កំចាត់​ចេញ​តាម​រយៈ​រដ្ឋប្រហារ។ ក៏​ប៉ុន្តែ ត្រកូល​ស៊ីណាវ៉ាត់​មិន​ទាន់​ផុត​រលត់ និង​កំពុង​បន្ត​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ចំណោម​ប្រជារាស្រ្ត​ថៃ។ កូនស្រី​លោក​ថាក់ស៊ីន គឺ​លោកស្រី​ផែថងថាន ស៊ីណាវ៉ាត់​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​ភៀថៃ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០២៣។ តើ​មាន​ថ្ងៃ​ណា​មួយ​ដែល​ត្រកូល​ស៊ីណាវ៉ាត់​អាច​ត្រឡប់​ទៅ​កាន់​អំណាច​ជា​ថ្មី​ដែរ ឬ​ទេ?

លោកស្រី​ផែថងថាន ស៊ីណាវ៉ាត់​ កូនស្រីពៅ​របស់​អតីតនាយករដ្ឋមន្រ្តីថៃ​លោក​ថាក់ស៊ីន។
លោកស្រី​ផែថងថាន ស៊ីណាវ៉ាត់​ កូនស្រីពៅ​របស់​អតីតនាយករដ្ឋមន្រ្តីថៃ​លោក​ថាក់ស៊ីន។ AFP - MANAN VATSYAYANA
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​ថៃ សឹង​តែ​គ្មាន ឬ​មាន​ប្រជាជន​តិចតួច​ណាស់​ដែល​មិន​ស្គាល់​ត្រកូល​ស៊ីណាវ៉ាត់។ មាន​តិចតួច ឬ​សឹង​តែ​គ្មាន​ដោយសារ​តែ​ត្រកូល​មួយ​នេះ​បាន​គ្របដណ្តប់​ខ្លាំង​លើ​ជីវិត​នយោបាយ​ថៃ​អស់​រយៈពេល​ជិត ១០ឆ្នាំ។ លោក​ថាក់ស៊ីន​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៦ ហើយ​ប្អូនស្រី​របស់​លោក គឺ​លោកស្រី​យីងឡាក់​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៤។ ក៏​ប៉ុន្តែ បងប្អូន​បង្កើត​ប្រុស ស្រី​ទាំង​ពីរ​នាក់​នេះ​សុទ្ធ​តែ​ត្រូវ​បាន​កងទ័ព​កំចាត់​ពី​អំណាច​ដូច​គ្នា​តាម​រយៈ​រដ្ឋប្រហារ។ មេរដ្ឋប្រហារ​ដែល​ទម្លាក់​លោកស្រី​យីងឡាក់ គឺ​ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​ដែល​កំពុង​កាន់​តំណែង​សព្វថ្ងៃ​នេះ​ឯង។ បច្ចុប្បន្ន លោក​ថាក់ស៊ីន និង​លោកស្រី​យីងឡាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។

ការ​បោះ​លំនៅដ្ឋាន​នៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​នេះ​មិនមែន​ជា​ជម្រើស​ទេ តែ​ជា​ការ​បង្ខំ​ចិត្ត​ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​កងទ័ព​តាម​ផ្លូវ​តុលាការ។ ពិត​ណាស់ របបសឹក​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​រារាំង និង​ផាត់​ត្រកូល​ស៊ីណាវ៉ាត់ រួម​ទាំង​បក្សពួក​លោក​ថាក់ស៊ីន​ចេញ​ពី​ឆាកនយោបាយ។ តែ​អ្វី​ដែល​របបសឹក​ហាក់​កំពុង​មើល​រំលង​នោះ​នៅ​ត្រង់​ថា ត្រកូល​ស៊ីណាវ៉ាត់​មិន​បាន​ផុត​រលត់​ពី​ទឹកដី​ថៃ និង​ថែម​ទាំង​កំពុង​បន្ត​មាន​ឥទ្ធិពល រួម​ទាំង​បន្ត​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ចំណោម​ប្រជាជន​ថៃ​ភាគ​ច្រើន​ទៀត​ផង ពិសេស​អ្នក​រស់នៅ​តាម​ជនបទ។ វត្តមាន​ត្រកូល​ស៊ីណាវ៉ាត់​នៅ​ថៃ​ដែល​គេ​ចង់​និយាយ​ពេល​នេះ គឺ​លោកស្រី​ផែថងថាន ស៊ីណាវ៉ាត់​ដែល​ជា​កូនស្រីពៅ​របស់​លោក​ថាក់ស៊ីន។

ក៏​ដូច​ជា​ឱពុក លោកស្រី​ផែថងថាន​ជា​ស្រ្តីអ្នកជំនួញ​ម្នាក់​ដែល​គ្រប់គ្រង​សាខា​សណ្ឋាគារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​គ្រួសារ​ឈ្មោះ « RendeDevelopment »។ តែ​គឺ​តួនាទី​នយោបាយ​នៅ​ក្នុង​គណបក្ស​ភឿថៃ​ឯណោះ​ទេ​ដែល​គ្រប់​គ្នា​កំពុង​ចាប់​អារម្មណ៍​ខ្លាំង។ មាន​អាយុ ៣៥ឆ្នាំ លោកស្រី​ផែថងថាន​ត្រូវ​បាន​គេ​សំឡឹង​ឃើញ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​ភឿថៃ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០២៣ ខាង​មុខ។ ឆ្លើយ​នឹង​សំណួរ​របស់ AFP ដែល​ថា តើ​លោកស្រី​យល់ព្រម​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​ទេ បើ​មាន​សំណើ​ពី​គណបក្ស?។ លោកស្រី​ផែថងថាន​បាន​ត្រឹម​បញ្ជាក់​ថា លោកស្រី​ទុក​ឲ្យ​គណបក្ស​ជា​អ្នក​សម្រេច​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្រ្តី​នៅ​ប៉ុន្មាន​ខែ​មុខ។

ក៏​ប៉ុន្តែ លោកស្រី​ផែថងថាន​មិន​បាន​លាក់បាំង​ពី​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​ទេ​ដោយ​លើក​ឡើង​ថា ផ្លាស់ប្តូរ​ប្រទេស​ថៃ​ពី​ការ​ជំពាក់​បំណុលគេ​វ័នករ និង​គ្មាន​អនាគត​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ឱកាស​ច្រើន និង​មាន​ក្តីសង្ឃឹម។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ កូនស្រីពៅ​របស់​លោក​ថាក់ស៊ីន​រូប​នេះ​បាន​បង្ហាញ​មុខ​ញឹកញាប់​ជា​សាធារណៈ។ ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ លោកស្រី​ផែថងថាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ចៅហ្វាយ​ក្រុង​បាងកក​ថ្មី​ដោយ​បាន​ចែក​ខិត្តប័ណ្ណនិង​ថត Selfiesជាមួយ​សកម្មជន​បក្ស​ភឿថៃ។ « យើង​ត្រូវ​ការ​លោកស្រី។ យើង​នឹក​ឱពុក​លោកស្រី »នេះ​ជា​សម្តី​របស់​សកម្មជន​បក្ស​ភឿថៃ​ម្នាក់។

« តើ​ឲ្យ​ខ្ញុំ​នៅ​ស្ងៀម​ម្តេច​នឹង​កើត​ចំពោះ​អ្វី​ដែល​ឱពុក​ខ្ញុំ​បាន​ធ្វើ​សម្រាប់​ប្រទេស​របស់​គាត់។ ខ្ញុំ​នៅ​ជា​កូនស្រី​គាត់​ជានិច្ច។ ការ​គាំទ្រ​របស់​គាត់​បាន​ផ្តល់​កម្លាំង និង​ភាព​ក្លាហាន​ឲ្យ​ខ្ញុំ »នេះ​ជា​ការ​ឆ្លើយ​តប​វិញ​របស់​លោកស្រី​ផែថងថាន។ ក្រៅ​ពី​មាន​វត្តមាន​នៅ​ទីកន្លែង​សាធារណៈ លោកស្រី​ផែថងថាន​បាន​បង្ហាញ​មុខ និង​មាន​សកម្មភាព​យ៉ាង​សកម្ម​នៅ​លើ​បណ្តាញសង្គម​ដែរ ពិសេស​មិន​ញញើត​នឹង​បង្ហាញ​រូបថត​ដែល​បាន​ថត​ជាមួយ​ឱពុក។ មែនទែន​ទៅ បើ​កុំ​តែ​មាន​ការ​រុញច្រាន​ពី​ឱពុក និង​ជា​ត្រកូល​ស៊ីណាវ៉ាត់​ក៏​ប្រហែល​លោកស្រី​ផែថងថាន​មិន​ប្រថុយ​ឈាន​ជើង​ចូល​ក្នុង​ឆាកនយោបាយ​ដែរ។ កត្តា​វិជ្ជមាន​មួយ​ទៀត លោកស្រី​ផែថងថាន​ជា​មនុស្សជំនាន់​ក្រោយ​ដែល​តំណាង​ឲ្យ​យុវជន​ជំនាន់​ថ្មី។

ចំណែក​លោក​ថាក់ស៊ីន​ដែល​មាន​អាយុ ៧២ឆ្នាំ​សង្ឃឹម​ថា បើ​គណបក្ស​ភឿថៃ​ឈ្នះ​ឆ្នោត ហើយ​កូនស្រី​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី លោក​អាច​នឹង​វិល​ត្រឡប់​ចូល​ស្រុក​វិញ​តាម​ទ្វារ​ធំ និង​ប្រកប​ដោយ​កិត្តិយស។ តែ​ក្នុង​ពេល​ឥឡូវ លោកស្រី​ផែថងថាន​គ្រាន់​ជា​មនុស្សតុក្កតា​របស់​ឱពុក​តែ​ប៉ុណ្ណោះ នេះ​ជា​ការ​យល់​ឃើញ​របស់​លោក Paul Chambers អ្នកជំនាញ​ជនជាតិ​អាមេរិក​ខាង​ប្រទេស​ថៃ។ ពិត​ណាស់ ត្រកូល​ស៊ីណាវ៉ាត់​បន្ត​មាន​ឥទ្ធិពល​នៅ​ក្នុង​ឆាក​នយោបាយ​ថៃ។ តែ​ផ្លូវ​ឈាន​ទៅ​យក​អំណាច​ជា​ថ្មី​នៅ​វែងឆា្ងយ និង​ពោរពេញ​ដោយ​ឧបសគ្គ​ច្រើន។ ដើម្បី​អាច​ឲ្យ​លោកស្រី​ផែថងថាន​ក្លាយ​ជា​នាយរដ្ឋមន្រ្តី​បាន គណបក្ស​ភឿថៃ​ត្រូវ​ទទួល​បាន​សំឡេង​ភាគច្រើន​ទាំង​នៅ​ក្នុង​សភា​ដែល​មាន ៥០០អសនៈ និង​ទាំង​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន ២៥០អសនៈ។

តែ​បញ្ហា​នៅ​ត្រង់​ថា របបសឹក​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​កាល​ពី​ឆ្នាំ ២០១៧ ដោយ​ឲ្យ​កងទ័ព​ជា​កាន់កាប់​អសនៈ​ទាំង​អស់​នៅ​ក្នុង​ព្រឹទ្ធសភា។ ជាក់ស្តែង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៩ គណបក្ស​ភឿថៃ​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា។ តែ​គឺ​គណបក្ស​គាំទ្រ​កងទ័ព​ទៅ​វិញ​ទេ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ដោយសារ​មាន​សំឡេង​គាំទ្រ​ពី​ព្រឹទ្ធសភា។ ដូច្នេះ​បើ​គណបក្ស​ភឿថៃ​អាច​នឹង​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៣ ខាង​មុខ សេណារីយ៉ូ​ដូច​គ្នា​នេះ​នឹង​កើត​មាន​ជា​ថ្មី​ដោយ​មិន​អាច​ចៀស​រួច និង​ដែល​វិល​ចុះ វិល​ឡើង ទោះ​មាន ឬ​គ្មាន​ត្រកូល​ស៊ីណាវ៉ាត់ ប្រហែល​គ្មាន​អ្នក​ណា​អាច​ដណ្តើម​អំណាច​ពី​ដៃ​កងទ័ព​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ