អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ូដង់​ ធ្លាក់​ចូល​​​សប្តាហ៍​ទី២​ នៃ​​សង្គ្រាម​ស៊ីវិល​បង្ហូរឈាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស៊ូដង់ ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល១សប្តាហ៍​មកហើយ។ ការ​ប្រជែង​អំណាច​គ្នា​រវាង​ឧត្តម​សេនីយ៍​យោធា ២ រូប បា​នបណ្តាល​ឲ្យ​មនុស្ស​ជាង ​៤០០ នាក់​ស្លាប់ និង​របួស​ជាង ​៣​ ៥០០នាក់។ ស្ថាប័ន​អន្តរជាតិជាច្រើន​​ បា​នអំពាវនាវ​ឲ្យ​ទម្លាក់​អាវុធ​និង​បង្កើត​បទ​ឈប់​បាញ់ យ៉ាង​ហោចណាស់​ ៣ថ្ងៃ​ សម្រាប់ពេល​​បញ្ចប់​​រដូវ​កាលតម​អាហាររបស់​​សាសនា​អ៊ីស្លាម។ ក៏ប៉ុន្តែ សាក្សី​នៅ​កន្លែង​សង្គ្រាម បញ្ជាក់ថា បទឈប់​បាញ់នោះ ត្រូវ​ពួក​ទាហាន​គោរព​តិចតួច​តែប៉ុណ្ណោះ។ ប្រទេស​ធំៗ កំពុងតែ​ត្រៀ​ម​ខ្លួន និង ​ពិចារណា​ជម្លៀស​ប្រជាជន​របស់​គេ​ចេញពីស៊ូដង់ ហើយ​ខណៈ​ពេ​លនេះ អ្នក​ជំនាញ​កិច្ចការ​តំបន់​អាហ្វ្រិក ក៏​កំពុងតែ​ព្រួយ​បារម្ភ​ពីការ​លូកដៃ​របស់​បរទេស ដែលនោះ នឹង​​​រឹងរឹតធ្វើឲ្យ​​ស៊ូដង់ ធ្លាក់​ជ្រៅក្នុង​វិបត្តិ​សង្គ្រាមកាន់តែ​​ធ្ងន់ធ្ងរ។ ​

រូបភាព​ពីថ្ងៃសុក្រទី​២១មេសា។
រូបភាព​ពីថ្ងៃសុក្រទី​២១មេសា។ AP
ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​​ថ្ងៃ​សៅរ៍​ ជា​ថ្ងៃ​ទី២ នៃ​សេចក្តី​អំពាវនាវ​បទឈប់​បាញ់​​

នៅរដ្ឋធានី​Khartoum របស់ស៊ូដង់ បណ្តា​សាក្សី​ផ្ទាល់​នៅ​សមរភូមិមុខ​ បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មា​នបារាំង​ ថា​ ភាគី​ជម្លោះទាំងពីរ​​ មិន​ឈប់​​បាញ់​​គ្នា​ទេ។ ស្នូរ​កាំភ្លើង​នៅតែ​លាន់​ឮ ក៏ប៉ុន្តែ ជាការ​គួរ​ឲ្យ​កត់សម្គាល់ គឺ​វា​មាន​ចំនួន​តិចតួច បើ​ធៀប​នឹង​ពេល​មុន​ថ្ងៃ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់។ ទន្ទឹម​នឹងគ្នា​នេះ​ អ្នក​វិភាគស្ថានការណ៍ និងភាគី​ផ្សេងទៀត នៅ​មិនជឿ​ថា ភាគីជម្លោះ​ទាំង២ ​គោរព​តាម​ការ​អំពាវនា​វ​ឲ្យ​ឈប់​បាញ់​នេះទេ។​ ​

សង្គ្រាម​ស៊ីវិលស៊ូដង់ ឈាន​ចូល​ដើមថ្ងៃ​សប្តាហ៍​ទី២ គិត​ត្រឹម​ថ្ងៃ​សៅរ៍​។ ក្នុង​ការ​ប៉ះទង្គិចគ្នា​ រវាង​​កម្លាំង​របស់​ឧត្តមសេនីយ​ចំនួន​ពីរ​រូប គឺ​លោក​ អាប់ឌែល ហ្វាតា អាល់ បួរ៉ាន (Abdel Fattah al-Burhane)  និង​លោក ​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ (Mohamed Hamdane Daglo) បាន​ផ្ទុះ​ឡើង​ថ្ងៃ១៥ ថ្ងៃសៅរ៍មុន។ តុល្យការ ពេញ ​​១សប្តាហ៍​មកនេះ សង្គ្រាម​ស៊ីវិល បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ មាន​ចំនួន ៤១៣នាក់ និង​របួស​ចំនួន ៣ ៥៥១នាក់។ នេះតាម​ទិន្នន័យ​របស់​​អង្គការ​សុខភាព​ពិភពលោក។ អង្គការសហប្រជាជាតិ បា​នបាត់បង់​មន្ត្រី​ យ៉ាងហោច​ ៤នាក់​។​  ​បុគ្គលិក ៣ ជារបស់​​​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក។ ១ ស្លាប់​ ជា​ភ្នាក់ងារ​របស់​ អង្គការ​សហប្រជា​ជាតិ ខាង​សិទ្ធិ​ជន​ភៀសខ្លួន។  ​

ស៊ូដង់ គឺប្រទេសផលិតមាសនិងមានរ៉ែមាស ក្នុង​លំដាប់ទី ៣ លើពិភពលោក តែជាប្រទេសនេះ  ធ្លាក់ក្នុងចំណាត់ថ្នាក់ក្រីក្រជាងគេលើពិភពលោក ព្រោះតែសង្គ្រាមរាំងជល់ ២ ទសវត្សរ៍មកនេះ។ អង្គការ Unicef បារម្ភពីសុខភាពក្មេងស៊ូដង់ដែលកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ។ បើ​សង្គ្រាម​នៅតែបន្ត ប្រទេស​នេះ​កាន់តែ​រងគ្រោះខ្លាំង​ ព្រោះ​ចូល​កុំភ្លេច ត្រឹមខែ​កុម្ភៈកន្លងទៅ អង្គការ​សហប្រជាជាតិ​បាន​វាយ​តម្លៃថា ពលរដ្ឋ​ប្រមាណ​១៥លាន កំពុង​តែ​ជួបគ្រោះទុរ្ភិក្ស អត់​ចំណី​អាហារ​ស្រាប់​ផង។ ចំនួន​នេះ ស្មើ​១ភាគ​៣ នៃប្រជាជន​ស៊ូដង់។  ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន វិញ បា​នបញ្ជាក់ថា ៧០% នៃ​មន្ទីរពេទ្យរបស់ស៊ូដង់​ ត្រូវ​បំផ្លិចបំផ្លាញ។

​វិបត្តិ​ផ្ទៃក្នុង ផុយស្រួយ​ អាច​បណ្តាលឲ្យ​កើត​ជា​បញ្ហា​តំបន់​ធ្ងន់ធ្ងរ​ ​មួយ​រំពេច។ ​​

បញ្ហាចាក់ស្រែះ​មាន​ច្រើន ទាំង​កម្លាំង​ជម្លោះ​ផ្ទៃ​ក្នុង​ផង និង​កម្លាំង​ពីក្រៅផង។ ​ក្នុងប្រទេស ​​ក្រៅពី​ការ​ប្រជែក​គ្នា​រវាង​យោធា​នៃ​ឧត្តម​សេនីយ៍​ទាំងពីរ គឺនៅ​កម្លាំង​ប្រដាប់​អាវុធ​ផ្សេងទៀត ក្រុម​ជន​ជាតិ​ភាគ​តិច និង​ក្រុម​ដែល​មា​ន​ជំនោរ​អ៊ីស្លាម​ជ្រុល​និយម​។ ​ប្រសិន​បើ​ កម្លាំង​ប្រដាប់អាវុធ​ ដែល​មាន​កម្លាំង​ពីរ​ធំ​ៗ​ កំពុង​ប៉ះទង្គិច​គ្នា​សព្វថ្ងៃ​នេះ ទៅរួម​រួប​នឹង​ពួក​ប្រដាប់អាវុធ​ផ្សេងទៀត និង​ក្រុម​ជន​ភាគតិច​ផ្សេងទៀត នោះ បញ្ហា​នឹងកាន់តែ​លំបាក​ដោះស្រាយ​។ ការ​លំបាក​ម្យ៉ាងទៀត គឺ ​ក្តីបារម្ភ​ពី​ការ​លូក​ដៃ​របស់​បរទេស ដែល​ប្រជែង​ឥទ្ធិពល​នៅក្នុង​តំបន់ ដែល​អ្ន​កវិភាគ​កំពុង​សម្លឹង​មើល គឺ​ប្រទេស​អេហ្ស៊ីប និង​ អេមីរ៉ាត់​អារ៉ាប់​រួម ។

​នៅ​ប៉ែក​ខាង​ជើង ស៊ូដង់ ជាប់​ព្រំដែន អេហ្ស៊ីប​ ដែល​ហាក់​មាន​ទំនោរ​គាំទ្រ​ លោក បួរ៉ាន់​ ហើយ​ខាង​ត្បូង ទល់​នឹង អេត្យូពី ដែល​ប្រឆាំង​នឹង​ អេហ្ស៊ីប គឺ​ខាង​អេត្យូពី គាំទ្រ​លោក ដាហ្គាឡូ​។ ប៉ែក​ខាង​កើត​វិញ គឺ សមុទ្រ តែ​ជា​ដែន​ឥទ្ធិពល​របស់​ អេម៊ីរ៉ាត់​អារួម និង​ចូលរួម​សង្គ្រាម​នៅ​យេម៉ែន គឺអាច​នឹង គាំទ្រ និង​​លក់​អាវុធ ឲ្យ​លោក ដាហ្គាឡូ​​។ ចំណែក ខាង​លិច​វិញ ជាប់​នឹង​ប្រទេស​ ឆាត និងលីប៊ី ក៏​គ្នា​ដែរ មាន​សមានចិត្ត​នៅខាង​ លោក ដាហ្គាឡូ ដែរ​។​ គេឃើញថា ស៊ូដង់ នៅ​ចន្លោះ​នៃ​វិបត្តិ​ក្នុង​តំបន់សង្គ្រាម​ដ៏​​ផុយស្រួយ ហើយ​គេ​ខ្លាច​​តែ​ ប្រទេស​នេះ​ធ្លាក់​​ផុង​នៅក្នុងសង្គ្រាម ដូច​នៅ​យេម៉ែន និង​នៅ​លីប៊ី ទៀត​។

នេះគឺ​នៅ​មិនទាន់​គិត​ពី​ជំហរ​របស់​ពួក​ប្រទេស​បស្ចិម​ប្រទេស​ផង​ទេ។ កាលពីថ្ងៃ​សុក្រ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក James Cleverly បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​​ទៅ​តំបន់​អាស៊ី ដើម្បី​នឹងតាម​ដាន​ស្ថានការណ៍​វិបត្តិ​នៅ​ស៊ូ​ដង់ និងរង់ចាំ​​​ចាត់ចែង​ដោះស្រាយស្ថានភាព។​ ចំណែក​ សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប ក៏​កំពុង​តែ​តាន​ដាន​ស្ថានការណ៍​យ៉ាងកៀកកិតណាស់ដែរ។

 

​បណ្តាប្រទេស​​ផ្សេងៗ​ពិចារណា​និង​ត្រៀម​លក្ខណៈ​សម្រាប់​ជម្លៀស​ប្រជាជន​ចេញពី​ស៊ូដង់។ ​

​​កម្លាំងយោធាស៊ូដង់ បានកាប់​មូលដ្ឋាន​ហោះហើរ​តែរៀងៗខ្លួន។ ​លោកឧត្តម​សេនីយ៍ ដាហ្គាឡូ ថា​នឹង​អាច​ជួយ​សម្រួល​ឲ្យ​ប្រទេស​ជាមិត្ត​ដឹកនាំ​ពលរដ្ឋ​ខ្លួន​ចេញបាន។ ចំពោះ សហរដ្ឋអាមេរិក គឺនៅ​តែ​រារែក នៅ​ឡើយ​ ព្រោះ​ស្ថានការណ៍តាន់តឹង​ខ្លាំងពេក​។ សហរដ្ឋ​អាមេរិក​ មា​នមូលដ្ឋាន​យោធា​នៅ Djibouti (ជីបូទី) ចម្ងាយ​ប្រមាណ​១ ១២៦គីឡូម៉ែត្រ ពី​រដ្ឋ​ធានី​ Khartoum របស់​ស៊ូដង់។ មន្ទីរ​បញ្ចកោណ​អាមេរិក កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​ផ្តល់​សញ្ញា​ឲ្យ​មូលដ្ឋាន​យោធានេះ​ត្រៀម​ប្រុងប្រៀប ប្រសិន​បើ​ត្រូវ​ចាំបាច់​ជម្លៀស​ប្រជាជន​និង​មន្ត្រីទូត។ ពី​​ថ្ងៃ​សុក្រ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​ពិចារណា​ពីស្ថានការណ៍​ និង​ថ្លែង​ឲ្យដឹង​ពី​សភាព​លំបាក​ ហើយប្រថុយ​​គ្រោះថ្នាក់​ខ្លាំង​ នៅក្នុង​ការ​ដឹក​ជម្លៀស​មនុស្ស​តាម​ផ្លូវ​អាកាស។ ជំហរ​សម្រេ​ចចិត្ត​របស់​ប្រមុខ​ទូត​អាមេរិក ត្រឹមថ្ងៃ​សុក្រ​ គឺ​មិន​ទាន់​ផ្តល់​សញ្ញាភ្លើង​ខៀវ​ឲ្យ​ជម្លៀស​មន្ត្រី​ស្ថានទូត​ ចេញពី​ស៊ូដង់​ ​ទេ។

ចំណែក​សហភាព​អឺរ៉ុប ដែល​មាន​ស្ថានទូត​រដ្ឋសមាជិក​ចំនួន​៧ នៅស៊ូដង់ គឺ បាន​ប្រុងប្រៀង​ជម្លៀស​ពលរដ្ឋ​ខ្លួន​ប្រមាណ ១ ៥០០នាក់​ តែ​គ្រោង​ថា​នឹង​ជម្លៀស​តាម​ផ្លូវ​គោក​។ ​ដោយឡែក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រឈមមុខនឹងសង្រ្គាមស៊ូដង់​នេះ រដ្ឋបាល​តូក្យូ​និង​សេអ៊ូល បានប្រកាស​បញ្ជូនយន្តហោះទាហានទៅរំដោះជនជាតិខ្លួនចេញពីស៊ូដង់។ តាមក្រសួងការបរទេសកូរ៉េខាងត្បូង មានជនជាតិកូរ៉េខាងត្បូងចំនួន ២៦នាក់ ក្នុងនោះក៏មានមន្រ្តីការទូតកំពុងមានវត្តមាននៅស៊ូដង់។ ពីខាងជប៉ុន គឺមានប្រមាណជា ៦០នាក់ដែលត្រូវជម្លៀសចេញពីស៊ូដង់។

​ក្នុងការ​ផ្ទុះ​អាវុធ​អំលុងពេល១សប្តាហ៍  ប្រជាជនស៊ូដង់ បាន​ចាកចេញទៅប្រទេសឆាត ក្បែរខាង មានចន្លោះ១ ម៉ឺន ទៅ២ម៉ឺននាក់។ នៅឆាត ត្រូវទទួលបន្ទុកធ្ងន់ ដ្បិតថា សង្គ្រាមរាំរ៉ៃច្រើនឆ្នាំមកនេះ ឆាតទទួលជនភៀសខ្លួនស៊ូដង់ ចំនួន៤០ម៉ឺននាក់ស្រេចទៅហើយ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ