អានតួអត្ថបទ
អ៊ីស្រាអែល-អារ៉ាប៊ី សាអូឌីត

រាជ​ទាយាទ​អារ៉ាប៊ីសាអូឌីត៖ អ៊ីស្រាអែល​មាន​សិទ្ធិ​ជា​ប្រទេស​រដ្ឋ​ឯករាជ្យ​មួយ

ប្រទេស​ដ៏​មាន​ឥទ្ធិពល​នៅ​តំបន់​ដើមបូព៌ា អារ៉ាប៊ី សាអូឌីត​កំពុង​ខិត​ទៅរក​អ៊ីស្រាអែល ដើម្បី​រួមគ្នា ប្រជែង​ទប់ទល់​នឹង​សត្រូវរួម នៅក្នុង​តំបន់ គឺ​អ៊ីរ៉ង់។ ជំហរ​ខិតជិត​របស់​ទីក្រុង​រីយ៉ាដ ទៅ​រក​អ៊ីស្រាអែល ត្រូវ​បាន​ស្តែងឲ្យ​ឃើញ នៅក្នុង​បទសម្ភាសន៍​របស់​រាជបុត្រ​ស្នងរាជ្យ ម៉ូហាម៉េដ បិន សាលម៉ាន ទៅ​ឲ្យ​ទស្សនាវដ្តី​អាមេរិកាំង The Atlantic ដែល នៅក្នុង​នោះ រាជទាយាទ​អារ៉ាប៊ី សាអូឌីត ​បាន​វាយតម្លៃថា ប្រជាជន​អ៊ីស្រាអែល ក៏​ដូចជា​ប៉ាឡេស្ទីន គឺ​មាន​សិទ្ធិ​ក្នុង ការរស់នៅ​ជា​ប្រជាជាតិ​ដែល​មាន​រដ្ឋឯករាជ្យ​រៀងៗខ្លួន។ 

រាជទាយាទ​អារ៉ាប៊ី សាអូឌីត ម៉ូហាមេដ បិន សាល​ម៉ាន នៅទីក្រុង​ញូវយ៉ក នៅថ្ងៃទី ២៧មីនា ២០១៨
រាជទាយាទ​អារ៉ាប៊ី សាអូឌីត ម៉ូហាមេដ បិន សាល​ម៉ាន នៅទីក្រុង​ញូវយ៉ក នៅថ្ងៃទី ២៧មីនា ២០១៨ © REUTERS/Amir Levy
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​អំឡុង​ពេលធ្វើ​ទស្សនកិច្ច​នៅឡើយ នៅ​សហរដ្ឋអាមេរិក រាជទាយាទ អារ៉ាប៊ី សាអូឌីត ហាម៉េដ បិន សាលម៉ាន បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​អាមេរិកាំង ថា អារ៉ាប៊ី សាអូឌីត មិន​ប្រឆាំង នឹង​ការបង្កើត​ឲ្យ​មាន​រដ្ឋអ៊ីស្រាអែល​នោះទេ។

សូមបញ្ជាក់ថា កន្លងមក អារ៉ាប៊ី សាអូឌីត ដែល​មាន​តាំង នូវ​ទីកន្លែង​សក្ការៈ​អ៊ីស្លាម​ច្រើន​ជាងគេ លើ​លោក មិន​ដែល​ទទួល​ស្គាល់​វត្តមាន​របស់​អ៊ីស្រាអែល ប្រទេស​ជ្វីហ្វ នៅក្នុង​តំបន់​នោះ​ទេ។ ជាច្រើន​ឆ្នាំ​មក​ហើយ អារ៉ាប៊ី សាអូឌីត ដែល​ជា​អ្នកគាំទ្រ សំខាន់ បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល ដកខ្លួន​ចេញ​ពី​តំបន់ ទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល បាន​រំលោភ​ចូល​កាន់កាប់ ចាប់តាំង​ពី​សង្រ្គាម​៦ថ្ងៃ នៅ​ឆ្នាំ ១៩៦៧។

សូមអាន៖សម្ព័ន្ធ​អារ៉ាប់៖ ការទទួលស្គាល់​ហ្សេរុយសាឡិម ជារដ្ឋធានី​អ៊ីស្រាអែល ជាការរំលោភបំពាន​ក្រុមប្រទេសអារ៉ាប់

ប៉ុន្តែ ដោយ​ទទួល​ស្គាល់ថា អ៊ីស្រាអែល​មាន​សិទ្ធិ​មាន​ទឹកដី​ផ្ទាល់ខ្លួន យ៉ាងដូច្នេះ រាជទាយាទ ម៉ូហាម៉េដ បិន សាលម៉ាន បាន​ផ្លាស់ប្តូរ​ទាំងស្រុង​ជំហរ​ការទូត​របស់​អារ៉ាប៊ី សាអូឌីត នៅ​ចំពោះមុខ​អ៊ីស្រាអែល។ នៅ​ខែ​មីនាមុន​នេះ អារ៉ាប៊ី សាអូឌីត បាន​បើក​ជា​លើកទី១ ដែនអាកាស​របស់ខ្លួន សម្រាប់​យន្តហោះ​ពាណិជ្ជកម្ម​អ៊ីស្រាអែល។ គេជឿថា ភាពតានតឹង​កាន់តែ​ខ្លាំងឡើង​រវាង​អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់ នៅក្នុង​តំបន់ ជា​ហេតុផល​សំខាន់​មួយ ដែលធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត និងអ៊ីស្រាអែល​ខិត​ចូលជិតគ្នា។ ទាំង​អារ៉ាប៊ី សាអូឌីត និង​អ៊ីស្រាអែល សុទ្ធ​តែ​បាន​ចាត់ទុក អ៊ីរ៉ង់​ថា ជា​ប្រទេសដ៏​គ្រោះថ្នាក់ និង​គំរាមកំហែង​នៅក្នុង​តំបន់។ ថ្មីៗ​នេះ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ធ្លាប់​បានលើកឡើង​ថា អ៊ីស្រាអែល ជា​ដៃគូ​ដ៏​សំខាន់ មិនអាច​ខ្វះបាន របស់​ប្រទេស​អារ៉ាប់ ដើម្បី​អាច​ប្រឈម​ទប់ទល់​នឹង​ការពង្រីក​ដែន​ឥទ្ធិពល​របស់​អ៊ីរ៉ង់។

រាជបុត្រ​ស្នងរាជ្យ​របស់​អារ៉ាប៊ី សាអូឌីត ខិតចូល​ជិត អ៊ីស្រាអែល ប៉ុន្តែ ដោយ​មិន​ភ្លេច បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​The Atlantic រាជទាយាទ របស់​អារ៉ាប៊ី សាអូឌីត បាន​មាន​បន្ទូល​ថា អារ៉ាប៊ី សាអូឌីត គ្មាន​បញ្ហា​ជាមួយ ជនជាតិ​ជ្វីហ្វ របស់​ប្រទេស​អ៊ីស្រាអែល​នោះ​ទេ។ ក្តីកង្វល់​តែមួយ របស់​អារ៉ាប៊ី សាអូឌីត គឺ អនាគត​របស់​ទីតាំង​សក្ការៈបូជា​អ៊ីស្លាម នៅ​យេរូសាឡឹម ដែល​អ៊ីស្រាអែល​ចូល​កាន់កាប់ ដោយ​ខុសច្បាប់ ហើយ​និង​សិទ្ធិ​របស់​ប្រជាជន​ប៉ាឡេស្ទីន។ សម្រាប់​អនាគត ព្រះចៅ​អារ៉ាប៊ី សាអូឌីត ប្រជាជន​ប៉ាឡេស្ទីន ក៏ដូចជា​ប្រជាជន​អ៊ីស្រាអែល​គឺ​មាន​សិទ្ធិ មាន​ប្រទេស​រដ្ឋឯករាជ្យ រៀងៗខ្លួន។ ដើម្បី​ធ្វើ​ដូច្នេះ បាន គេ​ត្រូវ​រក​ឲ្យ​ឃើញ កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដើម្បី ធានា​ស្ថិរភាព​ឲ្យ​ប្រជាជាតិ​ទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ