អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

បរិភោគ​បន្លែ​ផ្លែ​ឈើ​សរីរាង្គ​ កាត់​បន្ថយ​គ្រោះកើត​ជំងឺ​ទឹកនោម​ផ្អែម

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​តាម​ការ​សិក្សា​របស់​បារាំង​និង​អាមេរិក ការ​ទទួល​ទាន​អាហារ​សរីរាង្គ​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ​ទី​ពីរ​បាន​ដល់​ទៅ ៣៥%​។ បើ​ជា​ស្ត្រី​ភេទ​ទៀត ការ​ទទួល​ទាន​អាហារ​សរីរាង្គ​កាន់តែ​មាន​ប្រសិទ្ធភាពកាន់​​ខ្ពស់​ ក្នុ​ង​ការ​បញ្ចុះ​​ហានិភ័យកើត​ជំងឺ​ទឹកនោម​ផ្អែម​​។ តើ​អាហារ​សរីរាង្គ​ល្អ​យ៉ាង​ណា​សម្រាប់​សុខភាព និង​ការការពារ​ជំងឺ​ទឹក​នោម​ផ្អែម ?

ចំណី​អាហារ​សរីរាង្គ​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹក​នោមផ្អែម​បាន​៦៥%​ចំពោះ​ស្ត្រី
ចំណី​អាហារ​សរីរាង្គ​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹក​នោមផ្អែម​បាន​៦៥%​ចំពោះ​ស្ត្រី Crédit : cc-by-nc-nd-2.0-Gilles Couteau
ផ្សាយពាណិជ្ជកម្ម

គ្មានជាតិ​​គីមី មាន​​ជីវជាតិ​និង​អាហារូបត្ថម្ភ​ខ្ពស់ គុណប្រយោជន៍​នៃ​អាហារ​សរីរាង្គ​ សម្រាប់​សុខភាព​ និង​បរិស្ថាន លែង​​ជា​អ្វី​ដែល​ត្រូវ​ប្រឹង​ពន្យល់​បំភ្លឺ​ទៀត​ហើយ។ កាន់​តែ​សិក្សា​ គេ​កាន់​តែ​ឃើញ​អំពីផល​ល្អ​នៃ​អាហារ​សរីរាង្គ។ ការ​សិក្សា​ច្រើន​ណាស់​បាន​បង្ហាញ​អំពី​ផលប្រយោជន៍​នៃការ​ទទួលអាហារ​សរីរាង្គ ក្នុង​កា​រកាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​​ធាត់​ចុក​ខ្លាញ់ ក្នុង​ការ​ជួយ​ជំរុញ​ខួរក្បាលឱ្យ​មាន​ដំណើរការ​ល្អ​ ឬ​ក្នុង​ការពារ​ជំងឺ​សរសៃ​ឈាមបេះដូង និង​ថែម​ទាំង​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​មួយ​ចំនួនផង។

ហើយ​ពេលនេះ បើ​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវបារាំង​ និង​អាមេរិក  ចេញ​ផ្សាយ​ ក្នុង​ទំព័រ​ទស្សនាដ្តី International Journal of Behavioral Nutrition and Physical Activity នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ២០២០ ​​អាហារ​សរីរាង្គអាច​ជួយ​កាត់​បន្ថយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ​ទៀត។ ​ទិន្នន័យ​ស្រង់​ចេញ​ពី​ក្រុម​ NutriNet ដែល​ជា​ក្រុម​មាន​សមាជិក​​ដ៏ច្រើន​​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយ​​មានស្ម័គ្រ​ចិត្ត​ចូល​រួម​ដល់​ទៅ ១៧០០០០​នាក់​ ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ក្រុម​អ្នក​ទទួល​ទាន​អាហារ​សរីរាង្គ​ច្រើនមាន​​គ្រោះ​ហានិភ័យ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ តិច​ជាង​អ្នក​​ទទួល​ទាន​អាហារ​ធម្មតា ដល់​បី​ដង។

នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ក្រុម​អ្នកស្រាវជ្រាវ​​ផ្នែក​ចំណី​អាហារ​បាន​ដឹកនាំ​ធ្វើ​ការ​សិក្សា​រក​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​ចំណី​អាហារ​និង​ជំងឺ​ទឹកនោម​ផ្អែម ទន្ទឹម​នឹង​​​ការ​តាមដាន​សកម្មភាពជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​​រាល់​ថ្ងៃ។ បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវនៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​ចំណីអាហារ​និង​បរិស្ថាន​ ដែល​ជា​អ្នក​ដឹកនាំការ​សិក្សា​នេះ សម្មតិកម្ម​ដ៏ច្បាស់​ក្រឡែត​ដែល​បញ្ជាក់​អំពី​គុណប្រយោជន៍​នៃ​អាហារ​សរីរាង្គ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម គឺក្នុង​អាហារ​សរីរាង្គ គ្មាន​ជាតិ​គីមី គ្មាន​សំណល់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដូច​អាហារ​ចិញ្ចិម​ដាំដុះ​តាមបែប​ឧស្សាហកម្ម។

ក្នុង​ចំណោម​សមាជិក NutriNet ៣៣២៥៦នាក់ ដែល​បាន​ឆ្លើយ​យ៉ាង​លម្អិត​អំពី​របៀប​ទទួល​ទាន​អាហារ​ជា​ប្រចាំ​ថ្ងៃ​​របស់ខ្លួន អ្នក​ស្រាវជ្រាវបាន​ចែក​ជា​៥​ក្រុម ទៅ​តាម​បរិមាណ​នៃការ​ទទួល​ទាន​អាហារ​សរីរាង្គ។ ការ​​សិក្សា​រយៈ​ពេល​​បួន​ឆ្នាំ បាន​បង្ហាញ​ថា​នៅ​ក្នុង​ក្រុមនេះ មាន​មនុស្ស​មិន​ដល់​៣០០​នាក់​ទេ បាន​ធ្លាក់​ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម។ អ្នក​​វិភាគ​បាន​គិត​គូរ​គណនា​តាំង​ពី​កំរិត​ជីវភាព សកម្មភាព​កីឡា ម៉ាសមាឌ​ របប​អាហារ​ ការ​ទទួល​ទានសុរា ជក់បារី ... ក្នុង​ស្ថានភាព​ដូច​គ្នា អ្ន​ក​ដែល​ទទួល​ទាន​អាហារ​សរីរាង្គ មាន​គ្រោះ​កើត​ជំងឺទឹក​នោម​ផ្អែម ៣៥%តិច​ជាង​អ្នក​បរិភោគអាហារ​ធម្មតា​។

សេចក្តី​សន្និដ្ឋាន​នេះ ស្រ​បគ្នា​ទាំង​ស្រុង​ទៅ​នឹង​លទ្ធផល​នៃ​ការ​វិភាគបញ្ច្រាស​រក​គ្រោះ​ថ្នាក់​នៃ​ការ​មិន​បរិភោគ​អាហារ​សរីរាង្គ។ ការ​វិភាគ ចេញ​ផ្សាយក្នុង​ទស្សនាវដ្តី​សុខភាព​ចំណីអាហារ Nutrients​កាលពី​ឆ្នាំ​២០១៧នោះ​ បាន​បង្ហាញ​អំពី​ភាព​ងាយ​រង​គ្រោះ​មាន​អាការៈ​​សញ្ញា​(ជំងឺ​)មេតាបូលិក របស់​អ្នក​ដែល​​មិន​សូវ​ទទួល​ទានអាហារ​សរីរាង្គ។ នៅ​ឆ្នាំ​២០១៨ អ្នក​ស្រាវ​ជ្រាវ​អាមេរិក បាន​សិក្សា​ឃើញ​ដូច​គ្នា​ថា នៅ​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​ដែល​ចូល​ចិត្ត​ទទួល​ទាន​អាហារ​សរីរាង្គ ពួកគេ​មាន​បានកាត់​បន្ថយ​គ្រោះ​កើត​ជំងឺទឹក​នោម​បាន​២០% បើប្រៀប​ទៅ​នឹងក្រុម​ដែល​ទទួលទានអាហារ​ធម្មតា មិនមែន​សរីរាង្គ។

ឥទ្ធិពល​ល្អ​នៃ​អាហារ​សរីរាង្គ​​ដែលគេ​ទាញ​បាន​ពី​ការ​សិក្សា​លើ​ក្រុម NutriNet សំខាន់ខ្លាំង​ណាស់ ព្រោះ​បើ​តាមការ​គណនា​របស់​​ក្រុមអ្នកស្រាវជ្រាវ​ គ្រាន់​តែ​ដំឡើង​ការ​ទទួលទានអាហារ​សរីរាង្គ​ឱ្យ​​បាន​៥%នៃ​អាហារ​ទទួល​​រាល់​ថ្ងៃ គ្រោះហានិភ័យ​កើត​ជំងឺទឹក​នោម​ផ្អែម​ត្រូវ​កាត់​បន្ថយបាន​៣%។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កាន់​តែ​ភ្ញាក់​ផ្អើ​ល​ទៅ​ទៀត គឺ​តួលេខ​នេះមាន​បង្កប់​នូវ​វិសមភាព​យ៉ាង​ខ្លាំង​រវាង​ស្ត្រី​និង​បុរស។ អាហារ​សរីរាង្គ​ ផ្តល់​លទ្ធិពល​ល្អ​ខ្ពស់​ខ្លាំង​ជា​ពិសេស​​ចំពោះ​ស្ត្រី ​ដោយ​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺទឹក​នោម​ផ្អែម​ស្ត្រី​បាន​ដល់​ទៅ​៦៥% និង​ត្រឹម​តែ​២៤%​ប៉ុណ្ណោះ បើ​ជាបុរស។

ហេតុ​អ្វី​អាហារ​សរីរាង្គ​ល្អ​ខ្លាំងអាច​ជួយ​​ស្ត្រី​បាន​ច្រើន​ឱ្យ​រួច​ពី​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ?!

សម្រាប់​អ្នក​ស្រាវជ្រាវ​ ឥទ្ធិពល​​នៃអាហារ​សរីរាង្គ​ប្រែប្រួលខ្លាំង​ទៅ​តាម​ភេទ ទំនងជា​បណ្តាលមក​ពី​ ​ប្រព័ន្ធ​អ័រមូន (ប្រព័ន្ធអ័រមូន​ស្ត្រី​ដែល​ខុស​ពី​បុរស និង​ដែល​មាន​ការ​ប្តូរ​ផ្លាស់​ច្រើន​ទៅ​តាម​វ័យ) ត្រូវរង​ការ​​​រំខាន​​ ពី​សំណាក់​ជាតិ​គីមី​នៃ​​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​នៅតោង​ជាប់យ៉ាង​ច្រើន​​លើ​បន្លែ​ផ្លែឈើធម្មតា​ (មិនមែន​សរីរាង្គ)។ សមត្ថភាព​រំខានប្រព័ន្ធ​អ័រមូន​​ perturbateurs endocriniens (PE) របស់​សារធាតុ​គីមី ខ្លះ​មិនត្រឹម​តែ​បង្ក​បញ្ហាដល់​ការ​ធ្វើ​សំយោគ​អាហារ​​មេតាបូលី​ក​ គឺ​ដំណើរការ​​​ដុត​បំផ្លាញ​ខ្លាញ់​និង​ស្ករ​របស់​សរីរាង្គទេ តែ​ថែម​ទាំង​បាន​សម្រួល​ឱ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​ និងជំងឺ​​ធាត់​ជ្រុល​ចុក​ខ្លាញ់​។ ពិភព​អ្នក​វិទ្យាសាស្ត្រ ​យល់​ព្រមព្រៀង​ទាំង​អស់អំពី​​ផលប៉ះពាល់​នៃ​សារធាតុ​គីមី​ចំពោះ​ប្រព័ន្ធ​អ័រមូន​ ហើយ​ផលប៉ះពាល់​ខុស​គ្នា​ខ្លាំង​រវាង​​ស្ត្រី និង​បុរស​ក៏​ត្រូវ​បានរក​សិក្សា​រកឃើញ​ច្រើន​ដែរ។

ផលប៉ះពាល់​ចំពោះ​សុខភាពមិន​ដូច​គ្នារវាង​ស្ត្រី និង​បុរស នៅចំពោះ​ភាព​ប្រឈម​នឹង​​ថ្នាំ​គីមី​សម្លាប់​សត្វ​ល្អិត​ ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​រួច​មក​ហើយ តាម​រយៈ​ការ​សិក្សា​នៅ​មន្ទីរ​ពិសោធន៍​លើ​សត្វ​កណ្តុរ និង​លើ​មនុស្ស។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ស្រាវជ្រាវ​ ដោយ​ពន្យល់​បន្ថែម​ទៀត​ថា កត្តាដែល​ជំរុញ​ឱ្យ​ស្ត្រី​និង​បុរស​​រង​ផល​ប៉ះពាល់​​ពី​ជាតិ​គីមី​មិន​ដូច​គ្នា ​ទំនង​មានពីរយ៉ាង​ ៖ ទី​មួយ គឺ​សរីរាង្គ​កាយ​ស្ត្រី និង​បុរស​មានសមត្ថភាព​រំលាយ​ជាតិ​ពុល​មិន​ដូចគ្នា និង​ទីពីរ​ គឺ​ស្ត្រី និង​បុរស​មាន​សមត្ថភាព​ចាត់​ចែង​ពពួក​មីក្រូ​សរីរាង្គ (បាត់តេរី វីរុស ផ្សិត..) ដែល​នៅ​ក្នុង​ខ្លួន​យើង។ គេត្រូវ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​អាច​យល់​កាន់​តែ​ច្បាស់​អំពី​ទំនាក់ទំនងពិសេស​ រវាង​​ “ការ​ទទួល​អាហារ​សរីរាង្គ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម ​និង ​ភេទស្ត្រី”។

ក្នុង​ន័យ​នេះ អ្នក​ស្រាវជ្រាវ​គ្រោង​នឹង​ចាប់​ផ្តើម​ធ្វើ​តេស្ត​​នៅ​មន្ទីរ​ពិសោធន៍​ នូវ​ឥទ្ធិពល​របស់​សំណល់​​ថ្នាំគីមី (ថ្នាំ​​សម្លាប់​សត្វ​ល្អិត)​ ដែល​ប្រជាពលរដ្ឋ​​ទូទៅ​ប្រឈមខ្លាំង​​ជាង​ តាម​រយៈ​ការ​ទទួល​ចំណី​អាហារ​មិន​មែន​សរីរាង្គ។ ការ​ធ្វើ​តេស្ត​ដែ​ល​នឹង​បង្ហាញ​ឱ្យយើង​ឃើញ​ថា​តើមនុស្ស​លោក​​បច្ចុប្បន្ន​ប្រឈម​​ល្បាយ​​ថ្នាំ​គីមី​ ហើយ​ល្បាយ​ជាតិ​គីមី​នេះ​ ប៉ះពាល់​ដល់​ដំណើរការ​មេតាបូលិក​យ៉ាងណា លើ​មនុស្ស​ បើ​នៅ​លើ​សត្វ​កណ្តុរ ដំណើរការ​មេតាបូលិក​ប្រែប្រួល​ខ្លាំង​ទៅ​ហើយ​នោះ។

​ទន្ទឹម​នឹង​ការ​សិក្សា​អំពី​ឥទ្ធិពល​នៃ​អាហារ​សរីរាង្គ​ចំពោះ​ជំងឺ​ទឹ​កនោម​ផ្អែម  ក្នុង​ចំណោម​សហគមន៍​ NutriNet អ្នកស្រាវជ្រាវ​បានសិក្សា​ផង​ដែរអំពី​​គុណប្រយោជន៍​នៃ​អាហារ​សរីរាង្គ​ចំពោះ​ជំងឺមហារីក ដោយ​បាន​ចេញ​ផ្សាយ​កាលពី​​ឆ្នាំ​២០១៨ថា ក្រុម​អ្នក​ទទួល​​ទានអាហារ​សរីរាង្គ​ច្រើន បានកាត់​បន្ថយ​គ្រោះ​ថ្នាក់កើត​ជំងឺ​មហារីក​បាន២៥%។ ហានិភ័យ​បាន​ថយ​ចុះខ្លាំង​ជាង​គេ ដល់ប្រមាណ​ជិត​​៧៥% គឺ​ជំងឺ​​មហារីក​ឈាម​ ដែល​មានកើត​ច្រើន​ខ្លាំងក្នុង​ចំណោម​​ប្រជាពលរដ្ឋ​ក្នុង​ពិភព​កសិកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ