អានតួអត្ថបទ
មនុស្សធម៌

អង្គការ​សហប្រជាជាតិស្វែងរក​​ជំនួយ​មនុស្សធម៌​ ៥១ពាន់​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ​២០២៣

នៅថ្ងៃព្រហស្បតិ៍​ទី ១​ធ្នូ​នេះ អង្គការ​សហប្រជាជាតិ​បាន​ចាប់​ផ្តើម​ប្រកាស​ស្វែង​រក​ជំនួយ​មនុស្សធម៌ សម្រាប់​ឆ្នាំ​២០២៣។ ដោយហេតុ​សង្គ្រាម​នៅអ៊ុយក្រែន និង​ការ​ប្រែប្រួល​អាកាសធាតុ​ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប៉ាន់ប្រមាណ​ថា​ពិភពលោក​ត្រូវថវិកា​​ដល់​ទៅ ៥១,៥ពាន់​លាន​អឺរ៉ូ​ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​​រងគ្រោះ​នៅលើ​ពិភពលោក​។ ជា​មូលនិធិដ៏​ច្រើនខ្លាំង​ណាស់​ និង​​មិន​ធ្លាប់​មាន​ទេ​។

ជន​ភៀសខ្លួន​តម្រង់ជួរ​ចាំទទួល​ជំនួយ​មនុស្សធម៌​ដែល​ទើប​​មក​ដល់
ជន​ភៀសខ្លួន​តម្រង់ជួរ​ចាំទទួល​ជំនួយ​មនុស្សធម៌​ដែល​ទើប​​មក​ដល់ RFI/Eliott Brachet
ផ្សាយពាណិជ្ជកម្ម

គម្រោង​ជំនួយ​មនុស្សធម៌​ឆ្នាំ​២០២៣ ជា​​កម្មវិធី​ដ៏ធំ​កំរិត​ពិភពលោក​មិនធ្លាប់​មាន​ទេ ហើយ​ត្រូវ​ការ​ថវិកា​ច្រើនខ្លាំង​ ដល់​ទៅ ៥១,៥ពាន់​លាន​អឺរ៉ូ ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ជាង​គេ​បំផុត​​ចំនួន ២៣០​លាន​នាក់ នៅក្នុង​ប្រទេស​ចំនួន ៦៨។ ​សេចក្តីត្រូវ​ការ​នេះ​មាន​ទំហំ​ច្រើន​ជាង​ឆ្នាំ​មុន​២៥%​ ប៉ុន្តែនៅមិន​ទាន់​អាច​ជួយ​គ្រប់​ជនរងគ្រោះ​​ទេ។ នេះ​បើ​តាម​ការ​ប្រសាសន៍​របស់​លោក​ Martin Griffiths ​ប្រធាន​ភ្នាក់ងារ​​មនុស្សធម៌​អង្គការ​សហប្រជាជាតិ ដែល​បញ្ជាក់​ថា មាន​មនុស្ស​ដល់​ទៅ ៣៣៩លាននាក់ នៅលើ​ពិភពលោក​ ត្រូវ​ការ​ជំនួយ​មនុស្សធម៌បន្ទាន់​នៅ​ឆ្នាំ​ក្រោយ ទល់​នឹង​២៧៤លាន​នាក់​នៅ​ឆ្នាំ ២០២២។

បើតាម​អង្គការ​សហប្រជាជាតិ ការ​ស្វះស្វែង​រក​ជំនួយ​មនុស្ស​ដ៏​ច្រើន​ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ស្ថានភាព​ដ៏​អាក្រក់​របស់​ពិភពលោក។

តម្រូវការ​មនុស្សធម៌ បាន​ស្គាល់​កំណើន​ដល់​កំពូល​តាំងពី​ផ្ទុះ​រោគ​រាតត្បាត​កូវីដ១៩មក និង​មិនដែល​ថយ​ចុះ​ទេ តាំងពី​ពេល​នោះ​មក។ ក្រៅ​អំពី​វិបត្តិ​កូវីដ​ ភាពរាំងស្ងួត ទឹកជំនន់ ដែលបង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​និង​ធ្វើ​ឱ្យ​មាន​គ្រោះ​ទុរ្ភិក្ស សង្គ្រាម​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​តំបន់​អឺរ៉ុប​មួយ​ផ្នែក​ក្លាយ​ជា​សមរភូមិ។ ជា​សរុប​មានមនុស្ស​ជាង​១០០លាន​នាក់ ត្រូវ​ធ្វើ​បំលាស់​ទី​។ យ៉ាង​ហោច​ជាង​២២២លាននាក់ រស់​ក្នុង​៥៣​ប្រទេស​ប្រឈម​នឹង​អស្ថិរភាព​ស្បៀងអាហារ​រ៉ាំរ៉ៃ​នៅ​ចុង​ឆ្នាំ ២០២២។ ៤៥លាន​នា់ ក្នុង​៣៧ប្រទេស មាន​ហានិភ័យ​ស្លាប់​ដោយ​គ្រោះ​អត់ឃ្លាន។ អាហ្វហ្កានីស្ថាន អេត្យូពី ហាវៃ សូម៉ាលី និង​ស៊ូដង់ ធ្លាក់​ក្នុង​ស្ថានភាព​ដែល​អាច​ហៅ​​ថា​គ្រោះ​ទុរ្ភិក្ស​បាន​ ព្រោះមាន​មនុស្ស​ស្លាប់​ដោយ​ធ្វើ​បំលាស់ទី និង​ដោយ​អត់អាហារ។

នៅ​ឆ្នាំ​២០២២ ភ្នាក់ងារ​ប្រមូល​​​​ជំនួយ​មនុស្សធម៌ត្រឹម​តែ​៤៧%​នៃ​គម្រោង​ (មិនមែន​ដល់​៦០ទៅ៦៥%​ដូច​ឆ្នាំ​មុនៗ​ទេ) តែសង្ឃឹម​ថា​ឆ្នាំ​២០២៣​ ពិភពលោក​មាន​សាមគ្គីភាព​ជាង​មុន។ នេះ​បើតាម​ការ​ទទូច​របស់​អង្គការ​សហប្រជាជាតិ​ដោយ​បញ្ជាក់​ថា ស្ថាប័ន​មាន​ឱនភាព​ជំនួយ​៥៣% ដែល​ជំរុញ​ឱ្យ​អង្គការ​មនុស្សធម៌​បង្ខំ​ចិត្ត​ផ្តល់ជំនួយ​ដោយ​រើស​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ