អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ីរ៉ង់

លោកម៉ាក្រុង ​រន្ធាន់ឲ្យ​​អ៊ីរ៉ង់ ត្រូវ​តែ​ប្រញាប់​ចាប់​​យក​ឱកាស​ដ៏ល្អ ដើម្បី​​ស្រោច​ស្រង់​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានទូរស័ព្ទនិយាយជាមួយ លោក អេប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី​១៩កុម្ភៈ។ នៅ​ក្នុង​កិច្ចសន្ទនានោះ លោក​ម៉ាក្រុង បាន​រន្ធាន់​​ឲ្យ​ភាគីអ៊ីរ៉ង់​ ត្រូវតែប្រញាប់ចាប់យកឱកាស​ដ៏ល្អនាពេលនេះ ដើម្បី​ស្រោចស្រង់កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ខណៈដែលភាគីអាមេរិក បានបញ្ជាក់អំពីលទ្ធផល​វិជ្ជមាន​ នៅក្នុង​ការចរចា នៅ​ទីក្រុង​វីយែន។

អ្នកកាសែតកំពុងរងចាំថត នៅខាងមុខវិមាន Coburg ទីក្រុងវីយែន ជាទីដែលមានការ​ចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ វីយែន ថ្ងៃទី ៨ កុម្ភៈ ២០២២
អ្នកកាសែតកំពុងរងចាំថត នៅខាងមុខវិមាន Coburg ទីក្រុងវីយែន ជាទីដែលមានការ​ចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ វីយែន ថ្ងៃទី ៨ កុម្ភៈ ២០២២ AP - Lisa Leutner
ផ្សាយពាណិជ្ជកម្ម

យោងតាម​វិមានប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង បាននិយាយទូរស័ព្ទជាមួយ​លោកអេប្រាហ៊ីម រ៉ៃស៊ី រយៈពេល​១ម៉ោង​កន្លះ។ នៅក្នុងកិច្ចសន្ទនានោះ លោក​ម៉ាក្រុង បានបញ្ជាក់ប្រាប់​ទៅ​លើ​ប្រធានាធិបតីអ៊ីរ៉ង់ អំពីភាពចាំបាច់ និងដ៏​បន្ទាន់​បំផុត ក្នុងការ​ទទួលយក​លក្ខខណ្ឌវិជ្ជមាន​​ទាំងឡាយ ដើម្បី​ស្រោចស្រង់​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ បើ​មិនចង់​ឲ្យ​វាហួសពេលទេនោះ។

លោក​ម៉ាក្រុង​បានលើកឡើងថា ការចរចាកន្លងមកនេះ គឺគ្រប់ភាគីទាំងអស់ បានព្យាយាម​ដោយ​ការគោរពគ្នា ដើម្បីឈាន​ទៅ​រកចំណុចប្រសព្វមួយ។ ដូច្នេះ អ៊ីរ៉ង់ ត្រូវតែ​ឆក់យកឱកាសនេះ ដើម្បី​ស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឲ្យ​មានជីវិតរស់ឡើងវិញ ព្រោះវាជាប្រយោជន៍សម្រាប់អ៊ីរ៉ង់ និង​​សម្រាប់​គ្រប់ភាគីទាំងអស់។

ដូចគ្នាដែរ លោកអូឡាហ្វ ស្ហុល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានថ្លែងនៅក្នុង​កម្មវិធីសន្និសីទទីក្រុង​មុយនីឆ កាលពីថ្ងៃសៅរ៍ម្សិលមិញថា ពេលវេលានេះ ជាពេល​ដែល​អ៊ីរ៉ង់ ត្រូវតែទទួល​យកការពិត ហើយ​អ៊ីរ៉ង់ត្រូវតែ ត្រូវតែ​ប្រញាប់ទទួល​យក​លក្ខខណ្ឌ ដែលជាលទ្ធផល​នៃការចរចា​នៅទីក្រុង​​វីយែន​។ លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងជាថ្មីថា ប្រទេសលោកនឹងមិន​សុខចិត្តឲ្យ​អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។

គួរ​បញ្ជាក់ថា ការចរចានៅទីក្រុងវីយែន បានចាប់ផ្តើមឡើងវិញ ដោយ​មាន​អាមេរិកចូលរួមចរចា ដោយ​ប្រយោល ជាមួយអ៊ីរ៉ង់។ តំណាងក្រុមចរចាអាេមរិក បានអះអាងថា លទ្ធផលនៃការចរចា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានលក្ខណៈវិជ្ជមានច្រើនណាស់ ហើយ​ដែលធ្វើឲ្យ​ភាគីអាេមរិក ជឿថាអាចនឹងឈានទៅដល់​ការព្រមព្រៀងគ្នា ប្រសិន​បើ​ភាគី​អ៊ីរ៉ង់ បង្ហាញ​ជំហរត្រឹមត្រូវច្បាស់លាស់មួយ​។

ដោយឡែក​ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែល​មានវត្តមាន​​នៅក្នុងសន្និសីទស្តីពីសន្តិសុខ នៅទីក្រុងមុយនីឆ បាន​លើកឡើងថា វាច្បាស់ណាស់ហើយ ដែល​អ៊ីរ៉ង់ ចង់​ឃើញ​គេដកទណ្ឌកម្ម​សេដ្ឋកិច្ចចេញពីប្រទេសខ្លួន ឲ្យ​បានឆាប់បំផុត។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ អ៊ីរ៉ង់ ចង់​បានការធានាជាក់ច្បាស់មួយ ពី​ភាគីផ្សេងទៀត ថាកិច្ចព្រមព្រៀងនេះ នឹងមិនរលាយ​ដូចអំបិល​ត្រូវទឹក​ម្តងទៀត នៅពេល​ណាអាមេរិកចង់ប្តូរចិត្តជាថ្មីនៅថ្ងៃខាងមុខ។ ក្នុងន័យនេះ ភាគីអ៊ីរ៉ង់ ចង់ឲ្យ​មានការធានាការពារ​សុពលភាពកិច្ចព្រមព្រៀងនេះ​ កុំឲ្យ​រដ្ឋាភិបាលថ្មីណាមួយ​របស់​អាមេរិក អាចបំផ្លាញវាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ