អានតួអត្ថបទ
ស៊ូដង់

ប្រទេសមួយចំនួនផ្តើមជម្លៀសជនជាតិខ្លួនចេញពីស៊ូដង់ដែលកំពុងធ្លាក់ក្នុងសង្រ្គាមផ្ទៃក្នុង

នៅ​ក្នុង​ប្រទេស​ស៊ូដង់ សង្រ្គាម​ផ្លូវអាវុធ​កំពុង​បន្ត​មាន​យ៉ាង​ហិង្សា​រវាង​កម្លាំង​របស់​ឧត្តមសេនីយ​ចំនួន​ពីរ​រូប គឺ​លោក​អាប់ឌែល ហ្វាតា អាល់ បួរ៉ាន និង​លោក​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ។ ប្រឈម​នឹង​ព្រឹត្តិការណ៍​ដ៏​ក្តៅ​គគុក​មួយ​នេះ ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី២១ មេសា​ពី​ការ​បញ្ជូន​យន្តហោះ​ទាហាន​ទៅ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ស៊ូដង់។ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់​ដែល​កើន​ជាង ៤០០នាក់ និង​របួស​ជាង ៣ ៥០០នាក់​ក្នុង​ជម្លោះ​រយៈពេល ៦ថ្ងៃ​កន្លង​ទៅ។ ចំណែក​អង្គការ Unicef បារម្ភ​ពី​សុខភាព​ក្មេង​ស៊ូដង់​ដែល​កំពុង​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ។

នៅ​ក្នុង​ប្រទេស​ស៊ូដង់ សង្រ្គាម​ផ្លូវអាវុធ​កំពុង​បន្ត​មាន​យ៉ាង​ហិង្សា​រវាង​កម្លាំង​របស់​ឧត្តមសេនីយ​ចំនួន​ពីរ​រូប គឺ​លោក​អាប់ឌែល ហ្វាតា អាល់ បួរ៉ាន និង​លោក​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ។
នៅ​ក្នុង​ប្រទេស​ស៊ូដង់ សង្រ្គាម​ផ្លូវអាវុធ​កំពុង​បន្ត​មាន​យ៉ាង​ហិង្សា​រវាង​កម្លាំង​របស់​ឧត្តមសេនីយ​ចំនួន​ពីរ​រូប គឺ​លោក​អាប់ឌែល ហ្វាតា អាល់ បួរ៉ាន និង​លោក​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ។ AP - Mizuki Ikari
ផ្សាយពាណិជ្ជកម្ម

« មាន​ស្លាប់​ចំនួន ៤១៣នាក់ និង​របួស​ចំនួន ៣ ៥៥១នាក់ »នេះ​ជា​តុល្យការ​ប្រកាស​ដោយ​លោកស្រី Margaret Harris អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​នា​ថ្ងៃ​សុក្រ ទី២១ មេសា។ ចំណែក​អ្នក​នាំ​ពាក្យ​របស់​អង្គការ Unicef លោក James Elder ដែល​មាន​វត្តមាន​ជាមួយ​លោកស្រី Margaret Harris បាន​បញ្ជាក់​ពី​ការ​ស្លាប់​ក្មេង​យ៉ាង​តិច​ចំនួន ៩នាក់ និង​បន្ថែម​ថា ដរាប​ណា​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត ដរាប​នោះ​នឹង​មាន​ស្លាប់​ក្មេង​បន្ថែម​ទៀត។ តែ​អ្វី​ដែល​លោក James Elder ចង់​ទាញ​សញ្ញា​អាសន្ន​លើស​ពី​នេះ គឺ​ការ​ព្យួរ​ការ​ព្យាបាល​ចាំ​បាច់​លើ​ក្មេង​ប្រមាណ​ជា ៥០ ០០០នាក់​ដែល​កំពុង​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ខ្លាំង​តាំង​ពី​មុន​ផ្ទុះ​សង្រ្គាម។

បន្ទាប់​មក អ្នក​នាំ​ពាក្យ​របស់​អង្គការ Unicef រូប​នេះ​ដដែល​បាន​លើក​ឡើង​ពី​បញ្ហា​គ្មាន​ភ្លើង​អគ្គិសនី និង​មិន​អាច​ប្រើ​ម៉ាស៊ីនភ្លើង​បាន​ដោយ​ខ្វះ​ប្រេង​សម្រាប់​ដំណើរការ​ទូរត្រជាក់​ដែល​មាន​ផ្ទុក​ថ្នាំវ៉ាក់សាំង​សម្រាប់​ចាក់​លើ​ក្មេង​ក្នុង​តម្លៃ​ជាង ៤០លានដុល្លារ។ ក្រៅ​ពី​នេះ មន្ទីរពេទ្យ មជ្ឈមណ្ឌល​សុខភាព និង​ហេដ្ឋារចនា​ផ្សេង​ទៀត​ត្រូវ​បាន​ខូចខាត ឬ​កម្ទេច​គ្មាន​សល់​ដោយ​សង្រ្គាម។ តាម​ការ​ប៉ាន់ប្រមាណ​របស់ Unicef តម្រូវការ​ជំនួយ​មនុស្សធម៌​សម្រាប់​ក្មេង​ស៊ូដង់​មាន​កម្រិត​ខ្ពស់​ខ្លាំង​តាំង​ពី​មុន​ផ្ទុះសង្រ្គាម​ទៅ​ទៀត។ មាន​ក្មេង​ស៊ូដង់​ចំនួន ៣ភាគ៤ កំពុង​រស់​ក្នុង​ស្ថានភាព​ក្រីក្រ​ខ្លាំង និង​មាន​ចំនួន ៧លាននាក់​មិន​បាន​ទៅ​សាលារៀន​ទេ។

តាម​លោក James Elderតម្រូវការ​ជំនួយ​មនុស្សធម៌​ពិត​ជា​រឿង​ចាំ​បាច់ និង​សំខាន់ តែ Unicef និង​អង្គការ​ដៃគូ​មិន​អាច​នាំ​យក​ជំនួយ​នេះ​ទៅ​ជួយ​ក្មេង​ស៊ូដង់​បាន​ទេ ដរាប​ណា​សន្តិសុខ និង​សុវត្ថិភាព​របស់​ក្រុម​បុគ្គលិក Unicef និង​អង្គការ​ដៃគូ​មិន​ទទួល​បាន​ការ​ធានា​នោះ។ ដោយឡែក ប្រឈម​មុខ​នឹង​សង្រ្គាម​ពុះកញ្ជ្រោល​ខ្លាំង​ពេល​នេះ ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ប្រកាស​បញ្ជូន​យន្តហោះ​ទាហាន​ទៅ​រំដោះ​ជនជាតិ​ខ្លួន​ចេញ​ពី​ស៊ូដង់។ តាម​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង មាន​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ២៦នាក់ ក្នុង​នោះ​ក៏​មាន​មន្រ្តីការទូត​កំពុង​មាន​វត្តមាន​នៅ​ស៊ូដង់។ ពី​ខាង​ជប៉ុន គឺ​មាន​ប្រមាណ​ជា ៦០នាក់​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ស៊ូដង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ