អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាលីបង់ជាប្រទេសដែលពិបាកគ្រប់គ្រង ឬប្រហែលមិនអាចគ្រប់គ្រងបាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​លីបង់ កៅអី​ប្រធានាធិបតី​កំពុង​នៅ​ទំនេរ ព្រោះ​អាណត្តិ​ប្រធានាធិបតី​លោក​មីស្ហែល អាអ៊ូន​បាន​ចប់​ត្រឹម​ថ្ងៃទី៣១ តុលា។ អវត្តមាន​ប្រធានាធិបតី​ថ្មី​ដោយសារ​តែ​សភា​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ថ្មី។ ក្នុង​ពេល​ជាមួយ​គ្នា រដ្ឋាភិបាល​សព្វថ្ងៃ​ក៏​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ ព្រោះ​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​សភា​នា​និទាឃរដូវ​កន្លង​មក រដ្ឋាភិបាល​ថ្មី​មួយ​នៅ​មិន​ទាន់​អាច​បង្កើត​បាន​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​វិបត្តិ​ជាប់គាំង​នយោបាយ លីបង់​ក៏​កំពុង​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។ តើ​វិបត្តិ​ដែល​លីបង់​កំពុង​ជួប​ពេល​នេះ​នឹង​ជះផលវិបាក​អ្វី​ខ្លះ​ដល់​ប្រទេស និង​ថា ហេតុអ្វី​បាន​ជា​លីបង់​ជា​ប្រទេស​ដែល​ពិបាក​គ្រប់គ្រង ឬ​មិន​អាច​គ្រប់គ្រង​បាន?។

​ប្រធានាធិបតីលីបង់​លោក​មីស្ហែល អាអ៊ូន​​បាន​ផុតអាណត្ថ្ងៃទី៣១ តុលា ២០២២។
​ប្រធានាធិបតីលីបង់​លោក​មីស្ហែល អាអ៊ូន​​បាន​ផុតអាណត្ថ្ងៃទី៣១ តុលា ២០២២។ AP - Bilal Hussein
ផ្សាយពាណិជ្ជកម្ម

ការ​វេចបង្វិច​ដើរ​ចេញ​ពី​វិមាន​ប្រធានាធិបតី​របស់​លោក​មីស្ហែល អាអ៊ូន​មិនមែន​ជា​ការ​ដើរ​ចេញ​ដោយ​បង្ខំ ឬ​មាន​អ្នក​ណា​រុញ​ទេ តែ​ជា​ការ​ដើរ​ចេញ​ដោយសារ​អាណត្តិ​រយៈពេល ៦ឆ្នាំ​របស់​លោក​បាន​ចប់​ត្រឹម​ថ្ងៃទី៣១ តុលា។ បើ​មើល​មួយ​ភ្លែត​ទៅ ការ​ចុះ​ចេញ​ពី​តំណែង​ដោយសារ​ផុតអាណត្តិ​ជា​រឿង​ធម្មតា និង​មិន​ចម្លែក​ទេ។ តែ​អ្វី​ដែល​ហាក់​មិន​ធម្មតា និង​ដូច​ជា​ចម្លែក​បន្តិច​នៅ​ត្រង់​ថា លោក​មីស្ហែល អាអ៊ូន​បាន​ចុះ​ចេញ​ពី​កៅអី​ប្រធានាធិបតី​តាំង​ពី​ថ្ងៃទី៣០ តុលា និង​ថែម​ទាំង​គ្មាន​អ្នក​ដែល​ត្រូវ​ស្នង​តំណែង​ពី​លោក​ទៅ​ទៀត។ ធ្ងន់ធ្ងរ​ជាង​នេះ និង​ក្រៅ​ពី​នៅ​មិន​ទាន់​មាន​រូប​ប្រធានាធិបតី​ថ្មី រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​ដឹកនាំ​ដោយ​លោក​ណាហ្ស៊ីប មីកាទី​ក៏​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ​ទៅ​ទៀត មាន​ន័យ​ថា ជា​រដ្ឋាភិបាល​ដែល​មាន​តួនាទី​ដោះស្រាយ​ត្រឹម​កិច្ចការ​ប្រចាំ​ថ្ងៃ​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ ពោល​មិន​អាច​ធ្វើ​កំណែទម្រង់​អ្វី​ធំដុំ​បាន​ទេ។

នេះ​ក៏​ដោយសារ​តែ​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​នា​និទាឃរដូវ​កន្លង​ទៅ ការ​ប្រសូត្រ​ចេញ​នូវ​រដ្ឋាភិបាល​ថ្មី​នៅ​មិន​ទាន់​អាច​ចេញ​រួច។ លោក​ណាហ្ស៊ីប មីកាទី​ដែល​បាន​លា​ចុះ​ពី​តំណែង​នៅ​ក្រោយ​ការ​បោះឆ្នោត​ត្រូវ​បាន​ក្រុម​អ្នក​តំណាងរាស្រ្ត​ជ្រើស​តាំង​ជា​ថ្មី​ឲ្យ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។ តែ​ដោយ​មាន​ការ​និយាយ​មិន​ចុះ​សម្រុង​គ្នា​រវាង​បក្សនយោបាយ​ពាក់ព័ន្ធ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​កំពុង​បន្ត​ជាប់គាំង​មក​ដល់​សព្វថ្ងៃ។ ជាមួយ​នឹង​ការ​និយាយ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ថ្មី និង​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី លីបង់​កំពុង​ជាប់​គាំង​នយោបាយ​ដែល​ប្រហែល​គ្មាន​ប្រទេស​ណា​ផ្សេង​ធ្លាប់​ជួប​ប្រទះ​ឡើយ។ តែ​គេ​អាច​ហៅ​ព្រឹត្តិការណ៍​នៅ​លីបង់​ពេល​នេះ​ជា​ភាព​ច្រំដែល​ប្រវត្តិសាស្រ្ត។

ភាព​ច្រំដែល​ប្រវត្តិសាស្រ្ត ព្រោះ​នេះ​មិន​មែន​ជា​លើកទី១ ទេ​ដែល​លីបង់​បាន​ជួប​វិបត្តិ​នយោបាយ​ដូច​គ្នា​នេះ ពិសេស​ការ​ជ្រើសរើស​រូប​ប្រធានាធិបតី​ថ្មី​តែ​ម្តង។ គេ​នៅ​មិន​ទាន់​ដឹង​ថា នៅ​ក្រោយ​ការ​ចាកចេញ​របស់​លោក​មីស្ហែល អាអ៊ូន​ពេល​នេះ តើ​កៅអី​ប្រធានាធិបតី​នឹង​ត្រូវ​នៅ​ទំនេរ​រហូត​ដល់​ពេល​ណា​ទេ។ អ្វី​ដែល​គេ​ដឹង​ក្នុង​ឆ្នាំ ២០១៦ វិបត្តិ​គ្មាន​ប្រធានាធិបតី​បាន​អូសបន្លាយ​ជាង ២ឆ្នាំ និង​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​សភា​ដល់​ទៅ ៤៦ដង​ទើប​ភាគី​នយោបាយ​ពាក់ព័ន្ធ​ឯកភាព​គ្នា​លើ​បេក្ខជន​ប្រធានាធិបតី​ថ្មី​ដែល​ជា​លោក​មីស្ហែល អាអ៊ូន។ នៅ​ក្នុង​ជម្រើស​រូប​ប្រធានាធិបតី​ថ្មី​ពេល​នេះ​ទៀត​សោត បេក្ខជន​មិន​ខ្វះ​ទេ។ តែ​អ្វី​ដែល​ខ្វះ គឺ​ការ​ស្វែង​រក​សំឡេង​គាំទ្រ​ឲ្យ​បាន ២ភាគ៣ នៅ​សភា​ដែល​កំពុង​ពុះចែក​រវាង​ក្រុម​ហេស្បូឡាលីបង់ និង​ក្រុម​គូប្រជែង​របស់​ក្រុម​ហេស្បូឡា។

រហូត​មក​ដល់​ពេល​នេះ បេក្ខជន​ដែល​កំពុង​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ គឺ​ប្រធាន​ចលនា​ឯករាជ្យ​លោក​មីស្ហែល ម៉ូអាវ៉ាដ។ គួរ​បញ្ជាក់​ថា​នៅ​លីបង់ រូប​ប្រធានាធិបតី​ថ្មី​មិន​មែន​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​របស់​ប្រជាជន​ទេ តែ​ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ក្នុង​សភា មាន​ន័យ​ថា តំណាងរាស្រ្ត​ជា​អ្នក​បោះឆ្នោត​ជ្រើសតាំង និង​ដែល​បេក្ខជន​រូប​នោះ​ត្រូវ​ទទួល​បាន​សម្លេង​គំាទ្រ​យ៉ាង​តិច ២ភាគ៣។ តាម​ពិត​ទៅ គេ​អាច​យល់​បាន​ពី​ភាព​ជាប់​គាំង​នយោបាយ​ញឹកញាប់​នៅ​ក្នុង​ជម្រើស​រូប​ប្រធានាធិបតី​ថ្មី ឬ​មួយ​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​លីបង់​ដែល​ជា​ប្រទេស​ពហុសាសនា។  តែ​មាន​សហគមន៍​សាសនា​តែ ៣គត់​ដែល​មាន​សម្លេង​ភាគច្រើន គឺ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត និង​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត។

មួយ​វិញ​ទៀត តំាង​ពី​ទទួល​បាន​ឯករាជ្យ​ពី​បារំាង​ក្នុង​ឆ្នំា ១៩៤៣ គ្រប់​ភាគី​នយោបាយ​បាន​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញាជាតិ​មួយ​ក្នុង​ការ​បែងចែក​អំណាច​រវាង​សហគមន៍​សាសនា​ទំាង ៣ ក្នុង​នោះ តំណែង​នាយករដ្ឋមន្រ្តី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត តំណែង​ប្រធាន​រដ្ឋសភា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត ហើយ​តំណែង​ប្រធានាធិបតី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ប្រទាញប្រទង់ និង​ការ​ប្រជែង​ឥទ្ធិពល​គ្នា​កំពុងបន្ត​មាន​ជាប់​ជា​ប្រចាំ។ តែ​អ្វី​គួរ​ឲ្យ​កត់សម្គាល់ វិបត្តិ​នយោបាយ​គ្មាន​ប្រធានាធិបតី និង​គ្មាន​រដ្ឋាភិបាល​ថ្មី​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ប្រទេស​កំពុង​ផុង​ខ្លួន​យ៉ាង​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។

តាំង​ពី​ឆ្នាំ ២០១៩ រូបិយប័ណ្ណ​លីបង់​សឹង​ក្លាយ​ជា​ក្រដាស​ជូតមាត់​ដោយ​បាន​បាត់បង់​តម្លៃ​ជាង ៩៥% និង​មាន​ប្រជាជន​ជាង ៨០% កំពុង​រស់នៅ​ក្រោម​ខ្សែបន្ទាត់​នៃ​ភាព​ក្រីក្រ។ ដូច្នេះ វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ថ្នាក់ដឹកនាំ​លីបង់​គ្រប់​លំដាប់​ថ្នាក់ និង​គ្រប់​និន្នាការ​នយោបាយ​ត្រូវ​គិតគូរ​ពី​ផលប្រយោជន៍ជាតិ និង​ប្រជាជន​ជា​មុន ដោយ​ទុក​ចោល​មួយ​អន្លើ​នូវ​មហិច្ឆតា​នយោបាយ និង​សាសនា​ផ្ទាល់ខ្លួន រួម​ទាំង​ផលប្រយោជន៍​គណបក្ស​ខ្លួន​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ