អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

សាច់គោ​និងជំងឺ​​មហារីក​ពោះវៀន​ធំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាច់​ក្រហម​ជាប់ឈ្មោះ​​មិន​ល្អ​យូរ​មក​ហើយ។ ហើយ​នៅ​ពេល​នេះ ការ​សិក្សា​ថ្មី​ទើប​​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា បាន​ឆ្លុះ​បញ្ចាំ​ង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​គ្រោះ​ថ្នាក់​នៃ​របប​អាហារ​មាន​​សាច់​ក្រហម​ច្រើន​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ យន្តការ​នៃ​ការ​ទទួល​សាច់​ក្រហម​ច្រើន​ និង​ការ​កើត​ជំងឺ​មហារីក​ពោះវៀនធំ។ ដើម្បី​ទប់​ស្កាត់​ជំងឺ​មហារីក គេ​​ត្រូវ​ឈប់​ទទួល​ទាន​សាច់​ក្រហម​ឬ ? ដូច​ម្តេច​ដែល​ហៅ​ថា​សាច់​ក្រហម ?

សាច់គោ​ ជាប់​ឈ្មោះ​មិន​ល្អ អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក បើ​ទទួល​ទាន​ច្រើន
សាច់គោ​ ជាប់​ឈ្មោះ​មិន​ល្អ អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក បើ​ទទួល​ទាន​ច្រើន Luke Sharrett/Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

ស្រួល​ធ្វើ មាន​រស់​ជាតិ​ឆ្ងាញ់​ សាច់​ក្រហម​មាន​ក្នុង​មុខ​ម្ហូប​ស្ទើរ​គ្រប់​មុខ។ ប៉ុន្តែ​សាច់​ក្រហម​នេះ ជាប់​ឈ្មោះ​មិន​ល្អ​ប៉ុន្មាន​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ខូច​សុខភាព​ទៅ​វិញ នៅ​ពេល​យើង​បរិភោគ​ច្រើន​ជ្រុល​។ សាច់​ក្រហម​​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក រាប់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ អាហារ ដែល​អាចជា​ភ្នាក់ងារ​​បង្ក ជំងឺ​មហារីក។ ការសិក្សា​ជា​ច្រើន​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​សាច់​ក្រហម​​​អាច​បង្កើន​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​ជំងឺ​មហារីក​ពោះវៀ​ន​ធំ​ ២៤% ជំងឺ​មហារីក​បំពង់​អាហារ​ ថ្លើម លំពែង ២០ទៅ​៦០%​។

តើ​អ្វី​ទៅ​ជា​សាច់​ក្រហម ?

សម្រាប់​សាធារណជន​ទូទៅ និង​អ្នក​ជំនាញ​ម្ហូបអាហារ​ សាច់​ក្រហម គឺ​សាច់​សត្វ ដែល​មាន​ពណ៌​ក្រហម​ឈាម ពោល​គឺ​សាច់​គោ សាច់​ក្របី សាច់​ចៀម សាច់​ពពែ។ សាច់​មាន់​សាច់​ទា សាច់​ជ្រូក សាច់​ទន្សាយ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​សាច់​ស និង​សាច់​ខ្មៅ សម្រាប់​សាច់​សត្វ​ព្រៃ។ នេះ​បើ​តា​មវចនា​នុក្រម​បារាំង​សម័យ​មុន ឧទាហរណ៍​ Le Petit Robert។ ប៉ុន្តែ​បើ​តាម​និយម​ន័យ​របស់​អង្គការ​សុខភាពពិភពលោក និង​អ្នក​វិទ្យាសាស្ត្រ ព្រមទាំង​ភ្នាក់ងារ​សុខាភិបាល​ផ្សេងៗ សាច់​ក្រហម​ គឺ​ជា​សាច់ ​សត្វចតុប្បាទ​ ដូច​ជា សាច់​ជ្រូក សាច់​គោ សាច់​កូនគោ សាច់​ក្របី សាច់ចៀម សាច់​ពពែ ​និង​សាច់​សេះ ពោល​គឺ​គ្រប់​សាច់​សត្វ​ដែល​មិនមែន​ជាពពួក​បក្សី។

សាច់​កែច្នៃ ធ្វើ​ជា​សាច់​ក្រក ហតដក សាច់​ងៀត សាច់​កំប៉ុង ​ ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​កែច្នៃ​ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ទាំង​អស់ ទោះ​អាហារ​នេះ​មាន​ល្បាយ​​សាច់​គោ ល្បាយ​សាច់ជ្រូក សាច់​មាន់​សាច់​ទា ឬ​គ្រឿង​ក្នុងសត្វ​អ្វី​ក៏​ដោយ​។ ​ព្រោះ​សម្រាប់​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺមហារីក​អន្តរជាតិ សាច់​​ផ្អាប់ សាច់​ប្រលាក់​ ​សាច់​ក្រៀម ដោយ​វិធីត្រាំ ដោយ​វិធី​ឆ្អើរ​ផ្សែង​ភ្លើង ឬ​ដោយ​វិធី​ផ្សេងៗទៀត​ ដើម្បី​លើក​រសជាតិ ឬ​ដើម្បី​រក្សាទុក​បាន​យូរ ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាហារកែច្នៃ ទាំង​អស់។

ដើម្បីការពារ​កុំ​ឱ្យ​កើត​ជំងឺ​មហារីក ឬ កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក ក្រុម​អ្នក​ជំនាញ​តែង​ណែនាំ​ឱ្យ​កាត់​បន្ថយ​ការ​បរិភោគ​អាហារ​កែច្នៃ អាហារ​បែប​ឧស្សាហកម្ម។ សេចក្តី​ណែនាំ​របស់​គ្រូពេទ្យ​ ទាក់ទង​នឹង​ការ​កាត់​បន្ថយការបរិភោគ​សាច់​សត្វ​ចតុប្បាទ​ ឬ​សាច់​ក្រហម ​នេះ​បាន​លាន់​ឮ​កាន់​តែ​ខ្លាំង​ និង​ច្រើន​ឡើងៗ​ តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​ គ្រូពេទ្យ​ខ្លួន​ឯង​ផ្ទាល់​ក៏​ពុំ​​ច្បាស់​ និង​មានភស្តុតាង​ណា​មួយមក​លាត​ត្រដាង​​​​បង្ហាញ​​អំពីការ​​បំប្លែង​ខ្លួន​របស់កោសិកា​ទៅ​ជា​ជំងឺ​​មហារីក​ តាមរយៈ​​ការ​ទទួល​ទានសាច់​ច្រើនឡើយ។ ​គ្មាន​អ្នកជំនាញ​ណា​យល់​​អំពី​ទំនាក់ទំនង​នៃការ​ទទួល​សាច់​និង​ជំងឺមហារីក​ពោះវៀន​ធំទេ។

ប៉ុន្តែ ពេលនេះ មាន​ការសិក្សា​ថ្មីមួយ ទើប​ចេញផ្សាយ​កាល​ពីចុង​ខែមិថុនា ២០២១ ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ Cancer Discovery បានរក​​ឃើញអំពី​ចំណង​ជីវសាស្ត្រ រវាង​ការ​ទទួល​សាច់​ក្រហម និង​ជំងឺ​មហារីក​ពោះវៀនធំ។ បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​​​ របប​អាហារ​សម្បូរ​ជាតិ​សាច់​ក្រហម បង្ក​​ការ​ខូច​ខាត ដល់​ ​​អាដេអិន​ ឱ្យ​មាន​​ទម្រង់​ពិសេស​ប្លែក​ពី​គេ។

អ្នកស្រាវជ្រាវ​បាន​ធ្វើ​​សម្រង់​ អាដេអិន​ របស់​អ្នក​ជំងឺ​ ៩០០នាក់ មាន​ផ្ទុក​ជំងឺ​មហារីក​ពោះវៀនធំ​ នៅ​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​​ជាង​២៨០០០០​នាក់ ដែល​បាន​ចូល​ក្នុង​កម្មវិធី​សិក្សា​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ លទ្ធផល​នៃ​ការ​វិភាគ​បាន​បង្ហាញ​ថា អាដេអិន​ របស់​អ្នក​ជំងឺ​ទាំង​អស់​ មាន​ការបំប្លែង​​ពិសេសប្លែក ដែល​ពុំ​ធ្លាប់​កំណត់​ឃើញ​ពី​មុន​ទេ។ ការ​ខូច​ខាត​​នេះ​ជា​ប្រតិកម្ម​គីមីបំប្លែង​​ដែល​មាន​ឈ្មោះ​ថា​ Alkylation។

គ្រប់​កោសិកា​បំប្លែង​អាគីឡាស្យុង មិន​ក្លាយ​ទៅ​ជាកោសិកា​មហារីក​ទាំង​អស់​ទេ​។ ប៉ុន្តែ​ប្រតិកម្មបំប្លែង​នេះ មាន​ពាក់ព័ន្ធ​ខ្លាំង​ណាស់​នឹង​ការ​ទទួល​សាច់​ក្រហម​ (សាច់​ក្រហម​មិន​កែច្នៃ ឬ​សាច់កែច្នៃ) បើ​ប្រៀប​ធៀប​ទៅនឹងពេល​មុន​លេច​​រោគសញ្ញា​​មហារីក។ ផ្ទុយ​ទៅ​វិញ អាដេអិននេះ គ្មាន​ការ​បំប្លែង​ខូចខាត​សោះ ចំពោះ​អ្នក​មាន​របប​អាហារ​ចូល​ចិត្ត​ទទួល​ទាន​តែ​សាច់​មាន់​ឬ​ត្រី។ ដូច្នេះ​ មូល​ហេតុ​គឺ​ទំនង​ជា​បណ្តាល​មក​ពី​សាច់​ក្រហម មាន​សមាសធាតុ​ផ្សំ​គីមី ដែល​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អាគីឡាស្យុង។​ សមាសធាតុ​គីមីនោះអាច​ជា​ ជាតិ​ដែកដ៏​សម្បូរ​បែបនៅក្នុង​​សាច់​ក្រហម​ ឬ​ជាតិ​នីត្រាតដែល​មាន​ប្រើ​ច្រើន​ក្នុង​អាហារ​កែច្នៃ។ ​ប្រតិកម្ម​និង​ការ​បំប្លែងមាន​​ខ្លាំង​ជាង​គេនៅ​ត្រង់​ពោះ​វៀនធំ​ផ្នែក​ខាង​ស្តាំ​និងខាង​​ចុង​ផុត ​ដែល​​ជា​ផ្នែក​ងាយ​មាន​កោសិកា​មហារីក​ខ្លាំង​​លើ​អ្នក​ជំងឺ​ទទួល​ទាន​សាច់​ក្រហម​ច្រើន។

​ប្រតិកម្ម​អាគីឡាស្យុង នេះក៏​មាន​ពាក់​ព័ន្ធ​ខ្លាំង​ដែរ​ទៅ​នឹង​លទ្ធភាព​ជា​ពី​ជំងឺ​មហារីក ឬ​​បាន​រួច​ពី​ស្លាប់​របស់​អ្នក​ជំងឺ​មហារីក​។ អ្នក​ជំងឺ​ណា​មាន​អាដេអិន​ខូច​ខាត​ខ្លាំង​ដោយ​អាគីឡាស្យុង​ អ្នក​ជំងឺ​នោះ​មាន​គ្រោះ​ហានិភ័យ​ស្លាប់​កើន​ឡើង​ដល់​ទៅ​៤៧%។

​​គួរ​ឈប់​ទទួល​ទាន​សាច់​ក្រហម​ឬ ?

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវនេះ មាន​ចំណែក​សំខាន់​ណាស់ ! ជាការ​វែក​ផ្លូវ ជួយ​ឱ្យ​គ្រូពេទ្យ​អាច​​កំណត់​បាន​ថា​តើ​អ្នក​ជំងឺ​ណា​ងាយ​មាន​ប្រតិកម្ម​អាគីឡាស្យុង​ពីកំណើត​  ដែល​ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​ក្រហម អ្នក​ជំងឺ​ណា​ងា​យ​កើត​ជំងឺ​មហារីក​ ឬ​ឆាប់​ដឹង​តាំង​ពី​ដំបូង​​​ថា​ជំងឺ​កំពុង​វិវឌ្ឍន៍​ទៅ​រក​ មហារីក ... ព្រមទាំង​អាច​​កំណត់​បាន​អំពី​លទ្ធភាព​ព្យាបាល និងរយៈ​ពេល​​សង្ឃឹម​រស់អ្នកជំងឺ​។ យល់​អំពី​ការ​វិវឌ្ឍន៍​នៃ​ជំងឺ​ ក៏ជា​ការបើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ឃើញ​​​ថ្នាំព្យាបាល ​សម្រាប់​បង្អាក់​ ឬ​ផ្តាច់​ដំណើរ នៃជំងឺ​កុំ​ឱ្យ​រាលដាល​បានដែរ។

ប៉ុន្តែ​ ! ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ណែនាំ​ឱ្យ​ឈប់​បរិភោគ​សាច់​ក្រហម​សោះ​ឡើយ ព្រោះ​បើ​តាម​ការ​វិភាគ​ គេ​សង្កេត​ឃើញ​ថា​កោសិកា​​​ចាប់​ខូច​ខាត​​និង​មាន​ហានិភ័យ​វិវឌ្ឍន៍​ទៅ​ជា​កោសិកា​មហារីក កើតមាន​និង​ឡើង​ខ្ពស់​ តែ​នៅ​លើ​អ្នក​ជំងឺ​ដែល​ចូល​ចិត្ត​បរិភោគ​សាច់​ច្រើន ក្នុង​បរិមាណ​១៥០ក្រាម (មួយ​ខាំ​កន្លះ) ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

ដើម្បី​បាន​សារជាតិ​ប្រូតេអ៊ីន​មក​ចិញ្ចឹម​រាងកាយ ​សូម​ជ្រើសរើស​បរិភោគ​សាច់​ស ដែល​ផ្ទុយ​ពី​សាច់​ក្រហម​ បែរ​មាន​អំណាច​ការពារ​សុខភាព​មនុស្ស​ទៅ​វិញ។ ការ​ទទួល​ទាន​សាច់​បក្សាបក្សី​ច្រើន  មិន​ត្រឹម​តែ​មិន​សូវ​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីក ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ទេ ដូច​សាច់​ក្រហម​ទេ តែ​ថែមទាំង​ល្អ​ជាង​អ្នក​បរិភោគ​សាច់​តិច ឬ​មិន​បរិភោគ​សាច់​សោះ​ទៀត​ផង។ ដូច្នេះ​សូម​ផ្តល់​អាទិភាព​ដល់​ការ​ទទួល​ទាន​សាច់​មាន់ សាច់​ទា តែ​ដោយ​ចៀសវាង​វិធី​ចំអនិន​បែប​អាំង និង​បើ​ភ្លើង​ខ្លាំង។ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​អាច​ពន្យល់​អំពី​ផលល្អ​នៃ​សាច់​ស​បាន​នៅ​ឡើយ​ទេ​សម្រាប់​ពេល​នេះ។

លោកអ្នក​អាច​ជ្រើសរើស​ជាតិ​​ប្រូតេអ៊ីន​ក្រៅ​ពី​សាច់ក៏​បាន ដោយ​ទទួល​ទានត្រី ស៊ុត ឬ​អាហារ​ធ្វើ​ជាតិ​ទឹក​ដោះ ឬ​​ពពួក​​សណ្តែក​។ អង្ករ​បួន​កំប៉ុង​ដាំ​ជាមួយ​សណ្តែក​​កន្លះ​កំប៉ុង​ អាច​ផ្តល់​ជាតិ​ប្រូតេអ៊ីន​ស្មើ​នឹង​កន្លះ​គីឡូសាច់​គោ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ