អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺ​ទឹកនោម​ផ្អែម ហេតុអ្វី​ត្រូវ​ឧស្សាហ៍ប្តូរ​កន្លែង​ចាក់​អាំងស៊ុយលីន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទឹកនោម​ផ្អែម​ជា​ជំងឺរ៉ាំរ៉ៃ ដែល​លេច​ឡើង​ នៅ​ពេល​សរីរាង្គ​លំពែង​លែង​អាច​ផលិត​ជាតិ​ស្ករ​អាំងស៊ុយលីន បាន​គ្រប់គ្រាន់ ឬ​នៅ​ពេលលំពែង​លែង​មាន​សមត្ថភាព​ប្រើប្រាស់​ជាតិ​ស្ករដែល​ខ្លួន​ជា​អ្នក​ផលិត​បាន​ត្រឹម​ត្រូវ។ ទៅ​តាម​កំរិត​នៃ​ការ​បាត់​បង់​សមត្ថភាព​របស់​លំពែង ​អ្នក​ជំងឺជួន​​ត្រូវ​តែប្រើ​ថ្នាំ​ ឬ​ជួន​ត្រូវ​ចាក់​អាំងស៊ុយលីន​បន្ថែម​។ ក្នុង​ករណី​ចាក់​អាំងស៊ុយលីន ទស្សនាវដ្តី​វេជ្ជសាស្ត្រ Prescrire បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ រំលឹក​ថា ត្រូវ​តែ​ឧស្សាហ៍​ប្តូរ​ទីតាំង​ចាក់​អាំងស៊ុយលីន ទើប​ថ្នាំ​​មាន​ប្រសិទ្ធភាព។ ហេតុ​អ្វី បា​ន​ជា​ដូច្នេះ ?! 

អ្នកជំងឺ​ទឹកនោមផ្អែម ចាក់​ថ្នាំអាំងស៊ុយលីន
អ្នកជំងឺ​ទឹកនោមផ្អែម ចាក់​ថ្នាំអាំងស៊ុយលីន afd.asso
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម បាន​កើន​ឡើង​ពី ១០៨​លាន​នាក់​នៅ​ឆ្នាំ​១៩៨០ ដល់ ៤២២​លាន​នាក់ នៅ​ឆ្នាំ​២០១៤។ ហើយ​ប្រេវ៉ាឡង់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​បាន​កើន​ឡើង​លឿន​និង​ខ្លាំង នៅក្នុង​ប្រទេស​មាន​ចំណូល​មធ្យម​និងប្រទេស​ក្រីក្រ ជាង​នៅក្នុង​ប្រទេស​មាន​ចំណូល​ខ្ពស់​និង​ជឿនលឿន។ 

ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ ដែល​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង ប្រសិន​បើ​គ្មាន​ការ​ព្យាបាល និងការ​​គោរព​អនាម័យ​ជីវិត​ ព្រមទាំង​មាន​របប​អាហារ​ត្រឹម​ត្រូវ​ទេ​។ 

ជំងឺ​ទឹក​នោម​ផ្អែម​ជា​បុព្វហេតុ​ទី​មួយ​នៃការ​ងងឹត​ភ្នែក​របស់​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦៥​ឆ្នាំ។ 

ជំងឺ​ទឹក​នោម​ផ្អែម​ជា​បុព្វហេតុ​ទី​មួយ​បង្ក​ឱ្យ​មាន​ដំបៅ​រ៉ាំរ៉ៃ​នៅ​ជើង 

ជំងឺ​ទឹក​នោម​ផ្អៃម​ជា​បុព្វហេតុ​ទី​មួយ​នៃ​ការ​ដាច់​អវៈយវៈ 

ជំងឺ​ទឹក​នោម​ផ្អែម​ជា​បុព្វហេតុ​ទី​ពី​រ​នៃ​គ្រោះ​ថ្នាក់​​​សរសៃឈាម​បេះដូង ស្លោក​សាច់​ដុំ​បេះ​ដូង និង​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល។ 

ជំងឺ​ទឹក​នោម​ផ្អែម​ជា​មូលហេតុ​ដ៏​សំខាន់​​មួយ​ក្នុង​ចំណោម​មូលហេតុ​ចំបងៗ​នៃ​ការ​ខ្សោយ​តម្រង​នោម​​រ៉ាំរ៉ៃ ដំណាក់កាល​ចុងក្រោយ។ 

ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៦ ការ​ស្លាប់​មុន​អាយុ​បង្ក​ឡើង​ដោយ​ជំងឺទឹកនោម​ផ្អែម​ បាន​កើន​ឡើង​៥%។ បើ​តាម​ការ​ប៉ាន់​ស្មាន នៅ​ឆ្នាំ ២០១៩ ​ជំងឺទឹកនោម​ផ្អែម បាន​សម្លាប់​ជីវិត​មនុស្ស ដោយ​ផ្ទាល់ អស់​​១,៥​លាន​នាក់​ ទល់​នឹង​២,២លាន​នាក់​កាលពី​ឆ្នាំ​២០១២។ ហេតុអ្វី ?ព្រោះ​ពេល​នេះ​គេ​បាន​ដឹង​និង​ស្គាល់​កាន់​ច្បាស់​អំពី​ជំងឺ​ទឹក​នោម​ផ្អែម។  

មាន​របប​អាហារ​ត្រឹម​ត្រូវ កាត់​បន្ថយ​ស្ករ​និ​ងខ្លាញ់ ហាត់ប្រាណ​ធ្វើ​កីឡា​ជា​ប្រចាំ រក្សា​ទម្ងន់​មិន​ឱ្យ​ឡើងធាត់ ចៀសវាង​ការ​ជក់​បារី សុទ្ធ​សឹង​ជា​វិធី​ដ៏​សាមញ្ញ ក្នុង​ការ​ថែទាំសុខភាព ការពារ មិន​ឱ្យ​ និង​ឱ្យ​ក្រធ្លាក់​ក្នុង​គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម។ ចំពោះ​អ្នក​មាន​​ជំងឺទឹកនោម​ផ្អែម​ហើយ ការ​ប្រកាន់​យក​វិធី​ខាង​លើ បូក​ផ្សំ​នឹង​ការ​ប្រើ​ថ្នាំ​លេប​ថ្នាំចាក់ ការ​ផ្ទៀត​ផ្ទាត់​ធ្វើ​តេស្ត​វាស់​មើល​កំរិត​ជាតិ​ស្ករក្នុង​ឈាមជា​រឿយៗ និង​ព្យាបាល​ជំងឺ​ពាក់ព័ន្ធ​នឹង​ទឹកនោម​បាន​ត្រឹម​ត្រូវ នោះ​អ្នក​ជំងឺ​ អាច​បញ្ចៀស​និង​ពន្យារ​គ្រោះហានិភ័យ​ និង​ផលវិបាក​ទាំង​ឡាយ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ទឹកនោម​ផ្អែមបាន។  

ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ និង​ជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​ជា​ដាច់​ទេ។ មាន​ជំងឺ​ទឹក​នោម​ផ្អែម ទាមទារ​ការ​ថែទាំ​ព្យាបាល​ជា​ប្រចាំ​អស់​មួយ​ជីវិត។ ការ​ព្យាបាល​អាច​ត្រឹម​ជា​លេប​ថ្នាំគ្រាប់​ជា​ប្រចាំ ឬ​អាច​ជា​ការ​ចាក់​អាំងស៊ុយលីន។ តើ​ក្នុង​ករណី​ណា​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ចាំ​បាច់​ត្រូវ​តែ​ចាក់​ថ្នាំ​អាំងស៊ុយលីន ? 

សូម​ស្តាប់ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Dominique Huet ប្រធានផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​មន្ទីរ​ពេទ្យ Saint Joseph ក្រុង​ប៉ារីស៖ 

Dr. Dominique Huet : ជំងឺ​ទឹក​នោម​ផ្អែម​មាន​ពីរ​ប្រភេទ​។ ប្រភេទ​ទី​មួយ ដែល​គេ​ហៅ​ជា​ភាសា​បារាំង ថា Insulino Independance ឬ​បក​ជា​ភាសាខ្មែរថា​ ជំងឺ​ទឹក​ផ្អែម​ត្រូវ​ការ​​អាំងស៊ុយលីន។ ជំងឺ​ប្រភេទ​នេះ​ច្រើន​តែ​កើត​លើ​អ្នក​ជំងឺ​វ័យ​ក្មេង ឬ​កុមារ​។ ក្នុង​ជំងឺ​ប្រភេទ​ទីមួយ​នេះ អ្នក​ជំងឺ​ចាំ​បាច់​ត្រូវ​តែ​ប្រើ​ថ្នាំ​អាំងស៊ូលីន។ បើ​មិន​ដូច្នេះ​ទេ អ្នក​ជំងឺ​នឹង​ត្រូវ​ស្លាប់ ដោយ​ខ្វះ​ជាតិ​អាំងស៊ុយលីន ក្នុង​ពេល​អនាគត​ដ៏​ខ្លី។ តែ​អ្នក​ជំងឺ​ប្រភេទ​នេះ​មាន​ប្រមាណ​តែ​១០%​ប៉ុណ្ណោះ នៃ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ទាំង​អស់។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ភាគ​ច្រើន (ដល់៩០%) ជា​​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ ដែលអាច​​​ព្យាបាល​ជា​ទូទៅ ដោយ​ប្រើ​ថ្នាំគ្រាប់ និង​ដោយ​ការ​រក្សា​អនាម័យ និង​វិន័យ​ក្នុង​ការ​រស់​នៅ​​ត្រឹម​ត្រូវ។ ប៉ុន្តែ បើ​ជំងឺ​វិវឌ្ឍ​យូរឆ្នាំ​ខ្លាំង ​ លើស​ពី​​២០-២៥​ឆ្នាំទៅ លំពែង​ចាប់​ផ្តើម​ចុះ​ខ្សោយ​ខ្លាំង បំពេញ​តួនាទី​លែង​បាន​ គ្រូពេទ្យ​អាច​ចាប់​ព្យាបាល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ ដោយ​អាំងស៊ុយលីន ក្នុង​ទម្រង់​សាមញ្ញ​ និង​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ចាស់យូរ។  ក្រោយ​ពី​បាន​វាស់ដឹង​អំពី​កំរិត​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាមហើយ គ្រូពេទ្យ​សម្រេចកំណត់​ដូស​​អាំងស៊ុយលីន​ដែល​ត្រូវ​ចាក់​លើ​អ្នក​ជំងឺ ​ ស្រប​ទៅ​តាម​ក្បួន​ខ្នាតវេជ្ជសាស្ត្រ និង​ទៅ​តាម​​ស្ថានភាព​បុគ្គល​របស់​អ្នក​ជំងឺ​ម្នាក់ៗ។  

ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ពី​គ្រូពេទ្យហើយ អ្នក​ជំងឺ​អាច​​​ចាក់​អាំងស៊ុយលីន ដោយ​ខ្លួន​ឯង​ ដោយ​ពុំ​ចាំបាច់​ទៅ​រក​គ្រូពេទ្យ ឬ​គិលានុដ្ឋាកទេ។ ប៉ុន្តែ​សួរ​ថា​តើ​មាន​ក្បួន​ មាន​ខ្នាត​ ទាក់ទង​នឹង​វិធី​ចាក់​ដែរឬទេ ?!  

បើ​តាម​ទស្សនាវដ្តី​វេជ្ជសាស្ត្រ Prescrire អ្វី​ដែល​គួរ​ប្រុង​ប្រយ័ត្ន គឺ​ត្រូវ​ប្តូរ​ផ្លាស់​កន្លែង​ចាក់​ថ្នាំ។ ការ​ចាក់អាំងស៊ុយលីន នៅ​​ត្រង់​ផ្នែក​ណា​មួយ​នៃ​ខ្លួន​ប្រាណ​ រយៈ​ពេលយូរ​ពេក អាច​នឹង​ធ្វើ​ឱ្យ​ការ​ព្យាបាល​លែង​សូវ​មាន​ប្រសិទ្ធភាព។  

នៅក្នុង​អត្ថបទ​ចេញ​ផ្សាយ​កាលពី​ខែ​សីហា​២០២១ ទស្សនាវដ្តី​សុខភាព បាន​ទាញ​សញ្ញា​អាសន្ន​រំឮក​ដល់​អ្នក​ប្រើប្រាស់​ថ្នាំអាំងស៊ុយលីនចាក់​​ជា​រៀង​រាល់​ថ្ងៃ​ថា សូម​ប្រយ័ត្ន​កុំ​ចាក់​នៅ​កន្លែងដដែលៗ យូរពេក។ 

ក្នុង​ករណី​ចាក់​អាំងស៊ុយលីន​នៅ​កន្លែងដដែល (ឧទាហរណ៍​ នៅភ្លៅ​ស្តាំ) យូរៗ​ទៅ ស្រទាប់​ជាលិកា​នៅ​ម្តុំ​នោះ នឹង​ប្តូរ​ផ្លាស់​សណ្ឋាន ដែល​ធ្វើ​ឱ្យ​រំខាន​ការ​បញ្ជ្រៀប​ថ្នាំ​ទៅ​ក្នុង​សរីរាង្គ​កាយ ពោល​គឺ​រំខាន​ការ​ចាត់ចែង​​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​អាច​បង្ក​ឱ្យ​មាន​ករណី​ខ្វះ​ជាតិ​ស្ករ​ កាន់​តែ​ញឹកញាប់។ 

ការ​ចាក់​ថ្នាំ​នៅកន្លែងដដែលៗ អាច​មក​ពី​ទម្លាប់ ឬក៏​អាច​មក​ពី​មិនសូវ​ឈឺ។ បើ​អ្នក​ជំងឺ​បន្ត​ចាក់​អាំងស៊ូលីន​ នៅ​ម្តុំ​ណា​មួយ​យូរៗ​ទៅ​ នោះ​អ្នក​ជំងឺ​នឹង​លែង​សូវ​មាន​អារម្មណ៍​ឈឺ​ពេល​ចាក់ ដូច​ការ​​ទៅ​ចាក់​នៅ​កន្លែង​ថ្មី​។ ប៉ុន្តែក្រោម​ឥទ្ធិពល​នៃ​ការ​ចាក់​​យូរៗ​ ​ស្រទាប់​ខ្លាញ់​នៅ​ជាប់​ពីក្រោម​ស្បែក​នឹង​ប្តូរ​ផ្លាស់​។ ប្តូរ​ផ្លាស់ ដោយ​អាច​មាន​ជា​ដុំពក ឬ​ស្បែក​ឡើង​ក្រាស់ នៅ​ម្តុំ​ដែល​ត្រូវ​ម្ជុល​ចាក់ជារៀង​រាល់ថ្ងៃយូរ​ទៅ។ ហើយ​បញ្ហា​នៅ​ត្រង់​ថា បើ​ស្បែក​ឡើង​ក្រាស់ ការ​ស្រូប​និងបញ្ចៀប​​អ័រមូន​អាំងស៊ុយលីន អាច​ប្រែប្រួល លែង​ស្មើ និង​ លែង​អាច​កំណត់​បាន។ ទើប​ធ្វើឱ្យ​​អាំងស៊ុយលីនគ្រប់គ្រង​ជាតិ​ស្ករ​​លែងបានល្អ​ដែរ​ អ្នក​ជំងឺ​អាច​នឹង​ជួប​គ្រោះ​ធ្លាក់​ជាតិ​ស្ករ  ឬខ្វះស្ករ កាន់​តែញឹកញយ​ទៅ​វិញ។ 

ដូច្នេះ យក​ល្អ គួរតែ​ឧស្សាហ៍​ប្តូរ​កន្លែង​ចាក់​ ប្តូរ​វិល​ពីពោះ​ទៅ​ភ្លៅ ទៅ​ដើមដៃ វិលចុះ​វិល​ឡើង​ឱ្យ​បាន​មួយ​ជុំ​ធំ ព្រោះ​សូម​ចង​ចាំ​ថា ស្រទាប់​ស្បែក​ត្រង់​កន្លែងចាក់​អាំងស៊ុយលីន លូតលាស់​យឺតណាស់ ទម្រាំ​ជា​សះ​ត្រលប់​មកដើម​វិញបាន។ សាច់​នៅ​ម្តុំ​កន្លែង​ចាក់​អាំងស៊ុយលីន ត្រូវ​ការ​ពេលវេលា ជា​ច្រើនខែ ជួន​ដល់​ច្រើន​ឆ្នាំ​ផង ទើប​អាច​មាន​សណ្ឋាន​ធម្មតា​ដូច​ដើម​វិញ។ 

ដើម្បី​សម្គាល់​ថាដល់​ពេល​ត្រូវ​ប្តូរ​​ទីតាំង​កន្លែង​ចាក់​អាំងស៊ុយលីន គ្រូពេទ្យ​អាច​ជួយ​អ្នក​បាន​តាម​រយៈការ​ស្ទាប ឬ​មើល​ដោយផ្ទាល់​នឹង​ភ្នែក។ លោកអ្នក​ក៏​អាច​សម្គាល់​បាន​ដោយ​ខ្លួន​ឯង គឺ​នៅពេល​ចាក់ លោកអ្នកលែង​សូវ​មានអារម្មណ៍​ឈឺ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ