អានតួអត្ថបទ

លោកដូណាល់ ត្រាំ ត្រូវតុលាការកាត់ឲ្យជាប់ពិរុទ្ធពីការបំពារបំពានផ្លូវភេទ

លោកដូណាល់ ត្រាំ ត្រូវ​បាន​គណៈវិនិច្ឆ័យ​នៃ​តុលាការ​ញូវយ៉ក សម្រេច​ឲ្យ​ជាប់​ពិរុទ្ធ​​ពី​ការ​បំពារបំពាន​ផ្លូវភេទ ទៅលើ​អតីត​អ្នក​កាសែត​ Jean Carroll កាល​ពីឆ្នាំ១៩៩៦កន្លងទៅ ហើយ​តម្រូវ​ឲ្យ​បង់លុយ ៥លាន​ដុល្លារ ជាការ​សងការខូចខាត​ដល់​ជនរងគ្រោះ។

លោក​ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​អាមេរិក (រូបថតបណ្ណសារ)
លោក​ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​អាមេរិក (រូបថតបណ្ណសារ) © AP/Steven Hirsch
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​តុលាការ​ ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​ឆ្លងកាត់​ដំណើរការ​ជំនុំជម្រះ អស់រយៈពេល ២សប្តាហ៍ ដោយ​នៅ​ក្នុងនោះ លោកស្រី Jean Carroll ចោទប្រកាន់​លោក​ដូណាល់ ត្រាំ ពីបទ​រំលោភ​ផ្លូវភេទ និង​បរិហារកេរ្តិ៍។ នៅទីបំផុត​ទៅ គណៈវិនិច្ឆ័យ ដែល​មាន​សមាជិក ៩រូប (ប្រុស ៦នាក់ ស្រី ៣នាក់) បាន​សម្រេច​ជា​ឯកច្ឆន្ទ នៅ​យប់ថ្ងៃ​អង្គារ ដោយ​ច្រានចោល​ការ​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ ប៉ុន្តែ សម្រេច​ឲ្យ​លោក​ដូណាល់ ត្រាំ ជាប់​ពិរុទ្ធ​​ត្រឹម​បទបំពារបំពានផ្លូវភេទ និង​បរិហារកេរ្តិ៍។ ការបរិហារកេរ្តិ៍ ដែល​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​លោកស្រី Jean Carroll បាន​ទម្លាយ​​ពី​រឿង​លោក​ដូណាល់ ត្រាំ រំលោភផ្លូវភេទ​លើ​លោកស្រី នៅ​ក្នុង​សៀវភៅ​ចេញផ្សាយ កាល​ពី​ឆ្នាំ២០១៩​កន្លងទៅ។

សេចក្តីសម្រេច​របស់​តុលាការញូវយ៉ក កាល​ពី​ម្សិលមិញ​នេះ គឺ​ជា​សេចក្តីសម្រេច នៅ​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​តែ​ប៉ុណ្ណោះ ដោយ​លោក​ដូណាល់ ត្រាំ មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​នោះទេ ដោយសារ​តែ​អង្គហេតុ​បាន​កើតឡើង​តាំង​ពី​ឆ្នាំ១៩៩៦ ហើយ​ត្រូវ​ផុតអាជ្ញាយុកាល​។

លោក​ដូណាល់ ត្រាំ ក៏ដូចជា​ក្រុមការងារ​របស់​លោក បាន​បរិហាការរិះគន់​សេចក្តីសម្រេច​របស់​តុលាការ​ញូវយ៉ក​ថា ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រឹងប្រែង​របស់​គណបក្ស​ប្រជាធិបតេយ្យ ក្នុងការ​តាម​រុកកួន​លោក​អតីត​ប្រធានាធិបតី និង​ជា​បេក្ខជន​ប្រធានាធិបតីសម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០២៤​ខាងមុខ។ ក្រុមការងារ​របស់​លោក​ដូណាល់ ត្រាំ ក៏​បានឲ្យដឹង​ផងដែរ​ថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍ ជំទាស់​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ កាល​ពីថ្ងៃ​អង្គារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ