អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើបក្សប្រឆាំងថៃអាចនឹងបង្កើតរដ្ឋាភិបាលចម្រុះបានដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លទ្ធផលបោះឆ្នោត​ថៃ​បាន​បង្ហាញ​យ៉ាងជាក់ច្បាស់​ថា គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​នាំមុខ​យ៉ាងដាច់ឆ្ងាយ ធៀបទៅនឹង​គណបក្ស​កាន់អំណាច ដែល​ស្និទ្ធ​នឹង​កងទ័ព។ លទ្ធផលបោះឆ្នោតនេះ គូសបញ្ជាក់​អំពី​ចលនាប្រជាពលរដ្ឋថៃ ដែលច្រានចោល​ការដឹកនាំ​ដោយ​កងទ័ព​ ហើយ​ចង់​បាន​នូវការ​ផ្លាស់ប្តូរ​ថ្មី ក៏ប៉ុន្តែ សំណួរនៅតែ​ចោទឡើង​ថា គណបក្ស​ប្រឆាំង​ពិតជា​អាច​រួមគ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​បិទបញ្ចប់​សករាជ​នៃ​រដ្ឋាភិបាល​ស្និទ្ធ​នឹង​កងទ័ព​បាន​ដែរ​ឬទេ?

លោក ភិថា លីមចៈរើនរ៉ាត់ (Pita Limjaroenrat) ប្រមុខដឹកនាំ​គណបក្ស​កាវក្លៃ ដែល​ទទួល​សំឡេងនាំមុខគេ ក្នុងការ​បោះឆ្នោត​ជាតិថៃ កាលពីថ្ងៃអាទិត្យ ១៤ ឧសភា ២០២៣
លោក ភិថា លីមចៈរើនរ៉ាត់ (Pita Limjaroenrat) ប្រមុខដឹកនាំ​គណបក្ស​កាវក្លៃ ដែល​ទទួល​សំឡេងនាំមុខគេ ក្នុងការ​បោះឆ្នោត​ជាតិថៃ កាលពីថ្ងៃអាទិត្យ ១៤ ឧសភា ២០២៣ AP - Wason Wanichakorn
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃចន្ទ គណៈកម្មការ​បោះឆ្នោត​ថៃ បាន​ប្រកាស​ឲ្យដឹងថា ការ​រាប់សន្លឹកឆ្នោត​ត្រូវ​បាន​​ធ្វើ​ចប់សព្វគ្រប់ ហើយ​លទ្ធផល​បង្ហាញ​ថា គណបក្ស​កាវក្លៃ ឬ « Move Forward » តាមភាសាអង់គ្លេស គឺ​ជា​គណបក្ស​នាំមុខគេ ដោយ​ទទួល​បាន​អាសនៈ​​ចំនួន ១៥១ នៅ​ក្នុង​រដ្ឋសភា។

ក្រោយ​ការ​ប្រកាស​របស់​គណៈកម្មការ​បោះឆ្នោត លោក ភិថា លីមចៈរើនរ៉ាត់ (Pita Limjaroenrat) ​ប្រមុខដឹកនាំ​គណបក្ស​កាវក្លៃ បាន​ប្រកាស​​អំពី​ការ​ចងសម្ព័ន្ធមិត្ត​​​ជាមួយ​គណបក្ស​ភឿថៃ ដែល​មាន​ចំនួន​អាសនៈ​ស្ថិត​នៅ​លំដាប់ទី២ និង​បូករួម​ជាមួយ​នឹង​គណបក្ស​តូចៗ​ចំនួន ៤ផ្សេងទៀត ដើម្បី​រួមគ្នា​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ។

គណបក្ស​ទាំង ៦នេះ មាន​អាសនៈ​បូកបញ្ចូលគ្នា រហូតដល់​ទៅ ៣០៩​អាសនៈ ពោលគឺ​ជា​ចំនួន​ភាគច្រើន​លើសលុប រហូតដល់​ទៅ​ជាង ៦០% នៅ​ក្នុង​រដ្ឋសភា ដែល​មាន​អាសនៈ​សរុប​ចំនួន ៥០០។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ សម្ព័ន្ធមិត្ត​បក្ស​ទាំង ៦​នេះ ក៏​នៅតែមិនប្រាកដ​ថា​នឹង​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន​នោះដែរ។

ចំណោទ​ គឺ​នៅត្រង់​ថា យោងតាមរដ្ឋធម្មនុញ្ញ​ ដែល​តាក់តែងឡើង​ដោយ​របបសឹក ការបង្កើត​រដ្ឋាភិបាល​​ចាំបាច់​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ នៅ​ក្នុង​សភា​ទាំងពីរ​រួមគ្នា គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា ដោយ​គិត​ជាសរុប គេ​ត្រូវការ​សំឡេង​​រហូត​ដល់​ទៅ ៣៧៦ឯណោះ ក្នុងចំណោម​សមាជិកសរុប ៧៥០​ក្នុង​សភា​ទាំងពីរ ទើប​អាច​បង្កើត​រដ្ឋាភិបាល​បាន។

ដូច្នេះ ក្រុមប្រឆាំង​នៅ​ត្រូវការ​សំឡេងគាំទ្រ ៦៧​សំឡេងទៀត ទើប​អាច​បង្កើត​រដ្ឋាភិបាល​បាន ក្នុងពេលដែល​សមាជិកព្រឹទ្ធសភា​ទាំង ២៥០​រូប សុទ្ធតែ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​របបសឹក។

មែនទែនទៅ ខាងក្រុមយោធា ថ្វីដ្បិត​តែ​ទទួល​បាន​សំឡេង​តិចតួច​នៅ​ក្នុងការ​បោះឆ្នោត ពោលគឺ ទទួល​បាន​អាសនៈ​​ប្រមាណ​ត្រឹម ១៥% នៅ​រដ្ឋសភា ក៏ប៉ុន្តែ ក៏​នៅតែ​​អាច​មាន​ផ្លូវ​បង្កើត​រដ្ឋាភិបាល​ចម្រុះបាន​ដែរ។

គណបក្ស​ទាំងពីរ ដែល​ស្និទ្ធ​នឹង​ក្រុម​យោធា គឺ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ ដែល​បង្កើត​ឡើង​ដោយ​របបសឹក កាល​ពី​ឆ្នាំ២០១៨ ហើយ​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ប្រាវីត វង់ស៊ុវ៉ាន់ និង​គណបក្ស​ដែល​លោក​ប្រាយុទ្ធ ចាន់អូចា ទើបនឹង​បំបែក​​ចេញទៅបង្កើតថ្មី គឺ​​គណបក្ស​រួមថៃសាងឆាត ទទួល​បាន​អាសនៈ​សរុប​បញ្ចូល​គ្នា ចំនួន ៧៦អាសនៈ ហើយ​បើ​គេបូកបន្ថែម​ជាមួយ​សំឡេង​នៅ​ព្រឹទ្ធសភា​ចំនួន ២៥០​ទៀត ខាង​ក្រុម​យោធា ត្រូវការ​សំឡេង​គាំទ្រ​តែ ៥០សំឡេងទៀត​ប៉ុណ្ណោះ ដើម្បី​បង្កើត​រដ្ឋាភិបាល។

ខាងយោធា​ត្រូវការ ៥០​សំឡេង ចំណែក​ខាង​ក្រុមប្រឆាំង​ត្រូវការ ៦៧​សំឡេង ដូច្នេះ នៅ​ក្នុង​ការ​ប្រទាញប្រទង់គ្នា​នេះ មាន​គណបក្សមួយ​ដែល​អាច​នឹង​ដើរតួនាទី​សំខាន់ គឺ​គណបក្ស​ភូមិចៃថៃ។ គណបក្ស​ភូមិចៃថៃ​ ជា​គណបក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន ក្នុងលំដាប់ទី៣ ក្នុងការ​បោះឆ្នោត​កាល​ពីថ្ងៃ​អាទិត្យ ដោយ​ទទួល​បាន​​ ៧០​អាសនៈ។

ដូច្នេះ ប្រសិនបើ​គណបក្ស​ភូមិចៃថៃ​ចូលរួម​​ក្នុង​បក្សសម្ព័ន្ធក្រុមប្រឆាំង គេ​ប្រាកដ​ជា​នឹង​អាច​មាន​សំឡេង​ភាគច្រើន​គ្រប់គ្រាន់ ក្នុងការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន បើទោះបី​ជា​គ្មាន​សំឡេង​គាំទ្រ​ពី​សំណាក់​សមាជិកព្រឹទ្ធសភា។

ផ្ទុយ​ទៅវិញ ប្រសិនបើ​គណបក្ស​ភូមិចៃ​​ទៅ​រួមដៃ​ជាមួយ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ និង​គណបក្ស​រួមថៃសាងឆាត ហើយ​សមាជិក​ព្រឹទ្ធសភា​ទាំង ២៥០​បោះឆ្នោត​គាំទ្រ ខាង​យោធា​អាច​នឹង​មាន​សំឡេង​គ្រប់គ្រាន់ ក្នុងការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ បើទោះបី​ជា​ពួកគេ​ជា​គណបក្ស​សំឡេង​ភាគតិច នៅ​ក្នុង​រដ្ឋសភា។

គួរកត់សម្គាល់ថា គណបក្ស​ភូមិចៃថៃ ដែល​មាន​ឫសគល់ដំបូង​ចេញ​ពី​គណបក្ស​ថៃរ៉ាក់ថៃ​របស់​លោក​ថាក់ស៊ីន បាន​បំបែក​ខ្លួនចេញ​ទៅ​បង្កើត​បក្ស​ថ្មី កាល​ពី​ឆ្នាំ២០០៨​កន្លងទៅ ក្រោយ​ពី​គណបក្ស​ស្និទ្ធិនឹង​លោក​ថាក់ស៊ីន​ជាច្រើន​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​សម្រេច​រំលាយចោល។ ចាប់តាំង​ពីពេលនោះមក គណបក្ស​ភូមិចៃថៃ និង​ក្រុម​ស្និទ្ធិ​នឹង​លោក​ថាក់ស៊ីន ថ្វីដ្បិត​តែ​ធ្លាប់មាន​គោលនយោបាយ​ស្រដៀងគ្នា​ ក៏ប៉ុន្តែ តែងតែ​​ដើរផ្លូវ​បញ្ច្រាស់គ្នា ដោយនៅឆ្នាំ២០០៨ គណបក្ស​ភូមិចៃថៃ​បាន​ទៅ​ចូលរួម​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក​អាភិស៊ីត វេចាជីវ៉ា ដែល​ជា​គូប្រជែង​របស់​ក្រុមលោក​ថាក់ស៊ីន ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៩​កន្លងទៅនេះ ភូមិចៃថៃ​បាន​ទៅ​ចូលរួម​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹងក្រុមយោធា ដោយ​ប្រមុខដឹកនាំ​គណបក្ស​ភូមិចៃថៃ​បច្ចុប្បន្ន គឺ​លោក អនុធីន ឆានវីរៈគូន បានកាន់តំណែង​ជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្នុង​រដ្ឋាភិបាល​របស់​លោក​ប្រាយុទ្ធ ចាន់អូចា។

ម្យ៉ាងទៀត គណបក្ស​ភូមិចៃថៃ​ធ្លាប់​បាន​ប្រកាស តាំង​ពី​មុនពេល​បោះឆ្នោត​ថា ខ្លួន​នឹង​មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​ជាមួយ​នឹង​គណបក្ស​ណា ដែល​មាន​គោលនយោបាយ​ចង់សើរើ​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ។ ការសើរើ​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​នេះ គឺ​ជា​គោលនយោបាយ​ដ៏ចម្បងមួយ​របស់​គណបក្ស​កាវក្លៃ។

ដូច្នេះ ទាំងនេះ​អាច​ជា​ចំណុច​ខ្ទាស់ ដែល​ពិបាក​នឹង​​ទាក់ទាញ​​គណបក្ស​ភូមិចៃថៃ​ឲ្យ​មក​ចូលក្នុង​រដ្ឋាភិបាល​ចម្រុះ ជាមួយ​គណបក្ស​កាវក្លៃ និង​គណបក្ស​ភឿថៃ ហើយ​ប្រសិនបើ​គ្មាន​សំឡេង​គាំទ្រ​ពី​គណបក្ស​ភូមិចៃថៃនេះទេ ការបង្កើត​រដ្ឋាភិបាល​ចម្រុះ ដោយ​ក្រុមបក្សសម្ព័ន្ធ​ប្រឆាំង​ទាំង ៦​គណបក្ស ប្រាកដ​ជា​នឹង​ត្រូវ​រំពឹង​ទៅលើ​សំឡេងគាំទ្រ ពី​សំណាក់​​សមាជិក​ព្រឹទ្ធសភា គឺ​ក្តីរំពឹង​ថា លទ្ធផល​បោះឆ្នោត ដែល​បង្ហាញ​ពី​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​ម្ចាស់​ឆ្នោត​ចំពោះ​ក្រុមប្រឆាំង និង​សំឡេងគាំទ្រ​ដ៏​តិចតួច​ចំពោះ​ក្រុមស្និទ្ធ​នឹង​យោធា អាច​ជា​សម្ពាធ​នយោបាយ​មួយ​ ចំពោះ​សមាជិក​ព្រឹទ្ធសភា​ យ៉ាងហោច​មួយផ្នែក​ ឲ្យ​បោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល​ចម្រុះ ដែល​តំណាង​ពលរដ្ឋ​រហូតដល់​ទៅ​ ៦០% នៅ​ទូទាំង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ