អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មូលហេតុ​៤យ៉ាងនៃ​ការ​​ទទួលទាន​ផ្លែ​​ល្ពៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ល្ពៅ​ជា​បន្លែ​និង​ផ្លែ​​ឈើ ដែល​ប្រជាពលរដ្ឋទូទៅ ច្រើន​​យក​មក​ធ្វើ​ជា​ម្ហូប ជាបង្ហែម ឬ​អាហារ​សម្រន់។ ​មាន​តម្លៃ ថោក ងាយ​រកទិញ និង​រក្សា​ទុក​បាន​យូរ ល្ពៅ​​​ដ៏​សាមញ្ញនេះ​មិន​ត្រឹម​តែ​ជា​ផ្តល់​រសជាតិ​ឆ្ងាញ់​​ទេ តែ​មាន​បង្កប់​នូវ​គុណប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ទៀតផង។ តើ​ល្ពៅ​មាន​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះ សម្រាប់​សុខភាព ? តើ​ត្រូវ​ទទួល​ទាន​ប៉ុន្មាន​ ទើប​អាច​ទាញ​គុណប្រយោជន៍​បាន ?

ល្អៅ​ជា​អាហារ​សុខភាព
ល្អៅ​ជា​អាហារ​សុខភាព RFI/ G.Pevzner
ផ្សាយពាណិជ្ជកម្ម

នៅ​សហរដ្ឋ​អាមេរិក ល្ពៅ​ពេញ​និយមខ្លាំង​នៅ​ក្នុង​ឱកាស​បុណ្យ ហាឡូវីន។ ​នៅ​អឺរ៉ុប ល្ពៅមិនមែនគ្រាន់​តែ​ជា​គ្រឿង​លម្អ​​ថ្ងៃបុណ្យ​ហាឡូវីន​ទេ តែ​​ត្រូវ​បាន​គេចាត់​ទុក​ជា​បន្លែ​ និងជា​អាហារ​សុខភាពផង។

ស្ថិត​​នៅ​ក្នុង​ចង្កោមគ្រួសាររុក្ខជាតិ​ដ៏​ធំ​មួយ​ ជា​មួយ​ឃ្លោកត្រលាច​ននោង​ និង​ដែល​មាន​ដល់​ទៅ​ជាង​៨០០​ប្រភេទ ល្ពៅ ​អាច​មាន​ច្រើន​ទម្រង់​ ខ្លះ​មូល​ខ្លាំង សំប៉ែត​ខ្លាំង និង​អាច​មានសំបក​​រឹង​ជា​ពណ៌ លឿង​ទុំ​ចង់ក្រហម ឬ​បៃតង។ ចំណែក​សាច់​ទៀត​សោត​ ក៏​ខុស​គ្នា​ខ្លាំង ខ្លះ​ស្អិត​ល្អ ខ្លះ​ជ្រោក​ៗ ខ្លះ​មិន​សូវ​មាន​ពណ៌ដុត​ ខ្លះ​សាប​ ខ្លះ​មាន​រសជាតិ​ផ្អែម​ល្ងុយ​។

ទោះ​មាន​រូបរាង​ និង​រសជាតិ​ខុស​គ្នា តែ​សូម​ជ្រើសរើស​ទទួល​ទាន​រុក្ខជាតិ​មួយ​នេះ ទាំង​សាច់ ទាំង​គ្រាប់ ឱ្យ​បាន​ញឹកញាប់​ ព្រោះ​វា​មាន​បង្កប់​អត្ថប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព​។ អាហារូបត្ថម្ភ​របស់​ល្ពៅ អាច​ជួយ​ពង្រឹង​ភាព​ស៊ាំ​របស់​សរីរាង្គកាយ ជួយ​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អ និង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ ...។ល។ ដូច្នេះ​ការ​ជ្រើសរើស​ទទួល​ទាន​ផ្លែល្ពៅ មិន​មែន​ជា​សំនួរ​ត្រូវ​ចោទ​ទៀត​ទេ។

ល្ពៅ​និង​ជាតិ​រ៉ែ

មាននាម​ជា​ផ្លែឈើ តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បន្លែ ល្ពៅ មាន​ធាតុបន្សំ​ជាជាតិ​​ទឹក ដល់ទៅ​ជាង ៩២ទៅ​៩៥% ពោល​គឺ​ច្រើន​លើ​សមធ្យមភាគ​នៃ​បន្លែ​ផ្លែ​ឈើ​ទូទៅ ដែល​មាន​ជាតិ​ទឹក​ត្រឹម​៩០%។ ដោយសារ​មាន​ជាតិ​ទឹក​ច្រើន ល្ពៅ​ជា​អាហារ​ដែល​ពុំ​សូវ​ផ្តល់​ថាមពល​ និង​កាឡូរី​ទេ ៖ ល្ពៅ​មួយ​ខាំ​ផ្តល់​ថាមពល​២០ kcal ​​ប៉ុណ្ណោះ។

សម្បូរ​ជាតិ​ប៉ូតាស្យូម (323 mg ក្នុង​មួយ​ខាំ) ល្ពៅ​អាច​ចាត់​ចែង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រពៃបាន​ន័យ​ថា​ល្ពៅ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​អ្នក​មាន​បញ្ហាសម្ពាធ​ (លើស)​ឈាម។ អ្នក​ប្រកាន់​របប​អាហារ​ ​តប​ជាតិ​អំបិល​ គួរ​តែ​ឧស្សាហ៍​ទទួល​ល្ពៅ​ព្រោះ​វា​មាន​ផ្ទុក​បរិមាណ​សូឌីយ៉ូម​​តិចទាប​ណាស់។

​សារធាតុរ៉ែ​​ផូស្វរ ដែល​មាន​តួនាទី​ចាំ​បាច់​បំផុត​សម្រាប់សុខភាព​​ឆ្អឹងនិង​ធ្មេញ ក៏​មាន​ផ្តុំ​ច្រើន​ខ្លាំង​នៅ​ក្នុង​ផ្លែល្ពៅ​។ ចំណែក​គ្រាប់​ល្ពៅ ជា​ប្រភព​ផ្តល់​ជាតិរ៉ែ​ម៉ាញេស្យូម សម្រាប់​ការ​​លូតលាស់នៃ​ឆ្អឹង សម្រាប់​​ស្ថាបនា​ផលិត​ជាតិ​ប្រូតេអ៊ីន សម្រាប់​ជួយ​សាច់​ដុំ​ក្នុង​សកម្មភាព​រលាស់​កន្ទា្រក់ និង​សម្រាប់​ជួយ​រក្សា​សុខភាព​ធ្មេញ ព្រមទាំងសម្រាប់​ទ្រទ្រង់​ដំណើរការ​នៃ​ប្រព័ន្ធការពារ​ខ្លួន។ ​បើ​ជា​​ប្រេង​ចម្រាញ់​ចេញ​គ្រាប់​ល្ពៅវិញ ជា​ពពួក​ខ្លាញ់​មិន​ឆ្អែត ដែល​មាន​​​សកម្មភាព​​ការពារ​ប្រូស្តាត និង​ដែលសុភាព​បុរស​មិន​គួរ​មិន​រំលង​​ទេ។

ល្ពៅ​និង​អង់ទីអុកស៊ីដង់

ល្ពៅ​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​ក្រុមបន្លែ​ដែល​មាន​ផ្ទុក​ច្រើន​ខ្លាំងជាង​គេ នូវជាតិ​ការ៉ូតេណូអ៊ីត​ (ប្រូវីតាមីនA) ពោល​គឺ​សារធាតុ​អង់ទីអុកស៊ីដង់​ដោយ​សារ​តែ​ពណ៌​របស់​សាច់​ល្ពៅ។ សាច់​ពណ៌​កាន់​តែ​ដុត កាន់​តែ​សម្បូរ​​ជាតិ​ការ៉ូតេណូអ៊ីត។ ដើម្បី​បំពេញ​សេចក្តីត្រូវ​​ការ​ផ្នែក​វីតាមីន​អា​ឱ្យ​សរីរាង្គ​កាយ​យើង សូម​ទទួល​ទានតែ​​២ខាំ​ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​​មួយ​ថ្ងៃ​។ ​​អង់ទីអុកស៊ីដង់ គឺ​ជា​សមាសធាតុ​ការពារ​កោសិកា​រ​របស់​មនុស្ស​យើង​ពី​ការ​ខូច​ខាត​បង្ក​ឡើង​ដោយ​​កោសិការ​អនាថា​/សេរី Radicaux libres ដែល​មាន​ចំណែក​បង្ក​ជំងឹ​សរសៃ​ឈាម​បេះ​ដូង ជំងឺមហារីក​មួយ​ចំនួន និង​ជំងឺ​ពាក់ព័ន្ធ​ភាព​ចាស់​ជរា។ ដូច្នេះ​ការ​ទទួល​ទាន​ល្ពៅ​អាច​នឹង​ធ្វើ​ឱ្យតួនាទី​នៃ​​ប្រព័ន្ធការ​ពារ​ខ្លួន​បាន​ប្រសើរ​ឡើង។

​ជាមួយ​នឹង​​សារធាតុ​សរសៃ​ក្នុង​បរិមាណដ៏​ច្រើន​ តែ​មិន​សូវ​បង្ក​ផល​រំខាន (​អាល់ឡែកស៊ី​) ទទួល​ល្ពៅ​តែ​មួយ​ខាំ គ្រប់​គ្រាន់​នឹងជួយ​​សម្រួល​ពោះ​វៀន​ឱ្យ​មាន​ដំណើរ​ការ​ល្អ​បាន​ហើយ។ ហើយ​បូក​ផ្សំ​ជាតិ​ក្លុយស៊ីត​ពី​ធម្មជាតិ​ ល្ពៅ​អាច​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​ទល់​លាមក។

ល្ពៅ​ការពារ​ជំងឺមហារីក

ក្រៅ​ពី​អាច​ជួយ​​ពោះវៀន​ ល្ពៅ​មាន​សមត្ថភាព​​កាត់​បន្ថយ​គ្រោះហានិភ័យ​កើត​ជំងឺ​មហារីក​បាន​ទៀត។ នៅក្នុង​កា​រសិក្សា​អេពីដេមីសាស្ត្រ ល្ពៅ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បន្លែ​មាន​ពណ៌​ដុត​ដែល​បើ​ទទួល​ទាន​ញឹកញាប់ អាច​ការពារ និង​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​លេច​ឡើង​នូវ​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​ជា សួត បំពង់អាហារ ឬពោះវៀន។

ឯកសារ​ខ្លះ​ទៀត​បាន​លើក​សរសេរ​គុណប្រយោជន៍​នៃ​ផ្លែ​ល្ពៅ​ ក្នុង​ការ​ជួយ​ការពារ​ភ្នែក​ ទល់​នឹង​ការ​​ឡើង​បាយ ដោយសារ​តែ​ភាព​សម្បូរ​បែប​នៃសារធាតុ​ lutéine និងzéaxanthine សមាសធាតុ ​អង់ទីអុកស៊ីដង់​ពីរ​ផ្សេង​ទៀត​ក្នុង​ចង្កោមគ្រួសារ​ការ៉ូតេណូអ៊ីត។  

ល្ពៅ​និង​វីតាមីន

ជា​ចុងក្រោយ ល្ពៅ​ជា​ប្រភព​ផ្តល់​​វីតាមីន អឺ ដែល​ល្អ​សម្រាប់​កោសិការ​ប្រព័ន្ធការពារ​ខ្លួន និង​វីតាមីន បេ2 ដែល​ដូច​វីតាមីន​បេ1 មាន​តួនាទី​សំខាន់​ក្នុង​ធ្វើ​បំប្លែង​ថាមពល​ ជួយ​ផលិត​អ័រមូន និង​បង្កើន​គ្រាប់​ឈាម​ក្រហម។ ល្ពៅ​អាច​ជួយ​ការ​ពារ​យើង​ពី​ជំងឺ​ឆ្លង​ផ្សេងៗ សម្រួល​ការ​ស្រូប​យក​ជាតិ​ដែក នៅ​ក្នុង​បន្លែ និង​ជួយ​ឱ្យ​ស្បែក​ឆាប់​ជា​​បាត់​ស្នាមបាន​ព្រោះ​តែ​ល្ពៅ​មាន​ជាតិ​វីតាមីនសេ។

 

ចុះ​ស្លឹក​និ​ងផ្កា​ល្ពៅ​វិញ ? គុណប្រយោជន៍​របស់​ស្លឹក​ផ្កា ពុំ​សូវ​មាន​នរណា​ស្គាល់​និង​លើក​មក​បរិយាយ​ទេ តែ​ដោយ​ជាក់ស្តែង​ទៅ​នោះ ត្រួយ​/ផ្កា​ល្ពៅ​ ជា​បន្ថែ​បៃតង សម្បូរវីតាមីន អា វីតាមីន​សេ និង​សម្បូរ​ជាតិ​រ៉ែ មិន​ចាញ់​ផ្លែ​ទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ