អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

សង្គ្រាម​នៅ​អ៊ុយក្រែន​៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ ទូរស័ព្ទ​និយាយ​ជាមួយ​​សមភាគី​បារាំង និង​​អង់គ្លេស

កាលពីថ្ងៃអាទិត្យ​ ទី​២៣តុលា លោក​រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានទូរស័ព្ទទៅនិយាយជាមួយ​រដ្ឋមន្ត្រីការពារជាតិតួកគី និ​ងរដ្ឋមន្ត្រីការពារជាតិ​បារាំង ស្តីអំពីបញ្ហាសង្គ្រាម​នៅ​​អ៊ុយក្រែន​។​ បន្ថែមពីនេះ លោក​រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ក៏បាន​ទូរស័ព្ទទៅនិយាយជាមួយ​រដ្ឋមន្ត្រីការពារជាតិ​អង់គ្លេសដែរ។ ជាការបង្កើន​ការសន្ទនាផ្ទួនៗគ្នា ជាមួយ​ក្រុម​ប្រទេសបស្ចឹមលោក ដែលរុស្ស៊ី​អះអាងថា ដើម្បីប្រាប់រំឭកឲ្យដឹងអំពីគ្រោះថ្នាក់ ប្រសិន​បើអ៊ុយក្រែននៅតែបង្ករឿង។

លោក ស៊ែរហ្កី ឆយហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ក្នុងពេលតាមដាន​ប្រតិបត្តិការ​របស់កងទ័ពរុស្ស៊ី ថ្ងៃទី ២០ កក្កដា ២០២២
លោក ស៊ែរហ្កី ឆយហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ក្នុងពេលតាមដាន​ប្រតិបត្តិការ​របស់កងទ័ពរុស្ស៊ី ថ្ងៃទី ២០ កក្កដា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសរបស់​ក្រសួងការពារជាតិរុស្ស៊ី ចេញផ្សាយ​ថ្ងៃអាទិត្យ​ទី​២២តុលា នៅក្នុងពេលនិយាយគ្នាជាមួយ​សមាភាគីបារាំង លោក​រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងលើកឡើងថា ស្ថានការណ៍​កាន់តែចុះដុនដាបខ្លាំង ប្រសិនបើអ៊ុយក្រែននៅតែគំរាម បង្ករឿងមកលើរុស្ស៊ី។ លោកស៊ែរហ្កី ឆយ​ហ្គូ លើកឡើងទៀតថា ភាគីរុស្ស៊ីសង្ស័យថា អ៊ុយក្រែន មានគម្រោងប្រើ “គ្រាប់បែកប្រភេទកាចសាហាវ” ហើយបន្ទាប់មក​ចោទថាគឺរុស្ស៊ីជាអ្នកប្រើវា។ រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ីអះអាងថា​ គ្រាប់​បែកប្រភេទកាចសាហាវ អាចជាគ្រាប់បែកជាតិផ្ទុះធម្មតា តែផ្ទុកបង្កប់ដោយ​សារធាតុ​វិទ្យុសកម្ម។​

ជាការឆ្លើយតបទៅនឹងសំដី​លើកឡើង របស់​លោក​ស៊ែរហ្កី ឆយហ្គូនេះ លោក​រដ្ឋមន្ត្រីការពារជាតិបារាំង សេបាស្យៀង ឡឺក័រនុយ បាន​លើកឡើងថា បារាំងប្រឆាំងដាច់ខាត ចំពោះការគំរាមសម្លុតគ្នា ដោយ​ការប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ។ ភាគីបារាំងបានអំពាវនាវឲ្យ​រុស្ស៊ី ត្រូវតែបញ្ឈប់សង្គ្រាមឈានពាន​នៅអ៊ុយក្រែន​ជាបន្ទាន់ ហើយ​បារាំងសន្យាធ្វើគ្រប់យ៉ាង សហការជាមួយសម្ព័ន្ធមិត្ត​ ដើម្បី​​ជំរុញឲ្យ​មាន​ដំណោះស្រាយ​ដោយ​​សន្តិវិធី ក្នុងសំណុំរឿងអ៊ុយក្រែននេះ។

គួររំលឹកថា កាលពីថ្ងៃសុក្រ លោក ស៊ែរហ្កី ឆយហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាន​ទូរស័ព្ទនិយាយជាមួយ​លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក។ ២ថ្ងៃក្រោយមក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានទូរស័ព្ទនិយាយជាមួយ​លោករដ្ឋមន្ត្រីការពារជាតិបារាំង និង​លោករដ្ឋមន្ត្រីការពារជាតិ​តួកគី។ ហើយនៅថ្ងៃអាទិត្យ​ដដែលនេះ លោក​ស៊ែរហ្កី ឆយហ្គូ ក៏បានទូរស័ព្ទទៅនិយាយជាមួយ លោក បេន វ៉ាឡាស រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលនេះគឺជារឿងកម្របំផុត។ តើរុស្ស៊ីកំពុងតែបង្ហាញជំហរ បន្ទន់ចង់ចរចាឬ?

យ៉ាងណាក៏ដោយ ការទូរស័ព្ទទៅនិយាយជាមួយ​ក្រុមប្រទេសលោកខាងលិច ផ្ទួនៗគ្នានេះ គឺវាគាប់ជួនចំពេល​ដែលនៅសមរភូមិ កងទ័ពរុស្ស៊ីកំពុងបរាជ័យ​ ជួបការលំបាក​ជាខ្លាំង។ ជាងនេះទៀត រុស្ស៊ីបានអះអាងថា កងទ័ពអ៊ុយក្រែន បាន​បាញ់​ប្លោងគ្រាប់វាយ​ប្រហារកាន់តែញឹកញាប់ ទៅខាងទឹកដីរុស្ស៊ី។​ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី ទទួលស្គាល់ថាខ្លួន​នៅតែបន្ត បាញ់​ប្លោងគ្រាប់​ វាយប្រហារទៅ​លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន​។ ក្រៅពីបានកម្ទេច​រោងចក្រផលិត​ចរន្តអគ្គិសនីអ៊ុយក្រែន កងទ័ពរុស្ស៊ីអះអាងថា ខ្លួន​បាន​កម្ទេច​ស្តុក​ប្រេងឥន្ធនៈ របស់កងទ័ពអាកាសអ៊ុយក្រែន ចំនួន១សែនតោន ព្រមទាំងបាន​វាយកម្ទេច​ទីតាំងស្តុកអាវុធ​-​គ្រាប់រំសេវ និង​ទីតាំងស្តុកប្រេងម៉ាស៊ូត សម្រាប់​រថយន្តកងទ័ពអ៊ុយក្រែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ