អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាជាង ១០ឆ្នាំក្រោយការផ្តួលរំលំរបបកាដាហ្វ៊ី លីប៊ីកំពុងផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​លីប៊ី បាតុកម្ម​មហាជន​បាន និង​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹកគគ្រេង។ ក្រុម​បាតុករ​បាន​នាំ​គ្នា​ប្រឆាំង​នឹង​ការ​ដាច់​ភ្លើងអគ្គិសនី និង​ភាព​ជាប់គាំង​នយោបាយ។ គួរ​រម្លឹក​ថា ជាង ១០ឆ្នាំ​ក្រោយ​ការ​ផ្តួល​រំលំ​របប​ផ្តាច់ការ​កាដាហ្វី​ក្នុង​ឆ្នាំ ២០១១ លីប៊ី​កំពុង​បន្ត​ពុះ​ចែក​ជា​ពីរ​រវាង​តំបន់​ប៉ែកខាង​កើត និង​តំបន់​ប៉ែកខាងលិច។ តើ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​មាន​ថ្ងៃ​អាច​បង្រួបបង្រួម​គ្នា​នៅ​ថ្ងៃ​ណា​មួយ​ដែរ ឬ​ទេ និង​ថាអ្វី​ទៅ​ជា​ដើមចម​នៃ​ភាព​ប្រេះឆា​អូស​បន្លាយ​ពេល​នេះ?។

ហេតុអ្វីបានជាជាង ១០ឆ្នាំក្រោយការផ្តួលរំលំរបបកាដាហ្វ៊ី លីប៊ីកំពុងផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិ?
ហេតុអ្វីបានជាជាង ១០ឆ្នាំក្រោយការផ្តួលរំលំរបបកាដាហ្វ៊ី លីប៊ីកំពុងផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិ? AP - Yousef Murad
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​បាន និង​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​លីប៊ី​ពេល​នេះ គឺ​ជា​វិបត្តិ​នៅ​ក្នុង​វិបត្តិ។ ខណៈ​ដែល​វិបត្តិ​នយោបាយ​កំពុង​បន្ត​អូសបន្លាយ​តាម​រយៈ​ការ​ដណ្តើម​អំណាច​គ្នា ប្រទេស​អាហ្វ្រិក​មួយ​នេះ​កំពុង​ស្គាល់​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។ តាំង​ពី ៣ថ្ងៃ​កន្លង​ទៅ ប្រជាជន​លីប៊ី ពិសេស​ក្រុម​យុវជន​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លក្ខខណ្ឌ​ជីវិត​លំបាកលំបិន ពិសេស​ការ​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ កំណើន​អតិផរណា និង​ភាព​ជាប់​គាំង​នយោបាយ។ សឹង​ជា​រៀង​រាល់​ថ្ងៃ ការ​ដាច់​ភ្លើងអគ្គិសនី​មាន​រយៈពេល​រហូត​ដល់​ទៅ ១៨ម៉ោង​ក្នុង​មួយ​ថ្ងៃ។ បាតុករ​ជា​យុវជន​បាន​នាំ​គ្នា​ដុត​កង់​ឡាន និង​បិទផ្លូវ។ ក្នុង​ថ្ងៃ​សុក្រ ទី១ កក្កដា ក្រុម​បាតុករ​ថែម​ទាំង​បាន​នាំ​គ្នា​សម្រុក​ចូល​សភា​ដោយ​ប្រើ​ឡាន​ឈូសឆាយ និង​ដុត​កៅអី​សមាជិក​សភា​នៅ​តំបន់​ប៉ែក​ខាង​កើត​បង្អស់​នៃ​ប្រទេស។

នៅ​សឹង​ទូទាំង​ប្រទេស​ពី​ទីក្រុង​បេនហ្កាហ្ស៊ី​រហូត​ដល់​ទីក្រុង​ទ្រីប៉ូលី​ដោយ​ឆ្លង​កាត់​តំបន់​តូព្រូក និង​អ៊ែល បីដា រួម​ទាំង​តំបន់​សេបា​នៅ​ប៉ែកខាងត្បូង ក្រុម​បាតុករ​បាន​ស្រែក​រក​ភ្លើង​អគ្គិសនី និង​ចង់​បាន​លក្ខខណ្ឌ​ជីវិត​រស់នៅ​ប្រសើរ​ជាង​សព្វថ្ងៃ។ តាម​អ្នក​ជំនាញ​លីប៊ី​លោក Jalel Harchaoui ឆ្នាំ ២០២២ ជា​ឆ្នាំ​លំបាក​ខ្លាំង​សម្រាប់​ប្រជាជន​លីប៊ី។ មូលហេតុ លីប៊ី​បាន​នាំ​ចូល​ស្បៀង​សឹង​តែ​ទាំង​អស់ ហើយ​សង្រ្គាម​អ៊ុយក្រែន​កំពុង​ធ្វើ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ​ខ្លាំង​ដូច​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់។ រូបភាព​បាតុកម្ម​របស់​មហាជន​ពេល​នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា កំហឹង​របស់​ប្រជាជន​បាន​ឡើង​ដល់ ក មិន​អាច​បន្ត​ទ្រាំទ្រ​បាន​ទៀត​ឡើយ។

ពិត​ណាស់ ជម្រើស​កំចាត់​របប​ផ្តាច់ការ កាដាហ្វី​របស់​ប្រជាជន​កាល​ពី​ជាង ១០ឆ្នាំ​មុន​ជា​ជម្រើស​មួយ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ តែ​ពួក​គេ​នឹក​ស្មាន​មិន​ដល់​សល់​ឡើយ​ថា​ជាង ១០ឆ្នាំ​ក្រោយ​មក ការ​ផ្លាស់ប្តូរ​បែរ​ជា​បាន​ធ្លាក់​ដុនដាប​យ៉ាប់យឺន​ខ្លាំង​ជាង​សម័យ​ដឹកនាំ​របស់​កាដាហ្វី​ទៅ​ទៀត។ នេះ​មិនមែន​មាន​ន័យ​ថា ប្រជាជន​លីប៊ី​ចង់​ឃើញ​របប​ដឹកនាំ​ផ្តាច់​ដូច​ជំនាន់​កាដាហ្វី​ត្រឡប់​មក​វិញ​ឡើយ។ គួរ​រម្លឹក​ថា​ជាង ១០ឆ្នាំ​ក្រោយ​ការ​ផ្តួល​រំលំ​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី​ក្នុង​ឆ្នាំ ២០១១ ប្រទេស​អាហ្រ្វិក​មួយ​នេះ​កំពុង​បន្ត​ពុះ​ចែក​ជា​ពីរ​ដោយ​នៅ​ម្ខាង តំបន់​ប៉ែកខាង​កើត​គ្រប់គ្រង​ដោយ​សេនាប្រមុខ​កាលីហ្វា ហាស្វតា និង​នៅ​ម្ខាង​ទៀត តំបន់​ប៉ែកខាងលិច​ក្នុង​ទីក្រុង​ទ្រីប៉ូលី​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្រ្តី​លោក​អាប់ឌែលហាមីដ បីបា​តាំង​ពី​ឆ្នាំ ២០២១។

តាំង​ពី​ក្រោយ​ការ​ធ្លាក់​ពី​អំណាច​របស់​កាដាហ្វី លីប៊ី​ធ្លាប់​មាន​រដ្ឋាភិបាល​ប្រមាណ​ជា ១០ដង ធ្លាប់​ស្គាល់​សង្រ្គាម​ដណ្តើម​អំណាច​ច្រើន​ដង​រវាង​គូប្រជែង និង​មិន​ដែល​ស្រុះស្រួល​គ្នា​ដើម្បី​ឈាន​ទៅ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឡើយ។ កិច្ចចរចា​រវាង​គូប្រជែង​នយោបាយ​ផ្ទៃក្នុង​ដោយ​មាន​ការ​រៀបចំ និង​ជួយ​ជ្រោមជ្រែង​របស់​អង្គការសហប្រជាជាតិ​ក្នុង​សប្តាហ៍​កន្លង​ទៅ​បាន​ទទួល​បរាជ័យ។ ជា​ថ្មី​ម្តង​ទៀត អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ភាគី​ផ្ទៃក្នុង​ទាំង​អស់​បោះបង់​ចោល​គ្រប់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព និង​ជំរុញ​ពួក​គេ​ឲ្យ​រួម​គ្នា​ជំនះ​ឧបសគ្គ​ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​ភាព​ជាប់គាំង​នយោបាយ​ដែល​កំពុង​បន្ត​អូសបន្លាយ។

ជា​ប្រទេស​ជង្រុក​ប្រេង​ដ៏​សំខាន់​មួយ​នៅ​អាហ្រ្វិក លីប៊ី​បែរ​ជា​កំពុង​រស់នៅ​ដោយ​ខ្វះ​ខាត​គ្រប់​យ៉ាង​ទៅ​វិញ ពិសេស​ខ្វះ​ប្រេង​ប្រើ​តែ​ម្តង។ មែនទែន​ទៅ ប្រទេស​អាហ្រ្វិក​មួយ​មាន​ធនធាន​ធម្មជាតិ​គ្រប់គ្រាន់ ពិសេស​ប្រេង​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន។ តែ​ដើម្បី​អាច​ឈាន​ដល់​គោលដៅ​មួយ​នេះ​បាន ការ​បិទបញ្ចប់​ជម្លោះ​នយោបាយ និង​ការ​ដណ្តើម​អំណាច​គ្នា​ជា​រឿង​អាទិភាព​ដែល​ត្រូវ​ដោះស្រាយ​មុន​គេ។ ត្រង់​ចំណុច​នេះ​ក៏​មិន​ពិបាក​ដោះស្រាយ​ដែរ ប្រសិន​បើ​ភាគី​ជម្លោះ​ផ្ទៃក្នុង​នីមួយៗ​ពិត​ជា​មាន​ឆន្ទៈ​ចង់​ដោះស្រាយ និង​គិត​ប្រយោជន៍​ជាតិ​ធំ​ជាង​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ប្រយោជន៍​បក្ខពួក​នោះ។

ដូច្នេះ​ចង់ ឬ​មិន​ចង់ បាតុកម្ម​របស់​មហាជន​ពេល​នេះ​អាច​ជា​ការ​ដាស់តឿន​ចុង​ក្រោយ​សម្រាប់​ពួក​គេ។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​អាច​នឹង​ទទួល​មេរៀន​ដូច​មេដឹក​ផ្តាច់ការ​កាដាហ្វី​កាល​ពី​ជាង ១០ឆ្នាំ​មុន​អ៊ីចឹង​ដែរ។ នៅ​ម្ខាង​វិបត្តិ​ជាប់​គាំង​នយោបាយ និង​នៅ​ម្ខាង​ទៀត​វិបត្តិ​សេដ្ឋកិច្ច ប្រជាជន​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ចុះ​ផ្លូវ​ទាមទារ​ឲ្យ​ការ​ផ្លាស់ប្តូរ​ម្តង​ទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ