អានតួអត្ថបទ
លីបង់

ប្រជាជនលីបង់​បោះឆ្នោត​រើស​​សមាជិក​​សភា ជាង​២ឆ្នាំ​ក្រោយ​​ចលនា​បាតុកម្ម​​ទូទាំង​ប្រទេស

ថ្ងៃអាទិត្យទី​១៥ឧសភា ប្រជាជនលីបង់ប្រមាណជិត​៤លាននាក់ ត្រូវចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភា និងឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ នេះគឺជាការបោះឆ្នោតលើកទី​១ បន្ទាប់​ពីមានចលនាបាតុកម្មបះបោរ របស់ប្រជាជន កាលពីខែតុលាឆ្នាំ​២០១៩ ដើម្បីប្រឆាំងនឹងថ្នាក់ដឹកនាំនយោបាយ​ពុករលួយ បក្សពួកនិយម។ ការបោះឆ្នោតនៅលើកនេះ ក៏ជាការធ្វើតេស្តសម្រាប់​បេក្ខជន​ឯករាជ្យ និងក្រុមបក្សប្រឆាំងដែរ ថាអាចបានទទួលការគាំទ្រពី​ប្រជាជន ដែរឬយ៉ាងណា!

ស្ត្រីលីបង់ម្នាក់ កំពុងដាក់សន្លឹកឆ្នោតចូលហិប។ ក្រុងបេរូត ថ្ងៃទី ១៥ឧសភា ២០២២
ស្ត្រីលីបង់ម្នាក់ កំពុងដាក់សន្លឹកឆ្នោតចូលហិប។ ក្រុងបេរូត ថ្ងៃទី ១៥ឧសភា ២០២២ AP - Hassan Ammar
ផ្សាយពាណិជ្ជកម្ម

តើសមាសភាពសមាជិកសភាថ្មី របស់លីបង់ ដែលមាន​១២៨អសនៈ និង​មានទ្រង់ទ្រាយយ៉ាងណា? តើ​ក្រុមគណបក្សនយោបាយចាស់ឆ្នាំ ដែលត្រូវបាន​ប្រជាជនលីបង់ ចោទថាតែងតែបាន​ស៊ំគ្រលំគ្នា ដើម្បី​បែកចែកអំណាច ប្រមូលប្រាក់ចែកគ្នានោះ អាចនឹងឈ្នះឆ្នោត​នៅលើកនេះទេ?

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៩ ប្រជាជនលីបង់ បានបះបោរធ្វើបាតុកម្មទូទាំងប្រទេស ដើម្បីប្រឆាំងនឹងក្រុមបក្សពួកនយោបាយ ដែលកាន់អំណាចរាប់សិបឆ្នាំ តែប្រទេសកាន់តែក្រីក្រ ជីវភាពប្រជាជនកាន់តែលំបាក។ សេវាសាធារណៈ ទឹក ភ្លើង មន្ទីរពេទ្យ រដ្ឋគ្មានលទ្ធភាពធានា។ លីបង់បាន និងកំពុងតែឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។ ក្នុងរយៈពេលប្រមាណ២ឆ្នាំមកនេះ រូបិយបណ្ណលីបង់ បានបាត់បង់តម្លៃចំនួនជាង​៩០% អត្រាអ្នកអត់ការងារធ្វើ កើនឡើងមួយជា៣។ យោងតាមអង្គការសហប្រជាជាតិ ៨០%នៃប្រជាជនលីបង់ កំពុងរស់នៅក្រោម​បន្ទាត់នៃភាពក្រីក្រ។​

តែយ៉ាងណាក៏ដោយ យោងតាមការ​វិភាគរបស់អ្នកជំនាញ ការបោះឆ្នោតនៅលើកនេះ ប្រហែលជាគ្មានអ្វីប្រែប្រួលច្រើននោះទេ។ លោក Sam Heller អ្នកជំនាញលីបង់ម្នាក់ បានសរសេរនៅក្នុង​អត្ថបទវិភាគមួយ លើគេហទំព័រ The Century Foundation ដោយ​លោកបានលើកឡើងថា សមាសភាពសភាលីបង់ នឹងមិនត្រូវបាន​ផ្លាស់ប្តូរធំដុំនោះឡើយ នៅក្រោយ​លទ្ធផលឆ្នោតថ្ងៃទី​១៥ឧសភានេះ។ ការដឹកនាំនយោបាយ​លីបង់ ក៏នឹងគ្មានអ្វីប្រែប្រួលដែរ ព្រោះពួកបក្សនយោបាយ​ធំៗ នឹងនៅតែបន្ត​ស្រុះស្រួលគ្នាបែងចែកអំណាច ចែកលាភសក្ការៈគ្នាដដែល។

ទន្ទឹមគ្នានេះដែរ អ្នកជំនាញខ្លះទៀត បាន​លើកឡើងថា គណបក្សធំៗ បានប្រើប្រាស់លុយ ដើម្បី​សូកប៉ាន់ទិញទឹកចិត្តអ្នកបោះឆ្នោត ក្នុង​បរិបទដែលជីវភាពប្រជាជន​លីបង់ ធ្លាក់ចុះដុនដាបខ្លាំង។ រីឯ​បេក្ខជនឈរឈ្មោះ ជាក្រុមឯករាជ្យ និង​ក្រុមគណបក្សប្រឆាំងវិញ​ គ្មានទាំងបទពិសោធន៍ គ្មានទាំងថវិកា ហើយ​ក៏គ្មានការរួមកម្លាំងសាមគ្គីគ្នាទៀត។ យោងតាមការស្ទាបស្ទង់មតិមួយ ធ្វើឡើងដោយអង្គការ Oxfam កាលពីខែមេសា ប្រជាជនប្រមាណ​ជាង​៤៣% បានឆ្លើយថា មិនទៅបោះឆ្នោតទេ ហើយ​ក្នុងចំណោមនោះ ជាងពាក់កណ្តាលអះអាងថា ព្រោះគ្មាន​បេក្ខជន​ដែលគួរជាទីរំពឹងទុកចិត្តសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ