អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសង្គ្រាមរុស្ស៊ីអ៊ុយក្រែនធ្វើឱ្យភាពក្រីក្រ និងថ្លៃទំនិញសកលកើនឡើងរបៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយជិត១០ខែទៅហើយ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ និងបានបង្កផលប៉ះពាល់យ៉ាងច្រើនលើសេដ្ឋកិច្ចពិភពលោក ការជំរុញឱ្យមានការឡើងថ្លៃថាមពល ក៏ដូចជាការបង្កឱ្យមានវិបត្តិស្បៀងអាហារសកល។ ក្នុងរបាយការហ៍ថ្មីៗយ៉ាងច្រើន សង្គ្រាមរុស្ស៊ីអ៊ុយក្រែនធ្វើឱ្យភាពក្រីក្រសាកលកើនឡើង និងថ្លៃទំនិញសកលហក់ខ្ពស់ខ្លាំង។

តើសង្គ្រាមរុស្ស៊ីអ៊ុយក្រែនធ្វើឱ្យភាពក្រីក្រ និងថ្លៃទំនិញសកលកើនឡើងរបៀបណា?
តើសង្គ្រាមរុស្ស៊ីអ៊ុយក្រែនធ្វើឱ្យភាពក្រីក្រ និងថ្លៃទំនិញសកលកើនឡើងរបៀបណា? REUTERS - ERIC GAILLARD
ផ្សាយពាណិជ្ជកម្ម

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយជិត១០ខែ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ និងបានបង្កផលប៉ះពាល់យ៉ាងច្រើនលើសេដ្ឋកិច្ចពិភពលោក ការជំរុញឱ្យមានការឡើងថ្លៃថាមពល ក៏ដូចជាការបង្កឱ្យមានវិបត្តិស្បៀងអាហារសកល។ របាយការណ៍ចុងក្រោយក៏បង្ហាញអំពីផលប៉ះពាល់លើភាពក្រីក្រ និងទំនិញសកលកើនឡើងតម្លៃផងដែរ។

អង្គការសហប្រជាជាតិបានលើកឡើងថា សង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានរុញច្រានឱ្យមនុស្សរហូតដល់៤៩លាននាក់ធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រខ្លាំង ឬគ្រោះទុរភិក្ស ដោយសារតែឥទ្ធិពលដ៏អាក្រក់របស់វាទៅលើការខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងតម្លៃស្បៀងអាហារពិភពលោក នៅក្នុងពេលដែលពិភពលោកធ្លាប់ត្រូវព្រមានអំពីវិបត្តិអសន្តិសុខស្បៀងរួចទៅហើយ តាំងពីមុនសង្គ្រាមនេះ។

ឥទ្ធិពលសង្គ្រាមលើផលិតកម្មរបស់អ៊ុយក្រែន និងរុស្ស៊ី

អ៊ុយក្រែនត្រូវបានពិពណ៌នាជាយូរមកហើយថាជាដែនដីមួយក្នុងចំណោមកន្លែងស្តុកស្រូវរបស់ពិភពលោក ឬគេហៅប្រទេស ឬតំបន់មួយ ដែលមានដីសម្បូរបែប និងអាកាសធាតុអំណោយផលដល់ការផលិតស្រូវសាលី ឬគ្រាប់ធញ្ញជាតិដ៏ទៃផ្សេងទៀតក្នុងបរិមាណដ៏ច្រើន។ ប៉ុន្តែ ​ការឈ្លានពានរបស់​រុស្ស៊ី​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ដល់​ផលិតកម្ម និង​ការ​នាំ​ចេញ​ស្បៀង​អាហារ​របស់​អ៊ុយក្រែន។ តួលេខផ្លូវការបង្ហាញថា ឥទ្ធិពលរបស់វាបានរីករាលដាល់នៅជុំវិញពិភពលោក។

សង្គ្រាមបានបង្កផលប៉ះពាល់ដល់ផលិតកម្មស្បៀងអាហារ និងខ្សែច្រវាក់នៃការផ្គត់ផ្គង់ទាំងមូលរបស់អ៊ុយក្រែន ចាប់ពីការសាបព្រួសរហូតដល់ការប្រមូលផល និងការនាំចេញ។

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប៉ាន់ប្រមាណថាចន្លោះពី២០% ទៅ៣០%នៃដីកសិកម្មរបស់អ៊ុយក្រែននឹងនៅតែមិនទាន់ដាំ ឬមិនទាន់ប្រមូលផលនៅឆ្នាំនេះ ដោយសារសង្រ្គាម។ មួយផ្នែកគឺដោយសារតែផ្ទៃដីកសិកម្មដ៏ធំរបស់ប្រទេសអ៊ុយក្រែន ប្រហែលពាក់កណ្តាលនៃផ្ទៃដីដែលដាំដោយស្រូវសាលីរដូវរងា និងប្រហែល៤០%នៃផ្ទៃដីដែលដាំត្រូវបានបំផ្លាញដោយសារសង្គ្រាម។

សង្រ្គាមក៏បានបណ្តាលឱ្យមានការខ្វះខាតកម្មករផងដែរ ដោយសារតែចំនួនមនុស្សដ៏ច្រើនបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ឬចូលរួមក្នុងអង្គភាពស្ម័គ្រចិត្តនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន។

ទណ្ឌកម្មរបស់លោកខាងលិចដាក់ប្រឆាំងនឹងរុស្សី ក៏បានជះឥទ្ធិពលដល់ការផ្គត់ផ្គង់ប្រេង ជី និងផលិតកម្មសកលផងដែរ។

ឥទ្ធិពលសង្គ្រាមលើថ្លៃទំនិញសកល

អង្គការសហប្រជាជាតិបានលើកឡើងថា ការបិទកំពង់ផែរបស់អ៊ុយក្រែនដោយរុស្ស៊ីអំឡុងសង្គ្រាម បានធ្វើឱ្យតម្លៃស្បៀងអាហារសកលឡើងថ្លៃ ហើយវាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរនាំឱ្យមានការខ្វះខាតស្បៀងអាហារដ៏មហន្តរាយ ក្នុងកម្រិតសកល នៅក្នុងផ្នែកខ្លះនៃពិភពលោក។ ឥទ្ធិពលនេះនៅបន្ដមានវត្តមានរហូតមកដល់ពេលបច្ចុប្បន្ន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ធ្លាប់បានលើកឡើងថា "សម្រាប់មនុស្សជុំវិញពិភពលោក សង្រ្គាមរួមជាមួយនឹងវិបត្តិផ្សេងៗទៀត បានគំរាមកំហែងដល់ការធ្វើឱ្យវិបត្តិអត់ឃ្លាន និងទុរភិក្សដែលមិនធ្លាប់មានពីមុនមក ដោយបន្សល់ទុកនូវភាពវឹកវរផ្នែកសង្គម និងសេដ្ឋកិច្ច"។

វិបត្តិសង្គ្រាម​នៅ​អ៊ុយក្រែនពិតជាបង្កផលប៉ះពាល់​ជុំវិញ​ពិភពលោក​ ព្រោះ​ទាំង​អ៊ុយក្រែន​ និង​រុស្ស៊ី​គឺជា​ប្រទេស​នាំ​ចេញ​ស្បៀង​អាហារ​ដ៏​សំខាន់។ តម្លៃអាហារពិភពលោកបានកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំនេះ។ នេះបើយោងតាម ​​FAO។

ស្ទើរតែមួយភាគបីនៃការនាំចេញស្រូវសាលីរបស់ពិភពលោក និង៦០%នៃការនាំចេញប្រេងផ្កាឈូករ័ត្នរបស់ពិភពលោកបានមកពីប្រទេសទាំងពីរនេះ កាលពីឆ្នាំមុន។ យោងតាមវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារអន្តរជាតិ (IFPRI) បានឱ្យដឹងថា ក្នុងចំណោមអាហារដែលមានតម្លៃកាឡូរីបំផុតទាំង១០០ ដែលត្រូវបានជួញដូរនៅជុំវិញពិភពលោកមាន១២មកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

ឥទ្ធិពលសង្គ្រាមលើភាពក្រីក្រសកល

របាយការណ៍ថ្មីមួយរបស់អង្គការ FAO និងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានលើកឡើងថា សង្រ្គាមនៅអ៊ុយក្រែនអាចរុញច្រានប្រជាជនរហូតដល់ ៤៧លាននាក់ចូលទៅក្នុង "អសន្តិសុខស្បៀងធ្ងន់ធ្ងរ" ដែលនាំឱ្យចំនួនមនុស្សសរុបប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលក្នុងភាពក្រីក្រទុរភិក្សសរុបដល់ទៅ ៣២៣លាននាក់។

យោងតាមទិន្នន័យពី FAO ប្រទេសមួយចំនួនក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតរបស់ពិភពលោកគឺស្ថិតក្នុងចំណោមប្រទេសដែលពឹងផ្អែកខ្លាំងបំផុតលើការនាំចូលពីអ៊ុយក្រែន។ លីបង់ ទុយនីស៊ី សូម៉ាលី និងលីប៊ី សុទ្ធតែពឹងផ្អែកលើអ៊ុយក្រែន យ៉ាងហោចណាស់ពាក់កណ្តាលនៃការនាំចូលស្រូវសាលីរបស់ពួកគេ។ កម្មវិធីរបស់អង្គការសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអសន្តិសុខស្បៀងបានទិញប្រហែលពាក់កណ្តាលនៃស្រូវសាលីរបស់ខ្លួនពីអ៊ុយក្រែនជារៀងរាល់ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ