អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ូដង់៖ បណ្តាប្រទេសធំៗចាប់ផ្តើមបញ្ជូន​ប្រជាជនគេចេញ ខណៈការវាយប្រយុទ្ធរវាងក្រុមយោធាកាន់តែក្តៅគគុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការវាយ​ប្រយុទ្ធគ្នានៅ​ស៊ូដង់ រវាងក្រុម​យោធា២ក្រុមដែលដណ្តើមអំណាចគ្នា បានឈានចូលដល់សប្តាហ៍ទី​២ហើយ។ ការបាញ់ប្លោងយ៉ាងក្តៅគគុក នៅរដ្ឋធានីខាទុំ និងនៅតាមតំបន់​មួយចំនួនទៀត កំពុងតែបង្កឲ្យ​មាន​ការព្រួយបារម្ភបំផុត ដល់អាយុជីវិតរបស់ប្រជាជនស៊ីវីល។ នៅថ្ងៃអាទិត្យទី​២៣មេសា រដ្ឋាភិបាលប្រទេសធំៗជាច្រើន បានចាប់ផ្តើមជម្លៀស បញ្ជូន​មន្ត្រីទូត និង​ប្រជាជនគេ ចេញពីប្រទេសស៊ូដង់ បើទោះបី​ប្រតិបត្តិការនេះ ត្រូវប្រឈមគ្រោះថ្នាក់​យ៉ាងណាក៏ដោយ។

ផ្សែងខ្មៅ នៅក្រុងខាទុំ រដ្ឋធានីស៊ីដង់ ជិតមន្ទីរពេទ្យ Doha International Hospital ថ្ងៃសុក្រ ទី​២១មេសា ២០២៣
ផ្សែងខ្មៅ នៅក្រុងខាទុំ រដ្ឋធានីស៊ីដង់ ជិតមន្ទីរពេទ្យ Doha International Hospital ថ្ងៃសុក្រ ទី​២១មេសា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

អាមេរិកបញ្ជូនមន្ត្រីទូតចេញ

ឆ្លងកាត់ការស្ទាក់ស្ទើប៉ុន្មានថ្ងៃមកនេះ ប្រទេសជាច្រើនបានសម្រេច ចាប់ផ្តើមបញ្ជូក​បុគ្គលិកទូត និង​ប្រជាជន​គេចេញពីស៊ូដង់ហើយ។ ជាប្រតិបត្តិការ​ដែល​មិនមែន​ស្រួលរៀបចំនោះទេ វាប្រឈមគ្រោះថ្នាក់ ដោយសារតែការវាយ​ប្រយុទ្ធគ្នារវាងក្រុមយោធាបក្សដិបក្ស នៅតែសកម្មខ្លាំង ហើយ ដែលអាចប៉ះពាល់ដល់សន្តិសុខដល់ក្បួនរថយន្ត ឬក៏យន្តហោះនៃប្រតិបត្តិជម្លៀសមនុស្ស។

នៅព្រឹកថ្ងៃអាទិត្យទី​២៣មេសា ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ឲ្យដឹងថា គេបានចាប់ផ្តើមជម្លៀសមន្ត្រីទូតចំនួន​ប្រមាណ​១០០នាក់ ដោយ​ក្នុងនោះមានមន្ត្រីទូតប្រទេសផ្សេងដែរ។ លោក​ អង់តូនី ប្លីងកិន បាន​លើកឡើងថាការសម្រេចជម្លៀសមន្ត្រីទូតនេះ គឺដោយសារតែ​ស្ថានការណ៍កាន់តែដុនដាបខ្លាំង ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតរបស់​មន្ត្រីទូតអាមេរិក​។

លោកមេបញ្ជាការអាមេរិក​ Douglass Sims បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​បានប្រើឧត្ថម្ភាគចក្រ ចំនួន​៣គ្រឿង​ ចាញពីមូលដ្ឋានទ័ពអាមេរិកនៅជីប៊ូទី ដោយ​ចុះចតឆ្លងកាត់នៅអេត្យូពី។ លោក​បន្ថែមថា​ប្រតិបត្តិការ​បានប្រព្រឹត្តិទៅដោយ​រលូននិងសុវត្ថិភាព។ ចំណែកលោក​ប្រធានាធិបតី ចូ បៃដិន ក៏បាន​ថ្លែង​អំណរគុណ ដល់​ប្រទេសជីប៊ូទី អេត្យូពី និងអេហ្ស៊ីបដែរ ដែលបានជួយអន្តរាគមន៍។ ដោយឡែកក្រសួងការបរទេសអាមេរិក បានលើកឡើងថា សម្រាប់ពេលនេះ គេបញ្ជូនតែមន្ត្រីការទូតចេញសិន ដោយ​មិនពាក់ព័ន្ធ នឹង​ប្រជាជនស៊ីវីលអាមេរិក ដែលនៅស៊ីដង់ទេ។

ប្រទេសធំៗនាំគ្នាជម្លៀសប្រជាជនចេញពីស៊ូដង់

នៅព្រឹកថ្ងៃអាទិត្យ​នេះដែរ ក្រសួងការបរទេស​បារាំងបានបញ្ជាក់ថា គេកំពុងរៀបចំប្រតិបត្តិការពិសេសមួយ ដើម្បី​បញ្ជូនចេញ ​ទាំងបុគ្គលិក​ការទូតបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត ដោយរាប់ទាំងប្រជាជនស៊ីវីលអឺរ៉ុបខ្លះផង។ ប៉ុន្តែមិនទាន់មានព័ត៌មានលំអិត ថាបញ្ជូនចេញដោយ​វិធីណាទេ។

ដូចគ្នាដែរ ក្រសួងការបរទេស​តួកគី ក៏បានប្រកាសដែរនៅថ្ងៃនេះ ថាគេនឹងចាប់ផ្តើមបញ្ជូន​មន្ត្រីទូត ព្រមទាំងប្រជាជនគេចេញ​ពីស៊ូដង់ ដែល​មានសរុបប្រមាណ​៦០០នាក់។ ក្រសួងការបរទេសតួកគីអះអាងទៀតថា ប្រជាជនប្រទេសផ្សេងទៀត ដែលបានស្នើសុំមក​ជាមួយ ក៏គេនឹងជួយចាត់ចែងបញ្ជូនចេញដែរ។ ដោយឡែក តួកគីបាន​បញ្ជាក់ថា​ គម្រោង​​បញ្ជូន​មន្ត្រីទូតនិងប្រជាជនខ្លួនចេញ ពីតំបន់ Kafouri ខាងជើងក្រុងខាទុំ ដែលគ្រោងធ្វើនៅព្រឹកថ្ងៃអាទិត្យ បានអាក់ខានវិញដោយសារតែនៅតំបន់​នោះ មានការបាញ់​ប្លោង ផ្ទុះគ្រាប់ខ្លាំងសម្បើមណាស់។

ចំណែកកាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានរៀបចំប្រតិបត្តិការជម្លៀមមនុស្សចំនួន​ជាង​១៥០នាក់ចេញពីស៊ូដង់ ក្នុងនោះមាន​ជនជាតិ​អារ៉ាប៊ីសាអូឌីត ចំនួន​៩១នាក់ និង​ជនជាតិ​បរទេស សរុប១២ប្រទេសផ្សេងទៀត មាន​ជាង​៦០នាក់។ ប្រតិបត្តិការនេះ បានធ្វើទៅ​តាមផ្លូវគោក ដោយ​ក្បួនរថយន្តបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែធំរបស់ស៊ូដង់ នៅមាត់សមុទ្រក្រហម​ ​មុននឹង​​បន្តដំណើរតាមកប៉ាល់ ឈ្ពោះទៅកាន់ទីក្រុងជេដា ប្រទេសអារ៉ាប៊ីសាអូឌីត។

កងទ័ពជើងទឹកអារ៉ាប៊ីសាអូឌីត កំពុងត្រកងបីទារក ឡើងលើកប៉ាល់ ដើម្បីចាកចេញពីកំពង់ដែស៊ូដង់ ឆ្ពោះទៅកាន់ក្រុងជេដា យប់ថ្ងៃសៅរ៍ ទី​២២មេសា ២០២៣
កងទ័ពជើងទឹកអារ៉ាប៊ីសាអូឌីត កំពុងត្រកងបីទារក ឡើងលើកប៉ាល់ ដើម្បីចាកចេញពីកំពង់ដែស៊ូដង់ ឆ្ពោះទៅកាន់ក្រុងជេដា យប់ថ្ងៃសៅរ៍ ទី​២២មេសា ២០២៣ via REUTERS - SAUDI MINISTRY OF DEFENSE

រីឯអេហ្ស៊ីបវិញ ដែលមានប្រជាជននៅស៊ូដង់​ប្រមាណ​១ម៉ឺននាក់ បានអំពាវនាវឲ្យ​ប្រជាជនគេមកប្រមូលផ្តុំគ្នានៅកន្លែងមានសុវត្ថិភាព ដូចជានៅ​ស្ថានកុងស៊ុលកំពង់ផែស៊ីដង់ ឬនៅ​កុងស៊ុល​Wadi Halfa ក្បែរព្រំដែនអេហ្ស៊ីប ដើម្បីរងចាំការជម្លៀសបញ្ជូនចេញ​។​

« បរទេសចាកចេញអស់ សល់តែប្រជាជនស៊ីវីលស៊ីដង »

លោក Hamid Khalafallah អ្នកស្រាវជ្រាវជំនាញស៊ូដង់ បាន​លើកឡើងថា ប្រទេសធំៗ មហាអំណាចតំបន់ នាំគ្នាប្រមូលមន្ត្រីទូតចេញអស់ពីស៊ូដង់ មានន័យថា ប្រទេសទាំងនេះនឹង​កាន់តែលែងមានទំងន់អ្វី ដើម្បីចូលរួមដោះស្រាយ​វិបត្តិ។ លោក​លើកឡើងថា ប្រទេសធំៗទាំងអស់ មិនត្រូវត្រឹមតែអំពាវនាវ បើកច្រកផ្លូវមនុស្សធម៌​រំដោះប្រជាជនខ្លួន​ប៉ុណ្ណោះទេ គឺត្រូវតែរួមគ្នាទាមទារ និងធ្វើគ្រប់យ៉ាង ដើម្បីឈានទៅ​មានការទម្លាក់​អាវុធ។ រំដោះប្រជាជនខ្លួនចេញពីស៊ូដង់ដោយសុវត្ថិភាពបានប៉ុណ្ណា ក៏ធ្វើទៅចុះ តែសូមមេត្តាកុំទុក​ប្រជាជនស៊ីវីលស៊ូដង់ចោល ឲ្យលំបាកវេទនាប្រឈមសេចក្តីស្លាប់តែម្នាក់ឯង។

យោងតាមតួលេខអង្គការសុខភាពពិភពលោក មួយសប្តាហ៍នៃការវាយប្រយុទ្ធគ្នារវាងក្រុមយោធា ក្រោមបញ្ជាមេទ័ព២នាក់ ដែលប្រជែងអំណាចគ្នានេះ បានសម្លាប់ជីវិតប្រជាជនស៊ីវីលស៊ីដង់​ចំនួន ប្រមាណ​៤២០នាក់ និង​របួសប្រមាណ ​៣៧០០នាក់។ ការវាយប្រយុទ្ធគ្នា ដែលមិនទាន់ដឹងចាញ់ឈ្នះខាងណាទេ ព្រោះម្ខាងៗសុទ្ធតែឃោសនាយកឈ្នះរៀងខ្លួន។

នៅក្រុងខាទុំ ដែលមានមនុស្សរស់នៅប្រមាណ​៥លាននាក់ ការប្រយុទ្ធគ្នាបន្តយ៉ាងសកម្ម។ ប្រជាជនសំងំក្នុងផ្ទះ គ្មានទឹកគ្មានភ្លើង គ្មានចំណីអាហារបរិភោគទេ មួយសប្តាហ៍​មកនេះ​។ យោងតាម​សាក្សីជាច្រើនបាន​ឲ្យដឹងថា អ្នកខ្លះបានផ្សងជីវិត ចេញក្រៅផ្ទះទៅរកទឹកមកបរិភោគ ខណៈសំឡេងគ្រាប់កាំភ្លើង និងសំឡេងផ្ទុះ ឮផូងផាំងពីគ្រប់ទិស។ យោងតាម​អង្គការគ្រូពេទ្យគ្មានព្រំដែន ស្ថានភាពមនុស្ស​ធម៌​កាន់តែអាសន្នបំផុត នៅឯតំបន់ដាកហ្វួរ ជាទីប្រជាជនរស់រំពឹងខ្លាំងណាស់ និង​ជំនួយ​មនុស្សធម៌ ទាំងផ្នែកចំណី​អាហារ និង​ផ្នែកសុខាភិបាល។ អង្គការមនុស្សធ៌មនានាបាន​ផ្អាកការងារ ដើម្បីការពារសុវត្ថិភាពបុគ្គលិក​

ស៊ូដង់មានប្រជាជនប្រមាណ​៤៥លាននាក់ ជាប្រទេសជីករ៉ែមាស លក់បានច្រើនជាង​គេ​លំដាប់ទី៣ ហើយ​មាន​អណ្តូង​ប្រេងកាតទៀត តែប្រទេសនេះក្រីក្រខ្លាំងណាស់។ ភាពក្រីក្រ ដោយសារតែ​សង្គ្រាមស៊ីវីល  កាប់សម្លាប់ ដណ្តើមអំណាចគ្នា មិនចេះចប់មិនចេះស្វាងនេះឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ