អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កងទ័ព​ផ្លូវ​អាកាស​របស់ ​កូរ៉េ​ខាងជើង​ នៅ​មាន​កម្រិត​ខ្សោយខ្លាំង​​​ បើ​ធៀប​នឹង​គូ​ប្រជែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​សប្តាហ៍មក​​នេះ កូរ៉េខាងជើង ប្រឹ​ងសម្តែង​​ឫទ្ធានុភាព​ខាង​កម្លាំង​អាវុធ តាមរយៈ​ការ​បាញ់មីស៊ីល​​យ៉ាង​ច្រើន​សន្ធឹក​ មាន​ទាំង​​មីស៊ីល​រយៈ​ចម្ងាយ​មធ្យមនិង​ចម្ងាយ​ឆ្ងាយ ព្រ​មទាំងបាញ់​មីស៊ីល​បាលីស្ទិក ​ទៀត​ផង។ ​​នេះគឺជាការ​វិ​វឌ្ឍ​ជឿនលឿន​ខាង​សមត្ថភាព​កងទ័ព​ជើង​គោក​របស់​របបក្រុង​ព្យុងយ៉ាង  ក៏ប៉ុន្តែ ប្រសិន​បើគេ​​ក្រឡេក​ទៅមើល​ ផ្នែក​កងទ័ពជើង​អាកាស​វិញនោះ​ គឺ​ កូរ៉េខាងជើង នៅមានកម្រិតខ្សោយខ្លាំង បើធៀបនឹងគូប្រជែង។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ​?

រូប​ភាព​តំណាង៖ ទិដ្ឋភាព​នៃ​សមយុទ្ធ​រួម​គ្នា​របស់​ សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​ នាពេល​ថ្មីៗនេះ។​
រូប​ភាព​តំណាង៖ ទិដ្ឋភាព​នៃ​សមយុទ្ធ​រួម​គ្នា​របស់​ សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​ នាពេល​ថ្មីៗនេះ។​ © AP
ផ្សាយពាណិជ្ជកម្ម

យន្ត​ហោះ​ចម្បាំង​របស់​កូរ៉េ​ខាង​ជើង​​​មាន​ចំនួន​​តិចតួច​។

អ្នក​ជំនាញ​ជាច្រើននាក់​​ ទាំង​អ្នក​ឯកទេស​ខាង​យោធាផ្លូវ​អាកាស​របស់​សហរដ្ឋអាមេរិក និងអ្នក​ជំនាញ​ជាតិ​កូរ៉េខាង​ត្បូង ព្រមទាំង​អ្នក​វិភាគ​តាមដាន​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ គឺសុទ្ធសឹងតែ​បាន​មូរមាត់​គ្នាឯកភាព ក្នុងការ​វាយ​តម្លៃ​សេចក្តីសន្និដ្ឋានថា កម្លាំង​កងទ័ព​ផ្លូវ​អាកាស​នៃ​របប​ក្រុង​ព្យុង​យ៉ាង នៅ​ទន់ខ្សោយ ហើយ​បំពាក់​ដោយ​គ្រឿង​ច្បាំង​ ចាស់គំរឹល​ ហួស​សម័យ​។​ ហួស​សម័យ​ ពីព្រោះថា យន្តហោះ​ចម្បាំង​ ដែល​កូរ៉េ​ខាង​ជើង​ ចាត់ទុក​ខ្លួន​ឯង​ថា​ចំណាប់​ចំនួនគ្រាន់បើ​​នោះ គឺ​ជា​យន្តហោះ​ចម្បាំង​ ប្រភេទ​ MiG-29 ​​សល់​តាំង​ពី​សម័យ​អតីត​សហភាព​សូវៀត អំលុង​ទសវត្សរ៍​១៩៨០ មកម្ល៉េះ។​ ហើយ ​យន្ត​ហោះ​ចម្បាំង​របស់​កូរ៉េ​ខាង​ជើង​ទៀត​សោត ក៏​មាន​ចំនួន​​តិចតួច​ទៅទៀត។

ជាក់ស្តែង កម្លាំង​ទ័ព​​ផ្លូវ​អាកាស​ របស់​យោធាប្រជាមានិត​កូរ៉េ​ខាងជើង មាន​យន្ត​ហោះ​ចម្បាំង​ ប្រមាណ​ ៩០០ គ្រឿង, យន្តហោះ​ដឹកជញ្ជូន​សម្រាប់​សឹក​សង្គ្រាម ៣០០ គ្រឿង, ហើយ​និង ឧទ្ធម្ភគចក្រ ប្រមាណ​ ៣០០ គ្រឿង​ដែរ។​ នេះ​បើតាម​ការ​វាយ​តម្លៃ​របស់​ ទីភ្នាក់​ងារ​ស៊ើបការ​សម្ងាត់ខាង​​យោធា របស់​សហរដ្ឋអាមេរិក (DIA) ក្នុង​របាយការណ៍ ​ឆ្នាំ២០២១។ ប្រភពអាមេរិក​ដដែល គឺ​​បញ្ជាក់ថា យន្ត​ហោះ​ចម្បាំង​ និង​យន្ត​ទម្លាក់​គ្រាប់បែក ដែល​ក្រុង​ព្យុងយ៉ាង មាន​នោះ គឺ​ភាគច្រើន​ ជា​យន្តហោះ​ចាស់ៗ សល់​ពី​សម័យសហភាព​សូវៀត​ និងខ្លះ​ជា​​របស់ចិន ដែល​មាន​អាយុ​កាល​បីបួន​ទសវត្សរ៍​ទៅហើយ​។

មិនតែប៉ុណ្ណោះ ​យន្តហោះចម្បាំង​ចាស់ៗទាំងនោះ មួយ​ចំនួន ក៏​លែង​ប្រើការ​កើត​ទៅហើយ ​​ខ្លះទៀត មិនទាំង​អាច​ហោះហើរ​បាន​ផង​។  នេះបើតាម​ការបញ្ជាក់​របស់លោក Joseph Dempsey ​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​ខាង​សិក្សា​យុទ្ធសាស្ត្រ (IISS) ដែល​សរសេរ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ។​

ការ​ហ្វឹក​ហាត់​អ្នក​បើកបរ​យន្ត​ហោះ​ចម្បាំង​ យ៉ាង​អត្តខាត​។​

ទន្ទឹម​នឹងការ​ខ្វះខាតយន្ត​ហោះ​ច្បាំង​ទំនើបៗ​ ការ​បង្វឹកហ្វឹក​ហាត់អ្នកបើកបរយន្តហោះចម្បាំងនោះទៀត​សោត​ ក៏​​​ប្រព្រឹត្តទៅយ៉ាងអត្តខាត។ នៅ​កូរ៉េ​ខាង​ជើង​ ​ការ​បង្រៀន​អ្នកបើកបរយន្តហោះចម្បាំង ឲ្យ​បាន​ស្ទាត់​ជំនាញ​ មិន​អាច​ទៅរួច។ ទៅមិន​រួច​ពីព្រោះ​​គ្មាន​ប្រេង​​សាំងគ្រប់​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​វគ្គ​រៀនសូត្រ​យន្តហោះ​​នេះឲ្យ​សមរម្យនិង​បាន​ច្រើន​ម៉ោង។​​ អ្នក​បើ​ក​យន្តហោះ ដែល​រៀន​ហោះ​ហើរ​បាន​តិចតួច គឺច្បាស់ជា​​មិន​អាច​នឹង​ធានាដល់​ការ​ប្រយុទ្ធ​ផ្លូវ​អាកាស​បាននោះឡើយ។ នេះបើតាម​ទីភ្នាក់​ងារ​ស៊ើបការ​សម្ងាត់ខាង​​យោធា របស់​សហរដ្ឋអាមេរិក (DIA) និងដែល​បញ្ជាក់​ថា អ្នក​បើក​យន្តហោះ​ចម្បាំង​កូរ៉េខាង​ជើង រៀន​​ហោះហើរ​ បា​នតែ​ ១៥ម៉ោង​ ទៅ​២៥ម៉ោង​តែប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។ រយៈ​ពេល​រៀន​ស្តួច​ស្តើង​ប៉ុណ្ណេះ គឺ​មិន​អាច​នឹង​មាន​មោទនភាព​អ្វី​ទៅ​ប្រៀបធៀប​នឹង​កងទ័ព​ផ្លូវ​អាកាស​កូរ៉េ​ខាងត្បូង ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ ផុត​លេខ និង​​បំពាក់​បំប៉ន់​ដោយ​សហរដ្ឋអាមេរិក​ទៀត​ផង។ នេះ​បើតាម​ការ​យល់​ឃើញ​របស់ Ahn Chan-il អ្នក​ជំនាញកិច្ចការ​កូរ៉េ​ខាង​ជើង។​

កូរ៉េ​ខាង​ជើង​ខ្លួនឯង​ ក៏បាន​ដឹង​ច្បាស់​ថា សមត្ថភាព​ទ័ព​អាកាស​របស់ខ្លួន នៅទន់​​ខ្សោយ ហើយ​​ប្រសិន​បើ​ករណី​មាន​ជម្លោះ​មែន កងទ័ព​ព្យុង​យ៉ាង​នឹងវាយ​ប្រហារ​មូលដ្ឋាន​យោធា​ផ្លូវ​អាកា​ស​របស់​គូសត្រូវ​ជាមុន។​ នេះតាម​ការ​វិភាគ​របស់ លោក Choeung Seong-chang អ្នក​ស្រាវជ្រាវ​ នៅ​វិទ្យាស្ថាន​ Sejong ។​

សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​កូរ៉េ​ខាង​ត្បូង ក៏​បាន​ដឹង​ចំណុច​ខ្សោយ​របស់​ទ័ព​អាកាស​កូរ៉េ​ខាង​ជើង ទើប​កាលពី​ពេល​ថ្មីៗ សមយុទ្ធ​រួម​គ្នា រ​បស់​ សេអ៊ូល និង វ៉ាស៊ីនតោន​ គឺ​បាន​សម្ញែង​ឫទ្ធានុភាព​យ៉ាង​ខ្លាំង​ពី​ក្បួន​ទ័ព​ផ្លូវកាស ហើយ​នេះ ក៏​ជាការ​គំរាម​ឲ្យ​ឃើញ​ច្បាស់​ដែរ ចំពោះ​របបក្រុង​ព្យុង​យ៉ាង។

​ដោយហេតុ​ដែល​ដឹង​ថា​ខ្លួន​មិន​សូវ​ខ្លាំង​ខាង​ផ្លូវ​អាកាសទេ និង​មិន​ចង់​ឲ្យ​នរណា​ហោះហើរ​ពីលើ​ខ្នង​របស់ខ្លួន​ ទើប​ កូរ៉េខាង​ជើង ប្រឹង​គំរាម​សម្បើម​ណាស់ដែរ ដោយ​បាញ់​មីស៊ីល​ពី​លើ​ដី​និងឆ្លង​សមុទ្រ​ជាច្រើន​សន្ធឹក ដើម្បីគំរាម​បក និង​ព្រមាន​កុំ​ឲ្យ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង ធ្វើ​សមយុទ្ធ​រួម​គ្នា។​

ពី​អតីតកាល ​ទ័ពផ្លូវ​អាកាស​កូរ៉េ​ខាង​ជើង ​ខ្លាំង​ ព្រោះបាន​ជំនួយ​ពី​សហភាព​សូរៀត។​

គេ​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរថា ពីអតីតកាល កូរ៉េខាងជើង ធ្លាប់​មា​នកម្លាំង​ខ្លាំងខាង​កង​ទ័ពផ្លូវអាកាស ដ្បិត​បានជំនួយពីសហភាពសូរៀត។ នាឆ្នាំ​២០១៣ កូរ៉េ​ខាង​ត្បូង​ តាមរយៈ​វិទ្យាស្ថាន​ប្រវត្តិ​យោធា​នៅក្រុង​សេអ៊ូល ធ្លាប់​ធ្វើវាយ​តម្លៃ​ក្នុង​របាយការណ៍មួយ ថា​ ទ័ព​អាកាស​ព្យុងយ៉ាង ខ្លាំង​ជាង​ពីរដងពីទ័ពជើង​អាកាស​របស់​ក្រុង​សេអ៊ូល នាអំលុង​ទសវត្សរ៍​១៩៧០។​

កូរ៉េ​ខាង​ជើង ធ្លាប់​បាន​បញ្ជូន​កម្លាំង​ជំនួយ​យោធា​ ទៅជួយ​​វៀតណាម ក្នុង​សង្គ្រាម​ប្រឆាំង​ចក្រពត្តិបច្ចិមលោក​, ហើយក៏​​ទៅជួយ​ច្បាំងសង្គ្រាម​នៅ​ស៊ីរី និង​ នៅ​អេហ្ស៊ីប​ នៅពេល​សង្គ្រាម​ Kippour រវាង​អារ៉ាប់​និង​ជ្វីហ្វ​​។​ ចម្បាំង​ទាំងពីរ​នា​អំលុង​ដើម​ទសវត្សរ៍​​១៩៧០។​ ក៏ប៉ុន្តែ តាំងពី​សហភាព​សូវៀត​រំលំរលាយ​ទៅ កូរ៉េខាងជើង​បាត់បង់​​​ខ្នង​បង្អែក ហើយ​ម្យ៉ាង​ ​ពេល​ក្រោយ​មក  រុស្ស៊ី​ចុះ​កិច្ចព្រ​មព្រៀង​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ ជាមួយ​កូរ៉េ​ខាង​ត្បូង គឺ​រុស្ស៊ី​ត្រូវ​ឈប់​ផ្តល់​ជំនួយ​យោធា​ដល់​កូរ៉េ​ខាងជើង​។

ដូច្នេះ​ហើយ កូរ៉េ​ខាង​ជើង បាន​ជួប​ភាព​ខ្សត់ខ្សោយ​ខាង​យោធា​ផ្លូវ​អាកាស​ជាច្រើន​ទសវត្សរ៍​។ ​ដើម្បី​មាន​ទឹក​ប្រៃ​ក្នុងការ​ចរចា​ជាមួយ​គូប្រជែង​និង​ពួក​បច្ចិមលោក កូរ៉េ​ខាង​ជើង​ បាន​​ប្រឹង​​អភិវឌ្ឈ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រឿង​សព្វាវុធ​ផ្លូវ​គោក  ហើយនិង​​ចាត់ទុក​កម្មវិធីនុយក្លេអ៊ែរ ជា​ស្នូល​បណ្តូល​អាយុជីវិត​របស់ជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ