អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-អ៊ីស្រាអែល

អារ៉ាប៊ីសាអូឌីត​មិន​ភ្ជាប់​ទំនាក់ទំនងប្រក្រតី​​ជាមួយ​អ៊ីស្រាអែល​ដោយ​គ្មានរដ្ឋ​​ប៉ាឡេស្ទីន

អារ៉ាប៊ីសាអូឌីត​មិន​ចង​មេត្រីភាព​ជា​ប្រក្រតី​ជាមួយ​នឹង​អ៊ីស្រាអែល​ ដោយ​គ្មាន​លក្ខខណ្ឌ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ទេ។ នេះ​ជា​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អារ៉ាប៊ីសាអូឌីត នៅថ្ងៃ​សុក្រ​ទី ២០មករា ក្រោយ​ពីបាន​ឮ​​អ៊ីស្រាអែលអំពាវនាវ​ចង់​ពង្រីក​កិច្ចព្រមព្រៀងភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ ​ជាមួយក្រុម​​ប្រទេស​អារ៉ាប់ នៅពេល​ជួប​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​អាមេរិក។

រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត Fayçal ben Farhane រូបថត​ថ្ងៃទី ៦ កញ្ញា ២០២២ នៅអេហ្ស៊ីប
រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត Fayçal ben Farhane រូបថត​ថ្ងៃទី ៦ កញ្ញា ២០២២ នៅអេហ្ស៊ីប AP - Amr Nabil
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​វីដេអូ ប្រមុខ​ការទូត​​អារ៉ាប៊ីសាអូឌីត បាន​ប្រកាស​ថា​ “ទំនាក់ទំនង​ប្រក្រតីពិត និង​ស្ថិរភាព​ពិត អាច​កើត​ឡើង​បាន​ដរាបណា​តែ​ប៉ាឡេស្ទីន​មាន សង្ឃឹម​និងភាព​ថ្លៃថ្នូរ ពោលគឺ​មាន​រដ្ឋ​ប៉ាឡេស្ទីន​មួយ​នឹង​គេ”​។

ជា​ប្រទេស​នាំ​ចេញប្រេង​ឆៅ​លំដាប់​ទីមួយពិភពលោក និង​ជា​ប្រទេស​​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​តំបន់ អារ៉ាប៊ីសាអូឌីត ជា​ដៃគូ​ដ៏​ស្និទ្ធ​នឹង​អាមេរិកមែន តែ​បដិសេធ​មិន​ចង​ស្ពាន​មេត្រីភាព​ជា​ធម្មតា​ជាមួយ​អ៊ីស្រាអែល ព្រោះ​តែ​អ៊ីស្រាអែលបាន​​ចូល​ឈ្លានពាន នៅ​​ឆ្នាំ​១៩៦៧ ​​និងបន្ត​​ធ្វើ​អាណានិគមកិច្ច​​លើ​​ដែន​ដី​ប៉ាឡេស្ទីនតាំងពី​ពេល​នោះ​មក។ នេះ​ជា​ជំហរ​ជា​ប្រវត្តិសាស្ត្រ​របស់​អារ៉ាប៊ីសាអូឌីត​ -របស់​ព្រះ​ចៅ​សាល់​ម៉ាន​ដ៏​​ចាស់​ជរា ​ដែល​គេ​តែង​ចោទ​សួរ​ថានឹង​អាច​មាន​ការ​ប្រែប្រួល​ដែរ​ឬទេ​នៅពេល​​រាជបុត្រ​ម៉ូហាមេត​បេនសាល់ម៉ានឡើង​ស្នងរាជ ? ​នៅថ្ងៃ​នេះ​ ចម្លើយ​របស់​​​​រីយ៉ាដ ជាការ​​​​​បញ្ជាក់​ជំហរ​​របស់​ខ្លួន​ជា​ថ្មី។

រីយ៉ាដ​មិន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​Abraham ​ ផ្តួច​ផ្តើម​​ដោយ​សហរដ្ឋ​អាមេរិក ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ចុង​ឆ្នាំ​២០២០ ភ្ជាប់​ទំនាក់ទំនង​ប្រក្រតីរវាង​អ៊ីស្រាអែល​និង​បណ្តាប្រទេស​អារ៉ាប់​ជា​ច្រើន​ ខ្លះ​នៅ​តំបន់​ឈូងសមុទ្ទពែក្ស ស្និទ្ធនឹង​អារ៉ាប៊ីសាអូឌីត មាន​ជា​អាទិ៍​បារ៉ែន និង​អេមីរ៉ាតអារ៉ាប់រួមផង។ ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត បាន​លើក​ឡើង​ដដែលៗ​ជា​ច្រើន​លើក​ច្រើនសា​ថា ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ប៉ាឡេស្ទីន​ ជា​លក្ខខណ្ឌដ៏​​ចាំបាច់​ សម្រាប់​អារ៉ាប៊ីសាអូឌីត​ចុះ​ហត្ថលេខា​ចង​មេត្រីភាព​ជាមួយ​​អ៊ីស្រាអែល។

កាលពី​ពីរ​ទសវត្សរ៍​មុន អារ៉ាប៊ីសាអូឌីត​បាន​លើក​សំណើ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​​អ៊ីស្រាអែល​ជាមួយ​ប្រទេសក្នុង​​សម្ព័ន្ធអារ៉ាប់​តែ​ម្តង​ ជា​ថ្នូរ​នឹង​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​មាន​ព្រំដែន​ដូច​ឆ្នាំ​១៩៦៧​ និង​ហ្សេរុយសាឡិម​ជា​រដ្ឋ​ធានី។ សំណើ​អារ៉ាប៊ីសាអូឌីត​បាន​បាំងបិទ​ទៅ​វិញ​​ដោយ​​​កិច្ចព្រមព្រៀង​Abraham។

ចំណែក​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ នេតាន់យ៉ាហ៊ូ ​យល់​ផ្ទុយ​ទៅ​វិញ​ថា ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អារ៉ាប៊ីសាអូឌីត​នឹង​សម្រួល​ឱ្យ​មាន​កិច្ចព្រមព្រៀងសន្តិភាព​​អ៊ីស្រាអែល-ប៉ាឡេស្ទីន។​​ កាលពីថ្ងៃ​ព្រហស្បតិ៍ ក្នុង​ឱកាស​ជួប​ជជែក​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ចេក ស៊ូលីវ៉ាន់ លោក​នេតាន់យ៉ាហ៊ូ​បាន​លើកអំពី​លទ្ធភាព​នៃ​ការ​ពង្រីក​កិច្ចព្រមព្រៀង​Abraham ដែល​សំដៅ​លើ​កៀងគអារ៉ាប៊ីសាអូឌីត។ ឯលោកស៊ូលីវ៉ាន់ បាន​រំលឹក​ពី​ ​ការ​ជំទាស់​របស់​វ៉ាស៊ីនតោន​នូវ​ចំណុចណា​ដែល​រារាំង​ដល់​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន។ នេះ​បើ​តាម​សេតវិមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ