អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើគួរ​ទទួល​ទានអាហារ​ ហួស​ពេល​កំណត់(ដឺឡេ) ដើម្បីកាត់បន្ថយ​ការខ្ជះខ្ជាយអាហារ​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ២៩ កញ្ញា ជា​ទិវាអន្តរជាតិ​បញ្ចៀប​អំពីការ​បាត់បង់​និង​ខ្ជះខ្ជាយ​អាហារ។ ទិវា​នេះ​បាន​ប្រារព្វ​ធ្វើ​ជា​លើក​ទី​មួយ នៅ​ឆ្នាំ​២០២០ ក្នុង​អំឡុង​ពេល​កំពុង​ផ្ទុះ​កូវីដ​១៩​ខ្លាំង​ដំបូង។ វិបត្តិកូវីដ​ដែល​បាន​និង​កំពុង​បន្ត​គំរាមកំហែង​ការ​គ្រប់គ្រង​សុវត្ថិភាព​ស្បៀង​និង​ចំណី​អាហារ​ពិភពលោក។ តែ​ទោះ​ក្នុង​ស្ថានភាព​បែប​នេះ​ក៏​ដោយ ការ​ខ្ជះខ្ជាយ​អាហារ​នៅ​កើន​ឡើង​ខ្លាំង​ដដែល។ ដើម្បី​ចូល​រួមកាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ចំណីអាហារ តើគេ​ត្រូវ​ធ្វើ​ដូចម្តេច ? គួរ​សន្សំសំចៃ​អាហារ​ យ៉ាងណា ? គួរ​ទទួល​ទានអាហារ​ ហួស​ពេល​កំណត់ ដែរ​ឬទេ​ ? តើ​​អាហារហួស​កាលកំណត់​ណា​​អាច​ទទួល​ទាន​បាន​ ? អាហារបែប​ណា​អាច​គ្រោះ​ហានិភ័យដល់​សុខភាព ?សូម​ស្តាប់​បទ​អត្ថាធិប្បាយ​របស់ អៀង សុខម៉ិញ

តើគួរ​ទទួល​ទានអាហារ​ ហួស​ពេល​កំណត់(ដឺឡេ) ដើម្បីកាត់បន្ថយ​ការខ្ជះខ្ជាយអាហារ​ ?
តើគួរ​ទទួល​ទានអាហារ​ ហួស​ពេល​កំណត់(ដឺឡេ) ដើម្បីកាត់បន្ថយ​ការខ្ជះខ្ជាយអាហារ​ ? meltyfood.fr
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែលមនុស្ស​ប្រមាណ​ជាង​៨២០លាននាក់​ នៅ​លើ​​ពិភពលោក​កំពុង​រង​គ្រោះ​ទុរ្ភិក្ស ខ្វះ​អាហារ​បរិភោគ​ នៅ​ជ្រុង​ម្ខាងទៀត គេ​រាប់ឃើញ មាន​ការ​ខ្ជះខ្ជាយ​ចំណីអាហារ​ចំនួន​ដល់​ទៅ​ជាង​១៣០០លាន​តោន​ក្នុង​មួយ​ឆ្នាំៗ នៅ​ទូទាំង​ពិភពលោក។ នេះ​បើ​តាម​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ពិភពលោក FAO។

ការ​ខ្ជះខ្ជាយ​អាហារ​ បំពុល​បរិស្ថាន

នៅ​តាម​បណ្តា​ប្រទេស​ជឿន​លឿន ប្រទេស​​អ្នក​មាន ភាព​ខ្ជះខ្ជាយ​និង​បោះចោល​អាហារ កើត​មាន​នៅ​តាម​ទី​ផ្សារ នៅ​តាម​ផ្ទះ​​ប្រជាពលរដ្ឋ​អ្នក​ទទួល​ទាន​ផ្ទាល់​។ តែ​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ ដូច​យ៉ាង​នៅ​ទ្វីប​អាហ្វ្រិក ផលិតផល​ចំណីអាហារ​ ត្រូវ​ខូច​ខាត​​ មិន​អាច​ទៅ​ដល់​ទីផ្សារ​ ​ ​មុន​ទៅ​ដល់​ដៃ​អ្នកប្រើប្រាស់ ព្រោះ​គ្មាន​មធ្យោបាយ​ស្តុក​ទុក​ឱ្យ​បាន​ត្រឹម​ត្រូវ។ ការ​​ខ្ជះខ្ជាយ​​និង​បាត់​បង់​អាហារ​ទាំងអស់​នេះ បំពុល​បរិស្ថាន​ខ្លាំង​ណាស់ ដោយ​តំណាង​ឱ្យ​៨%​នៃ​ការ​បញ្ចេញ​​​ឧស្ម័ន​ផ្ទះ​កញ្ចក់​បំ​ពុល​ភព​ផែនដី។

នៅ​ប្រទេស​ចិន ដែល​កាលពី​ឆ្នាំ​២០២០ បាន​ខ្ជះខ្ជាយ​ចំណីអាហារអស់​​ជាង​១៨​លាន​តោន រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ខ្ជះខ្ជាយ​អាហារ​ ថ្នាក់​ជាតិ នៅ​តាម​ភោជនីដ្ឋាន​ និង​អាហារដ្ឋាន ព្រមទាំង​ក្នុង​គ្រួសារ ឱ្យ​ទទួល​ទាន​ឱ្យ​អស់​ពី​ចាន។​

នៅប្រទេស​បារាំង ចំណីអាហារ២០% ​ត្រូវ​បាន​គេ​ចាក់​ចោល​ក្នុង​ធុងសំរាម ពោលគឺ​ប្រជាពលរដ្ឋ​ម្នាក់​ចោល​​សំរាមអាហារ​ចំនួន ១៥០​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ បើ​គិត​ជា​ទឹក​ប្រាក់ ​ការ​ខ្ជះខ្ជាយ​អាហារ បាន​ធ្វើ​ឱ្យ​បារាំង​ខាតលុយ​អស់​១៦ពាន់​លាន​​អឺរ៉ូ ក្នុង​មួយ​ឆ្នាំៗ ហើយ​ទន្ទឹម​ពេល​ជាមួយ​គ្នានោះ​មាន​ពលរដ្ឋ​បារាំង​ជាង​៥លាន​កន្លះ​ត្រូវ​ការ​ជំនួយ​ស្បៀងអាហារ។ ដោយ​យល់​អំពី​ទិដ្ឋភាព​នេះ ​​នៅ​ឆ្នាំ​២០១៦ បារាំង​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក មាន​​​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ខ្ជះខ្ជាយអាហារ។ ច្បាប់មាន​ពី​រ​ចំណុច ៖ ទីមួយ ​​ហាមដាច់​ខា​តមិន​ឱ្យ​មាន​ការ​បំផ្លាញចំណី​​អាហារ​ណា​ដែល​នៅ​ទទួល​កើត និង​ទីពីរ ផ្សារ ដែល​​មាន​ទំហំ​លើស​ពី​៤០០ម៉ែត្រ​ការ៉េ មាន​កាតព្វកិច្ច​រកសមាគមមក​ធ្វើ​​ដៃគូសម្រាប់​ឱ្យ​ចំណីអាហារសល់ ឬ​លក់​​ដាច់ ដើម្បី​ចៀសវាងការ​បោះចោល​ឥតប្រយោជន៍។

នៅឆ្នាំ​២០១៩ អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ចាត់​ទុក​ថ្ងៃទី ២៩ កញ្ញា ជា​ទិវាអន្តរជាតិបញ្ចៀបអំពី​ការ​ខ្ជះខ្ជាយ​និង​បាត់​បង់​អាហារ ដោយ​បាន​ប្រារព្ធ​ទិវា​នេះជា​លើក​ទី​មួយ នៅ​ឆ្នាំ​២០២០ ក្នុង​ពេល​​ពិភពលោកកំពុង​រង​ការ​រាតត្បាត​កូវីដ១៩ ក្រោមប្រធានបទ “កាត់បន្ថយ​ការ​ខ្ជះខ្ជាយអាហារដើម្បី​ផែនដី”។ ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​ពីរ ដែល​ប្រព្រឹត្ត​ទៅក្រោម​ប្រធានបទ​ “​បរិភោគមាន​របៀប កាត់​បន្ថយការខ្ជះខ្ជាយ​”។

​អាហារ​ហួស​ដឺឡេ ប៉ះពាល់​ដល់​សុខភាពយ៉ាងណា ?

បរិភោគមាន​របៀប គឺ​ជា​ការ​បរិភោគ​ត្រឹមត្រូវ មានកំរិត មានគុណភាព​ មានពេល​មានវេលា។ ការ​បរិភោគ​បែប​នេះ​មិន​ត្រឹម​តែ​អាច​កាត់ប​ន្ថយ​ភាព​ខ្ជះខ្ជាយ​និង​ការ​ខាតបង់​ថវិកា កាត់​បន្ថយ​សំរាម​បំពុល​បរិយាកាសទេ តែ​ថែម​ទាំង​នាំ ឱ្យ​មាន​សុខភាព​ល្អ​ទៀត។

បរិភោគ​មិន​អស់/មិន​ទាន់ រួច​ចាក់​ចោល ទិញស្បៀង​បង្ការ​តែមិន​ចេះ​ទុក​ដាក់និងមិនចេះ​មើល​ដឺឡេ ក៏​ជា​ការ​ខ្ជះខ្ជាយ​អាហារ​ដែរ។ ប៉ុន្តែ​បើ​តាម​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ខ្ជះខ្ជាយ​អាហារ មានអាហារ​ខ្លះ មិនចេះ​ខូច​ទេ​ អាហារ​ខ្លះ​ទៀត​ ទោះបី​ជា​ហួស​ពេលកំណត់​ទៅ​ហើយ​ក៏​នៅ​តែអាច​ទទួល​បាន​ ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​ គ្រាន់​តែ​អាហារនោះអាច​បាត់​បង់​រសជាតិ​ឬ​គុណភាពផ្នែកអាហារូបត្ថម្ភ​ខ្លះ។ ចំពោះ​អាហារ​ស្រស់​ ត្រី​សាច់ អាហារកៃច្នៃ ម្ហូប​ខ្ចប់​វិញ ទាមទារ​ការ​ប្រុង​ប្រយ័ត្នខ្លាំង។ អាហារ​ប្រភេទនេះ បើ​ហួសកាលកំណត់ មិន​ទាន់​ផ្អូម​ខ្លះ​ អាច​បង្ក​ផលវិបាក​ដល់​សុខភាពបាន។ ​តើ​​ចំណីអាហារ​ហួស​កាល​កំណត់​ណា​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ជាង​គេ ? តើ​ការ​ទទួល​អាហារបែប​នេះ​មាន​ហានិភ័យ​កំរិត​ណា ? សូមស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Eric Caume គ្រូពេទ្យ​ឯកទេស​ខាង​រោគ​ឆ្លង​ នៅ​មន្ទីរពេទ្យ​Salpétiere ក្រុង​ប៉ារីស ៖

“​សាច់​មាន់ សាច់​ទា ស៊ុត ហួស​ពេល​កំណត់ ជា​​អាហារ​ដ៏គ្រោះ​ថ្នាក់​ជាង​គេ ជាង​​បាយ ឬជាង​​Pâtes។ ប្រសិន​បើ​យើង​ទទួលទានម្ហូប​ហួស​ដឺលេទាំង​នេះ យើង​អាច​នឹង​ពុល​អាហារ​ ទៅ​ជា​​មាន​អាការៈ​សញ្ញា​ ក្តៅ​ខ្លួន រាក ឬ​ក្អួត ... អាការៈទាំង​នេះ​នឹងស្តែង​ឡើង​នៅ​រវាង​តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​ទទួល​ទាន​អាហារ​រួច និង​យ៉ាង​យូរ​បំផុត​៤៨​ម៉ោង។ ជួន​អាច​​​លេច​ឡើងភ្លាម មិន​ដល់​មួយ​ម៉ោង​ក្រោយ​បរិភោគ​អាហារផង។ ឆាប់ឬ​ក្រ​​មាន​អាការៈ​សញ្ញា​ ​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ប្រភេទ​បាក់តេរី​ដែល​មាន​នៅក្នុង​អាហារ​ហួស​កំណត់​នោះ។ កំរិត​ហានិភ័យ រាករូស​ ឬ​ក្អួត ក៏​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ភ្នាក់ងារ​បង្ក​រោគ​ដែរ។ បាក់តេរី​ភាគ​ច្រើន​ ដូច​ជា ស្តាហ្វីឡូកុក ឬ​សាល់ឡូមែល​ ជា​ភ្នាក់ងារ​នាំ​ឱ្យ​មាន​អាការៈ​រាករូស។ នៅ​ពេល​មាន​អាការៈ​ពុល​អាហារ​ គេត្រូវ​តែ​ទៅ​ជួប​ពេទ្យ ជាពិសេស​បើជា​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ និង​ជាពិសេស​បើ​អ្នក​ជំងឺ​ជា​បុគ្គល​ទន់​ខ្សោយ​ ឬវ័យ​ចាស់ខ្លាំង ... ប៉ុន្តែ​ជា​ទូទៅ និង​ជា​ញឹកញយ​ ពុល​អាហារ​​ជា​អាការៈ​ស្រាល​ទេ”​។

ស្កស អំបិល គ្រឿង​ទេស សូកូឡា ម្សៅ អង្ករ សណ្តែក​ សឹង​អាច​ចាត់​ទុក​ថា​មិន​ចេះ​ហួសដឺឡេ ប្រសិន​បើ​យើង​ចេះ​ទុក​ដាក់​ត្រឹម​ត្រូវ។ ចំណែក​នំ​កញ្ចប់ អាហារ​កំប៉ុង អាហារ​បង្កកវិញ ទោះ​បី​ជា​ហួស​ថ្ងៃ​បន្តិច​បន្តួច ក៏​អាចនៅ​តែ​​ទទួល​បាន​ដោយ​គ្មាន​បញ្ហា​ឡើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​វេជ្ជបណ្ឌិត Corinne Chicheportiche-Ayache គ្រូពេទ្យ​ឯកទេស​ផ្នែកអាហាររូបត្ថម្ភ​ ដោយ​បញ្ជាក់​ថាយើង​ត្រូវ​ចេះ​បែប​ចែង​និង​យល់​អំពី​ការ​សរសេរ ថ្ងៃ​ខែ​ឆ្នាំកំណត់​ប្រើប្រាស់​លើ​កញ្ចប់​ម្ហូបអាហារ​និង​គ្រឿង​ឧបភោគបរិភោគផ្សេងៗ។

របៀប​សរសេរ​ដឺឡេ ប្រាប់​អំពី​រយៈ​ពេល​ប្រើប្រាស់​មាន​ពីរ​បែប ៖

  • ទី​មួយ​គឺ ជា​ការបញ្ជាក់​អំពី​រយៈ​ពេល​អប្បបរិមា ដែល​គេ​អាច​ទទួល​ទាន​អាហារ​នោះ​បាន ដោយ​សរសេរថា Best Before ឬ​ត្រូវ​ជា​ភាសាបារាំង​ថា (DDM) A consommer de preference avant le និង​អាចបកប្រែជា​ភាសាខ្មែរ ថា​ “គួរ​បរិភោគ​ឱ្យ​បាន​មុន​​ថ្ងៃ​ទី...” ហួស​​ថ្ងៃខែ​ឆ្នាំសរសេរ​លើ​ ​កញ្ចប់ ឬ​ប្រអប់​ហើយ ផលិតផល​អាហារ​នោះអាច​បាត់​បង់​គុណភាពខ្លះ តែ​គេ​នៅ​អាច​ទទួលទាន​បាន ដោយ​គ្មាន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។
  • ទីពីរ ជា​ការ​បញ្ជាក់​អំពី​រយៈ​ពេល​អតិបរិមា​ដែល​ត្រូវ​បរិភោគ​អាហារ​នោះ។ ក្នុង​ករណីនេះ​គេ​សរសេរលើ​កញ្ចប់​ថា Use by ឬ (DLC) A consommer jusqu’au … ដែល​ត្រូវ​ជា​ភាសា​ខ្មែរ​ថា អាចបរិភោគ​ត្រឹម​ថ្ងៃទី ... ក្រោយថ្ងៃ​ខែ​កំណត់​នេះ​ គឺហួសពេល គេ​លែង​អាច​បរិភោគអាហារ​នេះបាន​ហើយ។ បើ​ហ៊ានទទួល​ទាន គេ​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ប៉ះពាល់ដល់​សុខភាព។

ក្រៅ​អំពី​ត្រូវ​មើល​ដឺឡេ​ សូម​អ្នក​ប្រើប្រាស់​គ្រប់​រូប ចេះ​សម្គាល់​មើល​សំបក​ក្រៅរបស់​វា​ផង។ ប្រើ​ប្រអប់ម្ហូប​ខូច​ខាត​ខ្លាំង បើ​គ្រឿង​​កំប៉ុង​ កំពិត​ ឬ​ប៉ោង អ្នក​មិនគួរ​បរិភោគ​អាហារ​ក្នុង​នោះ​ទេ បើ​ទោះ​បី​ជា​មិន​ទាន​ហួស​ដឺឡេ​ក៏​ដោយ ព្រោះ​ផលិតផល​អាហារ​នោះ​អាច​មាន​ឆ្លង​មេរោគ និ​ងអាច​ធ្វើ​ឱ្យ​យើង​ពុល​បាន។ ជាតិ​ពុល​ក្នុង​អាហារ​កំប៉ុង​ឬ​ប្រអប់​ប្រភេទ Botulisme អាច​បង្ក​ឱ្យ​មាន​អាការៈពុល​​ធ្ងន់ធ្ងរ​ ដល់​ខ្វិន​ខូច​ចលនា​សាច់ដុំ និង​ស្លាប់បាន។

អាហារ​បង្កក

ចំពោះ​អាហារបង្កកវិញ ហួស​ពេល​ក៏​អាច​បរិភោគ​បាន ប៉ុន្តែ​សូមកុំ​យក​អាហារបង្កក​រលាយ​ហើយ ទៅ​ដាក់​កក​វិញ​ឱ្យ​សោះ។ យកអាហារ​បង្កក ទៅ​ដាក់​ឱ្យ​កកឡើង​វិញ​ ជា​ការ​សម្រួល​ឱ្យ​បាក់តេរីរីកសាយភាព​កាន់តែ​ស្រួល និង​ក្លាយ​ទៅ​អាហារ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​សុខភាព ប្រសិនបើ​បាក់តេរី​នៅក្នុង​អាហារ​នោះ​ជា​ភ្នាក់ងារ​បង្ក​រោគ​ ដោយ​អាច​ធ្វើ​ឱ្យ​យើង​ពុលអាហារ​ធ្ងន់ធ្ងរ​បាន។

នៅពេល​យើង​យកបន្លែ​ផ្លែឈើ​ត្រី​សាច់​ ទៅ​ដាក់​បង្កក​ ភាព​ត្រជាក់​បាន​បំផ្លាញ​កោសិកា​របស់​អាហារ​នោះ​ច្រើន​ឬ​តិច​ទៅ​តាម​ប្រភេទ​។ ចំណែក​មេរោគ បាក់តេរី​ ខ្លះ​មិន​ងាប់​ក្នុង​ទឹកកកទេ វា​​គ្រាន់តែ​ផ្អាក​និង​ឈប់​រីកលូត​លាស់​តែ​ប៉ុណ្ណោះ។ បាក់តេរី​នៅរស់ខ្លះ​ កាន់​តែបាន​ឱកាស​ពង្រីក​ខ្លួន​ផង ព្រោះ​គ្មាន​បាក់តេរី​ផ្សេង​តតាំង​ផង កោសិកា​ដទៃក៏​​ក្រាបអស់​ទៀត។ នៅពេល​យើង​យក​អាហារ​បង្កក​ មក​ទុក​រលាយ​នៅ​ផ្នែក​ខាងក្រៅ នៅ​ក្នុង​ទូរត្រជាក់​ធម្មតា បាក់តេរី​ ត្រូវ​ក្តៅ​ក៏​ចាប់​ពង្រីក​ខ្លួន​ឡើង​វិញ និង​លឿន​ជាមុន​ខ្លាំង។ ប្រសិន​បើ​អាហារ​មួយ​​មាន​ផ្ទុក​បាក់តេរី ដែល​រីកសាយភាយ​រាល់​២០នាទី ហើយ​យក​ចេញមកទុក​នៅ​ខាង​ក្រៅ​បី​ម៉ោង រួច​យក​ទៅ​ដាក់ទូរ​កកវិញ​​បីម៉ោង​បាន​កករឹង អាហារ​នោះ​នឹង​មាន​បាក់តេរី​១០២៤​ដង​ច្រើន​ជាង​ចំនួន​ដើម។ បង្កក​ហើយ​រំលាយ​ រួច​បង្កក​វិញ​ កាន់​តែ​ញយ​ កាន់​តែ​មាន​បាក់តេរី​ច្រើន។ ថ្វីបើ​ប្រភេទ​បាក់តេរីខ្លះ គ្មាន​ចំនួនច្រើន​​គ្រប់គ្រាន់​នឹង​បង្ក​អាការៈពុលអាហារ​មែន តែ​បាក់តេរី​ខ្លះ​ជា​តំណាង​គ្រោះ​ខ្លាំងណាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នកជំនាញ​តែង​តែ​នាំ​កុំ​​ឱ្យ​អ្នក​ប្រើប្រាស់​ យក​អាហារ​បង្កក​រលាយ​ហើយ​ដាក់​ចូលទូរ​បង្កក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ