អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

របាយការណ៍៖ ៦ខែ ឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងជិត២ពាន់គម្រោង ក្រោមទុនវិនិយោគជាង១ពាន់លានដុល្លារ

សមាគមអ្នកសាងសង់កម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេលមួយឆមាសដំបូងនៃឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងសាងសង់សរុបជិត២ពាន់គម្រោង និងមានទុនវិនិយោគសរុបជាង១ពាន់លានដុល្លារ។ បើតាមសមាគមអ្នកសាងសង់កម្ពុជា គម្រោងសាងសង់ភាគច្រើន គឺមកពីប្រទេសចិន ជប៉ុន ថៃ និងកូរ៉េ ។ បើតាមផ្អែកតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គម្រោងសាងសង់ជិត២ពាន់គម្រោងនេះ គឺមានការថយស្ទើរពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ
ការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ © Internet
ផ្សាយពាណិជ្ជកម្ម

គម្រោងចំនួន១,៩៨៤គម្រោង និងមានទុនវិនិយោគសរុបចំនួន១,០៤១លានដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័ត និងបានផ្តល់លិខិតអនុញ្ញាតសាងសង់។

ក៏ប៉ុន្តែបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ បរិមាណគម្រោងដែលរដ្ឋាភិបាលបានអនុម័តសរុប គឺថយចុះជាងពាក់កណ្តាល។ ថយចុះជាងពាក់កណ្តាល គឺនៅឆមាសទី១ ឆ្នាំ២០២១ គម្រោងចំនួន២,២៣៥ គម្រោង និងគិតជាទឹកប្រាក់មានជាង២ពាន់លានដុល្លារអាមេរិក។

លោក ឆារស៍ វ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជាបានបញ្ជាក់ថា ទំហំការអនុម័តគម្រោងនាឆមាសទី១ ឆ្នាំ២០២២ គឺពិតមានការថយចុះគួរឱ្យកត់សម្គាល់មែន។ ការថយចុះនេះ ក៏ដោយសារតែបញ្ហាមេរោគកូវីដ១៩ និងបញ្ហាសង្គ្រាមដែលកំពុងអូសបន្លាយនៅប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងនេះក្តី បើផ្អែកតាមប្រភពនៃការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យសំណង់ និងអចលនវត្ថុ នឹងមានការកើនឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល ពោលគឺនៅឆ្នាំ២០២២នេះ បើមិនមានការប្រែប្រួលអ្វីនោះទេ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជានឹងកើនឡើង ៥.៤ភាគរយ រីឯវិស័យអលចនទ្រព្យកើន៤.១ភាគរយ។

លោក ឆារស៍ វ៉ាន់បន្តថា ចំពោះការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏អាចមានសន្ទុះងើបឡើងវិញក្នុងសញ្ញាល្អ និងថែមទាំងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ផង។ 

ជុំវិញការលើកឡើងបែបនេះ បើផ្អែកតាមសារាចរណែនាំស្តីពី ការៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣បានបង្ហាញឱ្យដឹងថា វិស័យសំណង់ ត្រូវបានរដ្ឋាភិបាលព្យាករថា នឹងកើនឡើងក្នុងរង្វង់៧.២ភាគរយ សម្រាប់ឆ្នាំ២០២៣។ កំណើនជាង៧ភាគរយនេះ គឺអាចដោយសារតែការងើបឡើងវិញនៃលំហូរទុនវិនិយោគពីបរទេស សម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

ចំពោះ វិស័យអចលនទ្រព្យវិញ ក្នុងឆ្នាំ២០២៣ខាងមុខនេះ រដ្ឋាភិបាលក៏បានក្តីរំពឹងថា នឹងអាចកើនឡើងប្រមាណ៥.២ភាគរយ។ ការកើនឡើងនេះ ដោយមើលឃើញអំពី​សកម្មភាពទិញ លក់ និងជួលអចលនទ្រព្យហក់ឡើងតម្លៃវិញ ហើយ ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនទ្រព្យ ផ្នែកលំនៅឋានមានតម្លៃទាប និងមធ្យមក៏កំពុងស្ថិតក្នុងតម្រូវល្អផង។

សូមជម្រាបថា កាលពីឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងសាងសង់សរុបចំនួន៤,៣០៣គម្រោង និងមានទុនវិនិយោគជាង៥,៣៣៣លានដុល្លារ ខណៈនៅឆ្នាំ២០២០ គម្រោងដែលកម្ពុជាបានអនុម័តទាំងស្រុងមានចំនួន៤៨៤១គម្រោង និងមានទុនវិនិយោគប្រមាណ៧៧៥៣លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ