អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីបានជាអាមេរិកផ្តើមបែរងាកទៅរកតំបន់មជ្ឈិមបូព៌ាជាថ្មី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​សៅរ៍ ទី១៦ កក្កដា​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​មជ្ឈិមបូព៌ា​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន។ បន្ទាប់​ពី​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ាឡេស្ទីន លោក​បៃដិន​កំពុង​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​លោក​បាន​ទៅ​ដល់​នា​រសៀល​ថ្ងៃ​សុក្រ ទី១៥ កក្កដា។ នៅ​អារ៉ាប៊ីសាអូឌីត លោក​បៃដិន​បាន​ជួប​សន្ទនា​ជាមួយ​ព្រះមហាក្សត្រ​សាលម៉ាន និង​រាជទាយាទ​បេន សាលម៉ាន។ បន្ទាប់​មក លោក​បៃដិន​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​របស់​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស។

ប្រធានាធិបតីអាមេរិក​លោក​បៃដិន (រូបឆ្វេង) និង​រាជទាយាទអារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន។
ប្រធានាធិបតីអាមេរិក​លោក​បៃដិន (រូបឆ្វេង) និង​រាជទាយាទអារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន។ VIA REUTERS - BANDAR ALGALOUD
ផ្សាយពាណិជ្ជកម្ម

មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​បៃដិន​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ទី១ ការ​ទទួល​លោក​បៃដិន​នៅ​អាកាសយានដ្ឋាន និង​ទី២ ជំនួប​រវាង​លោក​បៃដិន​ជាមួយ​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត ពិសេស​ជាមួយ​រាជទាយាទ​បេន សាលម៉ាន ឬ​ហៅ MBS។ គេ​បាន​សង្កេត​ឃើញ​ថា ការ​ទទួល​ស្វាគមន៍​លោក​បៃដិន​ដែល​ជា​មេដឹកនាំ​មហាអំណាច​ក្នុង​លោក​នៅ​អាកាសយានដ្ឋាន​ក្រុង​ជេដដា​ដែល​ជា​ក្រុង​កំពង់ផែ​នៃ​សមុទ្រក្រហម​មាន​ភាព​សោះកក្រោះ។ សោះកក្រោះ​ព្រោះ​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជូន​ត្រឹម​អភិបាល​ខេត្ត​ឡាម៉ិក និង​ភរិយា​ឲ្យ​ទៅ​ទទួល​លោក​បៃដិន​នៅ​ពេល​លោក​ចុះ​ពី​ជណ្តើរ​យន្តហោះ​ដល់​ដី។

ទន្ទឹម​គ្នា​នេះ គេ​ក៏​គ្មាន​ឃើញ​ការ​រៀបចំ​ពិធី​ផ្លូវការ​ទទួល​លោក​បៃដិន​យ៉ាង​អធិកអធម​ដូច​ការ​ទទួល​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​បរទេស​ផ្សេង​ដែរ។ ក្រោយ​ពី​បាន​និយាយ​សារសង និង​ស្វាគមន៍​ចំពោះ​វត្តមាន​មនុស្ស​មួយ​ក្រុម​តូច​នៅ​អាកាសយានដ្ឋាន​បាន​ប៉ុន្មាន​នាទី លោក​បៃដិន​ក៏​បាន​ឡើង​រថយន្ត​របស់​លោក​ភ្លាមៗ។ រូបភាព​មួយ​ទៀត​ដែល​មិន​អាច​កំបាំង​ភ្នែក​អ្នក​ដទៃ​បាន ពិសេស​ក្រុម​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត និង​បរទេស គឺ​ការ​ដែល​លោក​បៃដិន​ត្រូវ​បាន​ទទួល​ដោយ​រាជទាយាទ​បេន សាលម៉ាន។ នៅ​ពេល​ដែល​ព្រះអង្គម្ចាស់ MBS ទទួល​លោក​បៃដិន​ចុះ​ពី​រថយន្ត គេ​មិន​ឃើញ​មាន​ការ​ចាប់​រលាក់ដៃ និង​ភាព​ស្និតស្នាល​អ្វី​ទេ ពោល​គឺ​មាន​ត្រឹម​តែ​ជល់​កណ្តាប់​ដាក់​គ្នា​ប៉ុណ្ណោះ។

ការ​ជួប​ទល់​មុខ​ដែល​បង្កប់​ដោយ​ភាព​ទើសទាល់

អារ៉ាប៊ីសាអូឌីត ពិសេស​រាជទាយាទ​បេន សាលម៉ាន​មិន​សប្បាយចិត្ត​នឹង​លោក​បៃដិន។ គេ​អាច​យល់​បាន​ពី​ចំណុច​នេះ ហើយ​លោក​បៃដិន​ខ្លួន​លោក​ក៏​ប្រហែល​ជា​បាន​រង់ចាំ​នូវ​ការ​ទទួល​ស្វាគមន៍​ក្នុង​ទ្រង់ទ្រាយ​របៀប​នេះ​ដែរ។ មាន​ការ​លើក​ឡើង វា​ជា​រឿង​ល្អ​ទៅ​វិញ​សម្រាប់​លោក​បៃដិន​ដែល​រាជទាយាទ​បេន សាលម៉ាន​មិន​បាន​ទៅ​ទទួល​ស្វាគមន៍​លោក​នៅ​អាកាសយានដ្ឋាន។ ជា​រឿង​ល្អ ព្រោះ​វា​បាន​អនុញ្ញាត​ឲ្យ​លោក​បៃដិន​គេច​ពី​ការ​ជួប​រាជទាយាទ​បែន សាលម៉ាន​ទល់​មុខ​ប្រកប​ភាព​ទើសទាល់។ តាម​ពិត​ទៅ ទំនាក់ទំនង​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​និយាយ​ជា​រួម និង​រវាង​លោក​បៃដិន និង​រាជទាយាទ​បេន សាលម៉ាន និយាយ​ដោយឡែក​បាន​ជួប​ភាព​រកាំរកូស​ដោយសារ​រឿង​ឃាតកម្ម​សម្លាប់​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ប្រទេស​តួកគី​កាល​ពី​ឆ្នាំ ២០១៨។

លោក​ខាស្ហូហ្ស៊ី​ជា​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​ដែល​មិន​ញញើត​រិះគន់​លើ​ការ​ដឹកនាំ​របស់​រាជទាយាទ​បេន សាលម៉ាន។ តាម​ក្រសួង​ស៊ើបការសម្ងាត់​អាមេរិក ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ត្រូវ​បាន​បញ្ជា​ដោយ​ព្រះអង្គម្ចាស់​បេន សាលម៉ាន។ តែ​នៅ​ទីបំផុត លោក​បៃដិន​ចៀស​មិន​រួច​ពី​ការ​ចូល​ជួប​សន្ទនា​ជាមួយ​រាជទាយាទ​បេន សាលម៉ាន។ ចូរ​កុំ​ភ្លេច​ថា មាន​ងារ​ជា​ស្តេចស្នងរាជ​មែន តែ​ព្រះអង្គម្ចាស់​បេន សាលម៉ាន​ជា​មនុស្សខ្លាំង មាន​ឥទ្ធិពល និង​កំពុង​ដឹកនាំ​រ៉ាប៊ីសាអូឌីត​សព្វថ្ងៃ។ តែ​លោក​បៃដិន​បាន​បញ្ជាក់​នៅ​មុខ​ក្រុម​អ្នកកាសែត​ថា លោក​បាន​លើក​រឿង​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ទៅ​និយាយ​ជាមួយ​ព្រះអង្គម្ចាស់​បេន សាម៉ាន និង​បាន​ប្រាប់​ព្រះអង្គម្ចាស់​ឲ្យ​យល់​ថា បើ​មាន​រឿងរ៉ាវ​ដូច​គ្នា​នេះ​កើត​ឡើង​ជា​ថ្មី ព្រះអង្គម្ចាស់​នឹង​មាន​ចម្លើយ​ពី​លោក​ដោយ​លោក​បៃដិន​មិន​បាន​លំអិត​ជា​ចម្លើយ​អ្វី​ទេ។

អាមេរិក​បាន​រក​ឃើញ​ឡើង​វិញ​នូវ​កន្លែង​របស់​ខ្លួន​នៅ​ក្នុង​តំបន់

នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា អាមេរិក​បាន​ដក​ខ្លួន​ឆ្ងាយ​បន្តិច​ពី​តំបន់មជ្ឈិមបូព៌ា។ តែ​នេះ​មិនមែន​មាន​ន័យ​ថា អាមេរិក​បាន​បំភ្លេច​ចោល​តំបន់​មជ្ឈិមបូព៌ា​ទាំង​ស្រុង​ទេ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ពិសេស​អ៊ីសា្រអែល និង​អារ៉ាប៊ីសាអូឌីត។ ចូរ​កុំ​ភ្លេច​ថា អ៊ីសា្រអែល និង​អារ៉ាប៊ីសាអូឌីត​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេច​របស់​អាមេរិក​នៅ​ក្នុង​តំបន់​តាំង​ពី​ដើម​មក​ដល់​ឥឡូវ។ ភាព​រកាំរកូស ការ​ខកចិត្ត និង​ការ​មើល​មុខ​គ្នា​មិន​សូវ​ចំ​ប្រាកដ​ជា​មាន។ តែ​ប្រហែល​ជា​គ្មាន​ការ​បែរ​ខ្នង​ដាក់​គ្នា​ដោយ​គ្មាន​ថ្ងៃ​វិល​វិញ​នោះ​ឡើយ។

អាមេរិក​ត្រូវ​ការ​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់។ ចំណែក​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​ផ្សេង​ក្នុង​តំបន់​ត្រូវ​ការ​អាមេរិក​ឲ្យ​ជួយ​ការពារ​ខ្លួន​ប្រឈម​នឹង​សត្រូវ​ក្នុង​តំបន់ ពិសេស​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​ប្រទេស​អ៊ីរ៉ង់។ លើស​ពី​នេះ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​សព្វថ្ងៃ​បាន​ធ្វើ​ឲ្យ​អាមេរិក​ផ្តើម​រឹតចំណង​ជាមួយ​អារ៉ាប៊ីសាអូឌីត និង​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​កាន់​តែ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់។

នា​ឱកាស​មាន​វត្តមាន​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត លោក​បៃដិន​បាន​ឆ្លៀត​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​របស់​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស​នា​ថ្ងៃ​សៅរ៍ ទី១៦ កក្កដា។

១៨កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​អាមេរិក និង​អារ៉ាប៊ីសាអូឌីត

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​រីយ៉ាដ​បាន​ព្រមព្រៀង​គ្នា​លើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការ​ចំនួន ១៨កិច្ចព្រមព្រៀង​ដែល​ផ្តោត​លើ​វិស័យ​ចម្រុះ​តាំង​ពី​អវកាស ហិរញ្ញវត្ថុ ថាមពល និង​វិស័យ​សុខភាព។ ក្រៅ​ពី​លទ្ធផល​ជា​លក្ខណៈ​ទ្វេភាគី អាមេរិក​ក៏​ទទួល​បាន​ការ​សម្រេចចិត្ត និង​ការ​សន្យា​របស់​អារ៉ាប៊ីសាអូឌីត​សម្រាប់​ប្រយោជន៍​ក្នុង​តំបន់​ដែល​មាន ៣សំខាន់ ទី១ អារ៉ាប៊ីសាអូឌីត​យល់ព្រម​បើក​ដែនអាកាស​របស់​ខ្លួន​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង​អស់​នៅ​ក្នុង​តំបន់​ដោយ​មាន​អ៊ីស្រាអែល​មួយ​ផង ទី២ អារ៉ាប៊ីសាអូឌីត និង​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​យល់ព្រម​ភ្ជាប់​បណ្តាញ​ភ្លើង​អគ្គិសនី​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ឲ្យ​អ៊ីរ៉ាក់​កាត់​បន្ថយ​ការ​ពឹង​លើ​អ៊ីរ៉ង់ និង​ទី៣ អារ៉ាប៊ីសាអូឌីត​បាន​សន្យា​ពន្យារ និង​ពង្រឹង​បទឈប់​បាញ់​នៅ​ក្នុង​ប្រទេស​យេម៉ែន​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី ១៥សប្តាហ៍។

ទន្ទឹម​គ្នា​នេះ លោក​បៃដិន​ចង់​ឃើញ​អារ៉ាប៊ីសាអូឌីត​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ក្នុង​គោលដៅ​ចំនួន​ពីរ ទី១ ដើម្បី​បញ្ចុះ​តម្លៃប្រេង​ដែល​កំពុង​ឡើង​ថ្លៃ​ខ្ពស់ និង​ទី២ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ដល់​ប្រទេស​អឺរ៉ុប​ដែល​ឈប់​ទិញ​ប្រេង​រុស្ស៊ី​ដោយសារ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ដោយឡែក​នៅ​ក្នុង​កិច្ចប្រជុំកំពូល​របស់​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​ប្រកាស​ពី​ការ​សន្យា​របស់​អាមេរិក​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សន្តិសុខស្បៀង​រយៈពេល​ខ្លី និង​យូរ​ដល់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្រ្វិកខាងជើង​ដែល​មាន​ទឹកប្រាក់ ១ ០០០លានដុល្លារ។

លោក​បៃដិន​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​សុក្រ ទី១៥ កក្កដា​នា​ពេល​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីស្រាអែល​ថា អាមេរិក​មិន​អាច​ទុក​ឲ្យ​ចិន និង​រុស្ស៊ី​ចូល​ខ្លួន​ទៅ​បំពេញ​កន្លែង​ទំនេរ​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​ឡើយ។ តាម​រយៈ​ឃ្លា​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ថា លោក​បៃដិន​ចង់​លើក​ស្ទួយ​ចក្ខុវិស័យ និង​ពង្រឹង​តួនាទី​អាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ