អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិនកំពុងបន្ថែមមន្តស្នេហ៍នៅអាស៊ីកណ្តាល ខណៈដែលរុស្ស៊ីកំពុងជាប់ដៃនៅក្នុងសង្រ្គាមអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី១៨ និង​ទី១៩ ឧសភា​ខាង​មុខ ចិន​នឹង​បើក​កិច្ចប្រជុំកំពូល​ចិន -អាស៊ីកណ្តាល​នៅ​ក្នុង​ទីក្រុង​ស៊ីអាន។ កម្មវត្ថុ​នៃ​កិច្ចប្រជុំកំពូល​មួយ​នេះ គឺ​ផ្តល់​សន្ទុះ​បន្ថែម​នូវ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ដែល​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​កាល​ពី​ឆ្នាំ ២០១៣។ កិច្ចប្រជុំកំពូល​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ហើយ​សង្រ្គាម​មួយ​នេះ​ជា​ឱកាស​ដ៏​ល្អ​ខ្លាំង​ដើម្បី​ឲ្យ​ចិន​អាច​បន្ថែម​មន្តស្នេហ៍​លើ​បណ្តា​ប្រទេស​នៅ​អាស៊ីកណ្តាល​ដែល​ជា​អតីត​សាធារណរដ្ឋ​សហភាពសូវៀត។ តើ​មន្តស្នេហ៍​របស់​ចិន​មាន​អ្វី​ខ្លះ និង​ថា តើ​បណ្តា​ប្រទេស​នៅ​អាស៊ីកណ្តាល​គិត​យ៉ាង​ម៉េច​រវាង​ជម្រើស​នៅ​ជាមួយ​ចិន និង​នៅ​ជាមួយ​រុស្ស៊ី?

ប្រធានាធិបតីចិន​លោក​ស៊ី ជីនពីង។
ប្រធានាធិបតីចិន​លោក​ស៊ី ជីនពីង។ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​មែន តែ​បណ្តា​ប្រទេស​នៅ​អាស៊ីកណ្តាល​ជា​ទីកន្លែង​មួយ​ដ៏​សំខាន់​នៅ​ក្នុង​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន។ ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ឆ្នាំ ២០១៣ គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ជា​កម្មវិធី​នៃ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​ទៅ​កាន់​បរទេស​តាម​រយៈ​ការ​សាងសង់​ផ្លូវ​គោក ផ្លូវដែក ឬ​កំពង់ផែ។ តាម​រយៈ​គម្រោង​មួយ​នេះ ចិន​បាន​យល់​ព្រម​ឲ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ខ្ចីលុយ​ដោយ​មិន​យក​ការប្រាក់ ឬ​យក​ការប្រាក់​តិចតួច។ នៅ​ពេល​ដែល​គេ​និយាយ​ពី​បណ្តា​ប្រទេស​នៅ​អាស៊ីកណ្តាល គេ​ចង់​សំដៅ​លើ​ប្រទេស​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និង​អូសបេគីស្ថាន។

ចិន​បាន​បញ្ជាក់​ថា ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ទាំង​នេះ​មាន​ទឹកប្រាក់​ដល់​ទៅ ៧០ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០២២ និង​បាន​ហាក់​ឡើង​ចំនួន ២២% នៅ​ត្រីមាស​ទី១ ឆ្នាំ ២០២៣។ នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា ជំនួញ​រវាង​ចិន និង​អាស៊ីកណ្តាល​កំពុង​មាន​ដំណើរ​ដោយ​រលូន និង​ទទួល​បាន​ផល​ល្អ​ដែល​គ្មាន​ភាគី​ណា​មួយ​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ឡើយ។ ចំណែក​ក្រុម​អ្នកវិភាគ​បាន​យល់​ឃើញ​ថា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ឱកាស​មួយ​បន្ថែម​ទៀត​ដើម្បី​រុញ​បណ្តា​ប្រទេស​អាស៊ីកណ្តាល​ឲ្យ​ងាក​រក​ចិន​កាន់​តែ​ខ្លាំង​ជាង​មុន ពិសេស​ចង់​បាន​ការ​ធានា​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ការទូត។

ពិត​ណាស់ ក្នុង​នាម​ជា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត បណ្តា​ប្រទេស​នៅ​អាស៊ីកណ្តាល​បាន និង​កំពុង​បន្ត​មាន​ទំនាក់ទំនង​ប្រពៃណី រួម​ទាំង​វប្បធម៌​ជាមួយ​រុស្ស៊ី​សព្វថ្ងៃ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នៅ​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​សម្រេច​ប្រើ​កម្លាំងទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន មាន​ប្រទេស​អាស៊ីកណ្តាល​ខ្លះ​បាន​ផ្តើម​ព្រួយបារម្ភ​ពី​បូរណភាព និង​អធិបតេយ្យភាព​របស់​ខ្លួន​ដោយ​ចោទ​ជា​សំណួរ​ថា តើ​នៅ​ថ្ងៃ​ណា ខែ​ណា និង​ឆ្នាំ​ណា​ទៅ​ដែល​ខ្លួន​នឹង​ទទួល​វាសនា​ដូច​អ៊ុយក្រែន?។ ដូច្នេះ​សម្រាប់​ចិន វា​ជា​ឱកាស និង​ជា​ពេល​វេលា​ដែល​មាន​អំណោយ​ផល​ល្អ​ណាស់​សម្រាប់​អូសទាញ និង​ផ្តល់​សន្ទុះ​បន្ថែម​នូវ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​នៅ​អាស៊ីកណ្តាល។

គួរ​បញ្ជាក់​ថា​សព្វថ្ងៃ​នេះ មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លះ​កំពុង​ជាប់គាំង​ក្រោម​ហេតុផល​ផ្សេងៗ។ ឧទាហរណ៍​ជាក់ស្តែង ភាព​ជាប់គាំង​លើ​គម្រោង​សាងសង់​ផ្លូវដែក​ដែល​ត ភ្ជាប់​រវាង​ចិន​ជាមួយ​កៀហ្ស៊ីស៊ីស្ថាន និង​អូសបេគីស្ថាន​ក្នុង​តម្លៃ ៦ ០០០លានដុល្លារ ឬ​មួយ​ក៏​ការ​ពង្រីក​បន្ថែម​នូវ​បំពង់បង្ហូរ​ប្រេង​រវាង​ចិន និង​អាស៊ីកណ្តាល​ជា​ដើម។ តាម​អ្នកជំនាញ​លោកស្រី​ណាហ្ស៊ី កាសេណូវ៉ា អាស៊ីកណ្តាល និង​ចិន​មាន​ចំណង​រវាង​គ្នា​ដោយ​ការ​មាន​ព្រំដែន​រួម និង​ប្រវត្តិសាស្រ្ត​យូរអង្វែង។ ប្រវត្តិសាស្រ្ត​យូរ​អង្វែង​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ីកណ្តាល​ដែល​លោកស្រី​ណាហ្ស៊ី​ចង់​និយាយ គឺ​ទាក់ទង​នឹង​ផ្នែក​សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឃន៍។ ដូច្នេះ​សម្រាប់​លោកស្រី​ណាហ្ស៊ី ការ​ដែល​ចិន​រំកិល​ទៅ​កាន់​អាស៊ីកណ្តាល​ជា​រឿង​ធម្មតា និង​មាន​ភាព​ស៊ីសង្វាក់​គ្នា។

ក៏​ប៉ុន្តែ ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​មិន​ចេះ​តែ​មាន​ដំណើរ​ដោយ​រលូន គ្មាន​ឧបសគ្គ និង​អាច​ទទួល​យក​បាន​ពី​ប្រជាជន​គ្រប់​រូប​នៅ​ក្នុង​តំបន់​នោះ​ឯណា។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៩ មាន​ផ្ទុះ​បាតុកម្ម​ប្រឆាំង​ចិន​នៅ​កាហ្សាក់ស្ថាន ហើយ​ក្នុង​ឆ្នាំ ២០២០ បាតុកម្ម​ប្រឆាំង​ចិន​ក៏​មាន​នៅ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ដែរ។ កំហឹង និង​ក្តីបារម្ភ​របស់​ពួក​គេ គឺ​ខ្លាច​ចិន​ប្រើ​ឥទ្ធិពល​ដើម្បី​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ពួក​គេ។ កំហឹង​ប្រឆាំង​នឹង​ចិន​របស់​ពួក​គេ​បន្ទាប់​ទៀត គឺ​ការ​ដែល​ចិន​បាន និង​កំពុង​បន្ត​ធ្វើ​បាប​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុង​ខេត្ត​ស៊ីនជាំង។ ចូរ​កុំ​ភ្លេច​ថា វប្បធម៌ និង​ភាសា​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ពលរដ្ឋ​ភាគច្រើន​នៅ​អាស៊ីកណ្តាល។

តាម​ពិត តម្រូវការ​វិនិយោគ​បរទេស មិន​ថា​ពី​ចិន ឬ​ពី​ប្រទេស​ដទៃ​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​តំបន់​អាស៊ីកណ្តាល ឬ​តំបន់​ផ្សេង​ទៀត​ក្នុង​លោក។ តែ​សាស្រ្តាចារ្យ​ជនជាតិ​អាមេរិក​លោក​Sébatien Peyrouse កត់សម្គាល់​ឃើញ​ពី​លក្ខណៈពិសេស​នៃ​គម្រោង​វិនិយោគ​របស់​ចិន​ដែល​ថា វា​ហាក់​បាន​ហុច​ប្រយោជន៍​ឲ្យ​ចិន​ខ្លួន​ឯង​ជាជាង​ឲ្យ​ប្រទេស​ដែល​ចិន​បាន​ចូល​ទៅ​បោះទុន​រកស៊ី។ តាម​លោក Sébatien Peyrouse ការ​វិនិយោគ​របស់​ចិន​មិនមែន​ដើម្បី​អភិវឌ្ឍ​ផលិតកម្ម​ក្នុងស្រុក​ទេ តែ​ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​នាំ​ចេញផលិតផល​ចិន​ទៅ​កាន់​ប្រទេស​នោះ និង​ការ​នាំ​ចូល​វត្ថុធាតុ​ដើម​ពី​ប្រទេស​នោះ​ទៅ​កាន់​ចិន។

មួយ​វិញ​ទៀត ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​ណា​មួយ​ក៏​ហាក់​មិន​បាន​ជួយ​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស​នោះ និង​ថែម​ទាំង​បាន​រុញ​ប្រទេស​នោះ​ឲ្យ​ជាប់​បំណុលវ័ន ក របស់​ខ្លួន​ទៀត​ផង។ ទាំង​នេះ​សុទ្ធសឹង​ជា​អារម្មណ៍ និង​ជា​ការ​មើល​ឃើញ​របស់​ប្រជាជន​ភាគ​ច្រើន​នៅ​អាស៊ីកណ្តាល។ ការ​សិក្សា​ថ្មីៗ​មួយ​បាន​បង្ហាញ​ថា ប្រជាជន​ភាគ​ច្រើន​នៅ​អាស៊ីកណ្តាល​នៅ​រក្សា​មនោសញ្ចេតនា​ជាមួយ​រុស្ស៊ី​ជាជាង​ជាមួយ​ចិន​ដោយ​គេ​ប្រៀបធៀប​រវាង​ការ​ជាប់​ខ្សែអន្ទាក់​រុស្ស៊ី និង​ខ្សែអន្ទាក់​ចិន។ ខ្សែអន្ទាក់​រុស្ស៊ី​ធ្វើ​ពី​លីឡុង​ដែល​អាច​ស្រាយ​រួច ទោះ​អាច​ត្រូវ​ប្រើ​ពេល​យូរ។ ចំណែក​ខ្សែអន្ទាក់​ចិន​ធ្វើ​ពី​ដែក​ដែល​មិន​អាច​ស្រាយ​បាន និង​ប្រហែល​គ្មាន​ថ្ងៃ​ដោះ​រួច​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ