អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកពូទីន ទៅ​អ៊ីរ៉ង់ ដើម្បី​ជជែក​ពី​សំណុំ​រឿង​ស៊ីរី និង​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​បើក​ប្រតិបត្តិការ​យោធានៅ​អ៊ុយក្រែន​មក លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន កម្រ​ធ្វើ​ដំណើរទៅ​បរទេស​​ណាស់។ ថ្ងៃអង្គារ​ទី ១៩ កក្កដា​នេះ​ ជា​លើក​ពីរ លោក ពូទីន ​បានចាកចេញពី​ប្រទេស​​ទៅ​ជួប​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​ និង​ចូល​រួម​ក្នុង​​​​ជំនួប​ត្រីភាគី​ រុស្ស៊ី​ អ៊ីរ៉ង់​ តួកគី ស្តី​ពី​ស៊ីរី។ ប៉ុន្តែ​​សង្គ្រាម​​​អ៊ុយក្រែន និងផលរំខាន​​ចំពោះ​​សេដ្ឋកិច្ចពិភពលោក ​បាន​ជ្រៀត​ចូល​មក​គ្រប​ជំនួប​ត្រីភាគី​នេះ​ដែរ។

ពី​ឆ្វេង​ទៅ​ស្តាំ ៖ ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន ប្រធានាធិបតី​អ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និង​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី
ពី​ឆ្វេង​ទៅ​ស្តាំ ៖ ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន ប្រធានាធិបតី​អ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និង​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី AFP - GABRIEL BOUYS,-,MIKHAIL METZEL
ផ្សាយពាណិជ្ជកម្ម

ថ្ងៃអង្គារ​ទី ១៩ កក្កដា​នេះ​ ជា​លើក​ពីរ លោក ពូទីន ​បានចាក​ចេញ​ពីប្រទេស​ ដើម្បី​បាន​​ជួប​ប្រមុខ​ដឹកនាំអ៊ីរ៉ង់​ជា​​សម្ព័ន្ធមិត្ត​ និង​ដើម្បី​ចូល​រួម​ក្នុង​​​​ជំនួប​ត្រីភាគី​ រុស្ស៊ី​ អ៊ីរ៉ង់​ តួកគី នៅ​ទី​ក្រុង​តេហេរ៉ង់​។​ ទស្សនកិច្ច​របស់​លោក​ពូទីន​នៅ​អ៊ីរ៉ង់​ ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ចូបៃដិន នៅ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល ដែល​ជា​សត្រូវ​សួរ​ពូជ​របស់​អ៊ីរ៉ង់។

លោក​បៃដិន​ទៅ​ដើម​បូព៌ា ដើម្បី​ពង្រឹង​សន្តិសុខ​ឱ្យ​សម្ព័ន្ធមិត្ត​ប្រឈម​នឹង​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់ និង​រក​វិធី​បញ្ចុះ​ផលវិបាក​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន។ ឯ​លោក​ពូទីន ​ ​ស្វែងស្វះអភិវឌ្ឍ​​​​ដៃគូសេដ្ឋកិច្ច​ថ្មីបន្ទាប់​ពី​រង​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ពី​ក្រុម​បស្ចិមលោក​។ សម្រាប់​រុស្ស៊ី ទណ្ឌកម្ម​របស់​ក្រុម​លោក​ខាង​លិច​ដាក់​លើ​រុស្ស៊ី​ដែល​ធ្វើ​សង្គ្រាម​នៅអ៊ុយក្រែន ជា​សេចក្តី​ប្រកាស​សង្គ្រាមសេដ្ឋកិច្ច​​របស់​បស្ចិមលោក​ ដូច្នេះ​មូស្គូ​ត្រូវ​ងាក​ទៅ​រក​ដៃ​គូថ្មីដែល​គ្មាន​នរណា​ក្រៅពី​ចិន ឥណ្ឌា និង​អ៊ីរ៉ង់​នេះ​ទេ។ ​

ក្នុង​ខណៈ​ដែល​ចំណង​ទំនាក់ទំនង​របស់​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​​តំបន់ជាមួយ​អ៊ីស្រាអែល​ កាន់​តែ​ប្រសើរ​ឡើងៗ តាម​រយៈ​សហរដ្ឋ​អាមេរិក​ ការខិត​ខំ​ពង្រឹង​ចំណង​ជា​យុទ្ធសាស្ត្រ​រវាង​រុស្ស៊ី​ អ៊ីរ៉ង់ និង​តួកគី ក៏​ចាប់​មាន​ល្បឿន​ដែរ និង​ស្តែង​ឱ្យ​ឃើញ​តាម​រយៈជំនួប​ត្រីភាគី​ ដែល​ ​ប្រធានាធិបតីរុស្ស៊ី អ៊ីរ៉ង់ និង​តួកគី ​ជួប​ប្រជុំ​គ្នា​​នៅ​ថ្ងៃ​នេះ។

តាម​គម្រោង ​​ជំនួប​ត្រី​ភាគី ត្រូវ​​​ផ្តោ​ត​ជាចម្បង​​ លើ​វិបត្តិ​នៅ​​​ស៊ីរី​ ព្រោះ​ រុស្ស៊ី​ តួកគី និង​អ៊ីរ៉ង់ ជា​តួអង្គ​ដ៏​សំខាន់​នៃ​សង្គ្រាម​ដែល​ឆាប​ឆេះ​នៅ​ស៊ីរី​តាំងពី​ឆ្នាំ​២០១១​មក។ មូស្គូ​និង​តេហេរ៉ង់ គាំទ្រ​រដ្ឋាភិបាលស៊ីរី​​របស់​លោក បាស្ហា អែលអាសាដ។ ចំណែក​អង់ការ៉ា កាន់​ជើង​ពួក​ឧទ្ទាម​ប្រឆាំង​នឹង​ក្រុង​ដាម៉ាស។ បី​ប្រទេស​នេះ​ធ្លាប់​បាន​ផ្តួចផ្តើម​នៅ​ឆ្នាំ​២០១៧ ឱ្យ​មាន​ដំណើរការ​ស្វែង​រក​សន្តិភាព​ឱ្យ​ស៊ីរី​ ឬ​ហៅ​ថា​កិច្ចព្រមព្រៀង Astana។ ប៉ុន្តែ​តាំង​ពី​ខែ​ឧសភា​មក តួកគី បាន​គំរាម​បើក​ប្រតិបត្តិការ​យោធា​នៅភាគ​ខាង​ជើង​ស៊ីរី​ ដើម្បី​បង្កើត​តំបន់​សន្តិសុខ​ ឱ្យ​បាន​ចម្ងាយ​៣០គីឡូម៉ែត្រ​ពី​ព្រំដែន​របស់​ខ្លួន។ ដោយសំអាង​​ខ្លាច​ការ​វាយប្រហារ​យោធា​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ស៊ីរី​កាន់​តែ​ដុនដាប ​រុស្ស៊ី​និង​អ៊ីរ៉ង់​ជំទាស់តួកគី។ ប្រមុខ​សាសនា​អ៊ីរ៉ង់ អាយ៉ះតូឡា អាលី ខាមេណី បាន​ព្រមាន​តួកគី​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរីទេ។ តាម​ពិត តួកគី​អាច​ជំនះ​ ​បាន ​ដូច​ប្រតិបត្តិការ​យោធា​ពីរ​លើក​មុន ប៉ុន្តែតួកគី​ចង់បាន​ការ​ព្រមព្រៀង​ជា​​តាកតិច​មួយ ​ពី​ដៃគូជាង ដូច្នេះទើប​​ពួកគេ​ត្រូវ​ជួប​ពិភាក្សា​នៅ​ថ្ងៃ​នេះ។

ការ​នាំចេញ​ធញ្ញជាតិ​អ៊ុយក្រែន

ប៉ុន្តែ​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល សំណុំរឿង​អ៊ុយក្រែន​ ក៏​បានចូល​មក​គ្រប​ជំនួប​ត្រីភាគី​ ដោយ​ចៀស​មិន​រួច។  

​ជំនួបត្រីភាគី​​នៅ​អ៊ីរ៉ង់ថ្ងៃ​នេះ​ ជា​ឱកាស​ដែល​ ​លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​ជួប​ជជែក​ដោយ​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​សង្គ្រាម​នៅអ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​នៅថ្ងៃ​ទី ២៤ កុម្ភៈ​២០២២។ ជា​សមាជិក​​អង្គការ​អូតង់​ លោកប្រធានាធិបតី​តួកគី​ អ៊ែរដូហ្កាន ប្រឹង​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី និង​បាន​ព្យាយាម​ដើរ​តួនាទី​ជា​អន្តរការី ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន​ ជា​ច្រើន​លើក​ច្រើន​សា។

បន្ត​ពី​អ្វី​ដែល​បាន​សម្រេច​កាលពី​ថ្ងៃ​ទី ១៣​កក្កដា ប្រធានាធិបតី​ទាំងពីរ គឺ​លោក​អ៊ែរដូហ្កាន និង​លោក​ពូទីន ត្រូវ​​ជជែក​គ្នា​អំពី​យន្តការ​​​នាំ​ចេញ​ធញ្ញជាតិ​អ៊ុយក្រែន​ចំនួន​២០​លាន​តោន​ ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ដោយ​ហេតុ​តែ​ប្រតិបត្តិការ​យោធារបស់​​រុស្ស៊ី។ ការ​ចរចា​ រវាង​រុស្ស៊ី អ៊ុយក្រែន តួកគី និង​​អង្គការ​សហប្រជាជាតិ ស្តី​ពី​ការ​នាំ​ចេញ​ស្រូវ​និ​ងគ្រាប់​ធញ្ញជាតិអ៊ុយក្រែន នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប៉ុន្មាន​ថ្ងៃ ខាង​មុខ​នេះ នៅ​ក្រុង​អ៊ីស្តង់ប៊ូល​ប្រទេស​តួកគី។ ​​សម្រួល​ការនាំចេញធញ្ញជាតិ​​​និង​ជីរ​រុស្ស៊ី​ ​ក៏​មាន​ចែង​ក្នុង​កិច្ចចរចា​ដែរ។ ផលិតផល​កសិកម្ម និង​ធញ្ញជាតិ​អ៊ុយក្រែន​និង​រុស្ស៊ី សុទ្ធ​តែ​សំខាន់​ ក្នុងការ​​បញ្ចៀស​​វិបត្តិ​ស្បៀង​អាហារ​ពិភពលោក។

បើ​តាម​ក្រសួងការពារ​ជាតិ​រុស្ស៊ី​ គម្រោង​កិច្ចព្រមព្រៀង​នាំ​ចេញ​ធញ្ញជាតិ​អ៊ុយក្រែន​ ​នឹង​ចេញ​ជា​រូប​រាង​នៅក្នុង​ពេល​ឆាប់ៗ​នេះ។ ហើយ​មជ្ឈមណ្ឌល​សម្របសម្រួល​ការ​នាំ​ចេញ​តាម​ច្រក​សមុទ្ទ​ខ្មៅ​នឹង​បើក​ទ្វារ​នៅអ៊ីស្តង់ប៊ូល។

តួកគី​កំពុង​មានជំហរ​ល្អ​ជាង​គេ​​ ក្នុង​សំណុំ​រឿង​​អ៊ុយក្រែន ដោយ​អាច​ដាក់​សម្ពាធ​លើ​រុស្ស៊ី​បាន​ផង លើ​ក្រុម​បស្ចិម​លោក​បាន​ទៀត។ ជាក់​ស្តែង​ មុន​ចេញ​ទៅ​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​អ៊ែរ​ដូហ្កាន បាន​គំរាម​អូតង់ ថា​អាច​នឹង​មក​ជំទាស់​បេក្ខភាព​ន័រវែស​និង​ស៊ុយអែត​មិន​ឱ្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់។ ការ​គំរាមនេះជា​ការបំពេញ​ចិត្ត​​រុស្ស៊ី​និងអ៊ីរ៉ង់?!

​រុស្ស៊ី​​ទិញ​ដ្រូនអ៊ីរ៉ង់ ​?

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ លោក​ពូទីននឹង​ចូល​ជួប​​ប្រមុខ​សាសនា​ អាយ៉ះតូឡា អាលី ខាមេណី ដ៏​មាន​អំណាច​បំផុត​នៅ​អ៊ីរ៉ង់​។ ហើយ​បើតាមអ្នក​​វិភាគ​ នៅពេល​មាន​ជំនួប​ទ្វេភាគី​រុស្ស៊ី-អ៊ីរ៉ង់ ប្រទេស​ទាំងពីរ​ច្បាស់​ជា​នឹង​ជជែក​គ្នា​អំពី​​កិច្ចព្រមព្រៀង​​​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ រុស្ស៊ី​ជា​សមាជិក​អចិន្ត្រៃយ៍​អង្គការ​សហប្រជាជាតិ​ម្នាក់​ដែល​បានបង្ហាញ​វត្តមាន​ក្នុង​ការ​ចរចា​រវាង​អ៊ីរ៉ង់​និង​ក្រុម​មហាអំណាចកាលពី​មួយ​ឆ្នាំ​កន្លះ​មុន​ ដើម្បី​ផ្តល់​សន្ទុះ​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ ម្យ៉ាង​វិញ​ទៀត បើ​តាម​សហរដ្ឋ​អាមេរិក សំណុំ​រឿងដ៏​សំខាន់​បំផុត​នៃ​​ជំនួប​ទ្វេ​ភាគី​រុស្ស៊ី​អ៊ីរ៉ង់​ ក្រៅ​ក្របខ័ណ្ឌ​​ជំនួប​ត្រីភាគី​ គឺ​ការ​​​លក់​ដ្រូន​អ៊ីរ៉ង់ទៅ​ឱ្យ​រុស្ស៊ី។ អ៊ីរ៉ង់​បាន​បដិសេធ​ព័ត៌មាន​នេះ ឯ​រុស្ស៊ី​វិញសុំ​​មិន​ធ្វើ​អត្ថាធិប្បាយ។ ប៉ុន្តែ​​អ្នក​វិភាគ​ អ្នក​ស្រាវជ្រាវ​យុទ្ធសាស្ត្រ ជឿ​ថា​ មានការ​​​​ទិញលក់​​ដ្រូន ព្រោះ​អ៊ីរ៉ង់​មាន​បច្ចេកវិទ្យា​ដែល​រុស្ស៊ី​ពុំ​ទាន់​អាច​ធ្វើ​កើត។ ដ្រូន​អ៊ីរ៉ង់​ ​មាន​តម្លៃ​ថោក ស្រួល​ប្រើ និង​ច្រើន​ ដែល​អាច​ទាក់​ទាញ​​រុស្ស៊ី។ រុស្ស៊ី​មាន​ដ្រូន​ដែរ តែ​ជា​ដ្រូន​សង្កេត​ការណ៍។ រុស្ស៊ីនៅ​​យឺតយ៉ាវ​ខ្លាំង​ មិន​ទាន់​មាន​លទ្ធភាព​​ផលិត​ដ្រូន​សង្កេតការណ៍​ផង ប្រយុទ្ធ​ផង​បាន​ទេ។ មាន​តែ​អ៊ីរ៉ង់​ទើប​​អាច​ជួយ​បាន។ បើ​ចង់​បាន​ដ្រូន​ទំនើប​ គឺ​ត្រូវ​ទិញ​ដ្រូន​ពី​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ