អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាទេសចរណ៍ពិភពលោកបានផ្តើមយកចិត្តទុកដាក់ខ្លាំងលើបញ្ហាបរិស្ថាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៧ កញ្ញា​ជា​ទិវា​ទេសចរណ៍​ពិភពលោក។ ទិវា​មួយ​នេះ​ត្រូវ​បាន​បារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៧ កញ្ញា​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ ១៩៨០ ដោយ​មាន​ប្រធានបទ​ខុសៗ​គ្នា។ សម្រាប់​ឆ្នាំ ២០២២ ទិវា​ទេសចរណ៍​ពិភពលោក​រៀបចំ​ឡើង​ក្រោម​ប្រធានបទ « ការ​គិតគូរ​ឡើង​វិញ​ពី​ទេសចរណ៍ »។ តាម​រយៈ​ប្រធានបទ​មួយ​នេះ អង្គការ​សហប្រជាជាតិ​ចង់​ដាស់​តឿន​ឲ្យ​គ្រប់​ប្រទេស​ទាំង​អស់​ពិនិត្យ​មើល​ឡើង​វិញ​លើ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដោយ​គិតគូរ​ពី​វិស័យ​បរិស្ថាន។ ចូរ​កុំ​ភ្លេច​ថា វិស័យ​ទេសចរណ៍​ក៏​បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៃ​ការ​ចាក់​ចោល​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​ដែរ។

ហេតុអ្វីបានជាទេសចរណ៍ពិភពលោកបានផ្តើមយកចិត្តទុកដាក់ខ្លាំងលើបញ្ហាបរិស្ថាន?
ហេតុអ្វីបានជាទេសចរណ៍ពិភពលោកបានផ្តើមយកចិត្តទុកដាក់ខ្លាំងលើបញ្ហាបរិស្ថាន? © Kevin Dietsch/Getty Images, via AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឆ្នាំ ២០១៩ ពោល​មុន​ផ្ទុះ​វិបត្តិ​ជំងឺ​កូវីដ១៩ មាន​ទេសចរ​ប្រមាណ​ជា ១ ៥០០លាននាក់​បាន​ចេញ​ដើរ​លេង​ដោយ​ខ្លះ​បាន​ជ្រើស​ទីកន្លែង​កំសាន្ត​ក្នុង​ស្រុក និង​ខ្លះ​ទៀត​បាន​ចេញ​ដើរ​កំសាន្ត​នៅ​បរទេស។ ចំណែក​ប្រាក់​ចំណូល​បាន​មក​ពី​វិស័យ​មួយ​នេះ​មាន​ប្រមាណ​ជា ១ ៥០០ ០០០លានដុល្លារ នេះ​ជា​តួលេខ​ផ្តល់​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក។ តែ​នៅ​ពេល​ដែល​ពិភពលោក​បាន​ផ្តើម​ដាំ​ក្បាល​ចូល​ក្នុង​វិបត្តិ​កូវីដ១៩ នា​ចុង​ឆ្នាំ ២០១៩ ដើម​ឆ្នាំ ២០២០ វិស័យ​មួយ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ហៅ​មិន​ឮ។ កុំ​ថា​ឡើយ​គ្មាន​អ្នក​ចេញ​ដើរ​លេង​នៅ​បរទេស សូម្បី​តែ​ការ​ដើរ​កំសាន្ត​ក្នុង​ស្រុក​ខ្លួន​ឯង​ក៏​សឹង​តែ​គ្មាន​ផង។

ដូច្នេះ​សម្រាប់​ប្រទេស​មួយ​ចំនួន​ដែល​សេដ្ឋកិច្ច​មិន​សូវ​ពឹង​ច្រើន​លើ​វិស័យ​ទេសចរណ៍ វា​មិន​សូវ​ជា​ចំណោត​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ប្រទេស​ខ្លះ​ទៀត​ដែល​សេដ្ឋកិច្ច​បាន​ពឹង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ វា​ប្រៀប​ដូច​ជា​ការ​ដក​សារ៉ូម​ចេញ​ពី​មនុស្ស​ដែល​កំពុង​ឈឺ​ធ្ងន់​មិន​អាច​ទទួល​ទាន​អាហារ​តាម​មាត់​បាន​អ៊ីចឹង ឬ​អាច​និយាយ​បាន​បែប​ម្យ៉ាង​ទៀត អត់​ទេចរ​មាន​ន័យ​ស្មើ​នឹង​អត់​បាយ។ នេះ​ជា​ចំណុច​អវិជ្ជមាន។ ចំណែក​ចំណុច​វិជ្ជមាន​ដែល​គេ​ទទួល​បាន​ត្រឡប់​វិញ​ពី​ការ​ធ្លាក់​ចុះ​វិស័យ​ទេចរណ៍ គឺ​បរិស្ថាន ព្រោះ​ចូរ​កុំ​ភ្លេច​ថា ទេសចរណ៍​ក៏​ជា​វិស័យ​មួយ​ដែល​បាន​ចូលរួម​ចាក់​ចោល​ឧស្ម័ន​ផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​ដែរ។

នៅ​ពេល​ដែល​ពិភពលោក​បាន​ញាំញី​ពេញ​ទំហឹង​ដោយ​ជំងឺ​កូវីដ១៩ ក្នុង​រយៈ​ពេល ២ឆ្នាំ អ្វីៗ​ត្រូវ​បាន​ជាប់គាំង​សឹង​តែ​ទាំង​ស្រុង ពិសេស​វិស័យ​ដឹកជញ្ជូន​អ្នក​ដំណើរ។ រូបភាព​ដែល​គេ​បាន​សង្កេត​ឃើញ​ក្នុង​ឆ្នាំ ២០២០ និង ២០២១ គឺ​យន្តហោះ​ចត​ចោល​ត្រៀបត្រា​នៅ​តាម​អាកាសយានដ្ឋាន និង​ភាព​ស្ងាត់​ជ្រងំ​នៅ​តាម​ផ្លូវ​ដោយ​សឹង​គ្មាន​ចរាចរណ៍​ឡាន ឬ​ម៉ូតូ។ តែ​អ្វី​ដែល​គេ​ទទួល​បាន​នា​ពេល​នោះ គឺ​រុក្ខជាតិ​លូតលាស់​ស្រង់បំព្រង និង​ខ្យល់​មាន​គុណភាព​ល្អ​ដែល​ស្រួល​ដក​ដង្ហើម។ ចូរ​កុំ​ភ្លេច​ថា ផ្សែង​ចេញ​ពី​បំពង់​ស៊ីម៉ាំង​យន្តហោះ ឡាន ឬ​ម៉ូតូ គឺ​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ ហើយ​ឧស្ម័ន​ប្រភេទ​នេះ​ជា​ប្រភព​មួយ​នៃ​ការ​បង្ក​ឲ្យ​មាន​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស។

អង្គការ​ទេសចរណ៍​ពិភពលោក​បាន​ទទួល​ស្គាល់​ថា ទេសចរណ៍​ជា​វិស័យ​មួយ​ដែល​ងាយ​រងគ្រោះ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ផង និង​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផង។ តាម​ការ​សិក្សា​មួយ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ចេញ​ផ្សាយ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៩ សម្រាប់ COP25 ឧស្ម័ន​កាបូនិក​ដែល​ចាក់ចោល​ដោយ​វិស័យ​ទេសចរណ៍​ត្រូវ​កើន​យ៉ាង​តិច​ចំនួន ២៥% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ ក្រៅ​ពី​នេះ វត្តមាន​ទេសចរ​ទាំង​ហ្វូងៗ​ដោយ​គ្មាន​ការ​កំណត់​ចំនួន​នៅ​តាម​តំបន់​ទេសចរណ៍ មិន​ថា​តំបន់​ឆ្នេរសមុទ្រ សួន​ឧទ្យានជាតិ សួន​សត្វ ឬ​មួយ​ក៏​តំបន់​ទេសចរណ៍​ណា​ទេ​សុទ្ធ​តែ​បាន​ចូលរួម​ជះ​ផលវិបាក​ដល់​បរិស្ថាន។

ដូច្នេះ វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ពិភពលោក​ត្រូវ​គិតគូរ​ឡើង​វិញ និង​ឲ្យ​បាន​ឆាប់​បំផុត​ពី​ទេសចរណ៍ ខណៈ​ដែល​វិស័យ​មួយ​នេះ​បាន​ចាប់​ផ្តើម​មាន​សកម្មភាព​ឡើង​វិញ និង​ហាក់​កំពុង​មាន​សកម្មភាព​ខ្លាំង​ជាង​មុន​ពេល​ផ្ទុះ​ជំងឺ​កូវី១៩ ទៅ​ទៀត។ អ៊ីចឹង​ហើយ​បាន​ជា​ជម្រើស​ប្រធានបទ « ការ​គិតគូរ​ឡើង​វិញ​ពី​ទេសចរណ៍ » សម្រាប់​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ ២០២២ នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ នា​ឱកាស​ថ្ងៃ​ទិវា​ទេសចរណ៍​ពិភពលោក​នេះ ការ​តាំង​ពិព័រណ៍​ទេសចរណ៍​មួយ​ត្រូវ​បាន​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស។ គេ​បាន​សង្កេត​ឃើញ​ថា​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន ទេសចរណ៍​ភ្ជាប់​នឹង​លក្ខខណ្ឌ​បរិស្ថាន​ត្រូវ​បាន​គេ​លើក​ទៅ​និយាយ​ច្រើន​នៅ​ពេល​នេះ។

ចៀសវាង​ការ​ទទួល​ទេសចរ​ទាំង​ហ្វូងៗ​ដោយ​គ្មាន​ការ​កំណត់​ចំនួន ចៀសវាង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ក្នុង​ចម្ងាយ​ខ្លី ចូលរួម​ជួយ​ថែរក្សា​ទីតាំង​ធម្មជាតិ គោរព​ឲ្យ​បាន​ត្រឹមត្រូវ​លើ​តំបន់​ដែល​ទទួល​បាន​ការ​ការពារ ដើរ​លេង​កាន់​តែ​ជិត​កាន់​តែ​ល្អ ឬ​មួយ​ក៏​ជំរុញ និង​បង្កើន​គោលដៅ​ទេសចរណ៍​ក្នុង​ស្រុក ទាំង​នេះ​សុទ្ធសឹង​ជា​វិធីសាស្រ្ត​ដែល​ត្រូវ​ពិចារណា​ដើម្បី​គិតគូរ​ឡើង​វិញ​ពី​ទេសចរណ៍។ លោក Eric La Bonnardière ស្ថាបនិក​ទីភ្នាក់ងារ​ទេចរណ៍ Evaneos បាន​យល់​ឃើញ​ថា គេ​មិន​អាច​បំបាត់​ការ​ធ្វើ​ដំណើរ​ទាំង​ស្រុង​បាន​ទេ តែ​គេ​ត្រូវ​រៀបចំ​ការ​ធ្វើ​ដំណើរ​បែប​ផ្សេង​ដោយ​គិតគូរ​ពី​រឿង​បរិស្ថាន។ តាម​លោក Eric La Bonnardière អ្នក​ដំណើរ​វ័យ​ក្មេង​បាន​គិតគូរ និង​ព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​បរិស្ថាន​ជាង​អ្នក​ដំណើរ​វ័យ​ចំណាស់។

តាម​ការ​សិក្សា​មួយ​ក្នុង​ប្រទេស​បារាំង មាន​មនុស្ស​ដែល​បាន​សួរ​នាំ​ចំនួន ៤៤% បាន​គិតគូរ​ពី​ការ​ប្តូរ​របៀប​ដើរ​លេង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២២ ដោយសារ​តែ​ពួក​គេ​បារម្ភ​ពី​រឿង​បរិស្ថាន។ ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​បាន​សង្កេត​ឃើញ​ថា នៅ​តែ​មាន​ការ​យល់​ដឹង និង​ចាប់​អារម្មណ៍​ខុស​គ្នា​ក្នុង​រឿង​បរិស្ថាន​ដោយ​ផ្អែក​តាម​ប្រទេស​នីមួយៗ​ក្នុង​លោក។ សម្រាប់​ប្រទេស​ខ្លះ បរិស្ថាន​ជា​ប្រធានបទ​អាទិភាពទី១។ តែ​សម្រាប់​ប្រទេស​ខ្លះ​ទៀត ពិសេស​ប្រទេស​ដែល​សេដ្ឋកិច្ច​ពឹង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ បរិស្ថាន​ជា​ប្រធានបទ​អាទិភាព​ទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ