អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសង្រ្គាមនៅអ៊ុយក្រែនអាចបញ្ចប់នៅពេលណា និងដោយរបៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយជាង៧ខែ រួចទៅហើយ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ហើយនិងបានបង្កផលជាប៉ះពាល់យ៉ាងច្រើនលើពិភពលោកទាំងមូល។ ក៏ប៉ុន្តែ តើសង្រ្គាមនេះអាចបញ្ចប់នៅពេលណា និងដោយរបៀបណា?

តើសង្រ្គាមនៅអ៊ុយក្រែនអាចបញ្ចប់នៅពេលណា និងដោយរបៀបណា?
តើសង្រ្គាមនៅអ៊ុយក្រែនអាចបញ្ចប់នៅពេលណា និងដោយរបៀបណា? © Ukraine Ministry of Defence
ផ្សាយពាណិជ្ជកម្ម

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយជាង៧ខែទៅហើយ ក៏ប៉ុន្តែទីបញ្ចប់របស់សង្គ្រាមនេះហាក់មិនទាន់មានពន្លឺនៅឡើយទេ។

នាពេលបច្ចុប្បន្ន អ៊ុយក្រែនបានវាយរុញច្រានដណ្ដើមយកទឹកដីពីរុស្ស៊ីបានកាន់តែច្រើន ក៏ប៉ុន្តែរុស្ស៊ីបានប្រកាសបង្កើនទ័ពឡើងវិញផងដែរ។ គ្មាននរណាអាចដឹងប្រាកដថា សង្គ្រាមនេះនឹងទៅជាយ៉ាងណាពិតប្រាកដទេ។

ផ្អែកតាមអ្នកជំនាញ ទីបញ្ចប់នៃសង្គ្រាមនេះអាស្រ័យលើកត្តាច្រើន មិនត្រឹមតែអាស្រ័យលើសកម្មភាព និងការសម្រេចចិត្តរបស់រុស្ស៊ី និងអ៊ុយក្រែនខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យទៅលើកត្តាផ្សេងៗ ជាពិសេស សកម្មភាព និងការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

យោងតាមបទវិភាគរបស់កាសែត The Economist សង្រ្គាមនៅអ៊ុយក្រែនទំនងជាអាចបញ្ចប់ដោយសេណារីយ៉ូច្រើនយ៉ាង ក៏ប៉ុន្តែ សម្ព័ន្ធមិត្តលោកខាងលិចហាក់មិនទាន់យល់ស្របគ្នា ចំពោះលក្ខខណ្ឌនៃសន្តិភាពនៅឡើយ។

ជំហររបស់សហភាពអឺរ៉ុប

ជារឿយៗ គេតែងតែសង្កេតឃើញថា បណ្ដាលោក​ខាង​លិចសង្កត់ធ្ងន់ថា វា​គឺ​ជា​អ៊ុយក្រែនដែល​ជា​អ្នក​សម្រេច។ ក៏ប៉ុន្តែ ជាក់ស្ដែង អឺរ៉ុបគឺជាកត្ដាជំរុញចម្បងឱ្យអ៊ុយក្រែនសម្រេចចិត្តរបស់ខ្លួន។

លោក Ivan Krastev អ្នកជំនាញវិទ្យាសាស្រ្ដនយោបាយ ពី មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រសេរី (the Centre for Liberal Strategies) បានពន្យល់ថា ស្ថានភាពបញ្ចប់សង្គ្រាមនេះកំពុងចែកចេញជាពីរផ្នែក។ មួយផ្នែក ​គឺ ក្រុមប្រទេសដែលចង់បានសន្ដិភាព (peace party) ហើយ​ចង់​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ​និង​ការ​ចាប់​ផ្តើម​ការ​ចរចា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មួយផ្នែកទៀត គឺក្រុមប្រទេសដែលចង់បានយុត្តិធម៌ (justice party) ហើយគិតថា រុស្ស៊ីត្រូវសងថ្លៃខូតខាតចំពោះការឈ្លានពានរបស់ខ្លួន។

ជាឧទាហរហ៍ ការចរចាអាចក្រោមទម្រង់ដែលគេអាចអនុញ្ញាតឱ្យរុស្ស៊ីកាន់កាប់ទឹកដីដែលរុស្ស៊ីបានឈ្លានពានរហូតមកដល់ពេលនេះ ឬរុញរុស្ស៊ីឱ្យត្រឡប់ទៅបន្ទាត់ព្រំដែនដី នៅថ្ងៃទី២៤ ខែកុម្ភៈ ឬព្យាយាមរុញរុស្ស៊ីឱ្យត្រលប់ទៅវិញទៅដល់ព្រំដែនអន្តរជាតិ ដែលរុស្ស៊ីបានឈ្លានពានកាលពីឆ្នាំ២០១៤?

នៅអឺរ៉ុប ក្រុមទាមទារឱ្យមានសន្ដិភាព និងការចរចា ក៏មិនឯកភាពទាំងស្រុងនោះដែរ។ ប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យមានបទឈប់បាញ់។ ប្រទេសអ៊ីតាលីកំពុងទាមទារឱ្យមានផែនការផ្សេង សម្រាប់ដំណោះស្រាយនយោបាយ។ ប្រទេសបារាំងនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត ដោយធ្វើយ៉ាងណាមិនឱ្យមាន "ភាពអាម៉ាស់" សម្រាប់រុស្ស៊ី។ បណ្ដាប្រទេសផ្សេងទៀតដែលមិនគាំទ្រជំហរខាងលើ គឺ ប៉ូឡូញ និងបណ្ដារដ្ឋនៅតំបន់បាល់ទិក និងកំពុងដឹកនាំដោយចក្រភពអង់គ្លេស។​

ជំហររបស់សហរដ្ឋអាមេរិក

ចុះអាមេរិកវិញ? អាមេរិកគឺជាប្រទេស​គាំទ្រ​ដ៏​សំខាន់​បំផុតចំពោះប្រទេសអ៊ុយក្រែន ប៉ុន្តែអាមេរិក​នៅ​មិន​ទាន់​កំណត់​គោលដៅ​ច្បាស់​លាស់នៅឡើយ​នោះ​ទេ ក្រៅ​ពី​ការធ្វើយ៉ាងណាពង្រឹង​អ៊ុយក្រែន​ឱ្យមានអំណាច​ចរចាក្នុងដៃ​កាន់​តែ​ខ្លាំង។ ផ្អែតតាមសារព័ត៌មាន BBC អាមេរិកបានចំណាយប្រាក់ជិត ១៤ពាន់លានដុល្លារអាមេរិកលើសង្រ្គាមរហូតមកដល់ពេលនេះ ហើយសភាអាមេរិកគ្រោងនឹងផ្ដល់ជំនួយថវិកាបន្ថែមទៀត។ អាមេរិក​ក៏បានប្រមូលជំនួយ​​យោធា​ពី​ប្រទេស​ជាង​៤០​ផ្សេង​ទៀត។ ប៉ុន្តែ ជំនួយនេះមានដែនកំណត់។ ជាឧទាហរណ៍ អាមេរិកបានបញ្ជូនកាំភ្លើងធំ ប៉ុន្តែមិនមែនប្រព័ន្ធរ៉ុក្កែតបាញ់ចម្ងាយឆ្ងាយដែលអ៊ុយក្រែនកំពុងស្នើសុំនោះទេ។

ផ្អែកតាមលោក Henry Kissinger អតីតរដ្ឋមន្រ្ដីការបរទេសអាមេរិកដ៏ល្បីឈ្មោះ ក្នុងការចេញផ្សាយរបស់កាសែត The New York Times ការបរាជ័យរបស់រុស្ស៊ីគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ការជួយអ៊ុយក្រែនខ្លាំងជ្រុលអាចធ្វើឱ្យសង្រ្គាមហួសពីដើម្បីសេរីភាពរបស់អ៊ុយក្រែនទេ ប៉ុន្តែវាគឺជាសង្រ្គាមថ្មីមួយប្រឆាំងនឹងរុស្ស៊ីខ្លួនឯងផ្ទាល់តែម្ដង។ លោកបាននិយាយថា ប្រទេសរុស្ស៊ីមានតួនាទីសំខាន់ក្នុងការរក្សាតុល្យភាពអំណាចនៅអឺរ៉ុប។ អាមេរិកមិនគួររុញរុស្ស៊ីឱ្យចូលទៅក្នុងសម្ព័ន្ធភាពអចិន្ត្រៃយ៍កាន់តែខ្លាំងជាងនេះជាមួយប្រទេសចិននោះទេ។

ជំហររបស់អ៊ុយក្រែន

“សង្រ្គាមនៅអ៊ុយក្រែននឹងត្រូវបានឈ្នះនៅលើសមរភូមិ ប៉ុន្តែអាចបញ្ចប់បានតែតាមរយៈការចរចា។” នេះបើតាមសម្ដីរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

សម្រាប់​ពេល​នេះ ស្ថានភាពបានឈានដល់ដំណាក់កាលមួយគឺថា ​អនាគត​គឺ​សម្រាប់​អ៊ុយក្រែន​ក្នុង​ការ​សម្រេច​ចិត្ត។ ក៏ប៉ុន្តែ ​ជម្រើស​របស់​អ៊ុយក្រែន​ក៏ត្រូវ​បាន​កំណត់​ដោយ​អ្វី​ដែលបណ្ដាប្រទេស​លោកខាងលិច​នឹង​ផ្តល់ឱ្យផងដែរ។ លោក Zelensky បានលើកឡើងក្នុងកិច្ចប្រជុំនៅ Davos ថា “អឺរ៉ុបគួរតែរួបរួមគ្នា។ អ៊ុយក្រែនគឺខ្លាំង នៅពេលដែលពួកអ្នករួបរួមគ្នា។ អ៊ុយក្រែន​នឹង​ប្រយុទ្ធ​រហូត​ដល់​ទទួល​បាន​ទឹកដី​ទាំង​អស់​របស់​ខ្លួន​មក​វិញ”។ ប៉ុន្តែ ​គាត់​ក៏​ហាក់​ដូច​ជា​ទុក​កន្លែង​សម្រាប់​ការ​សម្រុះ​សម្រួលចរចាជាមួយរុស្ស៊ីផងដែរ។ លោក​បាន​និយាយ​ថា ការ​ចរចា​ជាមួយ​រុស្ស៊ី​អាច​នឹង​ចាប់​ផ្តើម ​នៅ​ពេល​ដែលរុស្ស៊ី​ដក​ខ្លួន​ទៅ​ដល់ចំណុច ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ។

ជំហររបស់រុស្ស៊ី

ក្រៅពីការមិនឯកភាពគ្នានៃបណ្ដាប្រទេសអឺរ៉ុប និងអាមេរិក ក៏មានការព្រួយបារម្ភពីរចម្បងផ្សេងទៀតផងដែរ ជាពិសេស ពីជំហររបស់រុស្ស៊ី។ មួយ​គឺ​ថា គេមិនអាចមើលស្រាលលើកម្លាំងរបស់ទ័ពរុស្ស៊ី ទោះក្រោយទ័ពអ៊ុយក្រែនអាចដណ្ដើមទឹកដីឡើងវិញ។ មួយទៀត គឺថា សង្គ្រាមនេះគឺផុយស្រួយណាស់។ ប្រសិនបើសង្គ្រាមកាន់តែបន្ដ នោះរុស្ស៊ី​អាចពង្រីកសង្គ្រាមដល់​អង្គការ​ណាតូ ឬ​ងាក​ទៅប្រើប្រាស់​អាវុធគីមី ឬ​សូម្បីតែ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បញ្ចៀស​ការបរាជ័យ។ លោក Emmanuel Macron ប្រធានាធិបតី​បារាំង​និយាយ​ថា ក្នុង​រយៈពេល​វែង អឺរ៉ុប​នឹង​ត្រូវ​ស្វែងរក​ផ្លូវ​រស់នៅ​ជាមួយ​រុស្ស៊ី។

លោក Volodymyr Fesenko អ្នកវិភាគនយោបាយនៅទីក្រុង Kyiv បាននិយាយថា "ភាពផ្ទុយគ្នានៃស្ថានភាពគឺថា ភាគីទាំងពីរនៅតែជឿថាពួកគេអាចឈ្នះ។ លុះត្រាតែសង្គ្រាមឈានដល់ចំណុចជាប់គាំង ហើយអ៊ុយក្រែន និងរុស្ស៊ី ទទួលស្គាល់វាគឺជាប់គាំងមែន ដូច្នេះការពិភាក្សាអំពីការសម្របសម្រួលណាមួយនឹងអាចធ្វើទៅបាន។”

សរុបជារួម ទីបញ្ចប់នៃសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន អាស្រ័យលើកត្តាច្រើន ពីសំណាក់អ៊ុយក្រែន និងរុស្ស៊ីផ្ទាល់ ក៏ដូចជាពីសំណាក់បណ្ដាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលមិនមាននយោបាយរួម។ ដូច្នេះហើយ សង្គ្រាមនេះអាចនឹងបន្ដអូសបន្លាយទៅមុខទៀត ហើយលទ្ធភាពដែលរុស្ស៊ីអាចឈ្នះសង្គ្រាម ឬអ៊ុយក្រែនអាដណ្ដើមយកទឹកដីបាត់បង់មកវិញទាំងស្រុង គឺស្ថិតនៅជាប្រូបាប៊ីលីតេនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ