អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយ​ពី​តុលាការសហព័ន្ធ​ចោទប្រកាន់​ លោក ត្រាំ កាន់តែ​វាយប្រហារ​​សម្តី​សង្គ្រុប​លើ​រដ្ឋបាល​​ បៃដិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​សប្តាហ៍​មុន​ តុលាការសហព័ន្ធអាមេរិក បាន​សម្រេចចោទប្រកាន់ជាផ្លូវការ លើ​​អតីតប្រធានាធិបតី ​ដូណាល់ ត្រាំ ​ជា​ច្រើន​ករណី​ជុំវិញ​សំណុំរឿងរក្សាទុក​ឯកសារសម្ងាត់ជាតិ ហើយ​បទ​ចោទ​ប្រកាន់​នីមួយៗ អាច​នឹង​ត្រូវ​មា​នទោស​ជាប់ពន្ធ​នាគារ​ ប្រមាណ​ជាង១០ឆ្នាំ​។ នេះគឺជាលើកទី១​ក្នុងប្រវត្តិសាស្ត្រអាមេរិក​​​។ ​ ប៉ុន្មា​នថ្ងៃនេះ ក្នុងការជួបជុំ​ឃោសនានយោបាយ ជន​ជាប់​ចោទ​​លោក ដូណាល់ ត្រាំ កាន់តែប្រឹងប្រែង​វាយប្រហារសម្តីសង្គ្រុបលើលោក​ ចូ បៃដិន ហើយ​និង​ចង្អុលមុខ​​រដ្ឋមន្ត្រី​យុត្តិធម៌ ថា «ជា​ជន​ពុក​រលួយ» និង​ជា «ជន​កុម្មុយនិស្ត»។​ អ្ន​កវិភាគ​ មើលឃើញ​​ថា​ ស្ថានការណ៍​នេះ  ក្រៅតែ​ពី​បង្ក​បញ្ហាដល់​ដំណើរ​លទ្ធិប្រជាធិបតេយ្យអាមេរិក​ គឺ​ កាន់​តែ​​នាំ​ឲ្យ​ប្រទេស​នេះ​ ងាយ​ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់ ​និង​អំពើ​ហិង្សាផ្ទៃក្នុង​​។​​

Donald Trump discursa para apoiadores em seu clube de golfe de Bedminster, em Nova Jersey. 14 de junho de 2023
Donald Trump discursa para apoiadores em seu clube de golfe de Bedminster, em Nova Jersey. 14 de junho de 2023 AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

​​ក្នុងរយៈ​ពេល​ ៣ ខែ​ចុងក្រោយ​នេះ លោក ​ដូណាល់ ត្រាំ ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ២​ដងហើយ​។ ក៏ប៉ុន្តែ ​លោក នៅតែប្រកែក​អះអាង​ថា​ ខ្លួន​ជា​ជន​ស្អាត​ស្អំ គ្មា​ន​កំហុស​។ នេះជា​អ្វី​ដែលអតីប្រធានាធិបតីសហរដ្ឋអាមេរិក ​បាន​ថ្លែង​ជាថ្មីក្នុង​សប្តាហ៍​ ​ ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​សិប​ពាន់​នាក់​​​ ក្នុងរដ្ឋ​ New Jersey​។​

ក្រៅពី​​ថ្លែងការពារខ្លួន​ លោក ​ដូណាល់ ត្រាំ ឆ្លៀត​ឱកាស​កេង​ចំណេញ​ វាយ​បក​ទៅ​គូសត្រូវ។​ ជា​បេក្ខជនប្រធានាធិបតីអាណត្តិថ្មី ឆ្នាំ២០២៤​ មកពីបក្សសាធារណរដ្ឋ ​លោក ត្រាំ បាន​ព្រលយពាក្យ​ដោយ​គ្មាន​សំចៃមាត់​ រិះគន់​ប្រធានាធិបតីអាមេរិក​ ​​ចូ បៃដិន ថា ​ជា «ជន​ពុករលួយ​»។

លោក ដូណាល់​ ត្រាំ ក៏​ថែម​ទាំង​ចាត់ទុកថា ​រដ្ឋអាជ្ញាពិសេស​ Jack Smith ថា​«ជា​បិសាច​កំណាច»​ ថាជា​ «ចោរ​» និងជា «ជន​កុម្មុយនិស្ត​ម៉ាសីស​និយម ដែល​បំផ្លិច​បំផ្លាញ​ប្រជាធិបតេយ្យ​អាមេរិក​»។ ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្ថិធម៌អាមេរិក​Merrick Garland  ក៏​ត្រូវ លោក​ ត្រាំ បង្ហើរ​វោហាសាស្ត្រ​មើលងាយ​ផង​ថា ជារដ្ឋមន្ត្រី​​ ​នៃ​ក្រសួង«អយុត្តិធម៌» ដូច្នេះ​ទៅវិញ។​​

មិន​តែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ គឺបាន​ចោទប្រកាន់​ថា​​ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងរដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន ថាកំពុងតែធ្វើបាប​​រូបលោក ដែលជាបេក្ខជនប្រធានាធិបតីអាណត្តិថ្មី ដ៏មានសក្តានុពល និងមានប្រជាប្រិយភាពជាងគេ មកពីបក្សសាធារណរដ្ឋ និងជាគូប្រកួតប្រជែងដ៏ស្វាហាប់សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។

ដោយឡែក ចំពោះបណ្តឹងទាំងឡាយទាំងពួងចំពោះរូបលោក ត្រូវលោក ដូណាល់ ត្រាំ ចាត់ទុកថា «ការបៀតបៀននយោបាយ ហើយជា ការធ្វើទុក្ខបុកម្នេញតាមបែបនៃរបបផ្តាច់ការហ្វាស៊ីស និងរបបកុម្មុយនិស្ត»

សម្តីវាយប្រហារ​​​​ធ្ងន់ៗទាំងនេះ គឺបន្ទាប់ពី អតីតប្រធានាធិបតីរូបនេះ​ត្រូវ​ តុលាការសហព័ន្ធអាមេរិក ​នៅ​ Miami សម្រេចចោទប្រកាន់ជាផ្លូវការ​ ជាច្រើនករណីជុំវិញសំណុំរឿងឯកសារសម្ងាត់ជាតិ​។ ​ច្បាប់​សហរដ្ឋអាមេរិក បាន​ចែងថា រាល់​គ្រប់តែ​ប្រធានាធិបតី​អាមេរិក តម្រូវ​ឲ្យ​​ផ្តល់​ រាល់​សំបុត្រ​ឆ្លើយ​ឆ្លង  និង​ ​ម៉ែល​សារអេឡិចត្រូនិច រួម​ទាំង​ឯកសារ​​ផ្សេងទៀត ព្រ​មទាំង​ឯកសារ​សម្ងាត់​ជាតិ តម្កល់ទុក​នៅ​បណ្ណាសារដ្ឋាន​។ ហើយ​បើតាម​ច្បាប់ គឺមិនត្រូវ​រក្សា​ឯកសារ​សម្ងាត់​ជាតិ​ នៅ​កន្លែង​គ្មាន​សុវត្ថិភាព ឬ​កន្លែង​ដែល​គ្មាន​ការ​អនុវត្ត​ដោយ​ច្បាប់ នោះឡើយ​។

ត្រង់​ចំណុច​នេះ ​​ការ​ផ្សាយ​របស់​កាសែត​អាមេរិក គឺឲ្យ​ដឹង​ថា លោក ដូណាល់ ត្រាំ ក្រោយ​ពីធ្លាក់​ចេញ​ពី​ដំណែង​ហើយ នៅ​ខែ​មករា ឆ្នាំ​២០២១ គឺ​លោក​បាន​ប្រមូល​យក​ឯកសារ​ជា​ច្រើន​កេស យក​ទៅ​ផ្ទះ​របស់​ខ្លួន ហើយ​រក្សាទុក​ដោយ​ធ្វេសប្រហែស ដូច​ជា​ដាក់ទុក​ក្នុង​បន្ទប់​ទឹក​ ជាដើម​។  

សំណុំ​រឿង​ផ្សេងទៀត!  តុលាការរដ្ឋសហព័ន្ធ ក៏បានចោទលោក ដូណាល់ ត្រាំ ដែរពីការ​​រារាំង​កិច្ច​ការងាររបស់តុលាការ​យុត្តិធម៌ និង​បទល្មើស​ផ្តល់​​សក្ខីកម្មមិនពិត ជាដើម​។ ​នៅតុលាការ​រដ្ឋ​ញូយ៉ក​​ លោក ​ត្រាំ ​​ជាប់ពាក់ព័ន្ធ​នឹង​​បទល្មើសក្លែងបន្លំ​តួលេខគណនេយ្យ ដែលគេចោទរូប​លោក ថាបាន​យក​លុយ​សម្រាប់​ឃោសនាបោះឆ្នោត ទៅសូក​បិទមាត់ តួកុន​​ស្រី​​កូន​ជ្រូក​ ដើម្បីកុំ​ឲ្យនាង​​​ទម្ងាយ​​រឿងរ៉ាវពាក់ពន័្ធផ្លូវ​ភេទ​ជាមួយ​នឹងលោក​។

តាម​ការ​ស្ទង់​មតិ​របស់​ YouGov គឺ ៦៧% នៃ​អ្ន​កបោះឆ្នោត​​ មកពីបក្ស​សាធារណរដ្ឋ គឺ​បង្ហាញ​ចេតនា​ចង់​បោះឆ្នោត​គាំទ្រ​រូប​លោក ដូណាល់​ ត្រាំ សម្រាប់​អាណត្តិ​ថ្មី។ ​ពលរដ្ឋ​អាមេរិក​ទាំងនោះ ក៏​ថ្លែង​ការយល់ឃើញដែរ​ថា ​រឿងរ៉ាវបណ្តឹង​ផ្លូវច្បាប់ទាំងឡាយប្រឆាំង​នឹង​រូប​លោក ត្រាំ​ គឺ​សុទ្ធតែ​​មា​ន​ចរិត​នយោបាយ​​។ អ្នក​ខ្លះ​ថែមទាំងគិតថា ប្រសិន​បើ​រឿង​ករណី​បណ្តឹង​ផ្លូវ​ច្បាប់​នោះ បើ​វា​ពិត​ប្រាកដ​តែពាក់កណ្តាល ច្បាស់​ជា​លោក​ត្រាំ ត្រូវ​នគរ​បាល​ចាប់​ដាក់​ពន្ធ​នាគារ​បាត់​ហើយ​។​

ផ្ទុយ​ទៅវិញ ក្រុម​អ្នក​គាំទ្រ​លោកដូណាល់ត្រាំ ដែល​​ជា​ពួក​សាធារណរដ្ឋ និង​ជា​ក្រុម​ដែល​ងប់​ងល់​​នឹង​ការ​ប្រើ​ប្រាស់​អាវុធ គឺបាន​ព្រមាន​ជា​ចំហ ថា ប្រសិន​​បើ​ហ៊ាន​តែ​នរណា​ធ្វើ​បាប លោក​ ដូណាល់ ត្រាំ គឺពួក​គេ​មិន​អត់​ឱន​សោះឡើយ។ បើ​ថាឲ្យសាមញ្ញ គឺ នរណា​​ហ៊ាន​ចាប់ខ្លួន​លោកត្រាំ គឺត្រូវ​រំលង​សាកសព​ពួកគេ​សិន។

ទោះបី​ជា​យ៉ាង​ក៏ដោយ​ ការប្រើប្រាស់​ពាក្យ​សម្តី​វោហាសាស្ត្រ​​ចោទប្រកាន់​ចំពោះលោក បៃដិន ក្តី​ លោក​​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ក្តី​ និង​ វាយ​ប្រហារ​លើ​រដ្ឋអាជ្ញា​ពិសេស ពី សំណាក់​ជន​ជាប់​ចោទ​លោក ដូណាល់ ត្រាំ ​ ​គឺ​ធ្វើ​នាំ​ឲ្យ​មាន​ការ​​ចោទសួរ​ច្រើនចំពោះ​ប្រព័ន្ធ​យុត្តិធម៌នៅ​សហរដ្ឋ​​អាមេរិក ហើយ​និង​​ធ្វើ​ឲ្យ​ ប្រជាពលរដ្ឋ​អាមេរិក​ ​មិន​ទុកចិត្ត​ចំពោះនីតីរដ្ឋ។

​អ្នក​វិភាគ​ស្ថានការណ៍ ព្រួយ​បារម្ភពី​​​ដំណើរ​លទ្ធិប្រជាធិបតេយ្យសហរដ្ឋ​អាមេរិក​។ សាស្ត្រាចារ្យ Edward Foley នៃ​សកលវិទ្យាល័យ​Ohio  ​វិភាគ​មើលឃើញថា ​​ស្ថានការណ៍​នេះ​ អាច​នាំឲ្យ​ប្រទេស​​​ងាយ​ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់​​ជាខ្លាំង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ