អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសហរដ្ឋអាមេរិកអាចជំរុញឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងគ្នាបានដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃទី៦ ដល់​ថ្ងៃ​ទី ៨ មិថុនា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​បាន​ផ្តោត​លើ​ប្រធានបទ​សំខាន់​ចំនួន​ពីរ ទី១ ស្តារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត​នៅ​មជ្ឈិមបូព៌ា និង​ប្រធានបទ​សំខាន់​ទី២ ព្យាយាម​រុញ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា។ នៅ​ក្នុង​ប្រធានបទ​ទី២ នេះ ក្រុង​វ៉ាស៊ីនតោន​ចង់​សម្រេច​ឲ្យ​បាន​នៅ​មុន​ដំណាច់​ឆ្នាំ ២០២៣។ តើ​អាច​ទៅ​រួច​ដែរ ឬ​ទេ និង​ថា តើ​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត អ្នក​ណា​អាច​បោះដៃ​រក​អ្នក​ណា​មុន​គេ?

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន (រូបឆ្វេង) និងរាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន។
ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន (រូបឆ្វេង) និងរាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន។ © Amer Hilabi/AP
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​ខាង​លើ​បាន គេ​ត្រូវ​ផ្តល់​ជា​មុន​នូវ​ចម្លើយ​ចំពោះ​សំណួរ​មួយ​ដែល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​គ្មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​មក​ដល់​សព្វថ្ងៃ។ តាម​ពិត​ទៅ មិន​ថា​អារ៉ាប៊ីសាអូឌីត ឬ​ប្រទេស​អារ៉ាប់​ភាគ​ច្រើន​ទេ ការ​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ក្រុម​ប្រទេស​អារ៉ាប់​ភាគ​ច្រើន​បាន​គាំទ្រ​បុព្វហេតុ​របស់​ប៉ាឡេស្ទីន​ដែល​ចង់​បាន​រដ្ឋ​ឯករាជ្យ​មួយ​ជា​ផ្លូវការ​រស់​ក្បែរ​អ៊ីស្រាអែល។ បុព្វហេតុ​មួយ​នេះ​ត្រូវ​បាន​ក្រុម​ប្រទេស​អារ៉ាប់​ភាគ​ច្រើន​យក​ធ្វើ​ជា​លក្ខខណ្ឌ​អាទិភាព​តែ​មួយ​គត់​ដើម្បី​អាច​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​បាន។

តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា លក្ខខណ្ឌ​ដាច់​ខាត​មួយ​នេះ​ហាក់​កំពុង​ប្រែប្រួល​ទៅ​តាម​ស្ថានការណ៍​ប្រែប្រួល​របស់​ពិភពលោក ឬ​និយាយ​ឲ្យ​ស្រួល​យល់ វា​ហាក់​លែង​ជា​លក្ខខណ្ឌ​អាទិភាព​មិន​អាច​ខ្វះ​បាន​ទៀត​ឡើយ នោះ​បើ​ទោះ​បី​ជា​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​កំពុង​បន្ត​ជាប់​គាំង​គ្មាន​ច្រក​ចេញ​ក៏​ដោយ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជំហរ​របស់​ប្រទេស​អារ៉ាប់​ខ្លះ និយាយ​ជា​រួម និង​ជំហរ​របស់​អារ៉ាប៊ីសាអូឌីត និយាយ​ដោយ​ឡែក​ចំពោះ​អ៊ីស្រាអែល​មាន​ការ​ប្រែប្រួល។ ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​អាមេរិក​មួយ​ក្នុង​ខែ​មីនា ឆ្នាំ ២០២០ រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​បាន​ចាត់​ទុក​អ៊ីស្រាអែល​ដូច​ជា​សម្ព័ន្ធមិត្ត​ម្នាក់​មាន​សក្តានុពល។

បន្ទាប់​មក អារ៉ាប៊ីសាអូឌីត​មិន​បាន​និយាយ​អ្វី​ទាំង​អស់​នៅ​ពេល​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ប៉ារ៉ែន ម៉ារ៉ុក និង​ស៊ូដង់​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ២០២០ និង ២០២១ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ។ ថ្មីៗ​នេះ ពោល​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​នៅ​អារ៉ាប៊ីសាអូឌីត​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៨ មិថុនា ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​លោក​ហ្វាយសាល បេន ហ្វារ៉ាន​បាន​យល់​ឃើញ​ថា ការ​មាន​ទំនាក់ទំនង​ធម្មតា​ជាមួយ​អ៊ីស្រាអែល​ជា​ផលប្រយោជន៍​របស់​តំបន់ និង​អាច​ហុច​អត្ថប្រយោជន៍​សំខាន់ៗ​សម្រាប់​ទាំង​អស់​គ្នា។

តែ​លោក​បេន ហ្វារ៉ាន​មិន​ភ្លេច​បញ្ជាក់​ថា បើ​គ្មាន​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ទេ នោះ​អត្ថប្រយោជន៍​ពី​ការ​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ក៏​មាន​កម្រិត​ដែរ។តាម​ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​រូប​នេះ គេ​ត្រូវ​បន្ត​ស្វែង​រក​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​ផ្តល់​សេចក្តីថ្លៃថ្នូរ និង​យុត្តិធម៌​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន។ ការ​លើក​ឡើង​របស់​លោក​ហ្វារ៉ាន​យ៉ាង​ដូច​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា អារ៉ាប៊ីសាអូឌីត​បាន​ត្រៀម​ខ្លួន​ដើម្បី​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ជំហរ​របស់​ខ្លួន​ដែល​មាន​ពី​មុន​មក ឬ​និយាយ​បែប​ម្យ៉ាង​ទៀត អារ៉ាប៊ីសាអូឌីត​ហាក់​លែង​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ដាច់​ខាត​ដូច​មុន​ទៀត​ឡើយ។

ការ​លើក​ឡើង​របស់​លោក​ហ្វារ៉ាន​មាន​ន័យ​ថា ការ​ភ្ជាប់​ទំនាក់ទំនង​ធម្មតា​ជាមួយ​អ៊ីស្រាអែល​មិនមែន​ជា​ការ​បិទផ្លូវ​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន​ទេ។ គួរ​បញ្ជាក់​ថា​តាំង​ពី​ដំបូង អារ៉ាប៊ីសាអូឌីត​បាន​យក​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន​ដោយ​កំណត់​ខ្សែ​ព្រំដែន​ឆ្នាំ ១៩៦៧ ធ្វើ​ជា​លក្ខខណ្ឌ​ដើម្បី​អាច​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​បាន។ តែ​រូបមន្ត​មួយ​នេះ​ត្រូវ​បាន​អ៊ីស្រាអែល​បដិសេធ​យ៉ាង​ដាច់​អហង្ការ​តាំង​ពី​ដើមទី។ តាម​ពិត អារ៉ាប៊ីសាអូឌីត​នៅ​តែ​ចង់​បាន និង​ចង់​ឃើញ​ប៉ាឡេស្ទីន​មាន​រដ្ឋ​ឯករាជ្យ​មួយ​រស់​ក្បែរ​អ៊ីស្រាអែល​ជានិច្ច។ គ្រាន់​តែ​ថា ការ​ទាមទារ​យក​ខ្សែព្រំដែន​ឆ្នាំ ១៩៦៧ ធ្វើ​ជា​លក្ខខណ្ឌ​អាច​មិន​ចាំ​បាច់​ទៀត​ឡើយ។ ក៏​ប៉ុន្តែ សម្បទាន​មួយ​នេះ​របស់​អារ៉ាប៊ីសាអូឌីត​មិន​មែន​ជា​សម្បាទាន​ដោយ​គ្មាន​ថ្នូរ​ត្រឡប់​វិញ​ពី​អាមេរិក​ទេ។

យោង​តាម​កាសែត​អាមេរិក សំណើ​ដែល​ទីក្រុង​រីយ៉ាដ​ចង់​បាន​ពី​ទីក្រុង​វ៉ាស៊ីនតោន​រួម​មាន ការ​ចូលរួម​នៅ​ក្នុង​ផែនការ​បង្កើត​កម្មវិធី​នុយក្លេអ៊ែរស៊ីវិល ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ដើម្បី​ប្រឈម​ទប់​នឹង​អ៊ីរ៉ង់ និង​ការ​លក់​ប្រព័ន្ធសព្វាវុធទំនើបៗ។ តែ​អ្វី​ដែល​កាសែត​អាមេរិក​បាន​ចុះ​ផ្សាយ​នេះ​មិន​ត្រូវ​បាន​ភាគី​ណា​មួយ​បញ្ជាក់​ជា​ផ្លូវការ​ទេ។ ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​លោក​ហ្វាយសាល បេន ហ្វារ៉ាន​បាន​ត្រឹម​អះអាង​ថា ការ​ដែល​អារ៉ាប៊ីសាអូឌីត​ចង់​បង្កើត​កម្មវិធី​នុយក្លេអ៊ែរស៊ីវិល​របស់​ខ្លួន​មិនមែន​ជា​រឿង​ស្ងាត់ ហើយ​អារ៉ាប៊ីសាអូឌីត​ចង់​ឃើញ​អាមេរិក​ជា​អ្នក​ចូលរួម​ដេញ​ថ្លៃ​ម្នាក់។

ចំណែក​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​ត្រឹម​ទូរស័ព្ទ​ប្រាប់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​ពី​លទ្ធផល​នៃ​ជំនួប​ដែល​លោក​មាន​ជាមួយ​លោក​ហ្វារ៉ាន។ គេ​មិន​ដឹង​ថា តើ​អាមេរិក​យល់​យ៉ាង​ម៉េច​ពី​សំណើ​របស់​អារ៉ាប៊ីសាអូឌីត ពិសេស​រឿង​ការ​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន សំណើ​នេះ​បាន​បំផុស​ឲ្យ​មាន​ការ​ពុះ​ចែក​រដ្ឋបាល​អាមេរិក​ដែល​ខ្លាច​មាន​ការ​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​នៅ​មជ្ឈិបូព៌ា​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់។ ចំណែក​អ៊ីស្រាអែល​ក៏​បាន​បារម្ភ​ពី​រឿង​នេះ​ដែរ។ ចុះ​តើ​អ៊ីស្រាអែល​គិត​យ៉ាង​ណា​ពី​ការ​ផ្តល់​សញ្ញា​បើក​ចំហ​របស់​អារ៉ាប៊ីសាអូឌីត?។

មាន​តែ​អ៊ីស្រាអែល​ម្នាក់​គត់​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន។ ចំណែក​អាមេរិក​វិញ បើ​គូសត្រូវ​ទាំង​ពីរ​អាច​ក្លាយ​ជា​មិត្ត​នឹង​គ្នា​នៅ​ថ្ងៃ​ណា​មួយ​នោះ វា​នឹង​ធ្វើ​ឲ្យ​អាមេរិក​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់។ ផ្ទុយ​ទៅ​វិញ អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត​ស្រាប់​របស់​អាមេរិក​នៅ​ក្នុង​តំបន់​នឹង​បន្ត​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិន​លេច​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ