អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុលាការយុត្តិធម៌អន្តរជាតិបើកសវនាការលើបណ្តឹងអ៊ីរ៉ង់ដែលទាមទារយកលុយដែលអាមេរិកបង្កកជិត ២ ០០០លានដុល្លារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១៩ កញ្ញា តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ចាប់​ផ្តើម​សវនាការ​លើ​បណ្តឹង​របស់​អ៊ីរ៉ង់​កាល​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៦។ នៅ​ក្នុង​បណ្តឹង អ៊ីរ៉ង់​បាន​ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​ឲ្យ​ខ្លួន​នូវ​ប្រាក់​ជិត ២ ០០០លានដុល្លារ​ដែល​តុលាការកំពូលអាមេរិក​ទើប​បាន​បង្កក​ទុក។ តុលាការ​យុត្តិធម៌​អន្តរជាតិ​ត្រូវ​សម្រេច​ថា តើ​អាមេរិក​មាន​សិទ្ធិ​បង្កក​លុយ​របស់​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ២០១៦ ឬ​អត់។ តើ​រឿងរ៉ាវ​មួយ​នេះ​មាន​ដំណើរ​ដើមទង​យ៉ាង​ម៉េច​ខ្លះ?។

តុលាការយុត្តិធម៌អន្តរជាតិបើកសវនាការលើបណ្តឹងអ៊ីរ៉ង់ដែលទាមទារយកលុយដែលអាមេរិកបង្កកជិត ២ ០០០លានដុល្លារ
តុលាការយុត្តិធម៌អន្តរជាតិបើកសវនាការលើបណ្តឹងអ៊ីរ៉ង់ដែលទាមទារយកលុយដែលអាមេរិកបង្កកជិត ២ ០០០លានដុល្លារ MICHAEL KOOREN/REUTERS
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​រឿងរ៉ាវ​មួយ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦ ដែល​កាលណោះ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។ កម្មវត្ថុ​នៃ​ពាក្យ​បណ្តឹង​នោះ គឺ​ទាមទារ​យក​លុយ​របស់​ខ្លួន​ចំនួន​ជិត ២ ០០០លានដុល្លារ​ដែល​តុលាការកំពូល​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បង្កក​ទុក។ ការ​សម្រេច​របស់​តុលាការកំពូល​អាមេរិក​បាន​ធ្វើ​ឡើង ក្រោយ​ពី​តុលាការ​អាមេរិក​បាន​សម្រេច​ថា ទឹកលុយ​របស់​អ៊ីរ៉ង់​ទាំង​ជិត ២ ០០០លានដុល្លារ​ត្រូវ​តែ​បង្កក​ទុក​សម្រាប់​សង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ជនជាតិ​អាមេរិក​ដែល​បាន​រង​គ្រោះ​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​រៀបចំ ឬ​គាំទ្រ​ដោយ​អ៊ីរ៉ង់។

តាម​តុលាការ​អាមេរិក ចំនួន​ទឹកលុយ​នេះ​ជា​ទឹកលុយ​សរុប​ដែល​ទាមទារ​ដោយ​ជនរងគ្រោះ​ប្រមាណ​ជា ១ ០០០នាក់ និង​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ។ ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​តុលាការ​អាមេរិក​ចង់​ផ្តោត​សំខាន់ គឺ​ក្រុម​គ្រួសារ​របស់​ទាហាន​អាមេរិក​ចំនួន ២៤១នាក់​ដែល​បាត់បង់​ជីវិត​កាល​ពី​ថ្ងៃទី២៣ តុលា ឆ្នាំ ១៩៨៣ ក្នុង​ទីក្រុង​បេរូត ប្រទេស​លីបង់។ កាល​ណោះ ក្បួន​រថយន្ត​របស់​ទាហាន​អាមេរិក និង​បារាំង​ដែល​ស្ថិត​ក្នុង​កម្លាំង​សន្តិសុខពហុជាតិ​បាន​រង​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត។ អំពើ​ភេរវកម្ម​អត្តឃាត​មួយ​នេះ​កាល​ណោះ​ត្រូវ​បាន​អាមេរិក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ៊ីរ៉ង់។

នេះ​ហើយ​ជា​ទឡ្ហីករណ៍​ដែល​តុលាការកំពូល​អាមរិក​បាន​សម្រេច​បង្កក​លុយ​អ៊ីរ៉ង់​សម្រាប់​យក​ទៅ​សងជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ។ តែ​សម្រាប់​អ៊ីរ៉ង់ នេះ​ជា​នីតិវិធី​មួយ​មិន​ស្រប​ច្បាប់ និង​បាន​ស្នើ​ឲ្យ​តុលាការយុត្តិធម៌អន្តរជាតិ​ក្រុង​ឡាអេ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦។ តែ​អ៊ីរ៉ង់​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០១៩ ទើប​តុលាការ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​យល់ព្រម​ទទួល​យក​បណ្តឹង​របស់​ខ្លួន និង​បញ្ជាក់​ពី​ការ​មាន​សមត្ថភាព​ក្នុង​ការ​វិនិច្ឆ័យ​លើ​បណ្តឹង​មួយ​នេះ​ដោយ​ច្រានចោល​ទឡ្ហីករណ៍​របស់​អាមេរិក។ បន្ទាប់​មក អ៊ីរ៉ង់​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី១៩ កញ្ញា ឆ្នាំ ២០២២ ទើប​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បើក​សវនាការ​ជា​ផ្លូវការ​លើកទី១។

ថ្លែង​នៅ​មុខ​តុលាការ​ក្នុង​ថ្ងៃ​បើក​សវនាការ​ជា​ផ្លូវការ អ្នក​តំណាង​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ការ​ដែល​អាមេរិក​បាន​រឹបអូស​បង្កក​លុយ​របស់​អ៊ីរ៉ង់ និង​លុយ​របស់​រោងចក្រសហគ្រាស​អ៊ីរ៉ង់​ជា​រឿង​ខុស​ច្បាប់ និង​ថា អ៊ីរ៉ង់​កំពុង​ត្រូវ​ការ​លុយ​ទាំង​នេះ​ខ្លាំង​ណាស់ ខណៈ​ដែល​ប្រទេស​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ទណ្ឌកម្ម​អាមេរិក និង​កំណើន​អត្រាអតិផរណា។ គួរ​បញ្ជាក់​ថា ការ​ដែល​តុលាការយុត្តិធម៌អន្តរជាតិ​បាន​យល់ព្រម​ទទួល​យក​បណ្តឹង​របស់​អ៊ីរ៉ង់​ដោយសារ​តែ​ក្រុង​តេហេរ៉ង់​បាន​លើក​យក​ទឡ្ហីករណ៍​ប្រាប់​តុលាការ​ថា ក្រុង​វ៉ាស៊ីនតោន​បាន​រំលោភ​លើ​សន្ធិសញ្ញា​ទ្វេភាគី​ស្តីពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សិទ្ធិកុងស៊ុល​ដែល​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ១៩៥៥។

គឺ​ជា​សន្ធិសញ្ញា​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​មុន​បដិវត្ត​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ ដែល​ជា​ឆ្នាំ​នៃ​ការ​ផ្តាច់​ទំនាក់ទំនង​ការទូត​រវាង​អ៊ីរ៉ង់ និង​អាមេរិក​មក​ទល់​សព្វថ្ងៃ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​តុលាការយុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នឹង​សម្រេច​យ៉ាង​ណា​នៅ​ក្នុង​បណ្តឹង​របស់​អ៊ីរ៉ង់​ពេល​នេះ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន សេចក្តីសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ​មាន​លក្ខណៈ​ចាប់​បង្ខំ​ដែល​ភាគី​ដើមបណ្តឹង និង​ចុងបណ្តឹង​ត្រូវ​តែ​អនុវត្ត។ ចំណោត​នៅ​ត្រង់​ថា បើ​គ្មាន​ភាគី​ណា​មួយ​មិន​ព្រម​អនុវត្ត​តាម​ទេ ក៏​តុលាការ​អន្តរជាតិ​មួយ​នេះ​គ្មាន​លទ្ធភាព​នឹង​ចាត់​វិធានការ​អ្វី​ដែរ។

ទោះ​ជា​យ៉ាង​នេះ និង​ទោះ​បី​ជា​តុលាការយុត្តិធម៌អន្តរជាតិ​សម្រេច​យ៉ាង​ណា​ក៏​ដោយ គេ​អាច​ចាត់​ទុក​រឿងរ៉ាវ​មួយ​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​អ៊ីរ៉ង់​បាត់​ទៅ​ហើយ ព្រោះ​ទី១ អ៊ីរ៉ង់​អាច​អូស​អាមេរិក​ឲ្យ​ត តាំង​ជាមួយ​ខ្លួន​នៅ​មុខ​តុលាការ​អន្តរជាតិ និង​ទី២ តុលាការ​មួយ​នេះ​បាន​ទទួល​យក​បណ្តឹង​របស់​អ៊ីរ៉ង់​ដោយ​ច្រានចោល​ទឡ្ហីករណ៍​របស់​អាមេរិក។ មែនទែន​ទៅ នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​តុលាការយុត្តិធម៌អន្តរជាតិ​បាន​ច្រានចោល​លើ​ទឡ្ហីករណ៍​របស់​អាមេរិក​នៅ​ក្នុង​រឿងរ៉ាវ​ជាមួយ​អ៊ីរ៉ង់។ ក្នុង​ឆ្នាំ ២០១៨ ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់ តុលាការយុត្តិធម៌អន្តរជាតិ​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​ដក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់​វិញ។

តែ​អាមេរិក​បាន​បន្ត​ធ្វើ គ ធ្វើ​ថ្លង់​មក​ដល់​សព្វថ្ងៃ។ ដូច្នេះ​នៅ​ក្នុង​រឿងរ៉ាវ​លើក​នេះ អាមេរិក​អាច​បន្ត​ធ្វើ​មិន​ដឹង មិន​ឮ ជា​ថ្មី​ទៀត បើ​តុលាការ​កាត់ក្តី​ឲ្យ​អ៊ីរ៉ង់​ឈ្នះ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ