អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គួដឌីស្ថានស៊ីរីជាអ្នករងគ្រោះនៃការរំកិលរកគ្នារវាងតួកគី និងស៊ីរីដោយមានរុស្ស៊ីនៅពីក្រោយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី២៨ ធ្នូ ប្រទេស​រុស្ស៊ី​បាន​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ថ្នាក់រដ្ឋមន្រ្តី​ការពារជាតិ​រវាង​ប្រទេស​រុស្ស៊ី ស៊ីរី និង​ប្រទេស​តួកគី។ តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ហែកហួរ​ក្នុង​ឆ្នាំ ២០១១ នេះ​ជា​លើកទី១ ដែល​មាន​កិច្ចប្រជុំ​របៀប​នេះ ពិសេស​ជំនួប​ផ្លូវការ​ក្នុង​កម្រិត​ប្រមុខ​ការពារជាតិ​រវាង​ស៊ីរី និង​តួកគី។ នៅ​ក្នុង​ខែ​មករា​ឆ្នាំ​ថ្មី ២០២៣ នេះ ស៊ីរី និង​តួកគី​គ្រោង​ជួប​គ្នា​ជា​ថ្មី​ដែល​លើក​នេះ​ក្នុង​កម្រិត​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​បាន​ជំរុញ​ឲ្យ​ស៊ីរី និង​តួកគី​ផ្តើម​រំកិល​រក​គ្នា​ជា​ថ្មី និង​ថា តើ​អ្នក​ណា​ជា​អ្នក​រងគ្រោះ​ពី​ការ​រំកិល​រក​គ្នា​នេះ?។

លោក Sergei Shoigu រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី និង​សមភាគី​​តួកគីលោក Hulusi Akar។
លោក Sergei Shoigu រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី និង​សមភាគី​​តួកគីលោក Hulusi Akar។ AP - Vadim Savitsky
ផ្សាយពាណិជ្ជកម្ម

នៅ​មុន​ស៊ីរី​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង​កាល​ពី​ឆ្នាំ ២០១១ ស៊ីរី និង​តួកគី​ដែល​ជា​ប្រទេស​ជិតខាង​ភូមិផង របង​ជាមួយ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ និង​យ៉ាង​រលូន​រវាង​គ្នា។ លើស​ពី​នេះ ទីក្រុង​អង់ការ៉ា​ថែម​ទាំង​ជា​ដៃគូ​នយោបាយ និង​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ទីក្រុង​ដាម៉ាស់​ទៀត​ផង។ តែ​ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​ដែល​ស៊ីរី​បាន​អូស​ជើង​នៅ​ក្នុង​សង្រ្គាម​ស៊ីវិល ទំនាក់ទំនង និង​ដៃគូ​របៀប​នេះ​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ហៅ​មិន​ឮ។ នេះ​ក៏​ដោយសារ​ថា​តួកគី​បាន​បែរ​ខ្នង​ដាក់​រដ្ឋាភិបាល​ស៊ីរី​របស់​ប្រធានាធិបតី​លោក​អាសាដ និង​ងាក​ទៅ​កាន់​ជើង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ជា​ក្រុម​ប្រឆាំង​លោក​អាសាដ។ ទន្ទឹម​គ្នា​នេះ តួកគី​បាន​បើក​ទ្វារ​ទទួល​ជនភៀសខ្លួន​ស៊ីរី​ជិត ៤លាន​នាក់​ឲ្យ​ជ្រកកោន​នៅ​លើ​ទឹកដី​ខ្លួន។

ជម្រើស​គាំទ្រ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​របស់​តួកគី​ក៏​ជា​ជម្រើស​របស់​ក្រុម​បស្ចិមលោក​ដែរ ព្រោះ​អ្វី​ដែល​ពួក​គេ​ចង់​បាន និង​ចង់​ឃើញ គឺ​ការ​ដួល​រលំ​របបផ្តាច់​ការ​របស់​លោក​អាសាដ។ ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ធ្លាប់​បាន​ចាត់​ទុក​លោក​អាសាដ​ជា​ឃាតករ​ស្រេក​ឃ្លាន​ឈាម​ដែល​បាន​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្លួន​ឯង​ដោយ​មិន​រើស​មុខ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ខណៈ​ដែល​តួកគី និង​បស្ចិមលោក​នាំ​គ្នា​គាំទ្រ​ក្រុម​ប្រឆាំង​នឹង​លោក​អាសាដ រុស្ស៊ី និង​អ៊ីរ៉ង់​បាន​នាំ​គ្នា​គាំទ្រ​លោក​អាសាដ។ គឺ​ជំហរ​របស់​រុស្ស៊ី និង​អ៊ីរ៉ង់​របៀប​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី និង​លោក​អាសាដ​អាច​បន្ត​ឈរ​ជើង​មក​ដល់​សព្វថ្ងៃ។

ក្រៅ​ពី​នេះ​នៅ​ក្នុង​ជម្លោះ​ស៊ីរី មាន​តួអង្គ​សំខាន់​ទី៣ មួយ​ទៀត​ដែល​គេ​មិន​អាច​មិន​និយាយ​បាន​ឡើយ គឺ​កម្លាំងប្រដាប់​អាវុធ​គួដឌីស្ថាន​នៅ​ប៉ែកខាងជើង​ស៊ីរី។ កម្លាំង​គួដឌីស្ថាន​ស៊ីរី​នេះ​បាន​រួមដៃ​គ្នា​ជាមួយ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដើម្បី​ត តាំង​ទល់​នឹង​លោក​អាសាដ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា កម្លាំង​គួដឌីស្ថានស៊ីរី​ដដែល​នេះ​ក៏​បាន​ចូលរួម​ជាមួយ​កម្លាំងសម្ព័ន្ធមិត្ត​ដឹក​នាំ​ដោយ​អាមេរិក​ដើម្បី​ប្រឆាំង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី​ដែរ។ តែ​សម្រាប់​តួកគី កម្លាំង​គួដឌីស្ថានស៊ីរី​នេះ​ជា​ពួក​ភេរវជន​ដែល​ត្រូវ​កំចាត់ ព្រោះ​ពួក​នេះ​បាន​ស៊ុម គ្រលំ ឃុបឃិត​ជាមួយ​ចលនា​គួដឌីស្ថាន PKK នៅ​ក្នុង​ទឹកដី​តួកគី។

ឃើញ​ថា​នៅ​ទីបំផុត ប្រធានាធិបតី​ស៊ីរី​លោក​អាសាដ និង​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន​កំពុង​មាន​សត្រូវ​រួម​ដូច​គ្នា គឺ​កម្លាំង​គួដឌីស្ថានស៊ីរី។ ចុះ​សម្រាប់​រុស្ស៊ី​វិញ តើ​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ដែរ​ជាមួយ​នឹង​កម្លាំង​គួដឌីស្ថានស៊ីរី​នេះ។ ប្រហែល​ជា​ជាប់ពាក់ព័ន្ធ​ដោយ​ប្រយោល ព្រោះ​សម្រាប់​ទីក្រុង​មូស្គូ ការ​កំចាត់​កម្លាំងគួដីស្ថានស៊ីរី​ប្រៀប​ដូច​ជា​ការ​កំចាត់​សម្ព័ន្ធមិត្ត​ម្នាក់​របស់​អាមេរិក​អ៊ីចឹង​ដែរ។ តែ​សួរ​ថា ហេតុអ្វី​បាន​ជា​រុស្ស៊ី​ទើប​ខ្នះខ្នែង​រៀបចំ​ឲ្យ​មាន​ជំនួប​ផ្លូវការ​ថ្នាក់​ក្រសួង​ការពារជាតិ​រវាង​តួកគី និង​ស៊ីរី​នៅ​ពេល​នេះ និង​ថា ហេតុអ្វី​បាន​ជា​តួកគី និង​ស៊ីរី​យល់​ព្រម​អង្គុយ​ជជែក​គ្នា​ដើម្បី​ស្វែង​ការ​រំកិល​រក​គ្នា​ជា​ថ្មី​នៅ​ពេល​នេះ?។

តាម​ពិត​ទៅ រដ្ឋាភិបាល​តួកគី និង​រដ្ឋាភិបាល​ស៊ីរី​បាន​ផ្តើម​សំឡឹង​បញ្ឆិតបញ្ឆៀង​ដាក់​គ្នា​តាំង​ពី​ឆ្នាំ ២០២១ មក​ម្ល៉េះ។ ក្នុង​ខែ​សីហា ឆ្នាំ ២០២២ តួកគី និង​ស៊ីរី​បាន​ទទួល​ស្គាល់​ពី​ការ​មាន​ទំនាក់ទំនង​កម្រិត​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​រវាង​គ្នា។ បន្ទាប់​មក​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២២ ដដែល ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ដែល​បាន​ចាត់​ទុក​សមភាគី​ស៊ីរី​លោក​អាសាដ​ជា​ឃាតករ​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​មាន​ជំនួប​ជាមួយ​លោក​អាសាដ។ ដូច្នេះ​សម្រាប់​រុស្ស៊ី វា​ជា​ឱកាស​មួយ​ដែល​គេ​ត្រូវ​ជួយ​ផ្តល់​សន្ទុះ​បន្ថែម​ទៀត​នៅ​ក្នុង​នីតិវិធី​នៃ​ការ​រំកិល​រក​គ្នា​ជា​ថ្មី​រវាង​តួកគី និង​ស៊ីរី។ ចំណែក​អ្នក​ដែល​កំពុង​រងគ្រោះ​កាន់​តែ​ខ្លាំង​ពី​ការ​រំកិល​រក​គ្នា​រវាង​តួកគី និង​ស៊ីរី​ពេល​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ពួក​គួដឌីស្ថានស៊ីរី។

សរុប​មក រុស្ស៊ី តួកគី និង​ស៊ីរី​សុទ្ធ​តែ​ទទួល​បាន​ផល​ចំណេញ​ដូច​គ្នា​ពី​ភាព​ល្អូកល្អឺន​ជា​ថ្មី​រវាង​តួកគី និង​ស៊ីរី។ ទីក្រុង​អង់ការ៉ា​ចង់​បណ្តេញ​ពួក​គួដឌីស្ថានស៊ីរី​ឲ្យ​ឆ្ងាយ​ពី​ព្រំដែន​ខ្លួន​ដើម្បី​កុំ​ពួក​នេះ​អាច​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចលនា​គួដឌីស្ថាន PKK។ តាំង​ពី​ថ្ងៃទី២០ វិច្ឆិកា តួកគី​បាន​បង្កើន​ការ​ទម្លាក់គ្រាប់បែក​លើ​ទីតាំង​របស់​ពួក​គួដឌីស្ថានស៊ីរី និង​បាន​គំរាម​បើក​ការ​វាយប្រហារ​ផ្លូវគោក។ ចំណែក​ទីក្រុង​ដាម៉ាស់​មិន​ចង់​ឃើញ​ដែនដី​ខ្លួន​នៅ​ប៉ែកខាងជើង​ដែល​ជា​ជង្រុក​ប្រេង​ក្លាយ​ជា​តំបន់​ស្វយ័ត​កាន់កាប់​ដោយ​ពួក​គួដឌីស្ថាន។ រីឯ​រុស្ស៊ី​វិញ​ចង់​ប្រាប់​ពិភពលោក​តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​ជំនួប​ផ្លូវការ​រវាង​តួកគី និង​ស៊ីរី​ថា ខ្លួន​នៅ​បន្ត​មាន​ឥទ្ធិពល និង​បន្ត​ដើរ​តួនាទី​ស្នូល​នៅ​ក្នុង​បញ្ហា​ស៊ីរី ទោះ​បី​ជា​កំពុង​ជាប់ដៃ​ និង​ផុងជើងទៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ