អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

អាមេរិក​ដាក់​ទណ្ឌកម្ម​​ហិរញ្ញវត្ថុ លើ​​អ្នកផ្គត់ផ្គង់​សម្ភារៈ​ផលិត​​មីស៊ីល​​បាលីស្ទីក​អ៊ីរ៉ង់

កាលពីថ្ងៃពុធ ៣០​មីនា​ រដ្ឋាភិបាលអាមេរិក បានសម្រេច​ដាក់ទណ្ឌកម្មហិរញ្ញវត្ថុ លើ​ក្រុ​មហ៊ុន​​និង​អ្នកទទួលខុសត្រូវ ដែល​​ផ្គត់ផ្គង់សម្ភារៈ ឲ្យ​អ៊ីរ៉ង់ផលិត​មីស៊ីល​បាលីស្ទិក។ ជាការឆ្លើយតបរបស់អាមេរិក បន្ទាប់ពីកងទ័ពឆ្មាំបដិវត្ដរបស់អ៊ីរ៉ង់ បានវាយ​ប្រហារទៅលើទីតាំងមួយកន្លែង នៅ​តំបន់គួកឌីស្ថានអ៊ីរ៉ាក់ និង​បន្ទាប់ពីក្រុមហ៊ូទីយេមែន ដែល​ជាកូនចៅអ៊ីរ៉ង់ បានវាយ​ប្រហារកាន់តែខ្លាំងឡើង ទៅលើ​អារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តអាមេរិក​។

អាគារមួយក្នុងក្រុងអ៊ែរប៊ីល តំបន់គួកឌីស្ថានអ៊ីរ៉ាក់ ដែលត្រូវរងគ្រាប់មីស៊ីលរបស់​អ៊ីរ៉ង់ នៅថ្ងៃទី ១៣មីនា ២០២២។ អ៊ីរ៉ង់អះអាងថា អាគារនេះគឺជាទីតាំងសម្ងាត់ របស់​អ៊ីស្រាអែល។
អាគារមួយក្នុងក្រុងអ៊ែរប៊ីល តំបន់គួកឌីស្ថានអ៊ីរ៉ាក់ ដែលត្រូវរងគ្រាប់មីស៊ីលរបស់​អ៊ីរ៉ង់ នៅថ្ងៃទី ១៣មីនា ២០២២។ អ៊ីរ៉ង់អះអាងថា អាគារនេះគឺជាទីតាំងសម្ងាត់ របស់​អ៊ីស្រាអែល។ AP - Ahmed Mzoori
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្មថ្មីនេះ គឺសំដៅលើជនជាតិអ៊ីរ៉ង់​ម្នាក់ ឈ្មោះ Mohammad Ali Hossein ព្រមទាំងបណ្ដាញរបស់ជននេះ ដែលត្រូវអាមេរិក ដឹងថា ជាអ្នកផ្គត់ផ្គង់សម្ភារៈ និង​វត្ថុធាតុដើម ដើម្បី​ឲ្យ​អ៊ីរ៉ង់ យកទៅផលិត​មីស៊ីលបាលីស្ទីក។ ភាគហ៊ុន និងទ្រព្យសម្បត្តិរបស់ជននេះ នឹងត្រូវបង្កក ហើយមិនអាចធ្វើ​ប្រតិការ​ នៅលើទីផ្សារហិរញ្ញវត្ថុ​អាមេរិក​បានទេ។​

យោងតាម លោក Brian Nelson អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុអាមេរិក វិធានការនេះ គឺជាការឆ្លើយតប ចំពោះការវាយ​ប្រហាររបស់កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ មកលើទីតាំងមួយ​នៅតំបន់​គួកឌីស្ថានអ៊ីរ៉ាក់ កាលពីថ្ងៃទី​១៣មីនា។ មន្ត្រីអាមេរិករូបនេះ អះអាងថា អាមេរិកនឹងធ្វើការជាមួយ​ប្រទេសក្នុង​តំបន់ដើមបូព៌ា ដើម្បីធ្វើយ៉ាងណា ពិន័យអ៊ីរ៉ង់ឲ្យ​យល់ថា អំពើឈ្លានពានអធិបតេយ្យភាព​របស់​ប្រទេសក្បែរខាង វាជាអំពើខុសច្បាប់។

ដោយ​ឡែក ភាគីអ៊ីរ៉ង់ បានអះអាងថា ការវាយ​ប្រហារទៅលើតំបន់គួកឌីស្ថានអ៊ីរ៉ាក់ គឺខ្លួនបានវាយ​សំដៅ​លើទីតាំងសម្ងាត់មួយរបស់អ៊ីស្រាអែល។ ក្រោយ​រងទណ្ឌកម្មថ្មី​បន្ថែមរបស់អាមេរិកនេះ អ្នកនាំពាក្យ​ក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា ទណ្ឌកម្មថ្មីនេះ គឺមកបញ្ជាក់បន្ថែមថា អាមេរិកតែងតែមានចេតនាអាក្រក់ ធ្វើបាបប្រជាជនអ៊ីរ៉ង់ជានិច្ច។

យោងតាមលិខិតប្រកាសរបស់​ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់បន្ថែមថា ការសម្រេចដាក់ទណ្ឌកម្ម គឺមានន័យថា អាមេរិកនឹង​មិនញញើតឡើយ ក្នុងការដាក់ទណ្ឌកម្ម​ប្រឆាំងនឹងកម្មវិធី​មីស៊ីល​បាលីស្ទីក​របស់អ៊ីរ៉ង់ បើទោះបីជាពេលនេះ ការចរចា​ស្តីពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ បានឈានទៅ​មុខល្អប្រសើរខ្លាំងក៏ដោយ។​

គួរគត់សំគាល់ដែរថា វិធានការទណ្ឌកម្មរបស់អាមេរិកនេះ ក៏អាចជាការឆ្លើយ​តប វាយ​សំពងអ៊ីរ៉ង់ដែរ បន្ទាប់ពី ក្រុមហ៊ូទីយេម៉ែន ដែលជាកូនចៅអ៊ីរ៉ង់ បានវាយប្រហារជាច្រើនលើក មកលើអារ៉ាប៊ីសាអ៊ីឌីត ដែលជាសម្ព័ន្ធមិត្តអាមេរិក។ ការវាយប្រហារដែលបានសំដៅមកលើ​ហេដ្ឋារចនាសម្ព័ន្ធផលិត​ប្រេង របស់អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ