អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត មានសញ្ញានៃការរំកិលរកគ្នា តែផ្លូវឆ្ពោះទៅមានទំនាក់ទំនងប្រក្រតីនៅឆ្ងាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បិទបញ្ចប់​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែនដី​ប៉ាឡេស្ទីន និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លទ្ធផល​ជា​រួម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​តិចតួច​ស្តួចស្តើង​ណាស់។ ស្តួចស្តើង ព្រោះ​ទី១ លោក​បៃដិន​ហាក់​មិន​បាន​គិតគូរ​ពី​ក្តីបារម្ភ​របស់​ប៉ាឡេស្ទីន និង​ទី២ លោក​បៃដិន​ហាក់​នៅ​មិន​ទាន់​អាច​ចាប់​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​បាន​នៅ​ឡើយ​ទេ។ តើ​មាន​បញ្ហា​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​មិន​ទាន់​អាច​មាន​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា​បាន និង​ថា តើ​ប្រទេស​ទាំង​ពីរ​នេះ​អាច​ភ្ជាប់​ការទូត​រវាង​គ្នា​នៅ​ថ្ងៃ​ណា​មួយ​ដែរ ឬ​ទេ?។

ប្រធានាធិបតីអាមេរិកលោកចូ បៃដិន (រូបឆ្វេង) និង​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន ថ្ងៃទី១៦ កក្កដា ២០២២​ ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន (រូបឆ្វេង) និង​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន ថ្ងៃទី១៦ កក្កដា ២០២២​ ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

មិន​ថា​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត ឬ​មួយ​ក៏​ជាមួយ​ប្រទេស​អារ៉ាប់​​ណា​ផ្សេង​ទេ ការ​មាន​ទំនាក់ទំនង​ផ្លូវការ ឬ​មិន​ផ្លូវការ​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ជា​រឿង​ពិបាក។ ចំណែក​ដើមចម​នៃ​រឿង​ពិបាក​នេះ គឺ​ផ្តើម​ចេញ​ពី​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​បាន​អូសបន្លាយ​អស់​ជា​ច្រើន​ទសវត្សរ៍។ ក្រុម​ប្រទេស​អារ៉ាប់​សឹង​ទាំង​អស់ ក្នុង​នោះ​មាន​អារ៉ាប៊ីសាអូឌីត​មួយ​ផង បាន​គាំទ្រ​បុព្វហេតុ​របស់​ប៉ាឡេស្ទីន​ដែល​ចង់​បាន​រដ្ឋ​ឯករាជ្យ​មួយ​ជា​ផ្លូវការ​រស់​ក្បែរ​អ៊ីស្រាអែល។ នេះ​ជា​លក្ខខណ្ឌ​តែ​មួយ​គត់​ដែល​ក្រុម​ប្រទេស​អារ៉ាប់​យក​ដាក់​លើ​តុ​ដើម្បី​ជជែក មុន​នឹង​គិតគូរ​ដល់​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល ឬ​និយាយ​បែប​ម្យ៉ាង​ទៀត ក្រុម​ប្រទេស​អារ៉ាប់​បាន​ភ្ជាប់​ការ​មាន​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​អ៊ីស្រាអែល​ទៅ​នឹង​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន។

តាម​ពិត​ទៅ ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែ​តាម​គំនិត​ផ្តួចផ្តើម​របស់​អាមេរិក និង​ក្រុមប្រទេស​អារ៉ាប់ ពិសេស​អារ៉ាប៊ីសាអូឌីត។ ក្នុង​ឆ្នាំ ២០០២ ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​អាប់ដាឡា​បាន​ស្នើ​ឡើង​នូវ​ផែនការ​សន្តិភាព​មួយ​ក្រោម​ឈ្មោះ « គំនិត​ផ្តួចផ្តើម​សន្តិភាព​អារ៉ាប់ » ហើយ​ក្នុង​ឆ្នាំ ២០០២ ដដែល ផែនការ​សន្តិភាព​មួយ​នេះ​ក៏​ត្រូវ​បាន​អនុម័ត​ទទួល​យក​ដោយ​សម្ព័ន្ធអារ៉ាប់។ ក្នុង​ឆ្នាំ ១៩៩៣ កិច្ចព្រមព្រៀង​មួយ​ដែល​គេ​ហៅ​កិច្ចព្រមព្រៀង​អូស្លូ​ត្រូវ​បាន​រក​ឃើញ​ដើម្បី​បិទបញ្ចប់​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​នៅ​ទីបំផុត ផែនការ​សន្តិភាព និង​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​ហាក់​ត្រូវ​បាន​គេ​បំភ្លេច និង​កប់​ចោល។

ពិត​ណាស់ បស្ចិមលោក ក្នុង​នោះ​មាន​អាមេរិក​មួយ​ដែរ​សុទ្ធ​តែ​បាន​យល់​ឃើញ​ដូច​ក្រុម​ប្រទេស​អារ៉ាប់​ថា រដ្ឋ​ពីរ​អ៊ីស្រាអែល ប៉ាឡេស្ទីន​រស់ក្បែរ​គ្នា​ជា​ដំណោះស្រាយ​តែ​មួយ​គត់។ តែ​បញ្ហា​នៅ​ត្រង់​ថា ដំណោះស្រាយ​មួយ​នេះ​កំពុង​បន្ត​មាន​តែ​ទ្រឹស្តី។ មួយ​វិញ​ទៀត អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ទាញ​បាន​ប្រទេស​អារ៉ាប់​ចំនួន ៣ ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល គឺ​អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និង​ប្រទេស​ម៉ារ៉ុក។ ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​សព្វថ្ងៃ​លោក​បៃដិន កុំ​ថា​ឡើយ​តែ​និយាយ​ពី​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន សូម្បី​តែ​រក​វិធីសាស្រ្ត​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​កំពុង​គាំង​មួយ​កន្លែង​ក៏​លោក​មិន​បាន​លើក​ឡើង​ដែរ។

ផ្ទុយ​ទៅ​វិញ និង​មិន​ខុស​ពី​លោក​ត្រាំ​ទេ លោក​បៃដិន​បាន​ព្យាយាម​អូស​ទាញ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត ពិសេស​អារ៉ាប៊ីសាអូឌីត​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល។ គួរ​បញ្ជាក់​ថា អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូច​គ្នា។ ចំណែក​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទំនាក់ទំនង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បុព្វហេតុ​រួម​តែ​មួយ​ដូច​គ្នា។ បុព្វហេតុ​រួម​នេះ គឺ​ដើម្បី​ប្រឈម​ទប់​នឹង​មហិច្ឆតា​នុយក្លេអ៊ែរ និង​ឥទ្ធិពល​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ឬ​អាច​និយាយ​បាន​ថា អ៊ីរ៉ង់​ជា​សត្រូវ​រួម​របស់​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត។ តាម​រយៈ​បុព្វហេតុ​រួម​មួយ​នេះ គេ​បាន​ឃើញ​សញ្ញា​រំកិល​រក​គ្នា​ខ្លះ​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​កាសែត​អាមេរិក​មួយ​ក្នុង​ខែ​មីនា រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​បាន​ចាត់​ទុក​អ៊ីស្រាអែល​ដូច​សម្ព័ន្ធមិត្ត​សក្តានុពល​ម្នាក់​ដោយ​គូសបញ្ជាក់​ពី​ផលប្រយោជន៍​រួម​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២០ អារ៉ាប៊ីសាអូឌីត​មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់​នៅ​ពេល​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល និង​បន្ត​ដោយ​ប្រទេស​ប៉ារ៉ែន ម៉ារ៉ុក និង​ស៊ូដង់។ ថ្មីៗ​នេះ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន អារ៉ាប៊ីសាអូឌីត​បាន​សម្រេច​បើក​ដែនអាកាស​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង​អស់ ក្នុង​នោះ​ក៏​មាន​អ៊ីស្រាអែល​មួយ​ដែរ។

តាម​រយៈ​កាយវិការ​នៃ​ការ​រំកិល​រក​គ្នា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​អាច​កម្រិត​នៅ​ត្រឹម​នេះ ឬ​មួយ​ក៏​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ឈាន​ទៅ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា។ តែ​សួរ​ថា តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ បើ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​បែរ​មុខ​ល្អូកល្អឺន​ដាក់​គ្នា?។ គឺ​មាន​ប្រយោជន៍​ទាំង​អស់​គ្នា នៅ​ម្ខាង វា​នឹង​បើក​ផ្លូវ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ដើរ​តួនាទី​ធំ​ជាង​មុន​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ។ ចំណែក​នៅ​ម្ខាង​ទៀត វា​នឹង​បើក​ផ្លូវ​ឲ្យ​អ៊ីស្រាអែល​បន្ត​ចែចង់​ជាមួយ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ដើម្បី​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ខ្លួន។ តែ​ដើម្បី​អាច​ឈាន​ដល់​គោលដៅ​មួយ​នេះ​បាន អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ត្រូវ​មាន​ផែនទី​ចង្អុល​ផ្លូវ​មួយ​ច្បាស់លាស់។

សរុប​មក ផ្លូវ​ឆ្ពោះ​ទៅ​មាន​ទំនាក់ទំនង​ប្រក្រតី​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​នៅ​ឆ្ងាយ និង​លំបាក។ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា ដរាប​ណា​ស្តេច​សាលម៉ាន​ដែល​មាន​ព្រះជន្ម ៨៦ព្រះវស្សា​កំពុង​បន្ត​សោយរាជ្យ​នៅ​អារ៉ាប៊ីសាអូឌីត រាជាណាចក្រ​ជង្រុក​ប្រេង​នៅ​តំបន់​ឈូងសមុទ្រពែក្ស​មួយ​នេះ​មិន​អាច​ទៅ​ឆ្ងាយ​ដូច​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ឬ​បារ៉ែន​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ទេ។ ព្រះមហាក្ស​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​បាន​បញ្ជាក់​ជានិច្ច​ថា បើ​គ្មាន​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន ក៏​គ្មាន​ទំនាក់ទំនង​ប្រក្រតី​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ