អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

សង្គ្រាម​អ៊ុយក្រែន ៖ រុស្ស៊ីសំរុក​​វាយ​ប្រហារ ដោយ​មីស៊ីល​ជាង​៣០គ្រាប់ ផ្តាច់​ចរន្ត​អគ្គិសនី​​​មនុស្ស​ជាង​​១លាន​គ្រួសារ

ស្ថានភាពសង្គ្រាម​នៅអ៊ុយក្រែន​កំពុងតែក្តៅគគុក។ យោងតាមកងទ័ពអ៊ុយក្រែន កាលពីថ្ងៃសៅរ៍​ទី​២២តុលាម្សិលមិញ ​ រុស្ស៊ីបានបាញ់​ប្លោងមីស៊ីល ចំនួន​៣៦គ្រាប់ ក្នុងរវាង​យប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍។ ប្រភពពីភាគីអ៊ុយក្រែន​ដដែល អះអាងថាកងទ័ពរុស្ស៊ី បានសំរុក​វាយ​ប្រហារ​មកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវីល​ រោងចក្រផលិតចរន្តអគ្គិសនីរបស់អ៊ុយក្រែន ធ្វើ​ឲ្យ​ប្រជាជនអ៊ុយក្រែន គ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលរដូវរងារកាន់តែខិតជិតមកដល់។

ស្ត្រីអ៊ុយក្រែន អាយុ៧០ឆ្នាំម្នាក់ កំពុងអឹតតាមបង្អួច ក្រោមពន្លឺទៀនផ្លុងៗ ដោយសារតែចរន្តអគ្គិសនីត្រូវដាច់ទាំងស្រុង​។ តំបន់ Borodyanka ជាយរដ្ឋធានីកៀវ ថ្ងៃទី ២០ តុលា ២០២២
ស្ត្រីអ៊ុយក្រែន អាយុ៧០ឆ្នាំម្នាក់ កំពុងអឹតតាមបង្អួច ក្រោមពន្លឺទៀនផ្លុងៗ ដោយសារតែចរន្តអគ្គិសនីត្រូវដាច់ទាំងស្រុង​។ តំបន់ Borodyanka ជាយរដ្ឋធានីកៀវ ថ្ងៃទី ២០ តុលា ២០២២ AP - Emilio Morenatti
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ មីស៊ីល៣៦គ្រាប់ ត្រូវបាន​រុស្ស៊ីបាញ់​ប្លោង​មកលើអ៊ុយក្រែន ក្នុងរវាង​យប់ថ្ងៃសុក្រ ឈានចូលថ្ងៃសោរ៍ទី​២២តុលា ក្នុងនោះ១៨គ្រាប់ត្រូវបាន​ស្ទាក់កម្ទេចបាន។ នេះបើផ្អែកតាមការបញ្ជាក់ពី​កងទ័ពអ៊ុយក្រែន។ លោកវ្លូដីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាន​ថ្លែងថ្កោលទោស ថាសកម្មភាព​សំរុកវាយ​ប្រហាររបស់​កងទ័ពរុស្ស៊ីនេះ គឺមាន​កម្មវត្ថុធ្វើឲ្យ​អ៊ុយក្រែន ត្រូវងងឹងសូន្យសុងដោយ​សារគ្មានប្រព័ន្ធអគ្គិសនីប្រើប្រាស់។

យ៉ាងណាមិញ យោងតាមលោក Kyrylo Timochenko ទីប្រឹក្សាម្នាក់​របស់​លោកហ្សេឡេនស្គី គឺយ៉ាងហោចណាស់ ផ្ទះសំបែងរបស់​ប្រជាជនប្រមាណ​ជាង​១លានខ្នង ដែលត្រូវដាច់ចរន្តអគ្គិសនី។ គិតចាប់ពីថ្ងៃទី​១០តុលាមក រុស្ស៊ីបានវាយ​ប្រហារ កម្ទេចស្ថានីយ៍​ផលិត​ចរន្តអគ្គិសនីជាច្រើនកន្លែង ព្រមទាំងស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតរបស់អ៊ុយក្រែន។

លោក Mykhailo Podoliak ទីប្រឹក្សាពិសេសម្នាក់ទៀតរបស់​លោកហ្សេឡេស្គី បានចោទប្រកាន់រុស្ស៊ី ថាមានចេតនា​រុញច្រាន បណ្តេញឲ្យ​ប្រជាជនអ៊ុយក្រែនភៀសខ្លួន ចាកចេញពីប្រទេស ហើយធ្វើឲ្យ​អឺរ៉ុប​ត្រូវរងផល​លំបាក​ដោយ​រលកជនភៀសខ្លួនអ៊ុយក្រែន បាក់ជនជោរជាថ្មីម្តងទៀត។ ចំណែកលោក Dmytri Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចាត់ទុកការវាយ​ប្រហាររបស់​រុស្ស៊ី​ មកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវីលចាំបាច់​របស់​អ៊ុយក្រែន ថាជា​ផ្នែកមួយនៃផែនការប្រល័យពូជសាសន៍ ដែលរុស្ស៊ីចង់ធ្វើ​មកលើប្រជាជនអ៊ុយក្រែន។

គួរបញ្ជាក់ថា ភាគីកងទ័ពរុស្ស៊ីបានទទួលស្គាល់ថា ខ្លួនពិតជាបាន​វាយ​ប្រហារ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនី របស់អ៊ុយក្រែនពិតមែន តែមិនបាន​វាយ​ប្រហារសំដៅទៅលើ​ប្រជាជនស៊ីវីលទេ។​ ដោយឡែក នៅរសៀលថ្ងៃសៅរ៍ លោក Viatcheslav Gladkov អភិបាល​តំបន់Belgorod របស់រុស្ស៊ី ដែលស្ថិតនៅ​ក្បែរព្រំដែន​អ៊ុយក្រែន បានអះអាងថា​ ​កងទ័ពអ៊ុយក្រែន បាន​វាយប្រហារទៅលើតំបន់ខ្លូន បណ្តាលឲ្យស្លាប់ជនស៊ីវីល២នាក់ និង​១៥០០០គ្មានចរន្តអគ្គិសនីប្រើប្រាស់។ នៅ​តំបន់ឃែរសិន ភាគខាងត្បូងអ៊ុយក្រែនឯណោះវិញ អាជ្ញាធរ​គ្រប់គ្រងដែលជាកូនចៅខាង​របស់​រុស្ស៊ី បានចេញបញ្ជាឲ្យ​ប្រជាជន ភៀសខ្លួនចេញទៅកាន់​ត្រើយខាង​កើតទន្លេ Dniepr ជាបន្ទាន់ ព្រោះកងទ័ពអ៊ុយក្រែន កំពុងសំរុកវាយ​ប្រហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ