អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ជម្លោះប្រដាប់​អាវុធ នៅ​ស៊ូដង់​គំរាមកំហែង​សន្តិសុខ​តំបន់​អាហ្វ្រិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅស៊ូដង់ ស្ថានការណ៍ កាន់តែធ្លាក់ដុនដាប ដោយសារ​ក្រុមយោធា​ទាំងពីរ នៅ​តែ​បន្តប្រយុទ្ធ​ដណ្តើមអំណាចគ្នា ដោយ​គ្មានភាគីណាមួយ​យល់ព្រមចុះចាញ់ទាល់តែសោះ។ ការប្រយុទ្ធគ្នា​ដ៏ហិង្សា ១០ថ្ងៃមកនេះ រវាងក្រុមកងទ័ពជាតិ និង​ក្រុមកង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស FSR នៅរដ្ឋធានី​ខាទុំ និង​តំបន់​ដាហ្វួរ​បាន​សម្លាប់​មនុស្សជាង ៤០០នាក់ និង​របួស ជាង ៣៧០០នាក់។ ប្រឈមនឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត បណ្តាប្រទេស​ធំៗ​បានរួសរាន់​ជម្លៀស មន្រ្តីទូត និង​ពលរដ្ឋរបស់ខ្លួន​ចេញពី​ស៊ូដង់។ នៅថ្ងៃ​ចន្ទម្សិលមិញ ប្រមុខការបរទេស​អឺរ៉ុប​បាន​អះអាងថា ជនជាតិ​អឺរ៉ុប ជាង​១០០០នាក់ ត្រូវ​ជម្លៀសចេញពីប្រទេស​ស៊ូដង់។ ប្រទេសធំៗ និង​ប្រទេស​ជិតខាង​របស់​ស៊ូដង់​សម្រេច​ជម្លៀស​ប្រជាជន​របស់ខ្លួន​ចេញពី​ស៊ូដង់ ដោយ​មើលឃើញ​ថា ការប្រយុទ្ធគ្នា ដោយមិនបន្ធូរដៃ​រវាង​គូបដិបក្ខ​កំពុងធ្វើ​ឲ្យ​ស៊ូដង់​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល យ៉ាងប្រាកដ។ អស្ថិរភាព សង្រ្គាមស៊ីវិលនៅ​ស៊ូដង់​នឹង​គំរាមកំហែង​តំបន់អាហ្វ្រិក​ទាំងមូល។ ហេតុអ្វីបាន​ជា​ដូច្នេះ។

លោកAbdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិស៊ូដង់ ចង់ប្រយុទ្ធយកឈ្នះលោក Mohamed Hamdane Dagalo ហៅក្រៅថា​ Hemedti ដែលជាមេបញ្ជាការកង​អាវុធហត្ថប្រតិបត្តិការរហ័ស FSR
លោកAbdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិស៊ូដង់ ចង់ប្រយុទ្ធយកឈ្នះលោក Mohamed Hamdane Dagalo ហៅក្រៅថា​ Hemedti ដែលជាមេបញ្ជាការកង​អាវុធហត្ថប្រតិបត្តិការរហ័ស FSR © RFI FULFULDE
ផ្សាយពាណិជ្ជកម្ម

ស្ថិតនៅ​ភាគខាងកើត​អាហ្រ្វិក ស៊ូដង់​មានព្រំដែនគោក​ជាមួយប្រទេស ៧ គឺ អេហ្ស៊ីប លីប៊ី ឆាត អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង អេត្យូពី និងអេរីត្រេ។ នៅត្រើយម្ខាង​សមុទ្រ​ក្រហម​របស់​ស៊ូដង់ គឺ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ការប្រយុទ្ធដណ្តើម​អំណាចគ្នា រវាងមេដឹកនាំ​ទ័ពស៊ូដង់ ទាំងពីរក្រុម ដែលបាន​ឈាន​ចូល​ដល់​ថ្ងៃទី ១០ថ្ងៃ គិតត្រឹម ទី ២៥​មេសា បាន​សម្លាប់ជីវិតមនុស្ស​ជាង ៤០០នាក់ និង​មនុស្ស​រាប់ម៉ឺននាក់​ត្រូវរត់ភៀសខ្លួន គេចពីតំបន់​ដែលមានការប្រយុទ្ធគ្នាខ្លាំង ដូច ជា រដ្ឋធានីខាទុំ និង​តំបន់ដាហ្វួរ។ ឧត្តមស្នងការ​ទទួលបន្ទុកជនភៀសខ្លួន របស់អង្គការ​សហប្រជាជាតិ វាយតម្លៃថា មានប្រជាជន​ពី ១ម៉ឺន ទៅ ២ម៉ឺននាក់នាក់​បានរត់ភៀសខ្លួនចេញពីតំបន់ដាហ្វួរ ទៅ​ជ្រកកោន​នៅ​ប្រទេស​ឆាតជាប់ព្រំដែនស៊ូដង់។ លំហូរជនភៀសខ្លួន​ថ្មី​នឹងទៅដាក់បន្ទុក​ថ្មីលើ​ប្រទេស​ឆាត ដែល​បាន​ទទួល​ជនភៀសខ្លួន ស៊ូដង់ ជាង ២សែននាក់​រួចទៅហើយ។

ក្រៅពី​បង្ក​ឲ្យមានវិបត្តិជនភៀសខ្លួនស៊ូដង់ ទៅកាន់​ប្រទេស​ជិតខាង ជម្លោះដណ្តើមអំណាច​រវាង​មេទ័ព​ទាំងពីរ​របស់​ស៊ូដង់​បាន​បង្ក​ឲ្យ​មានក្តីបារម្ភ​ថា វាមិនត្រឹម​តែ​ធ្វើ​ឲ្យ​ស៊ូដង់ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​រ៉ាំរ៉ៃ​សាជាថ្មី ប៉ុន្តែ វា​នឹង​ទាក់ទាញ​កងទ័ព​បរទេស និង​ក្រុមប្រដាប់អាវុធ​ក្នុងតំបន់​ឲ្យ​លូកដៃ​ចូលក្នុង​សង្រ្គាមដណ្តើម​អំណាច​នៅស៊ូដង់។

ភ្នំមួយមិនអាច​មាន​ខ្លា​ពីរ

នៅស៊ូដង់ ការផ្ទុះអាវុធ តាំងពីថ្ងៃ ទី ១៥មេសា រវាង​កងទ័ពជាតិ និង​កងកម្លាំង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស កើតឡើង​នៅក្នុងកាលៈទេសៈ ដែល​មេដឹកនាំ​ក្រុមយោធា​ទាំងពីរ​កំពុង​ចរចា​បែងចែក​អំណាចគ្នា នៅក្នុង​ករណី​ដែល​ស៊ូដង់​ត្រូវផ្លាស់ប្តូរ​ពី​របបសឹក ទៅជារបបដឹកនាំដោយ​រដ្ឋាភិបាលស៊ីវិល។ លោក Mohamed Hamdane Daglo ហៅ​ក្រៅ​ថា Hemedti ដែលជា​មេបញ្ជាការ​របស់​កងអាវុធហត្ថប្រតិបត្តិការរហ័ស​បាន​ទាមទារ​ចង់​ឲ្យ​កងទ័ព​របស់ខ្លួន​ចូលជា​សមាជិក​ផ្លូវការ​របស់​កងទ័ពជាតិ ចំណែកលោក​ត្រូវទទួលបានមុខតំណែងដឹកនាំជាន់ខ្ពស់​ក្នុងជួរកងទ័ព។ ការទាមទារ​ដែល​លោក​ Abdel Fattah al-Burhane ដែល​ជា​អគ្គមេបញ្ជាការកងទ័ពជាតិស៊ូដង់ បដិសេធ រហូតក្លាយជា​ដើមចម​នៃការផ្អាក​ការចរចា​ដើម្បីការវិលត្រលប់​របស់​រដ្ឋាភិបាល​ស៊ីវិល នៅស៊ូដង់។

ទាំង​មេបញ្ជាការ​របស់កងអាវុធហត្ថ និង​មេបញ្ជាកងទ័ពជាតិ ដែលជា​គូសត្រូវប្រយុទ្ធគ្នាលើកនេះ សុទ្ធសឹង​ជាមេទ័ព​ដ៏មាន​អំណាច សេសសល់​ពី​របបដឹកនាំផ្តាច់ការ របស់ អូម៉ា អាល់បាឆៀរ។ ក្រោយ​របបផ្តាច់ការនេះដួលរលំ នៅខែមេសា ឆ្នាំ​២០១៩ លោក​ Abdel Fattah al-Burhane ដែលជាអគ្គមេបញ្ជាកងទ័ពជាតិ បានក្លាយ​ជាប្រធានក្រុមប្រឹក្សា​កំពូល នៅក្រោយ ការចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមអ្នកនយោបាយ​ស៊ីវីល ដើម្បីឈានទៅ​ធ្វើ​អន្តរកម្ម អំណាច​ប្រជាធិបតេយ្យ ចំណែក លោក Hemedti បានតំណែងជាអនុប្រធាន

ប៉ុន្តែ នៅក្នុង​ដំណាក់កាលចរចា ក្រោមការសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ និងបណ្តាប្រទេស​អាហ្វ្រិក សង្រ្គាមពាក្យសំដី ចោទប្រកាន់​គ្នាទៅវិញ ទៅមក រវាង​មេទ័ពដ៏មានអំណាច​ទាំងពីរ បាន​រាលដាល​ទៅជា​ការប្រយុទ្ធផ្នែកអាវុធ រវាង​ទាហាន​ទាំងពីរក្រុម នៅតាម​ផ្លូវ ក្នុង​រដ្ឋធានីខាទុំ នៅថ្ងៃទី ១៥ មេសា។

តាមលោក Kholoold Khair ស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវ Confluence Advisory នៅទីក្រុងខាទុំ ​នេះជាលើកទីមួយហើយ ដែលមានការប្រយុទ្ធគ្នា​ដ៏ហិង្សាខ្លាំង​បែបនេះ បើគិតពី ​សង្គ្រាម​ដណ្តើម​ឯករាជ្យពីអង់គ្លេស នៅឆ្នាំ​១៩៥៦។

អង្គការអន្តរជាតិ​ឈ្មោះថា International Crisis Group ដែលមានទីស្នាក់នៅប្រទេស​ប៊ែលហ្សិក បារម្ភថា ជម្លោះប្រដាប់អាវុធ​រវាង​គូបដិបក្ខយោធា​ទាំងពីរ​អាច​ហៀរ រាលដាល​ពេញផ្ទៃ​ប្រទេស​ស៊ូដង់ ជាពិសេស នៅតំបន់​ដាហ្វួរ។ ជម្លោះដណ្តើម​អំណាច​រវាង​មេដឹកនាំ​យោធា​ទាំងពីរ នៅថ្នាក់ជាតិ អាច​ទាក់ទាញ​ឲ្យ​មាន​ជម្លោះជាតិ​ពិន្ធុ ការប្រយុទ្ធគ្នា​ដ៏ហិង្សា នៅ​តំបន់​ដាហ្វួរ ព្រោះថា នៅទីនោះ ក្រុមប្រដាប់​អាវុធ​អារ៉ាប់​អាច​ជ្រើសរើស​យក​ក្រុមកងអាវុធហត្ថ ចំណែក​និងក្រុមប្រដាប់អាវុធ​អាហ្វ្រិក​ដែលមិនមែន​អារ៉ាប់ និង​ប្រជាជនក្នុងជំរំភៀសខ្លួន ដែលធ្លាប់រងគ្រោះដោយសារ​ការសម្លាប់រង្គាល របស់​កងអាវុធហត្ថប្រតិបត្តិការរហ័ស នឹង​អាច​ចុះចូល​ជាមួយ​កងទ័ពជាតិ

អ្នកជំនាញវាយតម្លៃថា ការប្រយុទ្ធដ៏ហិង្សា​នឹង​អូសបន្លាយពេលយូរ គ្មានកាលកំណត់ ព្រោះថា គូបដិបក្ខទាំងពីរនឹង​ប្រើ​ឲ្យ​គ្រប់​មធ្យោបាយ គ្រប់សព្វាវុធ និង​ជំនួយទ័ព​ពី​បរទេស។ នៅពេល​មេបញ្ជាការ​កងទ័ព​ជាតិស៊ូដង់ លោក​ អាប់ឌែល ហ្វាតា អាល់ បួរ៉ាន (Abdel Fattah al-Burhane) មានទំនាក់ទំនង​ជិតស្និទជាមួយ​ប្រធានាធិបតីអេហ្ស៊ីប មេកងអាវុធហត្ថ លោក ​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ (Mohamed Hamdane Daglo)​ដែលជា​គូសត្រូវ​ជាមនុស្ស​ដ៏មានឥទ្ធិពល និងទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អារ៉ាប់​អ្នកមាន ដូចជា​អេមីរ៉ាត អារ៉ាប់រួមជាដើម។ ម្យ៉ាង ក្រោមការដឹកនាំ​របស់​លោកដាហ្កាឡូ កងកម្លាំង​អាវុធហត្ថ ស៊ូដង់ ដែល​មាន​សមាជិក​រាប់ម៉ឺន​នាក់ មានមុខរបរ​ជា​ទាហានស៊ីឈ្នួល ធ្វើសង្រ្គាម​នៅបរទេស ដូចជានៅលីប៊ី ឬ​យេម៉ែនជាដើម។ នៅ​យេម៉ែន ទាហាន​ស៊ីឈ្នួល​ស៊ូដង់​របស់​លោក ដាហ្កាឡូ ជួយប្រយុទ្ធ​ឲ្យ​កងទ័ព​អារ៉ាប៊ីសាអូឌីត។ លោក​ដាហ្កាឡូអាច​រត់ទៅពឹងសុំជំនួយ​ពីកងកម្លាំងលីប៊ី​របស់​សេនាប្រមុខ​ខាលីហ្វា ហាវតា ឬ​ទាហាន​អេត្បូពី​ឲ្យ​មកជួយខ្លួន​ដើម្បីធ្វើសង្រ្គាមតទល់​នឹង​កងទ័ពជាតិស៊ូដង់។ នេះគេមិនទាន់​និយាយ​ពី ទាហានស៊ីឈ្នួល​វ៉ាក់ណែរ​រុស្ស៊ី ដែលធ្វើ​អាជីវកម្ម​រ៉ែមាស ប្រេងកាត​របស់​ស៊ូដង់ ក្រោមភ្លើងខៀវ​របស់​កងកម្លាំងអាវុធហត្ថស៊ូដង់ របស់​លោក ដាហ្កាឡូ។ ចំណែក​ប្រទេស ឆាត អេត្យូពី ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ដែលមានព្រំដែនជាប់ជាមួយ​ស៊ូដង់ ក៏អាច​លូកដៃ​ចូល​អន្តរាគមទាំងផ្នែកនយោបាយ និង​យោធា នៅក្នុងប្រទេសជិតខាងរបស់ខ្លួន ស៊ូដង់ ដែលសំបូរមាស និងប្រេងកាត។ រដ្ឋមន្រ្តីការបរទេស​អាមេរិក​ធ្លាប់​ព្រមានថា បើសង្គ្រាមស៊ីវីល​ ផ្ទុះឡើងនៅស៊ូដង់ នោះវានឹង​ទៅ​រញ្ជួយ បង្ក​ឲ្យមាន​អស្ថិរភាពពេញមួយតំបន់​អាហ្វ្រិក​ខាងជើង​ឆៀងខាងកើត។

នៅចំពោះមុខ​ការផ្ទុះអាវុធ ដែលអាច​រាលដាលទៅជាសង្រ្គាមស៊ីវិល នៅស៊ូដង់ សហគមន៍អន្តរជាតិ ជាថ្មីម្តងទៀត បានត្រឹមតែ​ឈរមើល ដោយ​មិនអាចធ្វើអ្វីបាន ឬក៏មានទឹកមាត់ប្រៃ ដើម្បី និយាយឲ្យភាគីជម្លោះនៅស៊ូដង់ស្តាប់ធ្វើតាម។ ចិនដែល​ដែល​មានចំណែក​ផល​ប្រយោជន៍​គួរសមដែរនៅ​ស៊ូដង់ បានព្យាយាមនិយាយបញ្ចុះបញ្ចូលកងទ័ពដែរ ពេលកន្លងមកនេះ​ ឲ្យ​រៀបចំ​ប្រទេសឲ្យ​មានស្ថិរភាពសន្តិសុខ ព្រោះ​ចិន​មានក្រុមហ៊ុន​បូមប្រេងកាតនៅស៊ូដង់​ច្រើនណាស់។ ប៉ុន្តែ ចិន នៅថ្ងៃ​ចន្ទម្សិលមិញ ក៏​បាន​បញ្ជា​ឲ្យ​គេចេញទៅ​ដឹកជញ្ជូន​ជនជាតិ​របស់ខ្លួន​ចេញ​ពី​ស៊ូដង់ ដែល​កំពុង​ធ្លាក់​ក្នុង​ជម្លោះប្រដាប់អាវុធហិង្សា ដែលមិនងាយ​នឹង​រលត់ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ