អានតួអត្ថបទ
លីបង់-វិបត្តិនយោបាយ

វិបត្តិ​នយោបាយ​លីបង់៖ លោក​​មីស្ហ៊ែល អាអ៊ូន ចប់​អាណត្តិ​ប្រធានាធិបតី​​ ដោយ​​គ្មាន​មនុស្សថ្មី​មក​ជំនួស

លោកមីស្ហ៊ែល អាអ៊ូន ប្រធានាធិបតីលីបង់ ត្រូវចប់អាណត្តិនៅថ្ងៃចន្ទទី​៣១តុលា​នេះហើយ។​ ក៏ប៉ុន្តែ គិត​មកទល់ពេលនេះ គឺសភាលីបង់ នៅមិនទាន់ស្រុះស្រួលគ្នា បោះឆ្នោតរើសមនុស្ស​ថ្មីណាម្នាក់ មក​កាន់​មុខតំណែងប្រមុខរដ្ឋនេះបាននៅឡើយ​ទេ​។ បញ្ហានេះ​ កំពុងតែធ្វើ​ឲ្យ​មានការបារម្ភកាន់តែខ្លាំង អំពីវិបត្តិនយោបាយ​លីបង់ ដែល​កាន់តែផុងជ្រៅ​ ខណៈសេដ្ឋកិច្ច​លីបង់​កំពុងតែដួលរលំសឹងទាំងស្រុង។

ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Michel Aoun មកជុំគ្នានៅក្បែរ​វិមានប្រធានាធិបតី ដើម្បីជូនដំណើរនៅថ្ងៃចុងក្រោយ​នៃអំណាចរបស់​លោក​។ ក្រុងបេរូត ថ្ងៃទី ៣០ តុលា ២០២២
ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Michel Aoun មកជុំគ្នានៅក្បែរ​វិមានប្រធានាធិបតី ដើម្បីជូនដំណើរនៅថ្ងៃចុងក្រោយ​នៃអំណាចរបស់​លោក​។ ក្រុងបេរូត ថ្ងៃទី ៣០ តុលា ២០២២ © REUTERS - AZIZ TAHER
ផ្សាយពាណិជ្ជកម្ម

សកម្មជនលីបង់ អ្នកគាំទ្រលោក​មីស្ហ៊ែល អាអ៊ូន ដែលពួកគេហៅ​ដោយ​ក្តីគោរពថា “លោកសេនាប្រមុខ” នោះ បាននាំគ្នា​មក​ដេករងចាំនៅខាងមុខ​​វិមានប្រធានាធិបតី ក្នុងទីក្រុង​បេរូត ដើម្បីត្រៀម​ដង្ហែរក្បួន ជូន​ដំណើរ​លោក មីស្ហ៊ែល អាអ៊ូន ចាកចេញ​នៅ​ថ្ងៃចន្ទទី៣១តុលា។

គួរបញ្ជាក់ថា អាណត្តិ​៦ឆ្នាំរបស់លោក មីស្ហ៊ែល អាអ៊ូន ក្នុង​នាមជាប្រធានាធិបតី​លីបង់ ត្រូវចប់ហើយ​។ ក៏ប៉ុន្តែ គ្មានដំណឹងណាមួយ​ អំពី​មនុស្ស​ថ្មី ដែលនឹងមក​មកជំនួសលោកនោះទេ។ សភាលីបង់ បានបើក​ការប្រជុំបោះឆ្នោត​៤ដងរួចមកហើយ ក្នុងរវាង​១ខែមកនេះ តែនៅតែមិនអាចស្រុះស្រួលគ្នា។ ក្រុម​ហេសបូឡា ដែលជាក្រុម​នយោបាយ​និងប្រដាប់អាវុធដ៏មានឥទ្ធិពល​នៅលីបង់​ ព្រមទាំងក្រុម​គណក្ស “ចរន្តស្នេហាជាតិសេរីលីបង់” សុទ្ធតែគ្មាន​សំឡេងភាគច្រើន​គ្រប់គ្រាន់ ដើម្បីអាចស្នើសម្រេច​យក​បេក្ខជនណាម្នាក់ មក​ធ្វើជាប្រធានាធិបតីថ្មី។

ប្រការនេះ កំពុងតែធ្វើ​ឲ្យ​មានការបារម្ភ អំពី​ការធ្លាក់ផុងជ្រៅទៅនៃវិបត្តិនយោបាយ ព្រមទាំងវិបត្តិសេដ្ឋកិច្ច​​ ខណៈអ្នកនយោបាយ​លីបង់ គ្មានសមត្ថភាព​ក្នុង​ការស្រុះស្រួលគ្នា។ ដោយសារតែការបែកបាក់នយោបាយ​ លីបង់​​នៅមិន​ទាន់​មាន​រដ្ឋាភិបាល​ផ្លូវ​ការ​ទេ ក្រោយ​ការការបោះឆ្នោត កាលពីខែ​ឧសភា។ បច្ចុប្បន្ននេះ លីបង់ត្រូវ​ដឹកនាំដោយ​រដ្ឋាភិបាល​​បណ្តោះ​អាសន្ន ដែល​មានតួនាទី អាចចាត់ចែងតែកិច្ច​ការបន្ទាន់ចាំបាច់​​ប្រចាំថ្ងៃតែបណ្ណោះ។​

គួររំលឹកផងដែរថា លោក​ មីស្ហ៊ែល អាអ៊ូន បច្ចុប្បន្នអាយុ៨៧ឆ្នាំ គឺជាអតីតមេបញ្ជាការកងទ័ពលីបង់ និងជាអតីតមេដឹកនាំ​រដ្ឋាភិបាល​យោធា មុននឹងត្រូវបាន​ស៊ីរីបើក​ប្រតិបត្តិការយោធាទំលាក់ពីអំណាច នៅខែតុលាឆ្នាំ​១៩៩០។ អាណត្តិ​៦ឆ្នាំ របស់​លោកមីស្ហ៊ែល អាអ៊ូន កន្លងមកនេះ លីបង់​បានធ្លាក់ផុងជ្រៅក្នុង​វិបត្តិ នយោបាយ​ព្រមទាំង សេដ្ឋកិច្ច។ អំពីពុករលួយ​ បក្សពួកនិយម ដែល​ស៊ីចាក់រូងយ៉ាងជ្រៅ បានស្តែងឡើងឲ្យ​ឃើញ​តាមរយៈ ករណីផ្ទុះឃ្លាំង​ ​ដ៏ធំហិមា​នៅកំពង់ផែលីបង់ បណ្តាលឲ្យស្លាប់មនុស្សជាង២០០នាក់។

ជានិច្ចជាកាល ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលីបង់ តែងតែមានដិតដាមដោយ​អំពើហិង្សាចលនាចល ព្រោះប្រព័ន្ធដឹកនាំរបស់ប្រទេសនេះ ដំណើរការដោយ​ការបែងចែងអំណាច រវាងក្រុមបក្សពួក​សហគមន៍សាសនាខុស​ៗគ្នា។ តំណែងប្រធានាធិបតី ជាទំលាប់ គឺត្រូវធ្លាក់ទៅក្នុងដៃរបស់​ក្រុម​អ្នកកាន់សាសនាគ្រិស្តនិកាយម៉ារូនីត​ហើយ​បច្ចុប្បន្ន នៅក្នុងក្រុម​នេះ គឺមាន​២បក្សប្រជែងគ្នា គឺក្រុម “ចរន្តជាតិនិយមសេរីលីបង់ CPL” និងក្រុម​បក្ស​ “កម្លាំងលីបង់”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ